សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ស្រ្តីមេម៉ាយក្រីក្រមួយចំនួនធ្លាប់មានបណ្ណក្រីក្រប៉ុន្តែនៅតែជួបបញ្ហាអត់មានឈ្មោះក្នុងបញ្ជី

យ៉ី ហឿន ស្ត្រីមេម៉ាយកំពុងអង្គុយលើគ្រែ បន្ទាប់ពីគាត់ត្រឡប់មកពីច្រូតស្រូវ នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ រូបថតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ រូបថតដោយ៖ ម៉ិច ជូឡាយ
យ៉ី ហឿន ស្ត្រីមេម៉ាយកំពុងអង្គុយលើគ្រែ បន្ទាប់ពីគាត់ត្រឡប់មកពីច្រូតស្រូវ នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ រូបថតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ រូបថតដោយ៖ ម៉ិច ជូឡាយ

ក្នុងសម្លៀកបំពាក់ខោពណ៌ស្វាយជើងវែងទទឹកទឹកនិងអាវពណ៌ខៀវខ្ចីមានផ្កាចម្រុះពណ៌ ដែល​ជើងប្រឡាក់ដោយភក់ ខណៈដៃស្តាំកាន់ទូរស័ព្ទម៉ាក NOKIA ស៊េរីចាស់មួយគ្រឿង​ ដែល​ទើប​តែ​មកពីច្រូតស្រូវ យ៉ី ហឿន មានវ័យ៥១ឆ្នាំ ជាស្រ្តីមេម៉ាយមានកូនពីរនាក់មាន​ស្រុក​កំណើត​​នៅក្នុងភូមិព្រៃសំឡាញ ឃុំសំរោង ស្រុក​ស្វាយអន្ទរ ខេត្តព្រៃវែង។ ហឿន បានរៀប​រាប់​អំពីបញ្ហាបណ្ណក្រីក្រដែលគាត់ធ្លាប់មានប៉ុន្តែក្រោយមកបើកលុយមិនបាន។

អ្នកស្រី ហឿន ទទួលបានបណ្ណក្រីក្រ ហើយក៏បើកលុយបានប្រហែល​៣រឺ៤ខែ តែបន្ទាប់មក​ទៀតក៏បើកលែងបានមិនដឹងថាមកពីមូលហេតុអ្វីទេ។ គាត់បានឱ្យ​កូនស្រីពៅទៅបើក ហើយ​បើក​ម្តងបាន១២ម៉ឺន៨ពាន់រៀល បើកតាំងពីពេលកូវីត ហើយដល់ពេលចប់កូវីត​​​បើក​លែង​​បាន។

អ្នកស្រី ហឿន ឱ្យដឹងថា៖ «កូនទៅបើកអត់បាន គេបើកបាន វាបើកមិនបាន វាបោះ​កាត​ចោល​អស់ហើយមិនដឹង»។ គាត់បន្តថា៖ «គេមិនដកទេឈ្មោះ ប៉ុន្តែបើកវាមិនបានថា អត់​មានឈ្មោះ»

អ្នកស្រីបន្តទៀតថា អ្នកស្រីមានបងប្អូន៧នាក់ ប្រុស៣នាក់ ស្រី៤នាក់ ហើយកាលពី​២០​ឆ្នាំ​មុន គាត់និងប្តីរបស់គាត់សម្រេចចិត្តទៅធ្វើការនៅ​ប្រទេសថៃ ប៉ុន្តែមិនទាន់នឹងឡើង​ឡាន​​ផង​ស្រាប់តែបាត់ប្តី​របស់គាត់មិនដឹងទៅ​ណារហូត​ដល់សព្វថ្ងៃគឺមិនដឹងដំណឹង។

អ្នកស្រីបានប្រាប់ឱ្យដឹងថា៖ «រៀបទៅថៃ​ រៀបឡើងឡាន បាត់ប្តី ខាងតម្រួតចាប់មិនដឹង»

ហឿន ជាស្ត្រីមេម៉ាយមានកូន​២នាក់ កូនស្រីអាយុ១៤ឆ្នាំ ហើយកូនប្រុសអាយុ២១ឆ្នាំ ​រស់នៅ​មិន​មាន​ផ្ទះផ្ទាល់ខ្លួន គឺមានតែដីតូចមួយសល់ពីកេរ្តិ៍ឪពុកម្តាយទុកឱ្យ។ ដោយសារ​តែគ្មានដី​ស្រែ​ធ្វើ​នឹង​គេក៏ឡើងទៅភ្នំពេញដើម្បីរកការងារធ្វើ ដោយធ្វើខាងចងដែកមកដល់ឥឡូវ កន្លះ​ខែ​ទើបមេ​បើក​លុយឱ្យម្តង ហើយបើកលុយម្តងបាន៥ម៉ឺនរៀល។ កូនបងធ្វើការដើរតាម ម៉ាស៊ីន​​ច្រូតស្រូវរបស់គេ កូនស្រីពៅទៅកាត់ដេរនៅភ្នំពេញមិនទាន់ដល់អាយុទេ តែទៅចូល​កន្លែង​ដែលគេយកអ្នកមិនទាន់គ្រប់អាយុ។​

អ្នកស្រី ហឿន និយាយថា៖ «ម៉ែឪពុកស្លាប់អស់ហើយ ការលំបាកហួសពីការលំបាក តែមិន​ដឹងថា​ត្រូវធ្វើម៉េច! ពិបាកពេកយកលុយអង្គការក៏គេមិនចង់ឱ្យដែរ ឱ្យខ្ញុំទៅរកអ្វីឥឡូវ!»

ពេលមានបណ្ណក្រីក្រវាបានជួយសម្រួលដល់ជីវភាពរបស់ ហឿន មួយកម្រិត​ដោយសារតែ​លុយនេះអាចយកមកទិញថ្នាំពេទ្យ និងគ្រាន់ទិញម្ហូបហូបពេលខ្វះខាត។

ហឿន ប្រាប់ថា៖ «យកមកទិញថ្នាំពេទ្យ គ្រាន់ទិញម្ហូបស៊ី ដប់ពីរម៉ឺនប្រាំបីពាន់រៀល​ក្នុង​មួយ​ខែ»

មុំ សុវណ្ណ ជាកូនប្រុសរបស់ស្ត្រីមេម៉ាយ មុំ សុខែ មានវ័យ៣០ឆ្នាំ កំពុងអង្គុយនៅលើគ្រែ​នៅផ្ទះរបស់ខ្លួនក្នុងខេត្តព្រៃវែង។ រូបថតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ រូបថតដោយ៖ ម៉ិច ជូឡាយ​

មុំ សុខែ ជាស្រ្តីមេម៉ាយតាំងពីកូនប្រុសអាយុបាន៣ឆ្នាំ  ហើយកូនប្រុសរបស់គាត់ខិតខំរើស​អេតចាយតាំងពីអាយុ១១ឆ្នាំរហូតឥឡូវគាត់អាយុ៣០ឆ្នាំ ដើម្បីរកថវិកាមកព្យាបាល​ម្តាយ​ឈឺ។​ សុខែ មានវ័យ៥៧ឆ្នាំ មិនអាចរកស៊ី និងដើរហើរទៅណាមកណាបាន​ដោយសារ​តែ​មានរោគប្រចាំកាយ​ដូចជា​រលាកសន្លាក់ និងតម្រងនោម។

ស្ត្រីមេម៉ាយ សុខែ ប្រាប់ថា៖ «ខ្ញុំមិនដឹងមូលហេតុអីទេ ហេតុអ្វីបានជាអ្នកមានជីវភាព​ធូរធារ​ជាង​ខ្ញុំទទួលបានបណ្ណក្រីក្រទៅវិញ»។​

កូនប្រុសរបស់ សុខែ ឈ្មោះ សុវណ្ណ ប្រាប់ថា​៖ «យកម៉ែទៅមន្ទីរពេទ្យព្រះសីហនុ ​ពេល​នោះហុច​បណ្ណក្រីក្រឱ្យគេតែគេនិយាយថាមិនអាចប្រើប្រាស់ តែគេបានសម្ភាសហើយ​គេក៏ចុះតម្លៃឱ្យ​បីភាគរយព្រោះខ្ញុំមានតែម៉ែនិងកូនហើយជាអ្នករើសអេតចាយ»។​

សុវណ្ណបន្តថា ម្តាយគាត់ទទួលបានបណ្ណក្រីក្រកម្រិតមួយហើយ​មួយខែគាត់បើកបាន​១២ម៉ឺន​៨ពាន់រៀលក្នុងមួយខែ តែបើកបានតែមួយរយៈក៏បើកលែងបានមិនដឹងជាមូលហេតុអ្វី ហើយ​ក៏​មិនដឹងថាអ្នកណាជាអ្នកផ្តាច់ដែរ។

សុវណ្ណ និយាយថា៖ «ទៅបើកនៅwing គេនិយាយថា​បណ្ណ​ខែហ្នឹងបើកមិនបានទេ មិន​មាន​ទឹកលុយចូល បណ្ណខែហ្នឹងគឺត្រូវបានផ្តាច់ ហើយម្តាយ​ខ្ញុំ​បានទៅសួរ​ដល់មេភូមិ ហើយមេភូមិ​និយាយថា គេពិតជាបានផ្តាច់មែន ប៉ុន្តែខ្ញុំមិនបានដឹងថាផ្នែកណាអ្នកផ្តាច់ទេ»។​ សុខែ បាន​បន្ត​ទៀតថា​ បណ្ណក្រីក្រហ្នឹងមេភូមិចាស់ជាអ្នកធ្វើឱ្យប៉ុន្តែឥឡូវគាត់បានស្លាប់បាត់ទៅ​ហើយ។

លោក ជា គ្រុយ ជាមេភូមិ ព្រៃសំឡាញ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លោកថា ជាមេភូមិថ្មីទើបឡើងធ្វើជាមេភូមិបាន​រយៈពេលជិតមួយឆ្នាំ លោក​ គ្រុយ មានប្រសាសន៍ថា យោងតាមទិន្នន័យក្នុងឆ្នាំ២០២០ នៅក្នុងភូមិ​ ព្រៃសំឡាញ មានប្រជាជនសរុបចំនួន៨៦០ នាក់ ក្នុងនោះមានស្ត្រី ៤៦២នាក់ ហើយបុរសចំនួន៣៩៨នាក់ ក្នុងនោះដែរ​មានស្ត្រី​មេម៉ាយ ២៨នាក់ និង​ពោះម៉ាយចំនួន២នាក់។

លោក គ្រុយ បានបន្តទៀតថា៖ «ធ្វើថ្មីមិនដឹងថាប៉ុន្មានទេ ប៉ុន្តែធ្វើលើកមុន៥៣គ្រួសារ ៥៣ គ្រួសារហ្នឹងជាបណ្ណចាស់ហើយស្រ្តីមេម៉ាយដែលទទួលបានបណ្ណក្រីក្រមានចំនួន១២នាក់ និងពោះម៉ាយ២នាក់»។​

លោកមេភូមិលើកឡើងថា ទាក់ទងនឹងបញ្ហាដែលប្រជាជនដែលមានបណ្ណក្រីក្រប៉ុន្តែមិនមាន​ឈ្មោះក្នុងបញ្ជីរនោះគឺមិនសូវដឹងច្បាស់ទេដោយសារតែមេភូមិមុនជាអ្នកធ្វើប៉ុន្តែគាត់ទើបតែស្លាប់ឆ្នាំនេះ។

លោក គ្រុយ បន្តទៀតថា៖ «បើតាមស្តាប់មក ខ្លះដល់ថ្ងៃទៅបើក ទៅច្រើននាក់ ខាងwingថា​មិនទាន់ឃើញដាក់ចូលមក រអ៊ូតែរឿងមិនទាន់ចិត្ត មានតែប៉ុណ្ណឹងទេ ពាក់ព័ន្ធនឹងបញ្ហាហ្នឹង»

ម៉ែន ម៉ៅ ​មានវ័យ៣៣ឆ្នាំ រស់នៅភូមិខ្នារ ​សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែល​មាន​ឪពុកជាគ្រូបង្រៀន​សិល្បៈភ្លេងបុរាណខ្មែរដែលមានវ័យ៧៣ឆ្នាំ។ ម៉ៅ មានបងប្អូន​១១នាក់​មាន​ប្រុស៥ និងស្រី៦ ដោយសារតែជីវភាពគ្រួសារមានការលំបាក​ម៉ៅរៀនត្រឹមថ្នាក់​ទី៦។ ម៉ៅ ក្លាយជាស្រ្តី​មេម៉ាយ​តាំងពីកូនប្រុសបានជិតមួយខួប ស្ត្រីមេម៉ាយម្នាក់នេះ​ក៍ជា​សិល្បៈករ​​ដែលចេះលេងទាំង​ស្គរ​តូច​និងធំ ទាំងផ្លុំនិងច្រៀងថែមទៀតផងប៉ុន្តែក្រៅពី​អាជីព​មួយ​នេះ នាង​ទៅរកត្រី ជួនកាល​ធ្វើ​នំឱ្យគេគិតជាគីឡូ ក្នុងមួយគីឡូទទួលបាន៤ពាន់រៀល​ហើយ​ក្នុង​មួយថ្ងៃម៉ៅធ្វើបានបួនទៅ​ប្រាំគីឡូ។

អ្នកស្រី ម៉ៅ បា្រប់ឱ្យដឹងថា៖ «ជីវភាព​ ខ្លះរកបាន ខ្លះអត់ អាស្រ័យគេទាក់ទងឱ្យទៅលេង​ យើងក៏​ទៅ​លេងទៅ​ ជួនកាលខែខ្លះរកមិនបានមួយរយផង»

ពេលដែលត្រូវទៅសម្តែងម្តងៗម៉ៅតែងតែយកកូនប្រុសដែលមានអាយុពីរខួបប្រាំបីខែទៅជា​មួយដោយសារតែគ្មានអ្នកជួយមើលកូនឱ្យ ពេលខ្លះរកចំណូលបានតិចតូចគ្រាន់តែ​ឱ្យឈ្នួល​គេ​ថ្លៃមើលកូនគឺមិនសឹងតែសល់លុយ។

អ្នកស្រី ម៉ៅ បន្តថា៖ «ពិបាកច្រើន យើងដៃមួយ ជើងមួយ​ហើយពេលធ្វើការត្រូវយកទៅជាមួយ​ ជួន​កាល​កន្លែងខ្លះគេអត់ឱ្យយកក្មេងទៅជាមួយទៀត​ មិនដឹងធ្វើម៉េច បើយើងអញ្ចឹង បានតែ​លុយសម្តែងបន្តិច ឱ្យគេខ្លះដើម្បីមើលកូនយើង»

ឪពុករបស់ម៉ៅទទួលបានបណ្ណក្រីក្រក៏ប៉ុន្តែគាត់មិនធ្លាប់ទទួលបានប្រាក់ឧបត្ថម្ភរាល់ខែពីបណ្ណក្រីក្រទេហើយក៏មិនដឹងពីមូលហេតុដែរ ក៏ប៉ុន្តែបណ្ណក្រីក្រមួយនេះបានជួយម្តាយរបស់ម៉ៅ​នៅ​ពេលមាន​ជំងឺ។

អ្នកស្រី និយាយថា៖ «បានតែបណ្ណមិនអាចបើកលុយបាន ពេលហ្នឹងម៉ែខ្ញុំចូលពេទ្យ​បាន​បណ្ណ​ក្រីក្រ​ជួយដែរ ទៅមន្ទីរពេទ្យអត់អស់លុយទេ​ ពេទ្យគេជួយ» ម៉ៅ បន្ថែមថា៖ «បើសិនមិនបាន​បណ្ណក្រីក្រវាជួយ យើងរកសម្រាប់តែហូបចុក ដល់ពេលយើងឈឺទៅ យើងអត់មានលុយទេ បានបណ្ណក្រីក្រនេះមក អាចទៅពេទ្យអត់អស់លុយ បណ្ណសមធម៌​ជួយចេញបង់ឱ្យហើយ»

ដោយសារតែពេលធ្វើបណ្ណក្រីក្រថ្មីគេមានឈ្មោះរួចរាល់ហើយក្នុងបញ្ជីពីថ្នាក់លើមកហើយ​មិនដឹងមូលហេតុអ្វីមិនមានឈ្មោះគ្រួសាររបស់នាង តាមជាក់ស្តែងជីវភាពគ្រួសាររបស់នាង​ពិតជាលំបាកមែន។

អ្នកស្រី ម៉ៅ បញ្ជាក់ថា៖ «អត់ដឹងម៉េចដែរ អត់ហ៊ានដែរ ដោយសារគេមកពីលើ ប្រាប់ថាផ្ទះនេះ ផ្ទះនោះ គាត់មិចហ៊ាន ដោយសារគាត់គ្មានអំណាចផង ហើយគេមានបញ្ជីឈ្មោះហើយ»

អ្នកស្រី ម៉ែន ម៉ៅ ជាមួយសិល្បៈករសំដែងដទៃទៀតកំពុងតុបតែខ្លួនមុនឡើងសំដែងនៅ Cambodian Living Arts (CLA) នៅខេត្តសៀមរាប។ រូបថតនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ រូបថតដោយ៖ ម៉ិច ជូឡាយ

លោក ម៉ោញ ហុកកាយ ជាមេភូមិខ្នារ ឃុំជ្រាវ ខេត្តសៀមរាប ថ្លែងថា ប្រជាជនសរុប​ក្នុងភូមិ​របស់គាត់មានចំនួន ១ ៨៥៩គ្រួសារ​ហើយប្រជាជនសរុប​មានចំនួន៩៤៩៤​ក្នុងនោះមានស្រី​ ៤ ១៦០នាក់ និងប្រុសចំនួន៥៣៣៤នាក់។

ដោយសារតែការធ្វើបណ្ណក្រីក្រថ្មីតាមរយៈអេឡិចត្រូនិច ដូចនេះហើយលោក ហុកកាយ មិន​អាច​ផ្តល់ទិន្នន័យថ្មីរបស់ប្រជាជនដែលទទួលបានបណ្ណក្រីក្រនៅពេលនេះទេ។ សម្រាប់​ប្រជាជនដែលមានបណ្ណក្រីក្រ ប៉ុន្តែមិនអាចបើកលុយប្រចាំមខែបានគួរតែទាក់ទង​មក​ក្រុម​ការងាររបស់គាត់ពីព្រោះតាមជាក់ស្តែងទោះបីជាបាត់បណ្ណក៏ក្រុមការងាររបស់គាត់ព្យាយាម​រកឱ្យដែរ។

លោក ហុកកាយ មានប្រសាសន៍ថា៖ «ខ្ញុំឆ្ងល់ដែរ ម៉េចអត់មកទំនាក់ទំនងរកក្រុមការងារ គេមានក្រុមការងារចាំជួយធ្វើការងារហ្នឹង អ្នកខ្លះគាត់បាត់បណ្ណរហូត យើងរកបណ្ណឱ្យគាត់​បានដែរ ហេតុអ្វីគាត់មិនទំនាក់ទំនងមកយើង»

លោក សន ជ័យ នាយកប្រតិបត្តិអង្គការ​សម្ព័ន​គណនេយ្យភាពសង្គម​កម្ពុជា ​ប្រាប់ឱ្យដឹងថា ពាក់ព័ន្ធជាមួយការចេញបណ្ណក្រីក្រយើងមើលឃើញថាវាមានការវិវត្តច្រើនពីចំណុចខ្វះ​ខាត​មកជាចំណុចល្អ ដោយសារតែយោងតាមបទពិសោធន៍នៃការងាររបស់រដ្ឋាភិបាលនិង​ការថ្លឹងថ្លែងមតិចម្រុះពីប្រជាពលរដ្ឋក្រីក្ររឺក៏ពីតួអង្គពាក់ព័ន្ធ អ្នកសង្កេតមើលខ្លឹមសារ រឺក៏អត្ថន័យក្នុងការស្ថាបនា បានធ្វើទាំងនីតិវិធី និងការអនុវត្តន៍គោលការណ៍ឱ្យចេញ​បណ្ណ​ក្រីក្រនេះមានភាពប្រសើរគួរសម  ប៉ុន្តែយ៉ាងណាក៏ដោយ ក៏នៅតែមានភាពរើសអើង​ផ្នែក​នយោបាយ។

លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជានៃអគ្គនាយកផែនការនៃក្រសួងផែនការ មានប្រសាសន៍ថា ជាក់ស្តែង មានគ្រួសារដែលកំពុងទទួលបានបណ្ណសមធម៌ គឺប្រមាណ៧១ ម៉ឺនគ្រួសារ បើគិតជាចំនួនប្រជាជនប្រហែល ២,៨លាននាក់ ដែលកំពុងបានទទួលកម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ពីរដ្ឋាភិបាលកម្ពុជាចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ពេល​នេះ។ បណ្ណសមធម៌គឺមានសុពលភាពរយៈពេល៣ឆ្នាំ ហើយរាល់៣ឆ្នាំ គឺយើងត្រូវធ្វើ​ឡើង​វិញ។

លោក បញ្ញាធនបន្តថា មកដល់ពេលនេះ ប្រហែលមានប្រជាជនជិត១ម៉ឺនគ្រួសារ គិតជា​ប្រជាជន ២,៣លាននាក់ កំពុងទទួលបានថវិកាឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជា​ហើយសម្រាប់​ជំហានដំបូង។

 លោក បញ្ញាធន ថ្លែងថា អត្ថប្រយោជន៍នៃបណ្ណសមធម៌មានសារៈសំខាន់ណាស់សម្រាប់​គ្រួសារក្រីក្រ​ក្នុងការ​លើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។ ទី១ ក្រៅពីការ​បើកថវិកា​ឧបត្ថម្ភ​​របស់រាជរដ្ឋាភិបាលដែលខ្ញុំជម្រាបជូនខាងដើម តាំងពីខែមិថុនា ឆ្នាំ២០២០។ ​ទី២ គាត់​អាច​បញ្ជូន​កូនទៅសាលារៀន ដោយ​មិនបង់ប្រាក់ទេ ហើយប្រសិនបើ​មានឧប្បត្តិហេតុ​អ្វីកើត​ឡើង ដូចជា​​គ្រោះធម្មជាតិ​ផ្សេងៗ​ គឺអ្នកដែលទទួលបាន​អត្ថប្រយោជន៍​ជាអាទិភាព គឺសម្រាប់​គ្រួសារ​​ដែលមាន​បណ្ណក្រីក្រពី​​​​រដ្ឋាភិបាល រឺក៏ពីដៃគូរផ្សេងៗទៀត។

លោកឱ្យដឹងទៀតថា អ្នកមានបណ្ណសមធម៌អាចប្រើប្រាស់បណ្ណនេះទៅពេទ្យព្យាបាលនៅ​មន្ទីរពេទ្យរដ្ឋឬក្លីនិកដៃគូដោយមិនគិត​ពី​កម្រៃ គឺរដ្ឋាភិបាលជាអ្នកទទួលបន្ទុកចេញថវិកា​ជំនួស​ប្រជាជន សូមឱ្យ​យល់​កន្លែងហ្នឹង មិន​មែន​គាត់អត់ចេញលុយហើយ​ អត់អស់លុយទេ។

លោក បញ្ញាធន បន្ថែមថា តាមរយៈការសម្ភាស ធ្វើការវាយតម្លៃពីប្រសិទ្ធិភាព​នៃការប្រើ​ប្រាស់​បណ្ណសមធម៌ ក៏ដូចជាកម្មវិធីឧបត្ថម្ភជាសាច់ប្រាក់ របស់រដ្ឋាភិបាលកម្ពុជា កន្លែងហ្នឹង​ដូចជាដៃគូអភិវឌ្ឍន៍ដែលកំពុងតែមានវត្តមាននៅកម្ពុជា ដូចជាអ្នកដែលបានផ្តល់ការគាំទ្រ ការកំណត់អត្តសញ្ញាណកម្មគ្រួសារដូចជា អង្គការ GYZ, រដ្ឋាភិបាលអាឡឺម៉ង់, UNDP, រដ្ឋាភិបាល​អូស្ត្រាលី និងអង្គការផ្សេងៗ នឹងគេវាយតម្លៃខ្ពស់ថា កិច្ចការរនេះវាត្រឹមត្រូវ ហើយ​សំខាន់គឺចំគ្រួសារដែលក្រីក្រពិតប្រាកដ ហើយកម្មវិធីដែលឧបត្ថម្ភឃើញថា​អាច​លើស្ទួយ​ជីវភាព​រស់នៅរបស់គាត់។

បណ្ណក្រីក្ររបស់ មុំ សុខែ ជាស្រ្តីមេម៉ាយ មានវ័យ៥៧ឆ្នាំ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ រូបថតនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។ រូបថតដោយ៖ ម៉ិច ជូឡាយ

អ្នកស្រី ហឿន លើកឡើងទៀតថា ​កាលពីនៅកុមារភាពមិនបានរៀនសូត្រ​ទេ​ ដោយ​សារ​តែមានបងប្អូន​ច្រើនហើយជីវភាពគ្រួសារមានការខ្វះខាត ហើយពេលមាន​បណ្ណក្រីនេះ គាត់​តែងតែ​ឱ្យកូន​ស្រី​ពៅអាយុ១៤ឆ្នាំជាអ្នកទៅបើកជំនួស ព្រោះគាត់មិនចេះអក្សរ។

អ្នកស្រី ហឿន បញ្ជាក់ថា៖ «ព្រោះមិនចេះអក្សរផងហ្នឹង មានតែកូនទេដឹង​ ខ្ញុំវាអត់ចេះ​អក្សរមិនបានរៀនសូត្រផង»។​

ស្ត្រីមេម៉ាយម្នាក់នេះបន្តថា ពេលកូនស្រីមកដល់ផ្ទះប្រាប់ថា​បើកមិនបានទេមិនដឹង​មូលហេតុអ្វីទេ! ប៉ុន្តែបើកមិនបានអញ្ចឹង គាត់ក៍ប្រាប់កូនថាមិនចាំបាច់ដេញដោលអ្វីទេ។

អ្នកស្រី ហឿន បន្ថែមថា៖ «មិនដឹងទេ កូនអ្នកបើក កូននៅតូចនោះ។​​ គេថាគេក្រឡុកចោល ជ្រើសរើសថ្មីទៀត ហើយក៏ប្រា​ប់កូន មិនបាច់ដេញដោលទេ និយាយអញ្ចឹងតែម្តងទៅ»

353 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម