សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាច់ញាតិរបស់អ្នកបាត់ខ្លួនក្នុងករណីឆេះកាស៊ីណូនៅប៉ោយប៉ែតមិនទាន់បានទទួលសំណង និងលទ្ធផលDNA

ទិដ្ឋភាពក្រោយភ្លើងឆាបឆេះសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ដែលពេលនោះមនុស្ស២៧នាក់ត្រូវរកឃើញថាស្លាប់ រូបភាពថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
ទិដ្ឋភាពក្រោយភ្លើងឆាបឆេះសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ដែលពេលនោះមនុស្ស២៧នាក់ត្រូវរកឃើញថាស្លាប់ រូបភាពថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

គ្រួសារ​ប្រជា​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​​ដែលមាន​សាច់ញាតិបាត់ខ្លួន ដែល​ធ្វើ​ការ​នៅ​កាស៊ីណូប៉ោយប៉ែត និង​សង្ស័យថាបាន​ស្លាប់​ដោយ​គ្រោះ​អគ្គិភ័យ​កាលពី​ចុង​ខែ​ធ្នូ បាន​និយាយ​ថា ​ពួកគាត់​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន ឬ​សំណង​ពី​អាជ្ញាធរ និង​ម្ចាស់​កាស៊ីណូ​នៅ​ឡើយ​ទេ។​

​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២៧​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះសណ្ឋាគារ និង​កាស៊ីណូ Grand Diamond City នៅ​​ជាប់​ព្រំដែន​ថៃ។ ទោះបី​ជា​សាក​សព​ខ្លះ​មិន​ទាន់​អាច​កំណត់អត្តសញ្ញាណ​បាន មន្ត្រី​កម្ពុជា​អះអាង​ថា​មិន​មាន​ជន​ជាតិ​ខ្មែរ​ស្លាប់​ក្នុង​ហេតុ​ការណ៍​នេះ​ទេ​។​

អាជ្ញាធរ​និយាយ​ថា​​លទ្ធផល​តេស្តDNA​​ដែល​ចាប់​ផ្ដើម​ធ្វើ​កាលពី​ជាង​ពីរ​សប្ដាហ៍​មុន​នៅ​មិន​ទាន់​បាន​លទ្ធផល​នៅ​ឡើយ​។

ដោយ​គ្មាន​ការ​បញ្ជាក់​តាម​ផ្លូវ​ច្បាប់​ថា​សាច់​ញាតិ​ខ្លួន​បាន​ស្លាប់​ គ្រួសារ​របស់​បុគ្គលិក​ដែល​បាត់​ខ្លួន​​មិន​អាច​ទទួល​សំណង​ ​ដើម្បី​​អាចយក​មក​​ប្រើ​សម្រាប់​ជួយ​ផ្គត់​ផ្គង់​កូនៗ​របស់​អ្នក​បាត់​ខ្លួន​នោះ​បានទេ​។​

អ្នក​ស្រី សោម សូនី​ បាន​ឲ្យ​ដឹងថាបង​​ស្រីអ្នកស្រី ឈ្មោះ អៀ ធី បាន​បាត់​ខ្លួន​ជិត​មួយ​ខែ​មក​ហើយ។ អៀ ធី មាន​វ័យ​៤៣​ឆ្នាំ​ ជា​ស្រ្តី​មេម៉ាយ និង​ជា​បុគ្គល​សំខាន់​ក្នុង​គ្រួសារ​​រក​ប្រាក់​ចិញ្ចឹម​កូន​ចំនួន​ប្រាំពីរ​នាក់​ ហើយ​ពេល​នេះ​កូន​របស់​អ្នកស្រី អៀ ធី ខ្លះ​បាន​ឈប់​រៀន​ដើម្បី​រក​ការងារ​ធ្វើសម្រាប់​ចិញ្ចឹម​ជីវិត និង​ជួយ​ផ្គត់​ផ្គង់​ប្អូនតូចៗ​ដែល​កំពុង​រស់​នៅ​ជាមួយ​សាច់​ញាតិ​។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ស្រី សូនី។ កូន​ស្រី​ម្នាក់​របស់​អ្នកស្រី អៀ ធី​ បាន​ទៅ​ប្រទេស​ថៃ​ដើម្បី​ធ្វើ​តេស្ត​ DNA កាល​ពី​ថ្ងៃទី​១៦ ខែមករា ប៉ុន្តែ​រហូត​មក​ដល់ពេលនេះ​មិន​ទាន់​បាន​ឮដំណឹង​អ្វី​នោះ​ទេ​។​

អ្នក​ស្រី​បាននិយាយថា៖ «​ខ្ញុំ​បាន​បោះបង់​ការ​ស្វែង​រក​បងស្រី​របស់​ខ្ញុំ​ទៅ​ហើយ ហើយ​ខ្ញុំ​មាន​សង្ឃឹម​តែ​ ១ភាគរយ​ថា​គាត់នៅ​មានជីវិត និង​៩៩​ភាគរយ​ទៀត ជឿ​ថា​គាត់​​បាន​ស្លាប់​បាត់​ទៅ​ហើយ»។

អ្នកស្រី កែវ វណ្ណឌី ភរិយា​របស់​បុគ្គលិក​បាត់​ខ្លួន​ម្នាក់​ទៀត​ឲ្យ​ដឹង​ដែរថាប្ដី​របស់​អ្នកស្រី​បាន​ធ្វើ​ការ​នៅ​ជាន់​ទី​ប្រាំ​បី​ក្នុង​អគារ​ដែល​ឆេះ​នោះ ហើយ​អ្នកស្រី​ជឿ​ថា​ប្ដី​របស់​ខ្លួន​មិន​អាច​រួច​​ជីវិត​នោះ​ទេ​។​

អ្នកស្រី​បារម្ភ​ថា​សាកសពស្វាមី​ត្រូវ​ឆេះ​អស់ និង​មិន​អាច​មាន​ការ​បញ្ជាក់ពី​ការ​ស្លាប់​របស់​ស្វាមីបាន។​

អ្នកស្រី​លើក​ឡើ​ងថា៖ «ក្រុម​ហ៊ុន​ហ្នឹង​ត្រូវ​តែ​ផ្ដល់​សំណងមកខ្ញុំ ពីព្រោះថា​ប្ដី​របស់​ខ្ញុំ​ធ្វើ​ការ​នៅទី​នោះ»។ អ្នកស្រី​ថា៖ «​ខ្ញុំ​អាច​យក​ប្រាក់​នោះ​ដើម្បី​ធ្វើ​បុណ្យ​សព​ឲ្យ​គាត់»។​

គ្រួសារ​មួយ​បាន​ធ្វើ​បុណ្យ​សព​ឲ្យ​សមាជិកគ្រួសារ​ទាំង​មិន​ទាន់​មាន​ការបញ្ជាក់​លើ​មរណភាព ហើយ​ថា​ពួកគេ​បាន​ទទួល​សំណង​៧៥០​ដុល្លារ​ពី​តំណាង​ក្រុម​ហ៊ុន។ ក្រុម​ហ៊ុន Grand Diamond City មិន​បាន​ឆ្លើយ​តប​​​នឹង​​សំណួរ​ដែល​អ្នក​សារព័ត៌មាន​ផ្ញើ​ទៅ​នោះ​ទេ​។​

ស្នងការ​ខេត្ត​បន្ទាយ​មានជ័យ​លោក សិទ្ធ ឡោះ ប្រាប់​ខេមបូចា​ថា​សាកសពចំនួនប្រាំ​ដែល​មិន​អាច​កំណត់​អត្តសញ្ញាណ​បាន​ត្រូវ​បាន​បញ្ជូនទៅ​ប្រទេស​ថៃ​ដើម្បី​ធ្វើ​តេស្ត​ DNA ហើយ​ថា​បើ​សិន​ជា​ពល​រដ្ឋ​ខ្មែរ​ដែល​គិត​ថា​ជា​សមាជិក​ដែល​បាត់​ខ្លួន​អាច​ទៅ​ប្រទេស​ថៃ​ដើម្បី​ធ្វើ​តេស្ត​ DNA។ យ៉ាង​ណាលោក​មិន​បាន​បញ្ជាក់​ទេ​ថា​តើ​មាន​ប្រជា​ពល​រដ្ឋ​កម្ពុជា​ប៉ុន្មាន​ដែល​បាន​អះអាង​ថាមាន​សមាជិកគ្រួសារ​បាត់​ខ្លួន ឬ​មាន​ប៉ុន្មាន​នាក់​បាន​ធ្វើតេស្ត​DNA។​

លោក​បន្ថែម​ថា៖ «​ពេលនេះ​យើង​កំពុង​រង់​ចាំ​លទ្ធផល​តេស្ត​DNA ហើយ​សម្រាប់​គ្រួសារ​ជា​ពល​រដ្ឋ​ខ្មែរ​ដែល​មាន​សាច់​ញាតិ​បាត់​ខ្លួន យើង​ក៏​កំពុង​ជួយ​តាម​ស្វែង​រក ប៉ុន្តែ​មិន​ទាន់​បាន​រក​ឃើញ​នៅ​ឡើយ​ទេ​»។​

លោក​បន្ត​ថា​សំណង​ទំនង​ជា​អាចនឹង​ផ្ដល់​ទៅ​ក្រុម​គ្រួសារ​បាន​​ដរាប​ណា​លទ្ធផល​តេស្ត​DNA​បញ្ជាក់​ថា​អ្នក​ស្លាប់​ជា​ជន​ជាតិ​ខ្មែរ។​​

លោក​ឲ្យ​ដឹង​ដែរ​ថា៖ «​សម្រាប់​សំណង​ខ្ញុំ​មិន​ដឹង​នោះទេ វាមិន​ស្ថិត​នៅ​ក្រោម​ខ្ញុំ​ទេ ដូច​នេះ​ត្រូវ​រង់ចាំ​គណៈកម្មការ​វាយ​តម្លៃ​ដើម្បី​ដោះស្រាយ»។ លោក​និយាយ​សំដៅ​លើ​គណៈកម្មការ​ដែរ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​អគ្គិភ័យ​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រ​សួង​មហាផ្ទៃ​លោក ស ខេង​។​

អភិបាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ លោក ង៉ោ ម៉េងជ្រួន ប្រាប់​ខេមបូចាថា​ក្រ​សួងការងារ​នឹង​ធ្វើ​ការ​ជាមួយ​ក្រុម​ហ៊ុន​ Grand Diamond City ដើម្បី​ផ្ដល់​សំណង​ដល់​គ្រួសារ​ខ្មែរ​ដែល​រង​គ្រោះ​តាម​ច្បាប់​ស្ដីពី​ការងារ​។​

លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រ​សួង​ការងារ​មាន​ប្រសាសន៍​ថា​ក្រសួង​កំពុង​រង់​ចាំ​លទ្ធ​ផល​ពី​គណៈកម្មការ​ស៊ើប​អង្កេត​មុន​កំណត់​ថា​សំណង​ត្រូវ​ធ្វើ​បែប​ណា​នោះ​។​

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ​​នៃអង្គការ​លីកាដូ មាន​ប្រសាសន៍​ថា​អាជ្ញាធរគួរ​ស៊ើប​អង្កេត​រក​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ហេតុ​ការណ៍​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដោយ​សារ​អគ្គិភ័យ​ឆាប​ឆេះ​អគារកាស៊ីណូ និង​ចោទ​ប្រកាន់ពីបទព្រហ្មទណ្ឌ​បើ​សិន​ជា​ស្ដង់ដារ​សុវត្ថិភាព​មិន​ត្រូវ​បានអនុវត្ត​។​

លោក​បន្ថែម​ថា ក្រុម​គ្រួសារ​ជន​រង​គ្រោះ​អាច​ដាក់​ពាក្យ​បណ្ដឹង​សម្រាប់​សំណង​រដ្ឋប្បវេណី ហើយ​ការ​សម្រេច​​យ៉ាងណា​គឺ​អាស្រ័យ​លើ​តុលាការ។​

លោក​បន្ត​ថា៖ «​អាជ្ញាធរ​គួរ​បញ្ជូន​ករណី​នេះ​ទៅ​កាន់​តុលាការ និង​ស៊ើប​មើល​ថា​តើ​កាស៊ីណូ​នោះ​បាន​សាងសង់​ត្រឹម​ត្រូវ​តាម​ស្ដង់ដារ ឬអត់ ហើយថា​វាមាន​លក្ខណៈ​គ្រប់​គ្រាន់​ដែល​អាច​សង្គ្រោះ​មនុស្ស​ពេល​មាន​អគ្គិភ័យ​កើត​ឡើង​ឬអត់»។​

ក្រុម​ហ៊ុន​ដែល​ជាប់ពាក់ព័ន្ធនឹង​ Grand Diamond City  ចុះបញ្ជីឈ្មោះ​ មាន វាសនា ​ជា​ភរិយាជនជាតិ​ថៃសញ្ជាតិ​ខ្មែរ​របស់​អ្នក​នយោបាយថៃ​រត់​គេច​ខ្លួន​លោក ​Vatana Asavahame និង​ឧកញ៉ា លី យ៉ុងផាត់​ ជា​នាយក ដែល​មាន​ក្នុង​កំណត់​ត្រា​របស់​ក្រ​សួង​ពាណិជ្ជកម្ម ព្រមជាមួយ​នឹង​ជនជាតិ​ថៃ​មួយ​ចំនួន​ទៀត។ ជនជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ​ថា សឿម សាអ៊ីម មាន​ឈ្មោះ​ជា​ប្រធាន​។​

វាសនា និង​ Asavahame មិន​អាច​ទាក់​ទង​សុំការអត្ថាធិប្បាយ​បាន​ទេ។ លោក សាអ៊ីម ប្រាប់​អ្នក​យកព័ត៌មាន​ខេមបូចាថា លោក​មិន​ជាប់ពាក់ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ទៀត​ទេ និង​បាន​បដិសេធ​ផ្ដល់អត្ថាធិប្បាយ​ច្រើន​ជាង​នេះ។​

លោក លី យ៉ុងផាត់ ប្រាប់​ខេមបូ​ចាថា លោក​ធ្លាប់​ជា​ម្ចាស់​របស់ក្រុម​ហ៊ុន Grand Diamond City ប៉ុន្តែ​ថា​លោក​បាន​លក់​វា​ទៅ​ឲ្យ​បុគ្គល​ម្នាក់​កាលពី​ប្រហែល​១០​ឆ្នាំ​មុន ដែល​លោក​ថា​មិន​ចាំ​ឈ្មោះ​នោះ​ទេ​។​

លោក​បញ្ជាក់ថា៖ «​ពីមុន​វាជា​របស់​ខ្ញុំ ក្រោយ​មក​ខ្ញុំ​បាន​លក់​វា​ទៅ​ឲ្យ​ជនជាតិ​ខ្មែរ​ម្នាក់ ប៉ុន្តែ​ខ្ញុំ​បាន​ភ្លេច​ឈ្មោះ​បាត់​ហើយ ខ្ញុំ​​ភ្លេចបាត់​ហើយ»។​

ក្រុម​ហ៊ុន​ Grand Diamond City បាន​បង្ហោះ​សារ​ជាភាសាថៃ​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ថា៖ «ចូល​រួម​រំលែកទុក្ខ​ដ៏ក្រៀមក្រំ​ដល់គ្រួសារ​ជនរងគ្រោះ និងអ្នក​រងរបួស​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ។ យើង​នឹង​ឆ្លង​កាត់​ពេលវេលានេះ​ជាមួយ​គ្នា»។​

សម្រាប់​សាច់​ញាតិ​បុគ្គលិក​កាស៊ីណូ​ដែល​បាន​បាត់​ខ្លួន ការ​តស៊ូ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​សមាជិក​គ្រួសារ​ដែល​នៅ​រស់​គឺ​កាន់​តែ​ពិបាក។ អ្នកស្រី វណ្ណឌី ឲ្យ​ដឹង​ថាអ្នកស្រី និង​ស្វាមី​ចេញពី​ស្រុក​កំណើត​ក្នុង​ខេត្ត​ពោធិ៍សាត់ ទៅ​កាន់​ប៉ោយប៉ែតដើម្បី​រក​ការងារ​ធ្វើ ដោយ​សង្ឃឹម​ថា​នឹង​បាន​ប្រាក់​ពី​ការ​ធ្វើ​ការ​នៅ​កាស៊ីណូ​ ប៉ុន្តែ​ថា​ក្ដី​ស្រម៉ៃ​នេះ​រលាយ​អស់​ហើយ​ដោយសារតែ​ស្វាមី​បាត់​បង់ជីវិត​។​

អ្នកស្រី​បន្ត​ថា៖ «​ពួកយើង​សង្ឃឹម​ថា​អាច​រកប្រាក់​បាន​ច្រើន ហើយ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ប៉ុន្តែពេល​នេះ​គាត់ស្លាប់​ហើយ»។​

អ្នកស្រី វណ្ណឌី និយាយថា​អ្នកស្រី​កំពុង​ជាប់​បំណុលដែល​ត្រូវ​ដោះស្រាយ រួម​ជា​ការ​ចំណាយ​លើ​ថ្លៃ​ជួល​ផ្ទះ អាហារ និង​ថ្លៃ​សាលា​របស់​កូន​បី​នាក់ ដោយ​ពឹង​លើ​ប្រាក់​ខែ​ជា​អ្នក​អនាម័យ​ ១៥០​ដុល្លារ​។ អ្នកស្រី​ថា​មិន​ទាន់អាច​ប្រាប់​កូនៗ​ពី​ការពិត​អំពី​ការ​ស្លាប់​របស់​ឪពុក​ពួកគេ​នៅ​ឡើយ​។​

អ្នកស្រី​និយាយ​ទាំងអួលដើមកថា៖ «​កូនៗ​ខ្ញុំ​តែង​តែសួរ​រក​ឪពុក​របស់​គេ ហើយ​ខ្ញុំ​តែ​ងតែកុហក់ថា​គាត់​ទៅ​ធ្វើ​ការ​នៅ​ថៃ»។

អ្នកស្រី​បានបន្ថែមថា៖ «​សូម​ជួយ​ខ្ញុំ​រក​យុត្តិ​ធម៌​ផង ខ្ញុំ​បាត់​បង់ស្វាមី​ហើយ» ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Relatives of Missing Casino Workers Still Lack Compensation, DNA Results

434 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម