លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបមេខ្លោងដែលបើកល្បែងស៊ីសងខុសច្បាប់ រាប់តាំងពីមេឆ្នោត មេឡូតូ និងបនល្បែងខុសច្បាប់ដទៃទៀត។ ការថ្លែងជាសាធារណៈបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា គឺរយៈពេលជាងមួយសប្ដាហ៍បន្ទាប់ពីលោកបានដាក់ចេញប្រតិបត្តិការទ្រង់ទ្រាយធំក្នុងការបង្ក្រាបល្បែងស៊ីសងនៅទូទាំងប្រទេស។
លោក ហ៊ុន សែន នៅបង្ហាញការមិនសុខចិត្តចំពោះប្រតិបត្តិការបង្ក្រាបល្បែងទាំងអស់នោះនាពេលកន្លងទៅ ដោយសារតែអាជ្ញាធរចាប់បានតែអ្នកលេងតូចតាច។
លោក ហ៊ុន សែនមានប្រសាសន៍ថា៖ «បើនិយាយពីគោលដៅដែលត្រូវបង្ក្រាបវាមិនច្រើនទេ ឧទាហរណ៍កន្ទុយលេខ វាត្រូវការបង្ក្រាបតែមេកន្ទុយលេខម្នាក់តើ ព្រោះមនុស្សអ្នកទិញកន្ទុយលេខមិនមែនជាគោលដៅដែលយើងត្រូវបង្ក្រាបទេយើងអប់រំពួកគេឱ្យទុកលុយកុំបំផ្លាញទ្រព្យព្រោះល្បែង»។
លោកបន្តថា អ្នកកត់កន្ទុយលេខក៏ជាមុខសញ្ញាដែលត្រូវបង្ក្រាបដែរបើពួកគេមិនរាងចាល។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទម្លាយឱ្យដឹងបន្ថែមថា ទីតាំងបនល្បែងខុសច្បាប់មានច្រើន ដែលគួរឱ្យបារម្ភ ពិសេសគឺទីតាំងឡូតូនិងល្បែងបាញ់ត្រីជាដើម។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «គ្រាន់តែ២ខេត្តភ្នំពេញនិងខេត្តកណ្ដាលមានជាង២ពាន់ទីតាំង(ទីតាំងល្បែង) ក្មេងៗអត់ទៅរៀន បានលុយឪពុកម្ដាយចូលទៅបាញ់ត្រី(ល្បែងបាញ់ត្រី)។ យើងព្រមានចំពោះអ្នកដែលមាន(អាជ្ញាប័ណ្ណ)ឆ្នោតស្របច្បាប់ទាំងឡាយ ប្រសិនណាបង្កើតអាក្រុមឡូតូ បង្កើតឱ្យមានអាលេងកន្ទុយលេខហ្នឹងប្រទះនឹងការបិទចោលទាំងស្រុង»។
ទោះជាយ៉ាងណាក្ដីគិតត្រឹមថ្ងៃទី២៩ ខែកញ្ញា មិនទាន់មានករណីដកអាជ្ញាប័ណ្ណឆ្នោត ឬដកអាជ្ញាប័ណ្ណឡូតូរបស់ក្រុមហ៊ុនណាមួយនៅឡើយ។ ទន្ទឹមនឹងនេះទីតាំងល្បែងឡូតូត្រូវបានបិទទាំងអស់នៅទូទាំងប្រទេស ខណៈដែលស្នងការនគរបាលខេត្តនីមួយៗបានប្រកាសពីស្នាដៃរបស់ខ្លួនតាមរយៈបណ្ដាញសង្គមពីការបង្ក្រាបល្បែងស៊ីសងតាមមូលដ្ឋានរៀងៗខ្លួន។
នៅឆ្នាំ២០២២នេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានផ្ដល់អាជ្ញាបណ្ណចំនួន១០ទៅឱ្យក្រុមហ៊ុនដែលរកស៊ីលើអាជីវកម្មឡូតូ។ អគ្គលេខាធិការដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានឱ្យដឹងថា មានពាក្យស្នើសុំអាជ្ញាបណ្ណចំនួន២១ដែលបានបញ្ជូនមកគណៈកម្មការជំនាញដើម្បីត្រួតពិនិត្យគិតត្រឹមថ្ងៃទី១៧ ខែសីហា។
អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម លោក រស់ ភីរុណ ប្រាប់ ខេមបូចា កាលពីសប្ដាហ៍មុនថា អាជ្ញាធរជំនាញនេះកំពុងធ្វើការត្រួតពិនិត្យលើការអនុវត្តរបស់ក្រុមហ៊ុនដែលទទួលអាជ្ញាប័ណ្ណល្បែងអាជីវកម្មនិងឆ្នោត។
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការបង្កើតក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ អនុក្រឹត្យតែងតាំង លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាននៃក្រុមការងារបង្ក្រាបល្បែងស៊ីសង លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអនុប្រធាន រួមទាំងសមាជិក១០រូបផ្សេងទៀតដែលសុទ្ធសឹងជាមន្ត្រីធំៗក្នុងឱវាទក្រសួងមហាផ្ទៃ។
នៅថ្ងៃទី២៩ខែកញ្ញានេះ លោកនាយរដ្ឋមន្ត្រីហ៊ុនសែនបានចេញអនុក្រឹត្យមួយទៀតដើម្បីបន្ថែមសមាសភាពថ្នាក់ដឹកនាំក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ឥស្សរជនជាន់ខ្ពស់ពីររូបរួមមាន ជារដ្ឋលេធិការក្រសួងយុត្តិធម៌លោក កេង សុម៉ារិទ្ធ និង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ឱ្យកាន់តំណែងជាអនុប្រធានក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនេះ។
ស្ត្រីអ្នកកត់កន្ទុយលេខវ័យកណ្ដាលម្នាក់នៅខេត្តបាត់ដំបងដែលសុំមិនប្រាប់ឈ្មោះបានប្រាប់ថា អ្នកស្រីកំពុងប្រឈមនឹងបញ្ហាជីវភាពបន្ទាប់ពីអាជ្ញាធរបិទកន្ទុយលេខ។
ស្ត្រីកត់កន្ទុយលេខបានឱ្យដឹងថា៖ «ម៉ានងៃនេះចាប់ផ្ដើមអត់លុយឱ្យកូនទិញនំហូប ព្រោះម៉ែឪរកមិនបាន។ កាលគេប្រកាសបិទហ្នឹង ខ្ញុំអស់លុយខ្លះដែរ៥០០ដុល្លារអីទៅ។ ព្រោះខ្លាចគេចាប់ដាក់គុកដាក់អីអត់អ្នកណាចិញ្ចឹមកូន»។
ទោះជាយ៉ាងណាស្ត្រីរូបនេះប្រាប់ថា គាត់មិនអាចបញ្ចេញអត្តសញ្ញាណអ្នកដែលទទួលប្រាក់ពីអ្នកស្រីបានទេព្រោះបារម្ភទាំងផ្លូវច្បាប់និងសុវត្ថិភាព។
ស្ត្រីអ្នកកត់កន្ទុយលេខ៖ «និយាយធ្វើអីពូអើយ យើងដឹងតើយើងរកស៊ីអាខាងហ្នឹង(កត់ឆ្នោត)បើមិនធ្វើអីចឹងម៉េចបានសុខ?និយាយអីចឹងពូឯងយល់ហើយ គិតសព្វៗទៅរកស៊ីខាងហ្នឹងចិញ្ចឹមតែគេ មានតែរកស៊ីអីផ្សេងហើយមើលទៅ»។
នាយកចាត់ការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្ដេជ្ញាចិត្តបង្ក្រាបល្បែងស៊ីសងទ្រង់ទ្រាយធំ។ ប៉ុន្តែលោក សំអាត ស្នើឱ្យរាជរដ្ឋាភិបាលធ្វើការងារនេះប្រកបដោយប្រសិទ្ធភាពចៀសវាងមានករណីមន្ត្រីខិលខូចឆ្លៀតឱកាសប្រព្រឹត្តពុករលួយ។
លោក សំអាត លើកឡើងថា៖ «យើងគាំទ្រការជំរុញរបស់សម្តេចនាយករដ្ឋមន្ត្រី។ ប៉ុន្តែការបង្ក្រាបទាំងអស់នេះត្រូវតែមានការប្ដេជ្ញាចិត្តបង្ក្រាបឱ្យស្មើភាពតាមច្បាប់ ជាពិសេសមេធំៗ បើបង្ក្រាបបានតែអ្នកតូចតាច ថ្ងៃក្រោយមកវិញដដែល»។
លោក សំអាត បន្ថែម៖ «ការបង្ក្រាបល្បែងហ្នឹងអត់មានធ្វើដូចវែកចកទេ។ អាជ្ញាធរថ្នាក់ជាតិត្រូវធ្វើយ៉ាងណាទប់ស្កាត់ឱ្យខាងតែបាន ករណីពុករលួយក្នុងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងទាំងនេះ»៕