ពលរដ្ឋប្រហែល ៥០នាក់ មកពីភូមិព្រែកតាគង់១ បានជួបជុំគ្នាម្តងទៀតនៅក្រសួងមហាផ្ទៃកាលពីថ្ងៃចន្ទ ដើម្បីតាមដានញត្តិរបស់ពួកគេដែលបានដាក់កាលពីខែមុន ដើម្បីទាមទារឱ្យដកមេភូមិរបស់ពួកគេដែលមិនអើពើនឹងបញ្ហាគ្រឿងញៀន និងល្បែងស៊ីសងអនឡាញនៅក្នុងភូមិ។ ប្រជាពលរដ្ឋនៅព្រែកតាគង់ ក៏ចង់ឲ្យអាជ្ញាធរថ្នាក់លើបើកការស៊ើបអង្កេតលើមេភូមិផងដែរ។
ប្រជាពលរដ្ឋនៅភូមិព្រែកតាគង់ បាននិយាយថា ខណៈការស៊ើបអង្កេតលើមេភូមិមិនទាន់ចាប់ផ្តើមផង អាជ្ញាធរសង្កាត់ចាក់អង្រែលើ បែរជាស្នើឲ្យអ្នកភូមិផ្តិតមេដៃគាំទ្រមេភូមិព្រែកតាគង់វិញ។
អ្នកភូមិនិយាយថា ការបរាជ័យរបស់លោកមេភូមិក្នុងការបិទទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេត បានបង្កឲ្យមានឧក្រិដ្ឋកម្ម មានចោរកម្ម និងចោរលួច ដែលនាំឲ្យមានការខាតបង់សម្រាប់ប្រជាពលរដ្ឋដែលបានបាត់លុយ និងរបស់មានតម្លៃ។ បើទោះជាបានជូនដំណឹងដល់មេភូមិ ក៏មិនមានដំណោះស្រាយដែលមានប្រសិទ្ធភាពដែរ។
លោក អ៊ុ ណារី អាយុ ៥២ឆ្នាំ រស់នៅភូមិព្រែកតាគង់១ បានប្រាប់ ខេមបូចា ថា ពេលអ្នកភូមិទៅក្រសួងមហាផ្ទៃ ដើម្បីតាមដានញត្តិកាលពីមួយខែមុន ក្រសួងប្រាប់ថា ការដកមេភូមិនេះ «មិនស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងទេ ប៉ុន្តែជារបស់ក្រុមប្រឹក្សាឃុំ/សង្កាត់»។
ទោះបីជាយ៉ាងណា លោកណារី បានបញ្ជាក់ថាក្រសួងបានប្រាប់ឲ្យក្រុមប្រឹក្សាសង្កាត់ធ្វើការស៊ើបអង្កេតលើបញ្ហានេះ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានលទ្ធផលអ្វីទេ។ នៅពេលនោះ មាន «ផែនការជាប្រព័ន្ធ» ដើម្បីទទួលបានការគាំទ្រពីពលរដ្ឋ «រក្សាមេភូមិ» ទៅវិញ។
លោក ណារី និយាយថា ៖ «ក្រសួងបានសុំឲ្យ [សង្កាត់ស៊ើបអង្កេត] ថាតើញត្តិដែលប្រជាពលរដ្ឋដាក់ទាក់ទងនឹងមេភូមិនោះត្រឹមត្រូវឬក៏អត់ ប៉ុន្តែក្រុមការងារសង្កាត់បានប្រមូលស្នាមមេដៃប្រជាពលរដ្ឋខុសម៉ោងរដ្ឋបាល ដើម្បីគាំទ្រមេភូមិទៅវិញ»។
ប្រជាពលរដ្ឋបានសម្រេចដាក់លិខិតស្នើសុំដកមេភូមិចេញ ព្រោះមិនថាបញ្ហាតូចឬធំក្នុងភូមិមិនទទួលបានដំណោះស្រាយនោះទេ បើទោះបីជាពលរដ្ឋជូនដំណឹងក៏ដោយ។
ប្រជាពលរដ្ឋម្នាក់ទៀត កញ្ញា ម៉ៅ លុនហេង លើកឡើងថា នៅពេលដែលប្រជាពលរដ្ឋរាយការណ៍ពីបញ្ហាសន្តិសុខនៅក្នុងភូមិ មេភូមិមិនបានពាំនាំពីកង្វល់របស់ពួកគេទៅអាជ្ញាធរថ្នាក់លើនោះទេ។ សូម្បីតែបន្ទាប់ពីអ្នភូមិបានផ្តិតមេដៃដើម្បីស្នើឲ្យដកតំណែងមេភូមិចេញក៏ដោយ ក៏អាកប្បកិរិយារបស់គាត់មិន«បន្ទន់»ក្នុងការជួយដោះស្រាយបញ្ហាក្នុងភូមិនោះទេ។ ជាមួយគ្នានេះ ក្រុមការងារឃុំបានចុះមកភូមិ ដើម្បីព្រមានប្រជាពលរដ្ឋដែលចូលរួមក្នុងញត្តិដកមេភូមិ កុំចែករំលែកព័ត៌មានជាមួយប្រជាពលរដ្ឋដទៃទៀត។
លុនហេង បន្តថា៖ «សង្កាត់ និងក្រុមការងារសង្កាត់បានមកសាកសួរយើង ដែលធ្វើឲ្យយើងទាំងអស់គ្នាភ័យខ្លាច។ ពេលអ្នកភូមិសុំមេភូមិឲ្យជួយ គាត់បដិសេធ និងសុំឲ្យយើងរាយការណ៍ទៅអាជ្ញាធរថ្នាក់លើ។ យើងមិនចង់បានមេភូមិដែលប្រព្រឹត្តដូច្នេះទេ»។
នេះជាលើកទី៤ហើយ ដែលអ្នកភូមិព្រែកតាគង់១ បានប្រមូលផ្តុំគ្នានៅក្រសួងមហាផ្ទៃ ដើម្បីតាមដានញត្តិរបស់ពួកគេ ដើម្បីសុំអន្តរាគមន៍ពីក្រសួង ប៉ុន្តែត្រូវបានប្រាប់សារជាថ្មីថា ពួកគេមិនមានសមត្ថកិច្ចដោះស្រាយបញ្ហានេះទេដោយស្នើឱ្យពួកគេបន្តស្នើសុំអន្តរាគមន៍ពីសាលារាជធានីភ្នំពេញ។
លុនហេង និយាយថា៖ «វាហាក់ដូចជាក្រសួងមិនបានជួយយើងអស់ពីសមត្ថភាពនោះទេ។ ក្រសួងថាអត់មានសមត្ថកិច្ចដោះស្រាយបញ្ហាឲ្យយើងទេ ហើយឲ្យយើងទៅសាលារាជធានីភ្នំពេញ។ យើងមានអារម្មណ៍សោកស្ដាយដែលក្រសួងមិនបានជួយយើង»។
ទន្ទឹមនឹងនេះ មេភូមិព្រែកតាគង់ លោក ឡុង ហឿន មានប្រសាសន៍ថា លោកមិនមានអ្វីត្រូវអត្ថាធិប្បាយលើញត្តិនេះទេ។ លោកបានអះអាងថា លោកបាន«ធ្វើអស់ពីសមត្ថភាព» ដើម្បីបម្រើអ្នកភូមិ ប៉ុន្តែការដោះស្រាយបញ្ហាក្នុងភូមិគឺ «ហួសពីការគ្រប់គ្រងរបស់គាត់»។ លោកថា លោកបានបម្រើភូមិនេះជាង ១៧ឆ្នាំមកហើយ ហើយបានព្យាយាមបង្ហាញការព្រួយបារម្ភរបស់លោកដល់អ្នកស្រុក ប៉ុន្តែអ្នកខ្លះនៅតែមិនពេញចិត្តលោកដដែល។
លោក ហឿន បានប្រាប់ ខេមបូចា ថា៖ «ទុកឲ្យអាជ្ញាធរថ្នាក់លើដោះស្រាយបញ្ហានេះ។ ទំនួលខុសត្រូវរបស់មេភូមិមានកម្រិត [ជាពិសេសពាក់ព័ន្ធនឹង] គ្រឿងញៀន ឬហ្គេមអនឡាញ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ មានប្រសាសន៍ថា ក្រសួងមិនអាចអន្តរាគមន៍ដោយផ្ទាល់ក្នុងការដកតំណែងមេភូមិបានទេ ដោយសារការសម្រេចចិត្តនេះធ្វើឡើងដោយក្រុមប្រឹក្សាឃុំ។
លោកមានប្រសាសន៍ថា៖ «មេភូមិគ្មានអំណាចដូចប៉ូលិសទេ» លោកបន្ថែមថា វាជាការគិតខុសដែលអ្នកភូមិលើកឡើងថាមេភូមិមិនដោះស្រាយបទល្មើស ព្រោះការងារមេភូមិមិនមានអំណាចកំចាត់បទល្មើសទេ។
មេភូមិ តំណាងឱ្យប្រជាពលរដ្ឋ និងទទួលបន្ទុកផ្តល់ព័ត៌មានដល់អាជ្ញាធរឃុំ/សង្កាត់ និងជាអ្នកនាំព័ត៌មានពីឃុំ/សង្កាត់មកប្រជាពលរដ្ឋវិញ។
លោក សុខៈ បានប្រាប់ ខេមបូចា ថា៖ «វានឹងផ្ទុយពីច្បាប់ [ប្រសិនបើគាត់ដោះស្រាយបទល្មើស]»។
លោកបន្តទៀតថា ក្រសួងបានទទួលញត្តិពីអ្នកភូមិហើយ និងបានផ្ទេរបញ្ហានេះទៅសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយ។ លោកបានជំរុញឲ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិប្រកបដោយការទទួលខុសត្រូវទៅតាមច្បាប់ ព្រោះពួកគេមិនអាចស្នើសុំដកមេភូមិបានទេ នៅពេលដែលមានប្រជាពលរដ្ឋផ្សេងទៀតគាំទ្រមេភូមិរូបនេះ។
លោក សុខៈ ថ្លែងថា៖ «យើងមិនអាចសម្រេចដោយរំលងនីតិវិធីរបស់ថ្នាក់ក្រោមជាតិបានទេ ដូច្នេះសាលារាជធានីភ្នំពេញនឹងបន្តដំណើរការជាមួយឃុំសង្កាត់»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ បានរំឭកថា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាលគឺការពារសុវត្ថិភាព និងសន្តិសុខរបស់អ្នកភូមិ ដូច្នេះមេភូមិ និងអាជ្ញាធរពាក់ព័ន្ធត្រូវដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដើម្បីធានាថាប្រជាពលរដ្ឋទទួលបាននូវអ្វីដែលពួកគេស្វែងរក។
លោកថា ទោះជាមេភូមិមានអំណាចរដ្ឋបាលតែលោកនៅតែអាចរាយការណ៍បញ្ហានេះទៅអាជ្ញាធរថ្នាក់លើ។ លោកយល់ឃើញថា មេភូមិគួរតែដោះស្រាយបញ្ហា មិនមែនចង់ឈ្នះពលរដ្ឋទេ។
លោក សំអាត បានថ្លែងថា៖ «អ្វីដែលសំខាន់បំផុតគឺត្រូវចាត់វិធានការធានាសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Prek Takong Villagers Reiterate Call for Village Chief’s Removal, Investigation Amid Allegations of Neglect