ជនបរទេសជិត៥០០នាក់ត្រូវបានអាជ្ញាធររកឃើញនៅក្នុងការឆ្មក់ចូលក្នុងប្លុកអគារមួយក្នុងក្រុងព្រះសីហនុ ដែលជាកន្លែងល្បែងស៊ីសងខុសច្បាប់ ការបង្ខាំងមនុស្ស ការធ្វើទារុណកម្ម ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងទៀត។ ការរកឃើញនេះធ្វើឡើងបន្ទាប់ពីមានការបដិសេធជាផ្លូវការជាច្រើនខែពីមន្រ្តីកម្ពុជាជុំវិញការជួញដូរមនុស្សនៅក្នុងប្រទេស។
ជនបរទេសចំនួន២៧នាក់ត្រូវបានចាប់ខ្លួននៅបរិវេណអគារអាជីវកម្មពហុវិស័យរបស់របស់ក្រុមហ៊ុន Bing Cheng International Entertainment ក្នុងអំឡុងពេលប្រតិបត្តិការរបស់ប៉ូលិសរយៈពេល៥ថ្ងៃកាលពីសប្តាហ៍មុនដែលក្នុងនោះអាជ្ញាធរបានរកឃើញទូរសព្ទដៃជាង ៨៧០០ គ្រឿង កុំព្យូទ័រជាង៨០០ គ្រឿង និងឧបករណ៍ផ្ទុកទិន្នន័យជាច្រើន។ ក្រៅពីនេះអាជ្ញាធរក៏បានរកឃើញកាំភ្លើងខ្លីមួយចំនួន ខ្នោះដៃជាច្រើនគូរ និងដំបងឆក់១០ដើមផងដែរ។
ក្រុងជាប់មាត់សមុទ្ររបស់ប្រទេសកម្ពុជាមួយនេះ បានជាប់ពាក់ព័ន្ធនឹងរបាយការណ៍ការបោកប្រាស់តាមអនឡាញ ប្រព្រឹត្តដោយក្រុមឧក្រិដ្ឋជន ដែលភាពច្រើនមកពីចិននិងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបង្ខំពួកគេទាំងនោះឱ្យធ្វើសកម្មភាពបោកប្រាស់ដែលរកចំណូលឱ្យក្រុមឧក្រិដ្ឋជនបានរាប់ពាន់លានដុល្លារតាមរយៈការបោកប្រាស់មនុស្សនៅជុំវិញពិភពលោក។
ក្នុងប្រតិបត្តិការរបស់សមត្ថកិច្ច ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសៅរ៍ នៅបរិវេណអគារឈ្មោះស៊ីង សាន ទីង ដែលស្ថិតក្រោមអាជ្ញាប័ណ្ណរបស់ ប៊ីង ឆេង ក្នុងសង្កាត់៣នៃក្រុងព្រះសីហនុ អាជ្ញាធរខេត្តព្រះសីហនុ បានរាយការណ៍ថា រកឃើញជនបរទេសចំនួន ៤៩៥នាក់ មកពីប្រទេសចំនួន៤ ក្នុងនោះមានជនជាតិចិន ១៣០នាក់ និងជនជាតិវៀតណាម ១១នាក់ ដែលបានចូលមកកម្ពុជាដោយខុសច្បាប់ និងជនបរទេសចំនួន ២៦២នាក់ទៀតធ្វើការនៅក្នុងប្រទេសដោយគ្មានបណ្ណការងារ។ អាជ្ញាធរក៏បាននិយាយថា បរិវេណអគារនោះជាកន្លែងកាន់កាប់អាវុធខុសច្បាប់ ពេស្យាចារ និងលាងលុយផងដែរ។

អាជ្ញាធរខេត្តព្រះសីហនុបានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានមួយថាមនុស្ស២៧នាក់ដែលត្រូវបានឃាត់ខ្លួនក្នុងនោះមានជនសង្ស័យ១២នាក់ ស្ត្រីរកស៊ីផ្លូវភេទចំនួន១០នាក់ និងជនរងគ្រោះមិនស្គាល់អត្តសញ្ញាណចំនួន ៥ នាក់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ ខណៈ ១៤១ នាក់ផ្សេងទៀតត្រូវបានឃុំខ្លួនដោយអាជ្ញាធរអន្តោប្រវេសន៍មុននឹងបណ្តេញចេញ។ រដ្ឋាភិបាលបានផាកពិន័យជាទឹកប្រាក់សរុបប្រមាណ ៧៩០០០ ដុល្លារអាមេរិក សម្រាប់ជនបរទេសរាប់រយនាក់ដែលមិនមានបណ្ណការងារ ឬមិនបង់ពន្ធ។ ក្រុមហ៊ុនត្រូវបានពិន័យជាប្រាក់ជិត៧លានរៀល (ប្រហែល ១៧០០ ដុល្លារ) ក្រោមហេតុផលមិនប្រកាសចំនួនពលករបរទេសរបស់ខ្លួន និងជួលមនុស្សដោយគ្មានបណ្ណការងារ។
ខណៈដែលក្រុមមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសពីការស៊ើបអង្កេតលើក្រុមហ៊ុនBing Cheng ហើយបានបង្ហាញពីការបង្រ្កាបកាន់តែម៉ឺងម៉ាត់លើការជួញដូរមនុស្ស និងការបោកប្រាស់តាមអ៊ីនធឺណិត អ្នកឃ្លាំមើលអង្គការសិទ្ធិមនុស្ស នៅតែដាក់ការសង្ស័យពីប្រសិទ្ធភាពនៃវិធានការអនុវត្តច្បាប់ ដោយលើកឡើងពីលទ្ធភាពដែលថាអាចមាននអំណាចនៅពីក្រោយឧក្រិដ្ឋកម្មដ៏ធំនេះ ហើយនឹងអាចរារាំងការស៊ើបអង្កេតរបស់នគរបាល។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Central)បានថ្លែងថា៖ «ពលកម្មដោយបង្ខំ និងការជួញដូរមនុស្សភាគច្រើនជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់មួយចំនួន ហើយវាពាក់ព័ន្ធនឹងអំពើពុករលួយ»។
ស្របពេលដែលក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ក្នុងខែនេះបានបង្កើតគណៈកម្មាធិការរួមគ្នាប្រឆាំងការជួញដូរ និងប្រឆាំងការលាងលុយកខ្វក់ លោក តុលា ថ្លែងថា ការបង្កើតក្រុមការងារបន្ថែមដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សមិនគួរចាំបាច់ទេ ដោយសាររដ្ឋាភិបាលអាចប្រើប្រាស់យន្តការដែលមានស្រាប់ដើម្បីអនុវត្ត។
លោកថ្លែងថា៖ «បញ្ហានៅត្រង់ថាតើអាជ្ញាធរហ៊ានចាត់វិធានការលើករណីដែលពាក់ព័ន្ធនឹងមន្ត្រីទាំងនោះឬអត់»។
សេចក្តីរាយការណ៍ ៩៥% គឺជាការពិត
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានការកើនឡើងសេចក្តីរាយការណ៍ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ អង្គការក្រៅរដ្ឋាភិបាល និងស្ថានទូតបរទេសដែលបានពិពណ៌នាអំពីបណ្តាញនៃប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណែត ដែលជនបរទេសមួយចំនួនធំត្រូវបានជួញដូរនៅក្នុងប្រទេសកម្ពុជាហើយភាគច្រើនត្រូវបានរកឃើញនៅក្នុងបរិវេណអគារធំៗក្នុងខេត្តព្រះសីហនុ ដែលបានក្លាយជាមជ្ឈមណ្ឌលកាស៊ីណូគ្រប់គ្រងដោយជនជាតិចិន និងការលេងល្បែងតាមអ៊ីនធឺណែត មុនពេលត្រូវបានហាមឃាត់នៅឆ្នាំ២០១៩។
ការស៊ើបអង្កេតដោយសារព័ត៌មានក្នុងស្រុក VOD និងសារព័ត៌មានអន្តរជាតិ Al Jazeera បានលាតត្រដាងទំនាក់ទំនងរវាងផែនការឆបោក និងក្រុមអ្នកជំនួញរួមទាំងឥស្សរជននយោបាយដ៏មានឥទ្ធិពលនៅក្នុងប្រទេស។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បាននិយាយកាលពីសប្តាហ៍មុនថា៖ «ទោះបីករណីជាច្រើនត្រូវបានបង្ក្រាបក្តី ប៉ុន្តែជនល្មើសតិចតួចប៉ុណ្ណោះពីក្រោយឧក្រិដ្ឋកម្មទាំងនោះត្រូវបានកាត់ទោស អ៊ីចឹងបញ្ហាទាំងហ្នឹងនៅតែកើតមានអាក្រក់ទៅៗ។ ខ្ញុំយល់ថា ឧក្រិដ្ឋកម្មអាចមានពាក់ព័ន្ធនឹងមន្ត្រីមានអំណាច និងមានឥទ្ធិពលមួយចំនួន ដែលអាជ្ញាធរមិនហ៊ានប៉ះពាល់»។
លោកបានមានប្រសាសន៍ថាអាជ្ញាធរចាំបាច់ត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការ ផ្តល់អាជ្ញាបណ្ណអាជីវកម្ម ហើយត្រូវស៊ើបអង្កេតគ្រប់អាជីវកម្ម ដែលសង្ស័យថាមានការពាក់ព័ន្ធក្នុងការជួញដូរមនុស្ស និងពលកម្មដោយបង្ខំ។ លោកបានបន្ថែមថាការពាក់ព័ន្ធពីអ្នកមានអំណាចនឹងធ្វើឱ្យការបង្រ្កាបរបស់អាជ្ញាធរមិនមានប្រសិទ្ធភាព។
កាលពីថ្ងៃចន្ទ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ក្រសួងបានទទួលពាក្យបណ្តឹងចំនួន ២៨៩ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ទូទាំងខេត្តចំនួន៩ និងរាជធានីភ្នំពេញ ពីជនរងគ្រោះ សាច់ញាតិរបស់ពួកគេ ស្ថានទូតបរទេស និងអង្គការអន្តរជាតិ។ ក្នុងរយៈពេលមួយខែ បណ្តឹងចំនួន ២១២ កើតមាននៅខេត្តព្រះសីហនុ។
លោក ស ខេង ថ្លែងថា៖ «ពាក្យបណ្ដឹងទាំងឡាយនេះ ដំបូងឡើយយើងក៏មិនជឿទុកចិត្តទាំងស្រុងនោះដែរ ប៉ុន្តែឆ្លងកាត់ការអនុវត្តជាក់ស្ដែងបន្តបន្ទាប់គឺប្រមាណ៩៥ភាគរយជាការពិត»។
រដ្ឋមន្រ្តីរូបនេះបានព្រមាននៅដើមខែនេះថាកម្ពុជាអាចនឹងធ្លាក់ចូលក្នុងបញ្ជីខ្មៅជុំវិញការជួយដូរមនុស្ស និងលាងលុយកខ្វក់ ប្រសិនបើបញ្ហាទាំងនោះនៅតែមិនត្រូវបានដោះស្រាយឱ្យបានឆាប់នោះទេ។
លោកបានបន្ថែមថា៖ «ប្រសិនបើយើងមិនអាចធ្វើឱ្យប្រទេសយើងចេញពីបញ្ជីពណ៌ប្រផេះ [ការលាងលុយកខ្វក់] ថ្ងៃណាមួយ យើងអាចធ្លាក់ចូលក្នុងបញ្ជីខ្មៅ។ នៅពេលដែលយើងស្ថិតនៅក្នុងបញ្ជីខ្មៅ ប្រតិបត្តិការធនាគាររបស់យើងនឹងសូន្យ ហើយវានឹងជាការបំផ្លិចបំផ្លាញសេដ្ឋកិច្ចជាតិ»។ លោកក៏បានលើកឡើងថាការជួញដូរមនុស្សក៏បំផ្លាញដល់សេដ្ឋកិច្ចជាតិក្នុងកម្រិតដូចគ្នា។
លោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិ ប្រឆាំងការជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អាជ្ញាធរកំពុងបង្កើតយន្តការដើម្បីដោះស្រាយឧក្រិដ្ឋកម្មទាំងនោះឱ្យមានប្រសិទ្ធភាព ដោយបន្ថែមថា កិច្ចសហប្រតិបត្តិការគឺជារឿងចាំបាច់។ លោកស្រីបានច្រានចោលការចោទប្រកាន់ថាមានអ្នកមានអំណាចនៅពីក្រោយឧក្រិដ្ឋកម្ម។
អ្នកស្រីបាននិយាយថា៖ «ដរាបណាយើងរកឃើញភស្តុតាងបាន យើងនឹងដាក់ទោសពួកគេដោយគ្មានការលើកលែង។ យើងមិនពង្រីកការស្រាវជ្រាវទៅគ្រប់ទីកន្លែងទេ លុះត្រាតែមានការសង្ស័យថា [កន្លែង]ពាក់ព័ន្ធជាមួយនឹងបទឧក្រិដ្ឋ។ [បើមិនដូច្នេះទេ] វាជាការរំលោភលើសិទ្ធិអាជីវកម្ម»។
ប្រតិបត្តិការនៅ Bing Cheng
អាជ្ញាធរខេត្តព្រះសីហនុកាលពីថ្ងៃអាទិត្យ បាននិយាយថា អាជីវកម្មទាំងអស់នៅក្នុងបរិវេណអគារដែលប្រតិបត្តិការដោយក្រុមហ៊ុនប៊ីង ឆេង ក្នុងសង្កាត់៣ ត្រូវបានបិទ ខណៈដែលអាជ្ញាធរនៅតែបន្តស៊ើបអង្កេតករណីលាងលុយកខ្វក់ និងល្បែងស៊ីសងខុសច្បាប់នៅកន្លែងនោះ។
ក្រុមមន្ត្រីបាននិយាយថា បរិវេណនេះមានអគារចំនួន៣ ដែលរួមមានបន្ទប់ស្នាក់នៅចំនួន២៦៧ ការិយាល័យចំនួន៥១ ភោជនីយដ្ឋានចំនួន១១ និងហាងទំនិញមួយ ហាងកែសម្ផស្សមួយ និងក្លឹបមួយ។ នគរបាលកំពុងស្វែងរកចាប់ខ្លួនមេខ្លោងម្នាក់។
អ្នកនាំពាក្យរដ្ឋបាលខេត្ត លោក ឃាង ភារម្យ បានប្រាប់ខេមបូចា នៅថ្ងៃចន្ទថា ក្រុមហ៊ុន ប៊ីងឆេង មានអាជ្ញាបណ្ណធ្វើអាជីវកម្មនៅក្នុងសង្កាត់៤ ប៉ុន្តែបានដំណើរការនៅក្នុងសង្កាត់៣ទៅវិញ។ លោកបានបន្តថាអាជ្ញាធរក៏កំពុងតែស៊ើបអង្កេតទីតាំងបីផ្សេងទៀតក្នុងក្រុងដែលមានសង្ស័យថាមានសកម្មភាពឧក្រិដ្ឋ។
ក្រុមហ៊ុន Bing Cheng International Entertainment ត្រូវបានរកឃើញបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ហើយលោក អ៊ឹង វណ្ណរិទ្ធ គឺជាប្រធានក្រុមហ៊ុននេះ
សកម្មភាពអាជីវកម្មដែលបានចុះបញ្ជីរបស់ក្រុមហ៊ុននេះ រួមមានល្បែងស៊ីសង និងការភ្នាល់ សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបរាត្រី អចលនទ្រព្យ និងសេវាកម្មឃ្លាំង និងភស្តុភាជាដើម។
អ្នកយកព័ត៌មានខេមបូចាបានផ្ញើអ៊ីម៉ែលកាលពីថ្ងៃសុក្រ និងព្យាយាមទំនាក់ទំនងតាមលេខទូរសព្ទដែលមានក្នុងបញ្ជីដែលចុះនៅក្រសួង ប៉ុន្តែមិនមានចម្លើយទេគិតត្រឹមព្រឹកថ្ងៃអង្គារ។
យោងតាមទិន្នន័យរបស់អង្គការឃ្លាំមើលសាជីវកម្ម Open Corporates លោក វណ្ណរិទ្ធ គឺជានាយកចុះបញ្ជីឱ្យក្រុមហ៊ុនយ៉ាងហោចណាស់ចំនួនបួនផ្សេងទៀតនៅក្នុងសង្កាត់៣ និងសង្កាត់៤ខេត្តព្រះសីហនុ។
អាជ្ញាធរខេត្តព្រះសីហនុក្នុងខែនេះបានចាប់ផ្តើមតម្រូវឱ្យម្ចាស់អាជីវកម្មរាយការណ៍ពីវត្តមានពលករបរទេសនៅកន្លែងធ្វើការរបស់ពួកគេ ខណៈរបាយការណ៍នៃការជួញដូរ និងការបង្ខាំងជនបរទេសនៅបរិវេណអគារសម្រាប់ប្រព្រឹត្តិអំពើឆបោកបានកើនឡើងនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។
កាលពីខែសីហាអាជ្ញាធរខេត្តបាននិយាយថាពួកគេបានជួយរំដោះជនបរទេសជាង១០០នាក់បន្ទាប់ពីបានបង្ក្រាបអាជីវកម្មមួយចំនួនដែលពាក់ព័ន្ធនឹងការបង្ខាំងមនុស្សដោយបង្ខំ និងការជួញដូរមនុស្ស។
បញ្ចៀសខ្លួនចេញពីបញ្ជីខ្មៅ
លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃពីសហគមន៍អន្តរជាតិជុំវិញការជួញដូរមនុស្ស រដ្ឋាភិបាលបានបង្កើនកិច្ចប្រឹងប្រែងបង្ក្រាបបទល្មើសដែលអាជ្ញាធរធ្លាប់បដិសេធកន្លងមក។
លោកបន្តថា៖ «នេះជាបញ្ហាធ្ងន់ធ្ងរសម្រាប់កម្ពុជាព្រោះវានឹងប៉ះពាល់ដល់វិស័យទេសចរណ៍និងការវិនិយោគនៅកម្ពុជាផងដែរ។ រឿងនេះទាមទារឱ្យកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការទប់ស្កាត់កុំឱ្យប្រទេសក្លាយជាកន្លែងជួញដូរមនុស្ស»។
លោក សំអាត ថ្លែងថាកម្ពុជាចាំបាច់ត្រូវពង្រឹងការអនុវត្តច្បាប់ ជាពិសេសវិធានការអន្តោប្រវេសន៍ និងប្រឆាំងអំពើពុករលួយ ដើម្បីទប់ស្កាត់ការចូលមកកម្ពុជាដោយខុសច្បាប់ ទោះបីជាអ្នកពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មមានទំនាក់ទំនងជាមួយមន្ត្រីមានអំណាចក៏ដោយ។
លោក Anthony Galliano អ្នកជំនាញផ្នែកពន្ធដារ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Cambodian Investment Management Holding មានប្រសាសន៍ថា បញ្ហាការជួញដូរកំពុងធ្វើឱ្យមានការចាប់អារម្មណ៍ពីអន្តរជាតិ ដោយមានការកើនឡើងនៃសេចក្តីរាយការណ៍ពីកម្មករមកពីទូទាំងអាស៊ីត្រូវបានជួញដូរទៅក្នុងបណ្តាញឧក្រិដ្ឋកម្មដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ ទោះយ៉ាងណាក៏ដោយលោកនៅតែជឿថារដ្ឋាភិបាលកម្ពុជា«បានប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាធ្ងន់ធ្ងរនេះ»។
នៅឆ្នាំ២០១៩ ក្រុមការងារឃ្លាំមើលសកម្មភាពហិរញ្ញវត្ថុ(FATF) ដែលជាអង្គការឃ្លាំមើល ការលាងលុយកខ្វក់ បានដាក់កម្ពុជាក្នុង«បញ្ជីប្រផេះ» ដោយថាកម្ពុជាខ្វះគោលនយោបាយក្នុងការប្រឆាំងការលាងលុយ និងហិរញ្ញប្បទានភេរវកម្ម។
កាលពីខែមិថុនា FATF បានសម្តែងការព្រួយបារម្ភថា កម្ពុជាបានបរាជ័យក្នុងការបំពេញតាមស្តង់ដារស្តីពីការប្រឆាំងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មដោយលើកឡើងពីតម្រូវការដោយចង់ឱ្យរដ្ឋាភិបាលបង្ហាញពីឆន្ទៈក្នុងការ«បង្កើនការបង្កក និងការរឹបអូសប្រាក់ចំណូល ឧបករណ៍ និងទ្រព្យសម្បត្តិដែលមានតម្លៃសមមូលរបស់ឧក្រិដ្ឋជន»។
ក្រុមការងារអន្តររដ្ឋាភិបាលនេះ ក៏បានជំរុញឱ្យកម្ពុជាបញ្ចប់ផែនការសកម្មភាពរបស់ខ្លួននៅខែតុលា បើមិនដូច្នេះទេ FATF «នឹងពិចារណាអំពាវនាវដល់សមាជិករបស់ខ្លួន និងជំរុញឱ្យគ្រប់យុត្តាធិការទាំងអស់អនុវត្តការបង្កើនការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងប្រតិបត្តិការជាមួយកម្ពុជា»។
លោក Galliano និយាយថាការវាយតម្លៃរបស់ FATF បានលើកឡើងថាប្រទេសកម្ពុជាបានប្រើប្រាស់តិចតួចបំផុតនៃព័ត៌មានហិរញ្ញវត្ថុក្នុងការស៊ើបអង្កេតការលាងលុយនៅក្នុងកាស៊ីណូ និងវិស័យអចលនទ្រព្យ។
លោកថ្លែងថា៖ «រដ្ឋជាសមាជិក FATF និងស្ថាប័នអន្តរជាតិផ្សេងទៀតទំនងជានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងវិធានការរឹតត្បិតផ្សេងទៀតប្រឆាំងនឹងរដ្ឋដែលជាប់ក្នុងបញ្ជីខ្មៅ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Police Bust Compound for Trafficking, Advocates Remain Doubtful