ស្ទឹងហាវ៖ ផ្ទះខ្ទមប្រហែល ២០០ ដែលអាជ្ញាធរអះអាងថាបានសាងសង់ដោយខុសច្បាប់នៅលើដីកម្មសិទ្ធឯកជនក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ត្រូវបានរុះរើកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលនេះជាផ្នែកមួយនៃបញ្ហាជម្លោះដីធ្លីដែលកំពុងកើតឡើងក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋលើកឡើងថាអាជ្ញធរជាច្រើនរយនាក់បានបំផ្លាញខ្ទមរបស់ពួកគាត់ និងបានគំរាមចាប់ខ្លួនអ្នកដែលបន្តស្នាក់នៅ និងតវ៉ា។
លោក ស៊ីម ប៊ុនធឿន ប្រជាពលរដ្ឋម្នាក់ដែលបានមកតាំងទីលំនៅលើដីនេះ ឲ្យដឹងថា៖ «ប្រជាពលរដ្ឋបានចាកចេញពីទីតាំងនេះអស់ហើយ ហើយខ្ទប់ទាំងអស់ត្រូវអាជ្ញាធររុះរើចោល»។ លោកបន្ថែមថា៖ «អាជ្ញាធរបានគំរាមមិនឲ្យប្រជាពលរដ្ឋចូលមកទីនេះទៀត បើមិនអីចឹងនឹងត្រូវចាប់ខ្លួន»។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថាអាជ្ញាធរមិនបានបំផ្លាញខ្ទម ឬក៏គំរាមកំហែងប្រជាពលរដ្ឋទេ ប៉ុន្តែបានអំពាវនាវឲ្យពួកគាត់ស្ម័គ្រចិត្តរុះរើចេញដោយខ្លួនឯង។
លោកបន្ថែមថា៖ «ឥឡូវពួកគាត់យល់ជាងមុន ហើយស្ម័គ្រចិត្តប្រគល់ដីឲ្យទៅក្រុមហ៊ុនវិញ និងយល់ព្រមចាកចេញពីដីនោះដោយគ្មានការតវ៉ា»។
លោកឲ្យដឹងទៀតថា អាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងនោះចាកចេញពីទីតាំងដីដោយស្ម័គ្រចិត្ត និងមិនត្រូវជឿមេក្លោងណាមួយទៅប្រព្រឹត្តបទល្មើសនោះទេ។
លោកបានបន្តថា៖ «[យើង] សូមបញ្ជាក់ជាថ្មីថាយើងនឹងប្រើប្រាស់វិធានការច្បាប់តឹងរឹង ដោយគ្មានការលើកលែងចំពោះអ្នកនៅពីក្រោយញុះញង់បង្កឲ្យមានអស្ថេរភាព និងអនាធិបតេយ្យក្នុងសង្គម»។
មួយថ្ងៃមុនដែលខ្ទមរបស់ប្រជាពលរដ្ឋត្រូវបានបំផ្លាញ អ្នកយកព័ត៌មានខេមបូចា បានទៅដល់ទីតាំងជម្លោះនោះ និងបានឃើញខ្ទមជាច្រើនរយខ្នងបានសាងសង់នៅជំរាលភ្នំខាងក្រោយតំបន់សេដ្ឋកិច្ចពិសេស។
ប្រជាពលរដ្ឋនិយាយថា ពួកគាត់មកពីខេត្តផ្សេងៗគ្នានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយជឿថានេះជាដីរបស់រដ្ឋ ដែលពួកគាត់អាចរស់នៅបាន។
លោក ទឹម ភឿន វ័យ ៥១ឆ្នាំ មកពីខេត្តកំពត លើកឡើងថាលោកបានមករស់នៅតំបន់នេះជាច្រើនឆ្នាំមកហើយ។ លោកប្រាប់ខេមបូចាថា ពេលលោកមកដល់ដំបូង លោកបានកាប់ឆ្ការព្រៃ ហើយក៏គ្មានការហាមឃាត់ពីអាជ្ញាធរអ្វីដែរ ហើយលោកជឿថាលោកគួរតែទទួលបានដីដែលបានបានកាប់ឆ្ការនេះ។
លោកបន្ថែមថា៖ «ខ្ញុំមិនបានគិតថាវាជាដីឯកជននោះទេ ពេលខ្ញុំមកដល់ទីនេះដំបូង ខ្ញុំគិតថាវាជាទ្រព្យសម្បត្តិរបស់រដ្ឋ យើងជាអ្នកក្រ ដូចនេះយើងកាប់ឆ្ការដីនេះដើម្បីរស់នៅ»។
អ្នកស្រី សុខ សុគន្ធ ជាពលរដ្ឋម្នាក់មកពីខេត្តកំពតដែរ និងបានឆ្ការព្រៃបានដី ៤០០ម៉ែត្រការ៉េ។ អ្នកស្រីឲ្យដឹងថា គាត់បានមករស់នៅទីនេះជាច្រើនឆ្នាំមកហើយដើម្បីធ្វើការ និងមកតាមអ្នកផ្សេងដែរដើម្បីកាប់ឆ្ការដីព្រៃនេះ។
អ្នកស្រីបន្ថែមថា៖ «រស់នៅទីនេះពិបាកណាស់ ពីព្រោះយើងប្រើទឹកពីជ្រលងភ្នំ ហើយយើងមិនមានអគ្គិសនីប្រើប្រាស់ដែរ»។ អ្នកស្រីបន្តថា៖ «ប៉ុន្តែដោយសារតែយើងចង់បានដីមួយកន្លែងសម្រាប់រស់នៅ យើងត្រូវបង្ខំចិត្តមកកាប់ឆ្ការដីនៅទីនេះ។ យើងគិតថាវាជាដីរបស់រដ្ឋ យើងចង់ឲ្យរដ្ឋផ្ដល់ដីនេះមកឲ្យប្រជាពលរដ្ឋក្រីក្រដូចយើង»។
ដំបូងឡើយ ក្នុងឆ្នាំ២០២១ អាជ្ញាធរបានបញ្ជាឲ្យប្រជាពលរដ្ឋចាកចេញពីដីទាំងនោះ ប៉ុន្តែថានៅពេលថ្មីៗនេះមានប្រជាពលរដ្ឋកាន់តែច្រើនបានទន្ទ្រានចូលកាន់កាប់ដីបន្ថែមទៀត។
មកដល់ថ្ងៃទី១៦ ខែសីហា អាជ្ញាធរដែលចុះមករុះរើខ្ទមប្រជាពលរដ្ឋក៏បានប្រឈមនឹងការតវ៉ាហិង្សាផងដែរ។
វីឌីអូឃ្លីបដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម បង្ហាញថាមានមនុស្សកាន់កាំបិត ជំពាមកៅស៊ូ និងដបសាំង ការពារមិនឲ្យអជ្ញាធរចូលទៅរុះរើផ្ទះរបស់ពួកគេ។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក លី ចាន់ដារ៉ា មានប្រសាសន៍ថា មនុស្សបួននាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ និងបានចោទប្រកាន់ពីបទហិង្សាដោយចេតនាលើអ្នកកាន់កាប់អចលនាទ្រព្យសុចរិត និងរារាំងមន្ត្រីសាធារណៈ។ លោកថាអ្នកទាំងបួនត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន។ អាជ្ញាធរថា ខ្លួនកំពុងស្វែងរកអ្នកផ្ដើមគំនិតនៅពីក្រោយការទន្ទ្រានកាន់កាប់ដីនេះ។
ការចោទប្រកាន់នេះតាមមាត្រា២៥៣ និង២៥៥ តាមច្បាប់ស្ដីពីដីធ្លី និងតាមមាត្រា៥០៣ នៃក្រមព្រហ្មទណ្ឌ ដែលអាចត្រូវជាប់ពន្ធនាគារពីប្រាំមួយខែទៅពីរឆ្នាំ ពីប្រាំមួយខែទៅបីឆ្នាំ និងមួយខែ ទៅបីខែ នេះបើផ្អែមតាមមាត្រានីមួយៗ។
អ្នកស្រី ជាប សុធារី មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សរបស់អង្គការអាដហុកប្រចាំខេត្តព្រះសីហនុដែលបានតាមឃ្លាំមើលករណីនេះ មានប្រសាសន៍ថាសមាគមកំពុងសិក្សាករណីនេះជាមុនសិនមុននឹងសម្រេចថាជួយគាំទ្រផ្នែកច្បាប់ឬអត់ដល់អ្នកជាប់ឃុំទាំងបួននាក់នោះ។
អ្នកស្រីថាប្រជាពលរដ្ឋភាគច្រើនដែលមកកាន់តំបន់នេះគឺមកពីខេត្តកំពត និងកំពង់ស្ពឺ ហើយថាមកខេត្តព្រះសីហនុដើម្បីរកការងារធ្វើ។
អ្នកស្រីបន្ថែមថា៖ «ពួកគាត់លើកឡើងថាអាជ្ញាធរបានហាមឃាត់ពីរបីដងមកហើយមិនឲ្យរស់នៅទីនេះ ប៉ុន្តែថាពួកគេនៅតែបន្តកាប់ឆ្ការដី និងអះអាងថាពួកគេគ្មានកន្លែងរស់នៅ»។ អ្នកស្រីបន្តថា៖ «កន្លែងនេះងាយស្រួលសម្រាប់ពួកគាត់ ពីព្រោះអាចធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅក្បែរនោះ»។
អ្នកស្រីឲ្យដឹងទៀតថា៖ «ពួកគាត់មិនដឹងថាដីនេះមានម្ចាស់។ ពួកគាត់មកទីនេះដោយសារពួកគាត់យល់ថាដីនេះគ្មានមនុស្សរស់នៅ និងជាកន្លែងពួកគាត់អាចរស់នៅបាន»។
អ្នកស្រី សុធារី បន្ថែមទៀតថា បើតាមឯកសាររបស់អាជ្ញាធរខេត្តព្រះសីហនុបានបង្ហាញ គឺដីនោះត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុនឯកជន។ យ៉ាងណាអ្នកស្រីថា ការទុកដីទំនេរច្រើនឆ្នាំដោយមិនប្រើប្រាស់អាចធ្វើឲ្យមានការភាន់ច្រឡំ។
អ្នកស្រីបន្តថា៖ «ក្រុមហ៊ុនមិនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធអ្វីនៅទីនោះទេ។ បើសិនជាក្រុមហ៊ុនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឬដាក់សញ្ញាបញ្ជាក់អត្តសញ្ញាណនៅទីតាំង ប្រជាពលរដ្ឋនឹងមិនមករស់នៅលើទីតាំងនោះទេ»។
អ្នកស្រីបន្តថាក្រុមហ៊ុនដែលទទួលបានដីសម្បទានត្រូវតែអភិវឌ្ឍនៅលើទីតាំងក្នុងរយៈពេលសមស្របណាមួយ។
កាលពីឆ្នាំ២០០៨ រដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ដីជាង ២ ០០០ហិកតានៃដីគំរបព្រៃឈើឲ្យទៅ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ទោះបីជាពេលនេះតំបន់សេដ្ឋកិច្ចពិសេសនេះប្រើប្រាស់តែផ្ទៃដីមួយផ្នែកប៉ុណ្ណោះ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Sihanoukville residents evicted after four charged with encroaching private land