នគរបាលអះអាងថា ជនជាតិជប៉ុន១៩នាក់ ដែលត្រូវបានរំដោះចេញពីទីតាំងមួយនៅក្នុងក្រុងព្រះសីហនុ កាលពីចុងខែមករា មិនត្រូវបានបង្ខាំងផ្ទុយពីឆន្ទៈរបស់ពួកគេនោះទេ ហើយកំពុងត្រូវបានស៊ើបអង្កេតពីសកម្មភាពល្មើស នេះបើយោងតាមលោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។
លោក គឹមឃឿន បានឲ្យដឹងតាមរយៈសារតេឡេក្រាមមកកាន់ខេមបូចាថា៖ «តាមពិតពុំមានករណីចាប់បង្ខាំងនោះទេ ប៉ុន្តែយើងមានតម្រុយផ្សេងថា ពួកគាត់អាចបើកមុខរបរខុសច្បាប់ តែយើងមិនទាន់ចោទគេទេណា…ហើយយើងកំពុងស៊ើបអង្កេត ព្រោះយើងមានការលំបាកក្នុងការស្វែងរកអ្នកបកប្រែភាសាជប៉ុន ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្ន»។
លោក គឹមឃឿន បន្តថា អាជ្ញាធរបានដឹងពីករណីជនជាតិជប៉ុននេះ បន្ទាប់ពីទទួលបានព័ត៌មានពីស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញ។ បន្ទាប់ពីការស៊ើបអង្កេតនេះ អាជ្ញាធរនឹងសម្រេចថា តើត្រូវចោទប្រកាន់ជនជាតិជប៉ុនទាំងនេះក្រោមច្បាប់អន្តោប្រវេសន៍ ឬច្បាប់ល្បែងស៊ីសង។
ស្ថានទូតជប៉ុនបានប្រាប់ខេមបូចាតាមអ៊ីម៉ែលថា ពលរដ្ឋជប៉ុនចំនួន១៩នាក់ ជាបុរសដែលមានអាយុចន្លោះពី២០ទៅ៥០ឆ្នាំ ត្រូវបាន «រកឃើញ» នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា។
ស្ថានទូតបានលើកឡើងថា៖ «នគរបាលកម្ពុជាបាននឹងកំពុងប្រមូលព័ត៌មានពីពួកគេ ហើយស្ថានទូតសូមបដិសេធមិនធ្វើការអត្ថាធិប្បាយលម្អិតបន្ថែមទៀតទេ។ ស្ថានទូតតែងផ្តល់ដំបូន្មានដល់ជនជាតិជប៉ុនឲ្យប្រុងប្រយ័ត្នជាចាំបាច់អំពីសុវត្ថិភាពនៅកម្ពុជា»។
យោងតាមបុគ្គលិកសណ្ឋាគារបានឲ្យដឹងថា ជនជាតិជប៉ុនទាំង១៩នាក់នេះបានជួលបន្ទប់សណ្ឋាគារចំនួន៨នៅសណ្ឋាគារ Mary Beach Hotel and Resort ក្នុងសង្កាត់បួនក្នុងក្រុងព្រះសីហនុ។ លោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងថា អាជ្ញាធររកមិនឃើញភស្តុតាងនៃការបង្ខាំងមនុស្សនិងការធ្វើទារុណកម្មទេ។
លោក ណារិន បានមានប្រសាសន៍ថា៖ «ពួកគេមានឯកសារត្រឹមត្រូវ លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព»។
ជា ស្រីពេជ្រ ជាបុគ្គលិកទទួលភ្ញៀវនៅសណ្ឋាគារ Mary Beach Hotel and Resort បាននិយាយថា ជនជាតិជប៉ុនទាំងនោះបានជួលបន្ទប់សណ្ឋាគារសម្រាប់ស្នាក់នៅរយៈពេលយូរ ហើយនិយាយថា នាងជឿថា ពួកគេមិនត្រូវបានគេបង្ខាំងទេ។ បុគ្គលិកម្នាក់ទៀតបាននិយាយថា ជនជាតិជប៉ុនត្រូវបានអនុញ្ញាតឱ្យចាកចេញពីសណ្ឋាគារនេះដោយសេរី។
នាងបាននិយាយថា៖ «ពួកយើង [នៅសណ្ឋាគារ] ក៏ភ្ញាក់ផ្អើលដែរ នៅពេលដែលប៉ូលិសចុះមក ដោយសារគ្មានការបង្ខាំងមនុស្សទេ ព្រោះពួកគេអាចដើរ ហាត់ប្រាណ និងហែលទឹកនៅសណ្ឋាគារបានដូចធម្មតាដូចភ្ញៀវផ្សេងទៀតដែរ» ដោយបានបន្ថែមថា សណ្ឋាគារនេះដំណើរការដូចធម្មតា។
ជនជាតិជប៉ុនមិនមែនជាជនបរទេសតែមួយគត់ដែលត្រូវបានរំដោះចេញពីទីតាំងឆបោកដែលត្រូវបានគេចោទប្រកាន់នោះទេ។ ជនជាតិម៉ាឡេស៊ីចំនួនប្រាំនាក់ត្រូវបានបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការឆបោកដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ហើយត្រូវបាននិរទេសត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញកាលពីសប្តាហ៍មុន បន្ទាប់ពីត្រូវបានជួយសង្គ្រោះ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Malay Mail។
អាជ្ញាធរម៉ាឡេស៊ីបានអះអាងថា មានជនជាតិម៉ាឡេស៊ីយ៉ាងតិច៣០០នាក់ ដែលបានដាក់ពាក្យបណ្ដឹងអំពីការបង្ខាំងដោយបង្ខំ ខណៈជនរងគ្រោះចំនួន ១១៣នាក់នៅជាប់គាំងនៅក្នុងប្រទេសកម្ពុជា ឡាវ និងប្រទេសដទៃទៀត។
តាមសេចក្តីរាយការណ៍ថា ជនជាតិម៉ាឡេស៊ីត្រូវបានចាត់ទុកថា មានតម្លៃសម្រាប់ប្រតិបត្តិការឆបោកដោយសារតែពួកគេមានជំនាញភាសាអង់គ្លេសនិងភាសាចិន។
លោក ដាទុក អែលឌីន ហ៊ូសៃនី ម៉ូដ ហាស៊ីម (Datuk Eldeen Husaini Mohd Hashim) ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជានិងលោក ស្រ៊ី អាប់ ចាលីល ប៊ីន ហាសសាន (Sri Abb Jalil Bin Hassan) មន្ត្រីអនុវត្តច្បាប់ម៉ាឡេស៊ីបានជួបជាមួយអាជ្ញាធរខេត្តព្រះសីហនុកាលពីថ្ងៃទី២៦ ខែមករា ដើម្បីពិភាក្សាអំពីករណីជួញដូរមនុស្ស។
ក្នុងកិច្ចប្រជុំនេះ អាជ្ញាធរខេត្តព្រះសីហនុបានរាយការណ៍ថា ជនជាតិម៉ាឡេស៊ីចំនួន៤៦៨នាក់ ក្នុងនោះស្រី៩៥នាក់ បានធ្វើការនៅក្នុងកាស៊ីណូ សណ្ឋាគារ អគារអាផាតមិន និងអគារផ្សេងៗក្នុងក្រុងព្រះសីហនុ។
អាជ្ញាធរកម្ពុជាបានច្រានចោលជាបន្តបន្ទាប់នូវរបាយការណ៍នៃការជួញដូរមនុស្ស និងការបង្ខាំងមនុស្សដោយអះអាងថា ជនរងគ្រោះដែលអះអាងទាំងនោះមិនត្រូវបានបង្ខាំងផ្ទុយនឹងឆន្ទៈរបស់ពួកគេទេ ហើយគ្រាន់តែស្វែងរកជំនួយដើម្បីផ្លាស់ប្តូរកន្លែងធ្វើការរបស់ពួកគេប៉ុណ្ណោះ។ ប៉ុន្តែប៉ូលិសម៉ាឡេស៊ីបានអះអាងថា ការជួញដូរជនជាតិម៉ាឡេស៊ីមកកម្ពុជាគឺជាកង្វល់ធំ។
យោងតាមកំណត់ហេតុនៃកិច្ចប្រជុំ លោក ហាសសាន បានប្រាប់អាជ្ញាធរក្រុងព្រះសីហនុថា៖ «យើងទទួលបានរបាយការណ៍អំពីការជួញដូរមនុស្សពីប្រទេសម៉ាឡេស៊ី ក្រោមហេតុផលថា ជនរងគ្រោះត្រូវបានជួញដូរ ដោយស្នើសុំអន្តរាគមន៍ជួយសង្គ្រោះនៅក្រៅប្រទេស រួមទាំងនៅកម្ពុជាផងដែរ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថា ការបង្ខាំងមនុស្សមានន័យថា រារាំងបុគ្គលណាម្នាក់មិនឱ្យចាកចេញពីអគារ ហើយអាជ្ញាធររដ្ឋតែមួយគត់ដែលមានសិទ្ធិធ្វើដូច្នេះ មិនមែនក្រុមហ៊ុនឯកជននោះទេ។
លោក សែនករុណា បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា អាជ្ញាធរ [កម្ពុជា] កំពុងព្យាយាមនិយាយសម្រាលពីស្ថានភាពនេះ»។ លោកបានបន្ថែមថា៖ «បាទ! យើងអាចនិយាយថា ករណីទាំងនោះ គឺជាបញ្ហាវិវាទការងារ ប៉ុន្តែសហគមន៍អន្តរជាតិចាត់ទុកថា បញ្ហាទាំងនេះគឺជាការបង្ខាំងមនុស្ស។ អាជ្ញាធរគួរតែប្រយ័ត្ន ព្រោះប្រសិនបើពួកគេយល់ខុសអំពីនិយមន័យ វានឹងនាំឲ្យមានការចោទប្រកាន់ធ្ងន់ធ្ងរមកលើប្រទេសកម្ពុជា»។
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ពលករបរទេសរាប់រយនាក់បានមកដល់ទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុ និងនៅទូទាំងប្រទេសកម្ពុជា បន្ទាប់ពីត្រូវបានសន្យាថា នឹងមានការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែបែរជាត្រូវបានបង្ខំដោយហិង្សាឱ្យដំណើរការឆបោកតាមប្រព័ន្ធអ៊ីនធឺណែត ដែលជាញឹកញាប់ធ្វើជាមួយជនរួមជាតិរបស់ពួកគេនៅប្រទេសកំណើត។
អាជ្ញាធរខេត្តព្រះសីហនុបានអះអាងថា ខ្លួនបានទទួលពាក្យបណ្ដឹងចំនួន២៣ពាក់ព័ន្ធនឹងការបង្ខាំងមនុស្ស និងពលកម្មដោយបង្ខំចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំមុន អាជ្ញាធរបានជួយសង្គ្រោះជនបរទេសចំនួន៨៦៥ នាក់ ដែលត្រូវបានជួញដូរ និងរត់ពន្ធមកកម្ពុជា នេះបើយោងតាមលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក អាន រ៉ាម៉ា តំណាងអង្គការសង់ត្រាល់ជាអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារទាក់ទងសិទ្ធិការងារប្រចាំខេត្តព្រះសីហនុ បានប្រាប់ខេមបូចាថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២ ជនជាតិម៉ាឡេស៊ី និងឥណ្ឌូនេស៊ីកាន់តែច្រើនបានសម្រុកមកធ្វើការនៅកាស៊ីណូ និងសណ្ឋាគារក្នុងក្រុងព្រះសីហនុ។
លោកមានប្រសាសន៍ថា៖ «លំហូរពលករបរទេសមកធ្វើការនៅខេត្តព្រះសីហនុនឹងក្លាយជាឱកាសសម្រាប់ឧក្រិដ្ឋជនប្រព្រឹត្តបទឧក្រិដ្ឋជួញដូរមនុស្ស ព្រោះជនបរទេសភាគច្រើនត្រូវបានរកឃើញដោយគ្មានឯកសារត្រឹមត្រូវ»។
អង្គការសង់ត្រាល់បានជួយសង្រ្គោះជនជាតិម៉ាឡេស៊ីម្នាក់កាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីនាងត្រូវបានបង្ខាំងអស់រយៈពេលប្រហែលមួយឆ្នាំនៅកាស៊ីណូមួយដែលគ្រប់គ្រងដោយជនជាតិចិនក្នុងក្រុងព្រះសីហនុដែលគេស្គាល់ថា Jin Bei 3។ លោក រ៉ាម៉ា មានប្រសាសន៍ថា នាងត្រូវបានគេសន្យាផ្តល់ប្រាក់ខែ៨០០ដុល្លារ ក្នុងមួយខែសម្រាប់ការងារផ្តល់សេវាដល់អតិថិជន ប៉ុន្តែតាមពិតទទួលបានត្រឹមតែ៣០០ដុល្លារ ហើយត្រូវបានបង្ខំឱ្យធ្វើការរហូតដល់១៦ម៉ោងក្នុងមួយថ្ងៃ។
លោកមានប្រសាសន៍ថា៖ «យោងតាមបណ្តាញរបស់យើងដែលជាកម្មករដឹកជញ្ជូនម្ហូបអាហារ ពេលពួកគេយកអាហារទៅសណ្ឋាគារ និងកាស៊ីណូ កាស៊ីណូខ្លះដែលជាកម្មសិទ្ធិរបស់ជនជាតិចិននៅតែមិនអនុញ្ញាតឲ្យកម្មករចេញពីទីតាំងនោះទេ»។
នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ២០២២របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រទេសកម្ពុជាត្រូវបានទម្លាក់ទៅចំណាត់ថ្នាក់ទី៣ ដែលជាចំណាត់ថ្នាក់ទាបបំផុត ដោយសារអំពើពុករលួយជាសកល និងកង្វះឆន្ទៈក្នុងការដាក់ឱ្យអ្នកប្រព្រឹត្តការជួញដូរមនុស្សទទួលខុសត្រូវ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Police Claim Japanese, Malaysian Nationals Removed From Compound Not Confined Against Will