ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្តសៀមរាបលើកឡើងថា ពួកគេអស់សង្ឃឹមនឹងទទួល បានយុត្តិធម៌ដោយសារតែដាក់បណ្តឹងរាប់ឆ្នាំ ប៉ុន្តែមិនមានដំណោះស្រាយ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្តេជ្ញាធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឱ្យល្អបំផុតក្នុងអាណត្តិទី៧នេះ។
ប្រជាពលរដ្ឋទាំងនេះ អ្នកខ្លះបានប្តឹងនៅកម្រិតឃុំសង្កាត់ ខ្លះប្តឹងដល់ស្រុក និងខេត្ត ហើយខ្លះទៀតបានប្តឹងដល់ដំណាក់កាលតុលាការ។
លោក ឡឹង ពៅ ឱ្យដឹងថា រូបលោកជួបគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៩ ដោយរថយន្តបុក ធ្វើឱ្យលោករបួសធ្ងន់ត្រូវវះកាត់សាច់ និងសរសៃជើង។ លោកបញ្ជាក់ថា ទោះហេតុការណ៍នេះកើតឡើងរយៈពេល៦ឆ្នាំហើយក៏ដោយ ក៏របួសរបស់លោកនៅតែឈឺចាប់ម្តងៗដែររហូតដល់ខែកក្កដាឆ្នាំ២០២៤។
បុរសវ័យជិត៤០ឆ្នាំរូបនេះ ឱ្យដឹងថា ក្រោយពេលបុក រថយន្តបើករត់ ប៉ុន្តែលោកបានថតជាប់ស្លាកលេខយកទៅប្តឹងសមត្ថកិច្ច។ លោកឱ្យដឹងបន្តថា សមត្ថកិច្ចផ្តល់ព័ត៌មានមកវិញថា រថយន្តនោះម្ចាស់ដើមលក់ឱ្យអ្នកផ្សេងហើយ ដូច្នេះមិនស្គាល់អត្តសញ្ញាណជនបង្កទេ។
លោក ឡឹង ពៅ ឱ្យដឹងបន្ថែមថា សមត្ថកិច្ចធ្វើជាអ្នកសម្របសម្រួលជំនួសឱ្យម្ចាស់រថយន្ត ដោយចេញថ្លៃរបួស៣០០ដុល្លារ ប៉ុន្តែលោកមិនព្រមយកទេ ដោយលោកថា ថ្លៃព្យាបាលអស់ជាង១ពាន់ដុល្លារ ហើយអ្វីដែលលោកចង់បានចំពោះមុខគឺយុត្តិធម៌។
លោក ឡឹង ពៅ ថ្លែងថា៖ «ធ្ងន់តើ១៥ថ្ងៃដើរមិនចង់កើត វះដេរថ្នេរបាតជើងដេរអី ឈាមច្រម៉ុះ ធ្ងន់ដែរមើលអស់១ពាន់ដុល្លារជាង។ បើយើងមានស្លាកលេខឡានដែលបង្កគ្រោះថ្នាក់ តែសំណងមិនបាន៣រយដុល្លារផង អ៊ីចឹងយើងយកធ្វើអី ពេលខ្លះយើងចង់មើលថារដ្ឋយើងមានដំណោះស្រាយអត់។ វាអត់ អត់រហូតដល់ឥឡូវ ទុកអ្ហែងចោលចឹងទៅ ទុកចាំមើលថាប្រទេសយើងវាទៅដល់ណា»។
ទោះយ៉ាងណាលោកថា រឿងរបស់លោកបន្តដល់ក្រុង និងខេត្តហើយ តែលោកមិនបានតាមសួរនាំទៀតទេព្រោះអស់សង្ឃឹម។
លោក ឡឹង ពៅ បញ្ជាក់ថា៖ «យូរឆ្នាំហើយទៅសួរនាំទៀត វាអស់សង្ឃឹមទៅហើយ»។
ពលរដ្ឋម្នាក់ទៀតលោក ឡូយ សុវណ្ណ ឱ្យដឹងថា លោកបានប្តឹងផ្តល់រឿងពីសិទ្ធិគ្រប់គ្រងដី និងសាលាមួយកន្លែងក្នុងស្រុកអង្គរធំខេត្តសៀមរាបតាំងពីឆ្នាំ២០២២។ លោកឱ្យដឹងបន្តថា បណ្តឹងមានច្រើន និងមានភាពច្របូកច្របល់គឺមានទាំងប្តឹងនៅថ្នាក់ឃុំ ស្រុក ខេត្ត និងតុលាការ រួមទាំងប្តឹងឱ្យផ្អាកដំណើរការសាលា និងប្តឹងទាមទារសិទ្ធិគ្រប់គ្រងវិញជាដើម។ លោកបញ្ជាក់ថា ករណីតុលាការបានសាកសួរម្តងហើយ ចាប់តាំងពីដើមឆ្នាំ២០២៣មក ប៉ុន្តែមិនទាន់មានការសម្រេច ចំណែកដំណើរការនៅថ្នាក់ខេត្តបានចារលិខិតឱ្យរដ្ឋបាលស្រុកអង្គរធំដោះស្រាយឡើងវិញ ប៉ុន្តែរហូតដល់ចុងខែកក្កដាឆ្នាំ២០២៤នៅមិនទាន់មានដំណោះស្រាយនៅឡើយ។
លោក ឡូយ សុវណ្ណ ថ្លែងថា៖ «ខ្ញុំដាក់ពាក្យសូមអន្តរាគមន៍ម្តងទៀតនៅសាលាខេត្ត យើងខលសួរទៅគេថា ដាក់ពាក្យមួយទៀតមក ហើយយោងអាលិខិតចាស់នឹងមកថាគេមិនព្រមឈប់ទេ គេអត់ព្រមដោះស្រាយទេ ហើយដាក់លិខិតមកមួយទៀត ដល់ពេលខ្ញុំដាក់មួយទៀតនេះ វាស្ងាត់តាំងពីខែ១ ឆ្នាំ២០២៤ រហូតដល់ឥឡូវគឺស្ងាត់ លិខិតនោះស្ងាត់ឈឹង គេបិទអស់រលីង»។
ពលរដ្ឋរស់នៅស្រុកស្វាយលើ ខេត្តសៀមរាប អ្នកស្រី ស៊ុំ ស្រែ ឱ្យដឹងថា អ្នកស្រី កំពុងមានវិវាទដីធ្លីជាមួយអាជ្ញាធរបរិស្ថានហើយរឿងនេះស្ថិតនៅក្នុងដំណាក់កាលដោះស្រាយនៅថ្នាក់ខេត្ត និងតុលាការ។ អ្នកស្រី ឱ្យដឹងទៀតថា រូបគាត់បានដាក់ពាក្យប្តឹងមន្ត្រី ២បណ្តឹង ដោយនៅឆ្នាំ២០២២មួយបណ្តឹង និងឆ្នាំ២០២៣មួយបណ្តឹង ពាក់ព័ន្ធការបំផ្លាញផលដំណាំ និងប្រើហិង្សា ប៉ុន្តែបណ្តឹងត្រូវតុលាការលើកឥតចាត់ការ។
អ្នកស្រី ស៊ុំ ស្រែ ថ្លែងថា៖ «ខ្ញុំបឹ្តងទៅតុលាការ តុលាការបានដាក់បណ្តឹងខ្ញុំអត់ឥតចាត់ការ។ ខ្ញុំប្តឹងគាត់ពីបទដកដើមស្វាយ ហើយដេញវាយពួកខ្ញុំ។ គាត់បំផ្លាញដំណាំរបស់យើង ហើយគាត់ដេញវាយយើង»។
អ្នកស្រីឱ្យដឹងបន្តទៀតថា ពេលប៉ះទង្គិចជាមួយអាជ្ញាធរកន្លងទៅរូបគាត់បានបាក់ដៃ និងបាក់ឆ្អឺងជំនី ទើបរូបគាត់ប្តឹងរកយុត្តិធម៌។ អ្នកស្រី ស៊ុំ ស្រែ ថា ករណីវិវាទដីនោះដំណើរការដល់តុលាការ ហើយអាជ្ញាធរពាក់ព័ន្ធមិនត្រូវទៅបំផ្លាញដំណាំរបស់គាត់ទេ គឺត្រូវរង់ចាំការសម្រេចរបស់តុលាការសិន។ ស្ត្រីវ័យជាង៤០ឆ្នាំរូបនេះ បញ្ជាក់ថា ពេលនេះខ្លួនមានជំងឺប្រចាំកាយ ជីវភាពក្រលំបាកក្លាយជាអ្នកអស់សង្ឃឹមក្នុងជីវិត និងអស់សង្ឃឹមក្នុងការរកយុត្តិធម៌បាន។
ពលរដ្ឋម្នាក់ម្នាក់ទៀត កញ្ញា ប៉ៅ ចិន្តា ឱ្យដឹងថា រូបគាត់បានទិញដីឡូដ៍ដោយបង់រម្លស់របស់ក្រុមហ៊ុនមួយនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ប៉ុន្តែនៅចុងឆ្នាំ២០២២ មានចំណុចមិនឯកភាពគ្នាខ្លះហើយព្យាយាមចរចានៅតែមិនត្រូវគ្នាទើបនៅដើមឆ្នាំ ២០២៣ កញ្ញាដាក់ពាក្យបណ្តឹងទៅសាលាឃុំ។
កញ្ញាឱ្យដឹងទៀតថា សាលាឃុំមិនសូវយកចិត្តទុកដាក់ក្នុងការដោះស្រាយទេគឺចាប់តាំងពីដាក់ពាក្យបណ្តឹងនៅដើមខែមីនា ឆ្នាំ២០២៣ រហូតដល់ខែកក្កដា ឆ្នាំ២០២៤នេះ មានរយៈពេលជាង១ឆ្នាំហើយ គឺអាជ្ញាធរហៅជួបគ្នាតែម្តងគត់ហើយគ្មានដំណោះស្រាយទេ។
កញ្ញាបានព្យាយាមទាក់ទងទៅអាជ្ញាធរ ប៉ុន្តែអាជ្ញាធរតែងតែប្រាប់ថា ជាប់រវល់ និងមានបណ្តឹងច្រើនត្រូវដោះស្រាយ។ ជុំវិញករណីបណ្តឹងគ្មានដំណោះស្រាយនេះ កញ្ញាឱ្យដឹងថារូបគាត់អស់សង្ឃឹម និងកើតទុក្ខព្រោះស្តាយលុយដែលរកបានដោយលំបាក។
កញ្ញា ប៉ៅ ចិន្តា ថ្លែងថា៖ «ខ្ញុំពិបាកចិត្ត និងគិតច្រើនចំពោះរឿងនេះ ហើយមានពេលខ្លះខ្ញុំគេងមិនលក់រហូតដល់ម៉ោង២យប់ក៏មានដែរ ខ្ញុំខំសន្សំលុយ អត់អាហារ គឺដើម្បីបង់រម្លស់ដីនេះ ហើយឥឡូវមកមានបញ្ហាទៀត ខាងក្រុមហ៊ុនមិនដោះស្រាយឱ្យ ខាងអាជ្ញាធរពាក់ព័ន្ធក៏ស្ងាត់ឈឹង ខ្ញុំគ្មានលុយទេ ខ្ញុំរំពឹងលុយនេះ មកផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ហេតុនេះហើយខ្ញុំស្នើសុំដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មេត្តាជួយរកដំណោះស្រាយសម្រាប់ខ្ញុំផង»។
មន្ត្រីអង្គការ លីកាដូ ប្រចាំខេត្តសៀមរាប និងបន្ទាយមានជ័យ លោក ហ៊ុន ឈិន មានប្រសាសន៍ថា បញ្ហាពលរដ្ឋថ្លែងពីការអស់ជំនឿលើការប្តឹងផ្តល់ ឬ ចោទថា អាជ្ញាធរមិនដោះស្រាយបណ្តឹងពួកគាត់នោះគឺ លោកបានឮជាបន្តបន្ទាប់។ ប៉ុន្តែថា បណ្តឹងមួយចំនួនដែលលោកបានតាមដាននោះមិនមែនមិនចាត់ការសោះទេ តែការងារនោះយឺតយ៉ាវទើបធ្វើឱ្យពលរដ្ឋអស់សង្ឃឹម។
លោក ហ៊ុន ឈិន ថ្លែងថា៖ «បើយើងមើលទៅលើករណីរឿងបណ្តឹងតាមផ្លូវរដ្ឋបាលមានភាពយឺតយ៉ាវមែនដូចជាករណីនៅហ្នឹងចឹង ឃើញក្រសួងដែនដីគេបានឆ្លើយតប បង្គាប់បញ្ជាឱ្យទៅខាងខេត្តចុះសិក្សាស្រាវជ្រាវនូវករណីហ្នឹង ប៉ុន្តែដាក់ទៅឃើញដូចវាស្ងាត់ អត់ឃើញមានចំណាត់ការអី អត់មានបានចុះសិក្សាស្រាវជ្រាវតាមអ្វីដែលខាងក្រសួងគេបញ្ជាមក បញ្ជាមកដល់ទៅពីរបីលើកអីហើយ បញ្ជាមកនៅតែដដែលអ៊ីចឹង»។
នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ មានប្រសាសន៍ថា រាល់បណ្តឹង ឬ កង្វល់របស់ប្រជាពលរដ្ឋអាជ្ញាធរពាក់ព័ន្ធត្រូវដោះស្រាយឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធិភាព។ លោក លើកចិត្តឱ្យពលរដ្ឋដាក់បណ្តឹងបន្តបើដាក់ស្ថាប័នមួយមិនមានដំណោះស្រាយ ទៅប្តឹងបន្តទៅស្ថាប័នផ្សេង ឬ ស្ថាប័នថ្នាក់លើនេះទៀត។
លោក សន ជ័យ ថ្លែងថា៖ «នេះគឺជាបញ្ហាមួយដែលធ្វើឱ្យពលរដ្ឋកាន់តែបាត់ជំនឿទៅៗ បើសិនជាការឆ្លើយតបនោះមិនមានប្រសិទ្ធភាព។ ប៉ុន្តែសួរថាតើមានដំណោះស្រាយដែរទេ? យើងដឹងហើយថាអាជ្ញាធរមានទៅតាមជាន់ថ្នាក់ ពីក្រោមឡើងមកលើ ចឹងបើពលរដ្ឋឃើញថាអាជ្ញាធរមូលដ្ឋានកម្រិតមួយណាតែងតែបដិសេធ ឬក៏មិនរវីរវល់សំណើរបស់ខ្លួន គឺគាត់អាចដាក់ពាក្យប្តឹងមកស្ថាប័ននៅថ្នាក់ខ្ពស់ជាងទីកន្លែង ឬក៏ស្ថាប័នដែលបានដាក់ពាក្យបណ្តឹងលើកមុន»។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង បញ្ជាក់ថា តុលាការប្រឹងប្រែងដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋបន្តបន្ទាប់តាមលេខរៀង។ លោកបន្តថា គ្រាន់តែករណីបណ្តឹងកែតម្រូវឯកសារអត្រានុគោលដ្ឋានរហូតដល់ថ្ងៃទី៨ ខែសីហា មានចំនួនជាង២ពាន់៧រយបណ្តឹង(២៧០៤បណ្តឹង) តុលាការដោះបានជាង២ពាន់៥រយករណី(២៥៥៥បណ្តឹង)។
ចំពោះលើសំណុំរឿងបណ្តឹងផ្សេងទៀត លោកថា មិនមានការកកស្ទះដូចការលើកឡើងរបស់ពលរដ្ឋមួយចំនួននោះទេ។ ប៉ុន្តែលោកបញ្ជាក់ថា បើពលរដ្ឋណាជួបបញ្ហាដាក់បណ្តឹងហើយមិនមានដំណោះស្រាយអាចទៅសាកសួរនៅតុលាការបាន។
លោក យិន ស្រាង បញ្ជាក់ថា៖ «ឱ្យគាត់មកលេខាធិការដ្ឋានមកគេនឹងផ្តល់ដំណឹងជូនគាត់ហើយលើបណ្តឹងគាត់យ៉ាងម៉េចៗនោះ»។
នាយករដ្ឋបាលសាលាខេត្តសៀមរាប និងជាអ្នកនាំពាក្យលោក លី វណ្ណៈ មានប្រសាសន៍ថា ការដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋមិនមានការរើសអើង ឬបែងចែកអ្នកមានអ្នកក្រទេ គឺមានការដោះស្រាយទាំងនៅតុលាការ និងអាជ្ញាធរមានទាំងឃុំសង្កាត់ ស្រុក ក្រុង និងថ្នាក់ខេត្ត។ លោកបន្តថា ចំពោះករណីបណ្តឹងយឺតយ៉ាវនេះ ព្រោះបណ្តឹងមានច្រើនត្រូវដោះស្រាយតាមលេខរៀង។
លោក លី វណ្ណៈ ពន្យល់ថា៖ «ចំពោះចំណាត់ការនៃការធ្វើការហ្នឹងដូចបងដឹងស្រាប់ហើយ ថាតើទោះជាចាប់ជនល្មើស ឬក៏អីក៏ដោយក៏យើងត្រូវរកភស្តុតាង រកឯកសារពាក់ព័ន្ធ មិនមែនគាត់ប្តឹងភ្លាមឱ្យយើងទៅអនុវត្តភ្លាមៗទេ វាមិនអាចធ្វើទៅតាមអ្វីដែលគាត់ចង់បាន។ ធម្មតាភាគីដែលមានបណ្តឹងគឺគាត់ចង់បានឱ្យភា្លមៗទៅតាមចិត្តដែលគាត់ចង់បាន ប៉ុន្តែក្នុងនាមយើងជាអ្នកអនុវត្តច្បាប់ យើងធ្វើអ្វីទៅតាមនីតិវិធី»។
ជុំវិញករណីនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថាកន្លងទៅ បណ្តឹងរបស់ពលរដ្ឋក្រីក្រទទួលបានដំណោះស្រាយយឺតយ៉ាវ នាំឱ្យពលរដ្ឋនាំគ្នាទៅស្វែងរកកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំវិញ។
លោក នី សុខា មានប្រសាសន៍ថា៖ «យើងសង្កេតឃើញមួយទៀតដែលថាការធ្វើឱ្យគាត់អស់ជំនឿទាំងអស់ហ្នឹងហើយ ដែលយើងឃើញជារឿយៗថា ប្រជាពលរដ្ឋតែងតែឡើងមករកថ្នាក់ដឹកនាំ ពិសេសគឺថ្នាក់ដឹកនាំរដ្ឋាភិបាលរួមមានដូចជាសម្តេច ហ៊ុន សែន សម្តេចនាយករដ្ឋមន្ត្រីក្រោយនេះ ក៏ដូចជាអ្នកខ្លះក៏ឡើងទៅរករដ្ឋសភារកអីចឹងទៅ ក៏ប៉ុន្តែពិសេសទៅរកថ្នាក់ដឹកនាំកំពូលតែម្តងដែលគាត់ហាក់បីដូចជាមិនមានជំនឿទៅលើប្រព័ន្ធយុត្តិធម៌តាមបណ្តាមូលដ្ឋានរបស់គាត់ទេ»។
សម្រាប់លោក នី សុខា បញ្ហាបែបនេះ មិនមែនមាននៅតែខេត្តសៀមរាបទេគឺនៅរាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀតក៏បែបនេះដែរ។
នៅក្នុងខែកក្កដា ឆ្នាំ២០២៤ បុរសម្នាក់នៅខេត្តកំពុងឆ្នាំងប្រកាសដុតខ្លួនឯង និងគ្រួសារនៅមុខសាលាដំបូងខេត្តនេះ ដោយលោកអះអាងថា បានដាក់បណ្តឹងទៅតុលាការ និងស្វែងរកអន្តរាគមន៍ពីថ្នាក់ដឹកនាំផ្សេងទៀតហើយនៅតែមិនមានដំណោះស្រាយ។
ខេមបូចា បានព្យាយាមសូមការបកស្រាយពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន តាមរយៈទូរសព្ទ និងផ្ញើសារតាមតេឡេក្រាម ប៉ុន្តែមិនទទួលបានការឆ្លើយតបទេតាំងពីថ្ងៃទី២៥ដល់ថ្ងៃទី៣០ ខែកក្កដា។
ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ពន្យល់ថា បណ្តឹងរបស់ពលរដ្ឋខ្លះត្រូវបានទម្លាក់ចោលដោយសារតែមិនមានមូលដ្ឋានច្បាប់ដាក់បន្ទុក ចំណែកដំណើរការយឺត ឬលឿនគឺអាស្រ័យចំនួនសំណុំរឿង។
លោក ទូច សុឃៈ ពន្យល់ថា៖ «គឺឱ្យតែបណ្តឹងត្រឹមត្រូវមានមូលដ្ឋានច្បាស់លាស់ ត្រូវតែទទួល ហើយចាត់ចែងទៅតាមនីតិវិធីរបស់វា តាមច្បាប់របស់វាទៅ យូរ ឬក៏ឆាប់វាអាស្រ័យទៅលើស្ថានភាពនៃពាក្យបណ្តឹង ឬក៏ការស្នើសុំពីបងប្អូនម្ចាស់បណ្តឹង ហើយពាក់ព័ន្ធទៅនឹងរឿងដោះលឿន ឬក៏ដោះឆាប់ ពេលខ្លះក៏វាអាស្រ័យទៅលើបណ្តឹងច្រើន ឬក៏សំណុំរឿងច្រើន នៅក្នុងគ្រាដែលយើងដាក់មកហូរហែជាដើម»។
ប៉ុន្តែសាស្ត្រាចារ្យ និងអ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ លោក ស៊ឹម វិបុល មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវតែរកវិធីដោះស្រាយឱ្យបានទាន់ពេលរាល់បណ្តឹងរបស់ប្រជាពលរដ្ឋ មិនគួរសំអាងថា សំណុំរឿងច្រើនហើយបន្តទុកឱ្យបញ្ហាបណ្តឹងនៅកកស្ទះនោះទេ។
លោក ស៊ឹម វិបុល ថ្លែងថា៖ «ទីមួយសំណូមពរទៅរដ្ឋាភិបាលឱ្យបង្កើតច្បាប់នីតិវិធីនៅក្នុងការដោះស្រាយបណ្តឹងបរិហារ ឬក៏វិវាទផ្សេងៗនៅក្រៅប្រព័ន្ធតុលាការហ្នឹងឱ្យវាច្បាស់លាស់ទៅ នេះជាយោបល់របស់ខ្ញុំ។ ហើយថាតើយើងត្រូវធ្វើម៉េច? គឺពលរដ្ឋនៅមូលដ្ឋានគាត់អាចធ្វើជាញត្តិ ឬក៏ជាសំណូមពរអីមួយទៅក្រុមប្រឹក្សាដែលជាតំណាងរបស់គាត់ ឬក៏ទៅក្រុមប្រឹក្សាស្រុកជាតំណាងមិនផ្ទាល់របស់គាត់ហ្នឹងឱ្យគេធ្វើការលើរឿងហ្នឹង ព្រោះក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុកហ្នឹង សុទ្ធតែជាអ្នកស៊ីប្រាក់ខែរបស់ពលរដ្ឋដែលបានបង់ពន្ធ ហើយដល់យើងយកលេសថា វារឿងច្រើនពេក ហើយខ្ញុំមើលច្រើនដែរ បើក្រុមប្រឹក្សាឃុំខ្លះ ស្រុកខ្លះហ្នឹងគឺ មួយខែធ្វើការតែមួយថ្ងៃពីរថ្ងៃ ហើយដេកយកប្រាក់ខែយើងទទេរហ្នឹងអត់ធ្វើអីចឹង»។
កាលពីឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ បានបង្កើតគណៈកម្មការមួយដើម្បីដោះស្រាយបញ្ហាកកស្ទះសំណុំរឿងដើម្បីផ្តល់យុត្តិធម៌ជូនពលរដ្ឋ និងកាត់បន្ថយការចង្អៀតណែនអ្នកជាប់ឃុំនៅពន្ធនាគារ។
នៅចុងឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត ថ្លែងថា ក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ ចំណុចអាទិភាពធំបំផុតគឺការពង្រឹងប្រព័ន្ធយុត្តិធម៌ដើម្បីទាក់ទាញជំនុកចិត្តពីមហាជន។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ការដោះស្រាយ ការពង្រឹងនូវប្រព័ន្ធយុត្តិធម៌ គឺជាអាទិភាពសំខាន់សម្រាប់យើង នៅក្នុងអាណត្តិទី៧នេះ សំខាន់បំផុតថា ដោះស្រាយ និងរៀបចំពង្រឹងប្រព័ន្ធយុត្តិធម៌ក្នុងការឆ្លើយតបទៅនឹងប្រជាជនយើងធ្វើយ៉ាងណា ដើម្បីឱ្យបានលទ្ធផលជាក់ស្តែងដែលខ្ញុំតែងនិយាយថាមិនសំខាន់នៅលើក្រដាសដែលខ្ញុំអានទេ ប៉ុន្តែសំខាន់ធ្វើយ៉ាងណា យន្តការយ៉ាងណាឱ្យចេញផ្លែផ្កាទៅលើដី»។
ការប្តេជ្ញារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើឡើងស្របពេលដែលកម្ពុជាតែងតែស្ថិតនៅក្រោមការវាយតម្លៃពីសហគមន៍អន្តរជាតិលើចំណាត់ថ្នាក់នីតិរដ្ឋ ឬប្រព័ន្ធយុត្តិធម៌ស្ថិតនៅក្នុងកម្រិតទាប។ ការវាយតម្លៃប្រចាំឆ្នាំ២០២៣របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក(World Justice Project (WJP) បានចាត់ថ្នាក់កម្ពុជានៅលេខរៀងទី១៤១ក្នុងចំណោម១៤២ប្រទេស គឺកម្ពុជាស្ថិតនៅលើប្រទេសវ៉េណេស៊ុយអេឡាតែមួយគត់។
លោក ឱក សេរីសោភ័ក្តិ៍ ជាទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញខាងអភិបាលកិច្ច ថ្លែងថា បញ្ហានេះកើតមានច្រើនឆ្នាំមកហើយ។ លោកកោតសរសើរជំហររបស់ប្រមុខរដ្ឋាភិបាលអាណត្តិទី៧ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ប៉ុន្តែលោកថា ជំហរនៅមិនទាន់ចេញជាលទ្ធផលនៅឡើយទេ។
លោក សេរីសោភ័ក្តិ៍ បារម្ភការផ្តល់សេវាសាធារណៈយឺតយ៉ាវនេះធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍ជាតិ ព្រោះពលរដ្ឋអស់ជំនឿ និងលែងចូលរួមសកម្មភាពរបស់រដ្ឋាភិបាល។
លោក សេរីសោភ័ក្តិ៍ មានប្រសាសន៍ថា៖ «ជាគោលការណ៍ខ្ញុំថាទី១ បើសិនជាយើងធ្វើអ៊ីចឹង នីតិរដ្ឋហ្នឹងដែលយើងហៅថានីតិរដ្ឋគឺរដ្ឋដែលគ្រប់គ្រងដោយច្បាប់ហ្នឹង ជញ្ជីងហ្នឹងវាអត់ស្មើគ្នាទេ អ្នកមានអំណាចទៅ ជញ្ជីងធ្ងន់ទៅខាងគេទៅ អ្នកក្រ សហគមន៍ក្រីក្រហ្នឹងជញ្ជីងហ្នឹងក៏ស្រាលទៅ ហើយដរាបណាស្ថានការណ៍អ៊ីចឹង ទំនុកចិត្តរបស់ប្រជាពលរដ្ឋទៅលើរដ្ឋអំណាចហ្នឹងគឺវាអត់មាន ហើយកាន់តែអត់មានថែមទៀត ហើយតែកាលណាអត់មានទំនុកចិត្ត ការចូលរួមវាអត់មាន ព្រោះការអភិវឌ្ឍវាត្រូវចូលរួមទាំងអស់គ្នា។ ហើយបើអត់មានទំនុកចិត្តចូលរួមម៉េចទៅ? អាហ្នឹងបានវាស្ថានការណ៍វាលំបាកអ៊ីចឹង»។
ជុំវិញបញ្ហាប្រជាពលរដ្ឋបាត់ទំនុកចិត្តលើស្ថាប័នរដ្ឋនេះកំពុងក្លាយជាក្តីបារម្ភមួយដែលមន្ត្រីរដ្ឋាភិបាលក៏បានលើកឡើងដែរ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គិន ភា សរសេរសារលើហ្វេសប៊ុកអំពាវនាវឱ្យមានការលុបបំបាត់របាយការណ៍កុហកនាំឱ្យពលរដ្ឋបាត់ទំនុកចិត្ត។ លោកបន្តថាទំនុកចិត្តពលរដ្ឋ គឺជារឿងសំខាន់ និងបន្ទាន់បំផុតដែលរដ្ឋាភិបាលត្រូវធ្វើ។
លោក គិត ភា សរសេរថា៖ «ការភ្ជាប់គម្លាតទំនុកចិត្តរវាងរដ្ឋ និងរាស្ត្រ គឺជារឿងចាំបាច់ និងបន្ទាន់បំផុត។ យើងមិនអាចបន្តពន្យល់ពលរដ្ឋខណៈទំនុកចិត្តរបស់ពួកគាត់ធ្លាក់ចុះដល់កម្រិតប្រកាសអាសន្ននោះទេ»។
មួយរយៈចុងក្រោយនេះមហាជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមតែងប្រតិកម្មមិនយល់ស្របលើរបាយការណ៍មន្ត្រីជាបន្តបន្ទាប់រួមទាំងរបាយការណ៍ សេដ្ឋកិច្ចកើនឡើង និង របាយការណ៍ចំនួនភ្ញៀវទេសចរច្រើននៅខេត្តសៀមរាបជាដើម។
ចំណែកភាពចម្រូងចម្រាស់ធំមួយចុងក្រោយរវាងមហាជន និងរដ្ឋាភិបាលនោះគឺករណីរដ្ឋាភិបាលដាក់ខេត្តចំនួន៤ជាតំបន់អភិវឌ្ឍន៍រួមគ្នាជាមួយប្រទេសឡាវ និងវៀតណាម។ ករណីប្រតិកម្មពីមហាជនបារម្ភខ្លាចបាត់បង់ទឹកដីនេះ រហូតលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្សាយផ្ទាល់សារពិសេសដើម្បីពន្យល់មហាជននៅថ្ងៃទី២៣ខែកក្កដាឆ្នាំ០២៤។
ករណីទំនុកចិត្តមហាជននេះ ប្រជាពលរដ្ឋនៅខេត្តសៀមរាប ប្រមាណ១០នាក់ ដែលខេមបូចា បានជួប និងសាកសួរមួយចំនួនថា ប្តឹងហើយមិនមានសង្ឃឹម ខណៈមួយចំនួនទៀតមិនជ្រើសរើសយកការប្តឹងផ្តល់ទេគឺទុកទៅតាមកម្មផល និងជំនឿសាសនាទៅវិញ។
លោក ឡឹង ពៅ បញ្ជាក់ថា មនុស្សដែលលោកស្គាល់ភាគច្រើនហាក់មិនមានជំនឿលើការដោះស្រាយបណ្តឹងដើម្បីទទួលបានយុត្តិធម៌ទេ។
លោក ឡឹង ពៅ បញ្ជាក់ថា៖«រឿងហ្នឹងយើងមិនដឹងកែប្រែរបៀបម៉េច អ៊ីចឹងខ្ញុំទុកសំណុំរឿងហ្នឹង ទុកឱ្យវាទៅតាមហ្នឹងម៉ងទៅ ពីព្រោះវាដូចជារឿងមួយដែលថាប្រទេសយើងដូចជាធ្វើមិនកើតសោះអារឿងដោះស្រាយ ដោយយុត្តិធម៌នេះ។ វា៩៩ភាគរយសឹងគ្មានយុតិ្តធម៌ ទោះបីមានរឿងអីជាក់ស្តែងក៏ដោយ»៕