សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស អនុប្រធានស្ដីទីគណបក្សកម្លាំងជាតិខេត្តកំពង់ចាម លោក មឺ សេងហ៊ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ និងបង្គាប់ឱ្យផ្ដល់សំណងជំងឺចិត្តដល់ដើមបណ្ដឹងដែលជាសមាជិកបក្សកាន់អំណាចចំនួន៥ពាន់ដុល្លារពីបទញុះញង់ និងបរិហារកេរ្តិ៍។
យោងតាមអង្គការ លីកាដូ កាលពីរសៀលថ្ងៃទី២៨ ខែសីហា សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសលោក មឺ សេងហ៊ ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ ក្រោមបទចោទ«ញុះញង់ឱ្យមានការរើសអើង» និងបទ«ជេរប្រមាថជាសាធារណៈ» តាមមាត្រា ៣០៧ ៤៩៤ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ។
បន្ថែមពីលើការដាក់ទោសទណ្ឌនេះ តុលាការក៏បានពិន័យជាប្រាក់ចំនួន៤លានរៀល និងបង្គាប់ឱ្យជនជាប់ចោទ លោក សេងហ៊ ផ្ដល់សំណងជំងឺចិត្តចំនួន២០លានរៀល ឬស្មើ៥ពាន់ដុល្លារ ដល់ដើមបណ្ដឹង លោក ម៉ៃ ហុងស្រៀង ទៀតផង។
អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) កាលពីថ្ងៃទី២៨ ខែសីហា បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់អ្នកដែលត្រូវបានចាប់ខ្លួនចំពោះការរិះគន់ជាសាធារណៈលើតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ HRW ថា មនុស្ស៩៤ នាក់ត្រូវបានចាប់ខ្លួន ដោយយ៉ាងហោចណាស់៥៩ នាក់ត្រូវបានចោទប្រកាន់ ស្ថិតនៅក្រោមការចាប់ខ្លួន ឬនៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន។
នៅពេលសវនាការកាលពីដើមខែសីហា លោក មឺ សេងហ៊ បានទទូចឱ្យចៅក្រមជំនុំជម្រះ ទម្លាក់ចោលការចោទប្រកាន់លើលោកពីបទ«ញុះញង់ឱ្យមានការរើសអើង» ដែលលោក និងមេធាវីការពារក្ដី បានព្យាយាមពន្យល់ លោកស្រីចៅក្រម ថា ការជេរប្រមាថគ្នាទៅវិញទៅមក មិនអាចចាត់ទុកថាជាអំពើ«ញុះញង់» ដែលចោទដោយតំណាងអយ្យការបាននោះទេ។
លោក សេងហ៊ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការបង្ហោះរូបភាពដោយភ្ជាប់ចំណងជើងដែលមានលក្ខណៈបំពាន និងជេរប្រមាថ លើដើមបណ្ដឹង និងក្នុងកម្មវិធីផ្ញើសារ Facebook Messenger ដែលគាត់បានហៅ លោក ហុងស្រៀង ថាជា «ឆ្កែ»។
កាលពីដើមឡើយ លោក សេងហ៊ និងលោក ហុងស្រៀង ជាសហការីក្នុងគណបក្សភ្លើងទៀន ប៉ុន្តែ លោក ហុងស្រៀង បានចាកចេញទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា នៅខែឧសភា ឆ្នាំ២០២៣។
អំឡុងពេលចៅក្រមបើកការជម្រះក្ដី លោកមេធាវីការពារចុងចម្លើយ ជូង ជូងី បានសង្កត់ធ្ងន់ថា មិនមានភស្តុតាងណាមួយដែលបញ្ជាក់ថាកូនក្ដីរបស់លោក បានញុះញង់បង្កឱ្យមានការរើសអើងលើលោក ហុងស្រៀង ទាក់ទិននឹងជាតិសាស ឬសាសនា ដែលជាធាតផ្សំនៃបទល្មើសតាមមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌឡើយ។
បើទោះបីជាប្រាក់សំណងជំងឺចិត្តមិនសមបំណងដែលបានទាររហូតដល់១០ម៉ឺនដុល្លារក្ដី ក៏ដើមបណ្ដឹងលោក ហុងស្រៀង ចាត់ទុកសាលក្រមរបស់តុលាការ ថា ជាការកាត់ក្ដីដោយយុត្តិធម៌។
លោកនិយាយថា៖«ច្បាប់គួរគប្បីអនុវត្តនិងកាត់ទោសបែបនេះហើយ ដើម្បីលុបបំបាត់មនុស្សបែបជនពាល គា វិសាល (មឺ សេងហ៊) នេះ»។
ប៉ុន្តែលោកមេធាវី ជូងី បានចាត់ទុកសេចក្ដីសម្រេច ថា ជារឿងអយុត្តិធម៌ ដោយសារករណីនេះគ្រាន់តែជាការជេរប្រមាថគ្នាប៉ុណ្ណោះ។ លោក ជូងី អះអាងថា លោកនឹងជជែកជាមួយលោក សេងហ៊ ពាក់ព័ន្ធនឹងបណ្ដឹងឧទ្ធរណ៍ប្រឆាំងសាលក្រមនេះ។
លោកថ្លែងថា៖ «ខ្ញុំយល់ឃើញថា អយុត្តិធម៌ចំពោះគាត់ណាស់ ក្នុងនាមខ្ញុំជាមេធាវី មើលឃើញថា រឿងហ្នឹងជារឿងជេរប្រមាថគ្នាទៅវិញទៅមកទេ មិនមែនរឿងញុះញង់អីទេ»។
អ្នកស្រី ញ៉ែ សុខឿន ភរិយារបស់លោក មឺ សេងហ៊ ថ្លែងប្រាប់ ខេមបូចា យ៉ាងខ្លី ថា អ្នកស្រីចង់ដាក់ពាក្យបណ្ដឹងប្រឆាំងនឹងសាលក្រមទៅសាលាឧទ្ធរណ៍ភ្នំពេញ។
អ្នកស្រី និយាយថា៖ «ខ្ញុំចង់ធ្វើពាក្យបណ្ដឹងបន្ត»។
គណបក្សកម្លាំងជាតិ កាលពីថ្ងៃទី២៧ ខែសីហា បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយសម្ដែងការសោកស្ដាយចំពោះការចាប់ខ្លួនសកម្មជននយោបាយចំនួន៤រូប នៅខេត្តសៀមរាប តាមបណ្ដឹងរបស់មន្រ្តីបក្សភ្លើងទៀន។
ក្នុងនោះមាន លោក អាំង សុផារិទ្ធ ចៅសង្កាត់រងសង្កាត់ទឹកវិល លោក នន ធារ៉ា ចៅសង្កាត់រងសង្កាត់សាលាកំរើក លោកព្រហ្ម សុព្រឹក្ស ក្រុមប្រឹក្សាសង្កាត់ជ្រាវ និងលោក វ៉ា ឃីម។ បក្សកម្លាំងជាតិ ចាត់ទុកការចាប់ខ្លួនពួកគេ ជាការធ្វើទុក្ខបុកម្នេញ និងជាចំណាត់ការដ៏«ឃោឃៅ» របស់មេដឹកនាំបក្សភ្លើងទៀនមកលើសហការីរបស់ខ្លួន។
បក្សកម្លាំងជាតិ បានអំពាវនាវឱ្យអាជ្ញាធរដោះលែងអ្នកទាំងបួន ឱ្យមានសេរីភាពឡើងវិញ និងស្នើឱ្យមេដឹកនាំបក្សភ្លើងទៀនបញ្ឈប់នូវការគំរាមកំហែងបញ្ចប់សមាជិកភាពពីបក្ស និងប្ដឹងអាជ្ញាធរមកលើសហការីរបស់ខ្លួនបន្តទៀត។
ប្រធានប្រតិបត្តិបក្សកម្លាំងជាតិ លោក សុខ គឹមសេង ថ្លែងថា សកម្មជននយោបាយទាំងបួនរូប បានរងបណ្ដឹងពីប្រធានបក្សភ្លើងទៀនប្រចាំខេត្តសៀមរាប ឈ្មោះ យឹម ផល្លី។ លោក បន្តថា អ្នកទាំងបួន មានពីររូបត្រូវបានចាប់ខ្លួនកាលពីខែឧសភា ខណៈលោក នង ធារ៉ា ចាប់ខ្លួនកាលពីថ្ងៃទី២១ និងលោក អាំង សុផារិទ្ធ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៦ ក្នុងខែសីហានេះ។
លោក គឹមសេង បន្តថា ពួកគេត្រូវបានរងការចោទប្រកាន់ពីបទ គំរាមកំហែង និងគំរាមកំហែងសម្លាប់ដោយចេតនា។ លោក បញ្ជាក់ថា៖ «ចំណែក វ៉ា ឃីម ពីបទគំរាមកំហែងសម្លាប់ ដោយចេតនា ដោយគ្រាន់តែគាត់និយាយក្នុងឆាត (កម្មវិធីផ្ញើសារ) ពេលគាត់ស្រវឹង»។
តែទោះជាយ៉ាងណាក៏ដោយ អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ បានឆ្លើយតបចំពោះការចោទប្រកាន់ពីបក្សកម្លាំងជាតិ ដោយពិពណ៌នាករណីនេះថា ជាវិវាទរវាងបុគ្គល និងបុគ្គល ហើយគណបក្សមិនបានជាប់ពាក់ព័ន្ធឡើយ។
លោកថ្លែងថា៖ «ខ្ញុំមិនបានដឹងទេព្រោះថាមិនពាក់ព័ន្ធគណបក្ស»។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ទទូចឱ្យអ្នកនយោបាយគ្រប់និន្នាការធ្វើការយោគយល់ និងដោះស្រាយគ្នាដោយទៀងត្រង់ ដែលលោកថា ពួកគេបានដើរទៅឆ្ងាយពីក្រមសីលធម៌នៃអ្នកនយោបាយ។
លោកថ្លែងថា៖ «មកដល់ពេលនេះអ្នកនយោបាយហាក់បីដូចជាដើរប្រាសចាកពីក្រមសីលធម៌នៃអ្នកនយោបាយ។ [ពួកគេ] ប្រើប្រាស់នូវយន្តការប្ដឹងផ្ដល់គ្នាដាក់ពន្ធនាគារអីវាមិនមែនជាដំណើរការមួយដូចទៅនឹងប្រទេសដែលប្រកាន់ប្រជាធិបតេយ្យសេរីទេ»៕