សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ប្រជាពលរដ្ឋដែលគេចចេញពីការទម្លាក់គ្រាប់របស់ថៃនៅស្រុកបាណន់ បានវិលចូលភូមិបណ្តើរៗហើយ

ប្រជាពលរដ្ឋរស់នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ភៀសខ្លួនមកនៅតាមវាលស្រែ ក្រោយយន្តហោះទាហានថៃទម្លាក់គ្រាប់ក្នុងភូមិសាស្រ្តស្រុកបាណន់។ រូបភាពថតថ្ងៃទី២៥ធ្នូ ឆ្នាំ២០២៥។ (ខេមបូចា/ មាស ភារុណ)
ប្រជាពលរដ្ឋរស់នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ភៀសខ្លួនមកនៅតាមវាលស្រែ ក្រោយយន្តហោះទាហានថៃទម្លាក់គ្រាប់ក្នុងភូមិសាស្រ្តស្រុកបាណន់។ រូបភាពថតថ្ងៃទី២៥ធ្នូ ឆ្នាំ២០២៥។ (ខេមបូចា/ មាស ភារុណ)

បាត់ដំបង៖ អ្នកភូមិកំប៉ូវ៖ «ខ្ញុំដាំបាយៗលឺគ្រាំងស្មានផ្ទុះកង់ឡាន ដល់សួរគេ គេថាយន្តហោះទម្លាក់​គ្រាប់ ខ្ញុំញ័រដៃ ញ័រជើងធ្វើអី ចាប់អីក៏មិនកើត រត់ឆ្លេឆ្លារត់ឡើងរត់ចុះ កូនទៅស្រែអស់នៅ​ផ្ទះម្នាក់​ឯង ចៅនៅសាលា យំស្រែកភ័យ!»។

អ្នកស្រី ចិន្តា វ័យ៥០ប្លាយកំពុងស្ថិតនៅក្នុងតង់តាមភ្លឺស្រែ ក្រោមម្លប់ដើមឈើ ដែលមាន ចម្ងាយពីភូមិ ប្រហែល៣គីឡូនៅជាមួយកូន៥នាក់ និងចៅ៧នាក់ ហើយអ្នកស្រីនិយាយថា មិនហានដេកក្នុងភូមិនោះទេ ខ្លាចយន្តហោះទាហានថៃទម្លាក់គ្រាប់ទៀត។

អ្នកស្រីបន្ថែមថា អ្នកភូមិកំប៉ូវ ស្ទើរទាំងអស់នាំគ្នាមកគេចមកដេកតាមវាលស្រែ​មួយកន្លែង​៤​ទៅ​៥គ្រួសារ ដោយមិនហ៊ានបោះតង់នៅជុំគ្នាច្រើននោះទេ គឺពង្រាយ​តាមវាលស្រែក្រោម​ដើមឈើ​។

អ្នកស្រី ​ចន្តា បន្ថែមថា៖ «អត់ហ៊ាននៅផ្ទះទេ នាំគ្នារត់មកនៅតាមវាលស្រែ ខ្ញុំនៅតែភ័យ ដេក​តែភ័យព្រួយ ដេកមើលតែមេឃក្រែងវាមកទៀត ខ្ញុំបាក់ស្បាត ខ្ញុំមិនដឹងថា ដេក​វាល​ស្រែ​ប៉ុន្មានថ្ងៃទៀតនោះទេ ឈឺចាប់ណាស់នឹងទង្វើទាហានថ្ងៃនេះ»។

ការរត់ភៀសសឹកមករស់នៅតាមវាលស្រែរបស់អ្នកភូមិកំប៉ូវ ស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោយពីទាហានថៃបានបើកយន្តហោះT-50 ទម្លាក់ប្រមាណ៤គ្រាប់ចូលទី​តាំង ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលក្នុងភូមិសាស្រ្តស្រុកបាណន់ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដែលទីតាំងទម្លាក់គ្រាប់នេះចម្ងាយប្រហែល៣គីឡូម៉ែត្រពីភូមិកំប៉ូវ។

អ្នកភូមិកំប៉ូវធ្លាប់អ៊ូអរ សិស្សសាលាធ្លាប់លឺសម្លេងសិស្សហ៊ោកញ្ជ្រៀវ​សើចសប្បាយ​បែរជា​ស្ងប់​​ស្ងាត់ តាមផ្ទះភាគច្រើនបិទទ្ធារគ្មានមនុស្សរស់នៅ ផ្ទះខ្លះមានអ្នកភូមិជាបុរស​ជាមេ​គ្រួសារ នៅចាំផ្ទះ មើលថែទ្រព្យសម្បត្តិរបស់ខ្លួន និងឃើញមានមន្រ្តីនគបាលប៉ុស្តិ៍ល្បាត​យាមកាម ទ្រព្យសម្បត្តិអ្នកស្រុកខ្លះផងដែរ។

លោក យឹម សំណាង អ្នកភូមិកំប៉ូវដែលនៅចាំផ្ទះបាននិយាយថា គ្រួសារគាត់បានរត់ទៅបោះតង់ស្នាក់នៅតាមវាលស្រែអស់ហើយ តែលោកនៅចាំផ្ទះមើលថែទ្រព្យសម្បត្តិ និង​ជួយឃ្លាំ​មើល​ជនប្លែកមុខ ក្រែងឆ្លៀតឱកាសលួចទ្រព្យសម្បត្តិអ្នកភូមិ។ លោកបន្ថែមថា ក្រោយផ្ទុះ​គ្រាប់ អ្នក​ភូមិ ចាកចេញពីផ្ទះទៅវាលស្រែអស់ព្រោះខ្លាចវាទម្លាក់គ្រាប់មកទៀត។

លោក សំណាង បន្តឱ្យដឹងថា៖ «ក្នុងភូមិមានអ្នកចាំផ្ទះខ្លះ មេគ្រួសារមួយចំនួនទៀតគេចខ្លួន ទៅនៅតាមវាលស្រែ តាមម្លប់ឈើ មាត់បឹងមាត់ប្រឡាយស្ងាត់ភូមិនៅសល់មិន​ដល់១០​ភាគ​រយ​ទេ ប៉ុន្តែមានចេញចូលមកអើតផ្ទះដែរពេលថ្ងៃ អ្នកភូមិមានជីកត្រង់សេតាមផ្ទះច្រើនដែរ ដោយពួកគាត់មានបទពិសោធន៍សម័យសង្គ្រាម»។

អ្នកភូមិខាងលើបានលើកឡើងថា ទាហានថៃប្រើយន្តហោះមកទម្លាក់គ្រាប់ទៅទីប្រជុំជន​ដែល​​ចម្ងាយប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីក្រុងបាត់ដំបង វាងាយនឹងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងបង្កការភ័យខ្លាច ប៉ះពាល់ការប្រកបមុខរបររកស៊ី សិស្សសាលាមិនបានរៀនសូត្រ ។

លោក សំណាង បន្តថា៖ «ទីនេះមិនមែនសមរភូមិទេ វាយង់ឃ្នងធ្វើឱ្យប៉ះពាល់ប្រជាជន សង្គ្រាម​នៅព្រំដែន វាគួរដោះស្រាយនៅព្រំដែន តែខ្វះតែប៉ុន្មានគីឡូទៀត​ដល់​កណ្តាល​ក្រុង​ប្រជាជនយើងភ័យជម្លៀសចោលផ្ទះ ចោលសម្បែងទៅនៅតាមជំរុំវាពិបាកមិនដូច​នៅផ្ទះ​យើងទេ»។

កំពុងកាយអាចមន៍គោចេញពីក្រោលបណ្តើរ ត្អូញត្អែរដោយមុខស្ងួតលោក ឃុត សៀន វ័យ​៦៧​ឆ្នាំ ក៏បានលើកឡើងថា ប្រពន្ធកូន និងចៅ៤នាក់អត់បានរៀននាំគ្នារត់​ទៅនៅ​តាម​វាល​ស្រែ​អស់ហើយ ព្រោះបារម្ភខ្លាចយន្តហោះទម្លាក់គ្រាប់មកទៀត។ លោកបន្តថា គាត់មិន​រត់​ទៅ​ណានោះទេ ព្រោះនៅមើលថែគោរបស់គាត់ និងកូនចំនួន១៥ក្បាល​ក្រែងវាដើរស៊ីស្រូវអ្នកភូមិ​។

លោក ឃុត សៀន បន្ថែមថា៖ «ខ្ញុំឱ្យកូនប្រពន្ធគេចទៅជើងទៅ ក្រែងវាទម្លាក់​គ្រាប់មក​ទៀត ខ្ញុំព្រួយបារម្ភណាស់ណាមួយជីវភាពខ្វះខាតផង ហើយរត់លូនអញ្ចឹងទៅវាពិបាក»។

លោក ឃុត សៀន អាយុ៦៧ឆ្នាំ រស់នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង នៅចាំផ្ទះមើលថែទ្រព្យសម្បត្តិម្នាក់ឯង ខណ:ប្រពន្ធកូន និងចៅភៀសខ្លួនទៅបោះតង់ ស្នាក់នៅបណ្តោះអាសន្នតាមវាលស្រែ។ រូបភាពថតនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។ (ខេមបូចា/មាស ភារុណ)

មេភូមិកំប៉ូវលោក កង ឆែប បានលើកឡើងថា អ្នកភូមិកំប៉ូវមានជាង៤០០គ្រួសារ​ពេល​យន្ត​ហោះ ថៃទម្លាក់គ្រាប់ពួកគាត់បានគេចទៅនៅតាមវាលស្រែម្តុំអាងពោធិ៍ស្ងាត់ភូមិ សល់តែ​មេគ្រួសារខ្លះប៉ុណ្ណោះនៅចាំផ្ទះ។ លោកបន្តថា គាត់និងប៉ូលីសប៉ុស្តិ៍តែងតែជិះ​ល្បាតតាម​ភូមិ​ដើម្បីជួយការពារទ្រព្យសម្បត្តិអ្នកស្រុកទាំងថ្ងៃ និងយប់ដែរ ។

ទោះបីយ៉ាងណាលោកមេភូមិបានបញ្ជាក់ថា មកទល់រសៀលថ្ងៃទី២៧ធ្នូនេះ ក្រោយពីកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និង ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់គិតត្រឹមម៉ោង១២ថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានអ្នកភូមិ ប្រហែល៧០ភាគរយហើយបានវិលត្រឡប់មកផ្ទះវិញ ។

លោកមេភូមិបន្ថែមថាទោះបីប្រជាពលរដ្ឋវិលមកផ្ទះវិញបណ្តើរៗក៏ពួកគាត់នៅតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយតាមផ្ទះប្រជាពលរដ្ឋភាគច្រើននាំគ្នាជីកត្រង់សេ ក្បែរៗផ្ទះដើម្បី ការពារសុវត្ថិភាព ដោយពួក គាត់មានការភ័យខ្លាច​។

លោក កង ឆែប បន្ថែមថា៖ «ឥឡូវពួកគាត់វិលមកបណ្តើរៗហើយតាំងពីល្ងាចខ្លះ ហើយថ្ងៃ ត្រង់នេះក្រោយប្រជុំឯកភាពគ្នាពួកគាត់មកបន្ថែមទៀត ខ្ញុំជិះឆ្វែលម៉ាព្រឹកហើយ» ។

ក្រោយយន្តហោះថៃទម្លាក់គ្រាប់ចូលភូមិសាស្រ្តស្រុកបាណន់សាលារៀនប្រមាណ៨៣ទីតាំងទាំងវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សាត្រូវបានបិទទ្វាបណ្តោះអាសន្ន ទីប្រជុំជននានា តាមដងផ្លូវហាក់ស្ងាត់លែងអ៊ូអរដូចមុន ទីតាំងលក់ដូរខ្លះបានបិទទ្វារ។

ស្នងការនគបាលខេត្តបាត់ដំបងបានបញ្ជាក់កាលពីថ្ងៃទី២៥ ខែធ្នូ ឱ្យដឹងថា ដោយសារទាហានថៃឈ្លានពានប្រើប្រាស់យន្តហោះមកទម្លាក់គ្រាប់នៅមូលដ្ឋានស្រុកបាណន់កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ លោកមានការភ័យខ្លាចចំពោះសកម្មភាពរំលោភ បំពាន ដ៏កំរោលនេះ។ ប្រជាពលរដ្ឋបានដឹកនាំកូនចៅ មនុស្សចាស់ កុមារតូចៗចាកចេញពីលំនៅឋានដើម្បីទៅរកទីសុវត្ថិភាព ទៅតាមគោលបំណងរៀងៗខ្លួន រហូតធ្វើឱ្យស្ងប់ស្ងាត់ទាំងពេលថ្ងៃ និងពេលយប់ដែលបញ្ហានេះធ្វើឱ្យលំនៅឋាន ទ្រព្យសម្បតិ្ត សត្វចិញ្ចឹម និងផលដំណាំរបស់ពួកគាត់ត្រូវបោះបង់ចោលមួយរយៈពេល។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់លើផេកផ្លូវការរបស់ស្នងការខេត្តថា៖ «កងកម្លាំងនគរបាលចេញល្បាត ទាំងពេល​ថ្ងៃ និងពេលយប់ជាប់ជាប្រចាំ ដើម្បីឃ្លាំមើលថែរក្សាការពារឱ្យបាននូវលំនៅដ្ឋាន ទ្រព្យ​សម្បតិ្ត សត្វចិញ្ចឹម និងផលដំណាំផ្សេងទៀត ដែលពួកគាត់បានចាកចេញទៅដោយមិនបាននៅមើលថែ ចៀសវាងនូវសកម្មភាពរបស់ជនឆ្លៀតឱកាសណាមួយ ដែលប៉ុនប៉ងលួចយក ឬគាស់ទម្លុះទំលាយលំនៅឋានយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ»។

លោក ស្រេង សុខា អភិបាលស្រុកបាណន់បានឱ្យដឹងថា នៅស្រុកបាណន់​មិនមាន​ជំរំ​សម្រាប់​ជនភៀសសឹកនោះទេ ប៉ុន្តែក្រោយទាហានថៃ​ប្រើយន្តហោះ​ទម្លាក់​គ្រាប់​ចូល​ភូមិ​សាស្រ្ត​ស្រុកបាណន់ប្រជាជន នៅតំបន់ផ្ទុះបានគេចចេញពីផ្ទះទៅនៅ​តាម​ស្រែ​ចម្ការ​ដែល​ឆ្ងាយពីភូមិប្រហែល៣គីឡូម៉ែត្រមកទល់ ពេលនេះមានត្រឡប់មកផ្ទះវិញបណ្តើរៗហើយ តែជាលក្ខណៈមេគ្រួសារ ។

លោកអភិបាលស្រុកបានឱ្យដឹងបន្តថារដ្ឋបាលស្រុក និងឃុំទាំង៨បាន​បើក​ដំណើរការ​ផ្តល់សេវាជូន ប្រជាពលរដ្ឋធម្មតាឡើងវិញចាប់ពីថ្ងៃទី២៥ធ្នូមក ហើយប្រជាពលរដ្ឋមួយ​ចំនួនបាន បើកមុខរបរ រកស៊ីធម្មតាវិញ ដោយឡែកសាលារៀន​មិនទាន់ឱ្យ​បើកដំណើរការ​នោះទេ ដោយរង់ចាំសុំគោលការណ៍ពីថ្នាក់លើសិន។

លោក ស្រេង សុខា បានបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋស្រុកបាណន់​កុំភ័យ ស្លន់ស្លោរពេក បងប្អូនមកកាន់ផ្ទះសម្បែងវិញ ដើម្បីរួមគ្នាការពារទ្រព្យសម្បត្តិ​របស់​យើង បើសិនជាបងប្អូនមានការព្រួយបារម្ភ នោះអាចជីករណ្តៅត្រង់សេ ក្បែរផ្ទះយើង​អាចដោះស្រាយរយៈពេលខ្លីបានមួយគ្រាៗ លោកសង្ឃឹមថា អ្វីៗនឹងល្អប្រសើរឡើងវិញ សុំឱ្យដំណើរការប្រកបការងារ រកស៊ីទទួលទានធម្មតាវិញ»។

សូមបញ្ជាក់ថា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងក្រៅពីស្រុកបាណន់ ស្រុកមួយចំនួននៅ​ជាប់​ព្រំដែន​ក៏ត្រូវបានទាហានថៃផ្លោងគ្រាប់ចូលទឹកដីកម្ពុជាក្នុងភូមិសាស្រ្តជនស៊ីវិល ផ្ទះ​ប្រជាពលរដ្ឋ  សាលារៀន មន្ទីរពេទ្យជាដើម ដូចជានៅស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ព្រមទាំងបានបង្ក ឱ្យរងរបួសដល់ជនស៊ីវិល ផងដែរ។ ការណ៍នេះបាន​បង្កឱ្យ​ប្រជាពលរដ្ឋ​មានការភ័យខ្លាចនាំគ្នារត់មករកទីសុវត្ថិភាព នៅតាម បណ្តាជំរំភៀសសឹក​នានា​ដែល​អាជ្ញាធរ​រៀបចំ ហើយសាលាររៀនស្រុកជាប់ព្រំដែនទាំង៤ត្រូវបិទទ្វារ។

បើតាមរបាយការណ៍អាជ្ញាធរឱ្យដឹងថា មកទល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ខេត្តបាត់ដំបង មានជំរំជនភៀសសឹកចំនួន២២ទីតាំង ​នៅស្រុកបវេល ថ្មគោល និងស្រុករតនមណ្ឌល និងប្រជាពលរដ្ឋស្នាក់នៅជាមួយសាច់ញាតិ១១ស្រុក និងប្រមូលផ្តុំគ្នាស្នាក់នៅតាមបណ្តា​ស្រុកផ្សេងៗសរុបចំនួនជាង ២ ៧០០០គ្រួសារ ស្មើនឹងប្រមាណជិត ១០០ ០០០នាក់ ក្នុងនោះកុមារជាង ២៧ ០០០នាក់។

បើតាមលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហោះលើផេកហ្វេសប៊ុកផ្ទាល់ខ្លួន​ឱ្យដឹងថា ១៩ថ្ងៃនៃការឈ្លានពាន របស់យោធាថៃមកលើទឹកដីកម្ពុជា​បង្កឱ្យ​មាន​ជនភៀសខ្លួនចំនួនជាងកន្លះលាននាក់ ក្នុងនោះស្រ្តី ៣៣៦ ៣០២នាក់ និងកុមារចំនួន២០៤ ៩៩២នាក់៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម