សាលាដំបូងខេត្តកណ្តាលបានកោះហៅមន្ត្រីគណបក្សប្រឆាំងចំនួន៩រូប រួមទាំងលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងលោក សុខ ហាច សមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ មកសាកសួរពាក់ព័ន្ធនឹងបទរំលោភលើទំនុកចិត្ត។ ករណីនេះ គឺពាក់ព័ន្ធនឹងការខ្វែងគំនិតគ្នាលើលេខរៀងនៃបញ្ជីបេក្ខជនឈរឈ្មោះ អំឡុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌកាលពីខែឧសភា។
លោក ខា ដែនណា អ្នកនាំពាក្យសាលាដំបូងខេត្ត បានបញ្ជាក់ថា លោកស្រី វ៉ា សក្តា ព្រះរាជអាជ្ញារងបានកោះហៅពួកគាត់មកសាកសួរ ប៉ុន្តែលោកមានប្រសាសន៍ថា ករណីនេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។
លោក ចាន់ ថុល ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ប្រចាំខេត្តកណ្តាលបានមានឱ្យដឹងថា បណ្តឹងនេះត្រូវបានធ្វើឡើងដោយលោក ឃិន យឿន អតីតមន្ត្រីគណបក្ស ដែលបានដាក់ពាក្យប្តឹងទៅតុលាការកាលពីដើមខែឧសភា ដោយចោទប្រកាន់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងចំនួនបីរូប គឺលោក ទាវ វណ្ណុល លោក សុខ ហាច និងលោក គឹមសួរ ភីរិទ្ធ។
មន្ត្រីគណបក្សខេត្តចំនួន៦រូបផ្សេងទៀតមានលោក តុល ប្រាសាទ និងលោក ឆយ សុថុន ដែលជាសមាជិកក្រុមប្រឹក្សាខេត្តស្ថិតក្នុងតំណែងស្រាប់មកពីគណបក្សឆន្ទៈខ្មែរ និងឈ្មោះ ចេង ប៊ុនថន បាន រតនា ចាន់ ចេង និង រិន រ៉ានី ជាសមាជិកក្រុមការងារគណបក្ស។ពួកគេទាំងអស់ត្រូវបានចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត។
លោក ថុល បាននិយាយថា រហូតមកដល់ពេលនេះ មនុស្ស៧នាក់ដែលមានឈ្មោះក្នុងដីកាកោះហៅ ត្រូវបានព្រះរាជអាជ្ញាសាកសួររួចហើយ។ លោក វណ្ណុល បានស្នើសុំពន្យារពេល ដោយសារលោកស្ថិតនៅក្រៅប្រទេស ដើម្បីរកការព្យាបាលជំងឺ ខណៈលោក សុខ ហាច មានអភ័យឯកសិទ្ធិក្នុងនាមជាសមាជិកព្រឹទ្ធសភា។
បើតាមលោក ថុល បានឱ្យដឹងថា ឃិន យឿន អតីតសហជីវិនចង់ឈរនៅលេខរៀងទី៥ នៃបញ្ជីបេក្ខជនឈរឈ្មោះ ប៉ុន្តែគណបក្សបានបដិសេធ ដោយដាក់លោកឲ្យឈរនៅលេខរៀងទី៧ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
លោកបានបានបញ្ជាក់ថា៖ «គាត់ជាអ្នកមកថ្មី។ គាត់មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់យើងដាក់អ្នកផ្សេងហើយ […] ហើយគ្រាន់តែធ្វើការបន្តិចបន្តួចប៉ុណ្ណោះ [សម្រាប់គណបក្ស]»។
អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានផ្តល់អាទិភាព ដើម្បីឈរឈ្មោះនៅលេខរៀងកំពូល ពីព្រោះពួកគេបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារគណបក្ស និងបានលះបង់ទាំងកម្លាំងកាយ និងធនធានហិរញ្ញវត្ថុដល់គណបក្ស។
លោក ចាន់ ថុល បានថ្លែងថា៖ «ខ្ញុំជឿថា មានអ្នកនៅពីក្រោយនៅរៀបចំពាក្យបណ្ដឹងនេះ ដើម្បីប្ដឹងថ្នាក់ដឹកនាំគណបក្ស ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ថ្នាក់ដឹកនាំ»។
លោកបន្ថែមថា លោក យឿន បានចូលរួមជាមួយគណបក្សភ្លើងទៀននៅក្នុងឆ្នាំ២០២២ និងលោក រតនា ជាសមាជិកក្រុមការងាគណបក្សខេត្ត ប៉ុន្តែអ្នកទាំងពីរបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាប៉ុន្មានខែមុននេះ។
ដើមបណ្តឹងឈ្មោះ ឃិន យឿន មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
លោក តុល ប្រាសាទ សមាជិកក្រុមប្រឹក្សាខេត្តបានប្រាប់ ខេមបូចា ថា លោកបានចូលបំភ្លឺនៅតុលាការប្រហែលពីរខែមុន ពាក់ព័ន្ធនឹងបណ្តឹងដែលប្តឹងដោយសហជីវិនរបស់លោក ហើយត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីត្រូវបានព្រះរាជអាជ្ញាសាកសួរ។
លោកបានលើកឡើងថា៖ «ខ្ញុំមិនព្រួយបារម្ភអីទេ ព្រោះវាជាបញ្ហាបុគ្គល ឃិន យឿន ទេ។ ដោយសារ គាត់មិនពេញចិត្តក្នុងការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។
លោក ប្រាសាទ បានឱ្យដឹងថា៖ «តាមខ្ញុំដឹងពត៌មានថា មាន [មនុស្ស] មួយចំនួនក្រុមគាត់ ដែលលើកទឹកចិត្តគាត់ [ដាក់ពាក្យបណ្ដឹង] […] ការប្តឹងនេះ មានគោលបំណងធ្វើឱ្យពលរដ្ឋមានការភាន់ច្រឡំ [ ក្នុងការគាំទ្រគណបក្ស] »។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់អាណត្តិទី៤ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដែលមានការជាប់ឆ្នោតសមាជិកក្រុមប្រឹក្សាប្រហែល ៤ ០០០នាក់។ លទ្ធផលនេះ បានបង្ហាញថា គណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សប្រឆាំង ដណ្តើមបានអាសនៈក្រុមប្រឹក្សាខេត្តចំនួន៤៧ និងអាសនៈក្រុមប្រឹក្សាក្រុង/ស្រុក ខណ្ឌ ចំនួន៣១២ អាសនៈ។ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចទទួលបានអាសនៈក្រុមប្រឹក្សាខេត្តចំនួន ៥០៤អាសនៈ និងអាសនៈក្រុមប្រឹក្សាក្រុង/ស្រុកចំនួន ៣ ២៥៧ អាសនៈ។
អង្គបោះឆ្នោតជាកូតាមកពីគណបក្សប្រជាជនកម្ពុជាមានចំនួន ៩ ៣៧៦នាក់ គណបក្សឆន្ទៈខ្មែរ មានអង្គបោះឆ្នោត ២ ១៩៨នាក់ ក្នុងនោះមានថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ខណៈគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច មានអង្គបោះឆ្នោត១៩នាក់ និងគណបក្សខ្មែររួបរួមជាតិមានអង្គបោះឆ្នោត១១នាក់។
លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន បានឱ្យដឹងថា បណ្តឹងចោទប្រកាន់លើថ្នាក់ដឹកនាំកំពូលគណបក្ស គឺ «មិនសមហេតុផល និងអយុត្តិធម៌» ដោយកត់សម្គាល់ថា ថ្នាក់ដឹកនាំគណបក្សបានធ្វើវិមជ្ឈការអំណាចទៅគណបក្សខេត្ត ក្នុងការសម្រេចចិត្តរៀបចំបញ្ជីបេក្ខជនឈរឈ្មោះដែលមានសមត្ថភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។
លោកបានថ្លែងថា៖ «យើងគិតថា ពាក្យបណ្តឹងនេះ គឺចេញមកពីការអាក់អន់ចិត្តរបស់បុគ្គលទេ។ វាជារឿងអយុត្តិធម៌សម្រាប់គណបក្ស [ក្នុងការបង្ហាញ] ដែលការទាស់ទែងអាក់អន់ស្រពន់ចិត្តដោយសារតែផលប្រយោជន៍របស់ខ្លួនបែទៅជាប្ដឹង [ពួកគាត់] ទៅតុលាការ»។
ស្របពេលជាមួយគ្នានេះ នៅក្នុងសម័យប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Eleanor Sanders ឯកអគ្គរាជទូតទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់ចក្រភពអង់គ្លេស បានសម្តែងកង្វល់ អំឡុងពេលកិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជុំវិញការប្រើប្រាស់ «ប្រព័ន្ធតុលាការ» ដើម្បីបំបិទមាត់សកម្មជនយោបាយ និងសកម្មជនសិទ្ធិមនុស្ស ក៏ដូចជាអ្នកសារព័ត៌មាន។
លោក គង់ ម៉ូនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ បានគាំទ្រសេចក្តីថ្លែងការណ៍របស់សហគមន៍អន្តរជាតិជុំវិញការប្រើវិធានការផ្លូវច្បាប់ ដើម្បីរារាំងគណបក្សប្រឆាំង។
លោកបានបន្ថែមថា៖ «ខ្ញុំគិតថា គណបក្សប្រឆាំងតែងតែមានបញ្ហាប្រឈមនិងការប្តឹងផ្តល់ជាហូរហែគ្រប់ករណី។ ដូច្នេះវាមានផលលំបាកសម្រាប់យើងក្នុងការអនុវត្តសកម្មភាពនយោបាយរបស់យើង»។
ស្របពេលជាមួយគ្នានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកទ្បើងថា ការកោះហៅរបស់តុលការ គឺជារឿងផ្ទៃក្នុងរបស់គណបក្សប្រឆាំង ដូច្នេះវាមិនពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជាទេ។
លោកមានប្រសាសន៍ថា៖ «យើងមិនជ្រៀតជ្រែកបញ្ហានេះទេ ព្រោះវាជារឿងផ្ទៃក្នុងរបស់គាត់។ ប៉ុន្តែពួកគាត់ [យឿន និងរតនា] បានចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា យើងស្វាគមន៍ វាជាការគោរពសិទ្ធិនយោបាយរបស់ពួកគាត់ [ក្នុងការធ្វើនយោបាយ]»។
លោកបានរិះគន់សហគមន៍អន្តរជាតិចំពោះការចោទប្រកាន់រដ្ឋាភិបាលថា បានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំបិទមាត់សកម្មជនគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ដោយលោកកត់សម្គាល់ថា សេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា គឺខុសពីចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
លោក សុខ ឥសាន បាននិយាយថា៖ «នៅកម្ពុជាវាមានព្រំដែនត្រង់ថា បើអ្នកធ្វើប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ អ្នកឯងនឹងត្រូវទទួលរងការប្តឹងផ្តល់ពីជនរងគ្រោះហើយ វាមិនអាចជៀសរួចទេ»។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានអំពាវនាវឲ្យរដ្ឋាភិបាលស្តារស្ថានការណ៍បច្ចុប្បន្ន ទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ ដែលកំពុងធ្វើឲ្យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យកាន់តែយ៉ាប់យ៉ឺន។
លោកបានថ្លែងថា៖ «ប្រសិនបើយើងបន្តប្រើវិធានការ [ផ្លូវច្បាប់] ដើម្បីដាក់ទោសអ្នកនយោបាយ និងសកម្មជនសង្គម សកម្មជននយោបាយផ្សេងៗ ខ្ញុំគិតថា ជារូបភាពមួយមិនល្អសម្រាប់ប្រទេសកម្ពុជាយើងទេ»។
លោកបានបន្ថែមថា៖ «នៅពេលគេស្តាប់ឮថា បញ្ហាស្រុកយើងនៅមានការរឹតត្បិតនិងរំលោភសិទ្ធិមនុស្សជាដើម ចឹងខ្ញុំគិតថា វាមិនមែនជារូបភាពដែលកម្ពុជានឹងទទួលបាននូវផលប្រយោជន៍ និងមុខមាត់ល្អសម្រាប់លើឆាកអន្តរជាតិទេ»។
លោកបានកត់សម្គាល់ថា សម័យប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានរិះគន់រដ្ឋាភិបាល ដោយសារខកខានមិនបានគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលអាចជះឥទ្ធិពលដំណើរការអភិវឌ្ឍន៍ប្រទេស ប៉ះពាល់ដល់ជីវភាព សេដ្ឋកិច្ច និងការវិនិយោគជាដើម។
កាលពីខែកក្កដាឆ្នាំនេះ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនត្រូវបានតុលាការរកឃើញពិរុទ្ធភាពពីបទបរិហារកេរ្តិ៍ ហើយបានបង្គាប់ឲ្យសងជំងឺចិត្ត ១,៥លានដុល្លារដល់រដ្ឋាភិបាល។
លោក សុខ ហាច និងលោក គឹមសួរ ភីរិទ្ធ ដែលជាសមាជិកព្រឹទ្ធសភាមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Nine Opposition Officials Questioned For Breach of Trust Over May’s Election Candidate List