សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបោសសម្អាត​បទល្មើស​ឆបោក​តាមប្រព័ន្ធ​អនឡាញ ខណៈទីតាំងពីរកន្លែងត្រូវបានបង្ក្រាប

អគារលេខ១៥ ផ្លូវ១៨២ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានបង្ក្រាបពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ កាលពីថ្ងៃទី១៤ ខែកក្កដា។ រូបភាពថតនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ ឃួន ណារីម)
អគារលេខ១៥ ផ្លូវ១៨២ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានបង្ក្រាបពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ កាលពីថ្ងៃទី១៤ ខែកក្កដា។ រូបភាពថតនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ ឃួន ណារីម)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យបើកយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលចុះហត្ថលេខានៅថ្ងៃទី១៤ ខែកក្កដា ខណៈថ្ងៃដដែល កម្លាំងចម្រុះនៃរាជធានីភ្នំពេញបានបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams)ពីរកន្លែងក្នុងខណ្ឌទួលគោក និងខណ្ឌសែនសុខ។

យោងតាមឯកសារដែលបានចុះហត្ថលេខាដោយលោក ​ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែកក្កដា  បានលើកឡើងថា រាជរដ្ឋាភិបាលបានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)បាននិងកំពុងបង្កការ​គំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ នៅព្រះរាជាណាចក្រកម្ពុជា ក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលធ្វើសកម្មភាព​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ផងដែរ។

លោក ហ៊ុន ម៉ាណែត បន្តថា៖ «[ការចេញបទបញ្ជានេះ] ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម»

លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា អភិបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុង​ការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

លោកបានបន្ថែមថា​ គ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការសន្តិសុខសម្ហសមុទ្រ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អង្គភាព និងសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុតនិងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជនបរទេសជាច្រើនត្រូវបានសមត្ថកិច្ចរកឃើញនៅទីតាំងអគារលេខ១៥ ផ្លូវ១៨២ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ អំឡុងពេលបង្ក្រាបកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ (រូបភាពយកពី AKP News)

កម្លាំងចម្រុះនៃរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams)ពីរកន្លែង ដែលមានទីតាំងនៅក្នុងអគារលេខ១៥ ផ្លូវ១៨២ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក និងអគារខុនដូរ លេខ៣៨២ ផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។ យោងតាមសារព័ត៌មាន AKP និងកាសែតក្នុងស្រុក ចុះផ្សាយថ្ងៃទី១៥ ខែកក្កដា។

ទីតាំងអគារក្នុងខណ្ឌទួលគោក សមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម សរុបចំនួន ១៤៩នាក់ ដោយក្នុងនោះមានស្រី២៣នាក់ និងជនជាតិខ្មែរសរុបចំនួន៨៥នាក់ ក្នុងនោះស្ត្រីចំនួន ១៧​នាក់ ដែលមានមុខរបរជាជាងភ្លើង, កម្មករសំណង់, សន្តិសុខ មកពីក្រុមហ៊ុនសេវាកម្មសន្តិសុខ​ឈ្មោះ ហាន ហុង និងជាចុងភៅ និងកូនកាំបិត ផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងអនុវត្ត នីតិវិធីអន្តោប្រវេសន៍ចំពោះជនជាតិវៀតណាមដែលពាក់ព័ន្ធ និងបានប្រគល់ជនជាតិខ្មែរចំនួន ៦៧នាក់ ស្រី ១២នាក់ ព្រមទាំងមធ្យោបាយសម្ភារៈ ជូនស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីបន្តអនុវត្តនីតិវិធី ខណៈអនុវត្តវិធានការអប់រំណែនាំដល់អ្នកពាក់ព័ន្ធផ្សេងទៀត និង បានប្រគល់ទីតាំងអគារនោះជូនម្ចាស់អគារគ្រប់គ្រងបន្តវិញ។ 

ទីតាំងអគារខុនដូរ៨ជាន់ ក្នុងខណ្ឌសែនសុខ កងកម្លាំងចម្រុះបានត្រួតពិនិត្យរកឃើញជនសង្ស័យ ហើយបានឃាត់ខ្លួនមនុស្សមានជនជាតិសរុបចំនួន៣នាក់ និងសម្ភារៈដែលជាវត្ថុតាងមួយចំនួន រួមមានកុំព្យូទ័រ ចំនួន ៤៧គ្រឿង, Laptop ចំនួន ១៩គ្រឿង, iPad ចំនួន ១គ្រឿង, ទូរស័ព្ទ ចំនួន ២៨គ្រឿង, ទូរដែក ចំនួន ៦គ្រឿង។ ក្នុងនោះដែរ ក្រុមការងារក៏បានប្រមូលបានលិខិតឆ្លងដែនចំនួន ៨ក្បាល និងចុងភៅចំនួន ៣នាក់ ស្រី ១នាក់, អ្នកអនាម័យ ចំនួនម្នាក់ផងដែរ។ 

សម្រាប់អ្នកដែលត្រូវបានឃាត់ខ្លួន និងសម្ភារៈ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ដោយឡែកទីតាំងអគារខាងលើត្រូវបានបិទឃ្លុំជាបណ្តោះអាសន្ន​៕

156 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម