កោះកុងត្រូវបានគេមើលឃើញថាជាខេត្តមួយក្នុងចំណោមខេត្តផ្សេងៗដែលមានបញ្ហាទំនាស់ដីធ្លីច្រើនគរគោក។ ក្នុងនោះមានទំនាស់មួយចំនួនត្រូវបានដោះស្រាយរួចរាល់ ប៉ុន្ដែបញ្ហាមួយចំនួនទៀត មិនទាន់ត្រូវបានដោះស្រាយនៅឡើយ។
ទំនាស់ដីធ្លីដែលមិនទាន់បានដោះស្រាយនេះ បានរុញច្រានពលរដ្ឋដែលអះអាងជាម្ចាស់ដីធ្លី និងជាជនរងគ្រោះ នាំគ្នាតវ៉ាប្រឆាំង និងទាមទារដីដែលបាត់បង់របស់ពួកគេមកវិញ។ ទន្ទឹមនឹងការតវ៉ានោះ បុគ្គលមានអំណាច មានលុយមួយចំនួន បានប្ដឹងពួកគេទៅតុលាការក្រោមបទចោទប្រកាន់«ញុះញង់ឱ្យប្រព្រឹត្តិបទល្មើសជាអាថទិ៍ បទចោទកៀគរគ្នាបង្កចលាចលក្នុងសង្គម និងបទបរិហារ៍កេរ្ដិ៍ជាដើម។
ក្នុងចំណោមអ្នកតវ៉ាទំនាស់ដីធ្លីប្រមាណជាង ២ពាន់នាក់នៅក្នុងខេត្តកោះកុង គេបានសង្កេតឃើញសកម្មភាពស្រ្តីចេញមុខលេចធ្លោជាងគេ។ នៅក្នុងដំណាក់កាលសង្រ្គាមដីធ្លីនេះ ស្រ្តីក្លាហានចេញមុខ ហ៊ានតវ៉ាជំទាស់នឹងភាពអយុត្តិធម៌ទាំងអស់នោះ។
នៅក្នុងចំណោមស្រ្តីដែលជាអ្នកតវ៉ាទំនាស់ដីធ្លីនោះ គេក៏ឃើញសកម្មភាពស្ដ្រីមេម៉ាយកូន៦ម្នាក់។ អ្នកស្រីបានចេញមុខតវ៉ាទំនាស់ដីធ្លីជាមួយអ្នកភូមិមួយចំនួនទៀតចាប់តាំងពីឆ្នាំ២០០៦ រហូតឆ្នាំ២០២២នេះ ប៉ុន្ដែអ្នកស្រីមិនទាន់បានទទួលដីជាកម្មសិទ្ធិពេញលេញនៅឡើយ។
ស្រ្តីមេម៉ាយកូន៦ មានវ័យជិត៥០ឆ្នាំ ដែលមានសម្បុរសណ្ដែកបាយ រៀងស្គមបន្ដិច ហើយសំដីនិយាយរដឺនៗ គឺអ្នកស្រី ផាវ ញើង មានស្រុកកំណើតរស់នៅភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ប៉ុន្ដែអ្នកស្រីបានមករស់នៅជាមួយស្វាមីនៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង តាំងពីឆ្នាំ២០០០ រហូតមកដល់សព្វថ្ងៃនេះ។
អ្នកស្រីបាននិយាយរៀបរាប់ប្រាប់អ្នកយកព័ត៌មានខេមបូចាទាំងសំដីរដឺនៗលាយឡំនឹងទឹកមុខក្រៀមក្រំថា៖«បញ្ហាដីធ្លីរបស់ខ្ញុំនៅមិនទាន់បានបញ្ចប់ទាំងស្រុងនៅឡើយ បើទោះបីជាបានទទួលសំណងដី ៣ហិកតា និងថវិកាជាង ២៥០០ដុល្លារពីលោកឧកញ្ញ៉ា លី យ៉ុងផាត ក៏ដោយ។ ដីដែលខ្ញុំទទួលបាននោះមិនអាចទៅរស់នៅ ឬបង្កបង្កើនផលដំណាំបានទេ ព្រោះដីនៅឆ្ងាយពីផ្ទះខ្ញុំប្រមាណជិត ២០គីឡូម៉ែត្រ ហើយចុះពីផ្លូវជាតិប្រមាណ៣០គីឡូម៉ែត្រថែមទៀត ដោយគ្មានទឹក គ្មានប្រព័ន្ធធារាសាស្រ្ត ផ្លូវចូលក៏ពិបាកដើរ និងមានព្រៃរបោះតូចៗជាច្រើនលាយឡំជាមួយដីថ្មតូចៗធ្វើឱ្យពិបាកភ្ជួររាស់ដាំដំណាំផ្សេងៗទៀត»។
សព្វថ្ងៃនេះ អ្នកស្រីកំពុងមានទំនាស់ដីភូមិជាមួយអាជ្ញាធរប្រមាណ១០០ម៉ែត្រការ៉េទៀត ព្រោះអាជ្ញាធរបានធ្វើប្លង់ឱ្យទៅរស់នៅភូមិផ្សេងដែលមិនមែនជាដីភូមិបច្ចុប្បន្នរបស់អ្នកស្រី រីឯដីភូមិនេះ ត្រូវបានគេដោះដូរយកធ្វើជាកម្មសិទ្ធិ ប៉ុន្ដែអ្នកស្រីមិនទាន់ឯកភាពដោះដូរដីភូមិនេះទេ គឺអ្នកស្រីកំពុងតវ៉ាស្នើសុំដីភូមិនោះមកវិញ។
ស្រ្តីជាសកម្មជនដីធ្លីរូបនេះ កំពុងជាប់បណ្ដឹងនៅសាលាដំបូងខេត្តកោះកុងចំនួន៣បណ្ដឹងក្រោមបទចោទប្រកាន់«បង្កឱ្យមានភាពវឹកវរ និងអសន្ដិសុខ» «កៀគរមនុស្សធ្វើឱ្យចលាចលក្នុងសង្គម» និង«អំពើញុះញង់ឱ្យបង្កមានបទល្មើសឧក្រឹដ្ឋជាអាថទិ៍»។ តុលាការកោះហៅទៅសាកសួរជាញឹកញប់ ជួនកាលក្នុងមួយខែត្រូវឡើងបំភ្លឺនៅតុលាការខេត្តចំនួនពីរដងក៏មានដែរ។

អ្នកស្រីបានចេញមុខតវ៉ាទាមទារដីធ្លីរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៦រហូតដល់ឆ្នាំ២០២២នេះ ប៉ុន្ដែនៅមិនទាន់បានយុត្តិធម៌ទទួលបានដីជាកម្មសិទ្ធពេញលេញនៅឡើយ។ រយៈពេលជិត ២០ឆ្នាំនេះ អ្នកស្រីបានបាត់បង់មុខរបរ ចំណូលក្នុងគ្រួសារ សុភមង្គល ហើយបានលែងលះស្វាមីចំនួន២លើករួចមកហើយ ពោលគឺអ្នកស្រីជាស្រ្តីមេម៉ាយដែលចឹញ្ចឹមកូនចំនួន៦នាក់នៅក្នុងបន្ទុកគ្រួសារបច្ចុប្បន្ន។
អ្នកស្រីចឹញ្ចឹមកូនទាំង៦នាក់ដែលពួកគេមានអាយុចន្លោះពី ៦ឆ្នាំដល់ ២០ឆ្នាំ ដោយរស់នៅក្នុងបន្ទុកគ្រួសារសព្វថ្ងៃចំនួន៣នាក់ ហើយ២នាក់ទៀតកំពុងរកការងារធ្វើ ហើយបន្តការសិក្សានៅទីក្រុងភ្នំពេញ ខណៈកូនស្រីច្បងម្នាក់ទៀតបានរៀបអាពារហ៍ពិពារហ៍រួចរាល់ហើយ ប៉ុន្ដែរស់នៅក្នុងបន្ទុកគ្រួសារជាមួយគ្នា។
កូនៗអ្នកស្រីកំពុងព្យាយាមរកលុយចឹញ្ចឹមម្ដាយ និងផ្គត់ផ្គង់ការសិក្សាររៀនសូត្រផ្ទាល់ខ្លួន។ ចំណែកកូនអ្នកស្រីដែលមានអាយុ ៦ឆ្នាំ និង ១៤ឆ្នាំ កំពុងរស់នៅជាមួយអ្នកស្រីឯខេត្តកោះកុង អ្នកស្រីត្រូវយកកូនតូចៗទៅផ្ញើអ្នកជិតខាងជួយមើលថែ ប្រសិនបើតុលាការកោះហៅទៅចូលបំភ្លឺ ឬត្រូវទៅតវ៉ានៅភ្នំពេញ។
ស្រ្តីមេម៉ាយកូន ៦នាក់ គ្មានមុខរបរពិតប្រាកដចឹញ្ចឹមជីវិត ដោយពឹងផ្អែកទៅលើការងារកស៊ីឈ្នួលធ្វើស្រែចម្ការឱ្យអ្នកភូមិ និងការងារចឹញ្ចឹមសត្វគោ មាន់ទា និងជ្រូកបន្ដិចបន្ដួចនៅផ្ទះ។ ក្រៅពីរកលុយមកផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ និងផ្តល់ឱ្យកូនសិក្សា ស្រ្តីមេម៉ាយរូបនេះនៅមានជំពាក់បំណុលធនាគារប្រមាណ ៥ពាន់ដុល្លារថែមទៀត ហើយត្រូវរកលុយមកបង់ជាប្រចាំខែ។
អ្នកស្រី ញើង ឱ្យដឹងទៀតថា «ជីវភាពគ្រួសារខ្ញុំពឹងផ្អែកលើសកម្មភាពប្រចាំថ្ងៃ ពោលគឺពេលព្រឹកព្រលឹមខ្ញុំត្រូវចេញទៅរកស្មៅទុកឱ្យគោស៊ី និងចំណីសត្វមាន់ ទា ជ្រូក ហើយពេលខ្លះត្រូវទៅស៊ីឈ្នួលបោចស្មៅក្នុងចម្ការអ្នកភូមិក្នុងមួយថ្ងៃបានកម្រៃពី ២ ឬ៣ម៉ឺនរៀល បន្ទាប់មកខ្ញុំត្រូវមកចម្អិនអាហារឱ្យកូនៗខ្ញុំបរិភោគទៀត ហើយពេលរសៀលខ្ញុំត្រូវចេញទៅស៊ីឈ្នួលធ្វើការងារជាច្រើនផ្សេងទៀតនៅក្នុងភូមិ»។
ជួនកាលអ្នកស្រីបានទៅតវ៉ាទាមទារដីធ្លីរបស់ខ្លួន និងថ្ងៃខ្លះ ត្រូវបានសាលាដំបូងខេត្តកោះកុង កោះហៅទៅសាកសួរបន្ត។ បណ្ដឹងដែលកំពុងតម្កល់នៅតុលាការមាន ៣ករណី ប៉ុន្ដែអ្នកស្រីបានទំលាប់នឹងបញ្ហាប្រចាំថ្ងៃទៅហើយ។
អ្នកស្រីថា៖«ខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការផ្ដល់សុភមង្គលដល់គ្រួសារទេ ដោយសារត្រូវរកពេលវេលាទាមទារដីដែលត្រូវបានគេរំលោភយកដោយគ្មានការអៀនខ្មាស់។ ស្វាមីទី១ និងទី២របស់ខ្ញុំបានរត់ចោលជាច្រើនឆ្នាំហើយ ដោយសារខ្ញុំជាប់រវល់តវ៉ាទាមទារដីធ្លីជាមួយពលរដ្ឋដទៃទៀត»។
តាមរយៈការចេញមុខមាត់ច្រើនជាងគេរបស់អ្នកស្រីនៅក្នុងចំណោមអ្នកមានទំនាស់ដីធ្លីផ្សេងទៀតប្រមាណជាង ២ពាន់គ្រួសារនៅក្នុងខេត្តកោះកុង ស្រ្តីមេម៉ាយរូបនេះត្រូវបានសមាជិកក្រុម និងពលរដ្ឋដែលមានទំនាស់ដីធ្លីដូចគ្នា បានសម្រេចបោះឆ្នោតឱ្យក្លាយជាប្រធានគណៈកម្មការសហគមន៍ទំនាស់ដីធ្លីប្រចាំខេត្តកោះកុង។
បច្ចុប្បន្ននេះ អ្នកស្រីបានគ្រប់គ្រង និងជួយប្រឹក្សាយោបល់ដល់អ្នកដែលមានទំនាស់ធ្លីចំនួន ៧សហគមន៍ដែលមានសមាជិកប្រមាណជាង ២ពាន់គ្រួសារនៅក្នុងខេត្តកោះកុង។ ប្រសិនបើពលរដ្ឋក្នុងចំណោម ៧សហគមន៍មានបញ្ហាតវ៉ានៅតុលាការ គឺអ្នកស្រីតែងតែទៅឃ្លាំងមើល និងលើកទឹកចិត្តចំពោះអ្នកមានទំនាស់ដីធ្លីដូចគ្នា។

សព្វថ្ងៃនេះ អ្នកស្រីកំពុងសិក្សារៀនសូត្រពីច្បាប់ និងររៀបនៃការតស៊ូមតិដោយសន្ដិវិធី ដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហា និងចរចាផលប្រយោជន៍នានាជាមួយក្រុមហ៊ុនដែលកំពុងរំលោភដីធ្លីអ្នកភូមិនៅក្នុងខេត្តកោះកុង។ ពលរដ្ឋសហគមន៍ដែលកំពុងមានទំនាស់ដីធ្លីចំនួន៣៩នាក់ រស់នៅស្រុកចំនួន៣នៅក្នុងខេត្តកោះកុង កំពុងជាប់ពាក់ព័ន្ធនឹងបណ្ដឹងនៅសាលាដំបូងខេត្តនេះ។
សកម្មជនដីធ្លីរូបនេះអះអាងថា៖ «ក្នុងមួយខែៗពលរដ្ឋទំនាស់ដីធ្លីឡើងតុលាការញឹកញាប់ បើមិនមែនគេឡើងតុលាការ គឺខ្ញុំជាអ្នកឡើង បើមិនមែនខ្ញុំ គឺក្រុមផ្សេង និយាយរួម គឺឡើងចុះៗតុលាការខេត្តកោះកុង»។
អ្នកស្រី ញើង បន្តថា៖ «ពួកខ្ញុំជាម្ចាស់ដី គឺជាជនរងគ្រោះ ឥឡូវបានក្លាយជាជនល្មើស ត្រូវបានគេប្ដឹងទៅតុលាការ រីឯជនល្មើសពិតប្រាកដកំពុងសើចសប្បាយចាយលុយ ចាយមាសលែងអស់ទៅហើយ»។
លោក វ៉ៃ ភីរម្យ អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី២ ខែកក្កដានេះ មិនទាន់អាចទាក់ទងស្នើសុំការបញ្ជាក់បន្ថែមជុំវិញបណ្ដឹងពលរដ្ឋទំនាស់ដីធ្លីនៅតុលាការខេត្តនេះបានទេ ដោយទូរស័ព្ទលោកគ្មានអ្នកទទួល។
លោក ទេព ហៃ មេឃុំជីខក្រោម ស្រុកស្រែអំបិល បាននិយាយថា ពលរដ្ឋដែលមានទំនាស់ដីធ្លីកន្លងមកនេះ ត្រូវបានដោះស្រាយបញ្ចប់អស់ហើយ ប៉ុន្ដែពលរដ្ឋមួយចំនួនទៀតនៅតែបន្តទាមទារដីពីអាជ្ញាធរ។ ពួកគាត់មួយចំនួនទៀតនៅតែអះអាងថា សំណងមិនទាន់បានគ្រប់គ្រាន់ បើទោះបីជាអាជ្ញាធរបានពន្យល់ពីនិតិវិធីច្បាប់ប្រាប់ពួកគាត់ក៏ដោយ។
លោកបញ្ជាក់ថា៖ «យើងបានពន្យល់គាត់ច្រើនមកហើយ ប៉ុន្ដែពួកគាត់មិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរទេ។ ចំណែកអ្នកស្រី ផាវ ញើង ដែលតែងតែនាំគ្នាតវ៉ានេះ គឺខ្ញុំមិនសូវស្គាល់ច្បាស់ទេ ព្រោះពួកគាត់ធ្វើអ្វីមួយ គឺមិនដែលប្រាប់ ឬជូនដំណឹងមកអាជ្ញាធរឱ្យបានដឹងទេ»។
លោក ថោង ចាន់តារា មន្រ្តីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក(ADHOC)ប្រចាំខេត្តកោះកុង បានថ្លែងថា អ្នកស្រី ផាវ ញើង គឺជាស្រ្តីឆ្នើមមួយរូបដែលក្លាហានហ៊ានលះបង់សុភមង្គលគ្រួសារ និងមិនខ្វល់ពីសុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីចេញមុខតស៊ូមតិដែលជាភាពអយុត្តិធម៌ចំពោះអ្នកស្រី។
លោកបន្តថា ពលរដ្ឋនៅក្នុងសហគមន៍របស់គាត់ បានចាត់ទុកអ្នកស្រី ញើង ជាស្រ្តីជាគំរូ ដើម្បីហ៊ានចេញមុខតវ៉ាជំទាស់នឹងការរំលោភយកដីរបស់ពួកគាត់។ ការទាមទារកន្លងមកនេះ បានប្រឈមមុខជាមួយជនល្មើស ឬបុគ្គលមានអំណាចប្ដឹងពួកគាត់ទៅតុលាការជាបន្តបន្ទាប់។
លោក ចាន់តារា បញ្ជាក់ថា៖ «ខ្ញុំមានការស្ងើចសរសើរគាត់ដែលជាស្រ្តីក្លាហានហ៊ានចេញមុខតស៊ូមតិទាមទាររកដំណោះស្រាយដីធ្លីរបស់ពួកគាត់។ លើសពីនេះ អ្នកស្រីតែងតែជួយយកអាសាពលរដ្ឋដែលមានទំនាស់ដូចគ្នានៅក្នុងសហគមន៍របស់ពួកគាត់ ហើយខ្ញុំសូមអំពាវនាវឱ្យតុលាការគួរគិតពិចារណាដោះលែង ឬលើកលែងបទចោទលើពួកគាត់ ខណៈដែលពួកគាត់សុទ្ធតែជាស្រ្តីរងគ្រោះដីធ្លី»។
អ្នកនាំពាក្យនិងមន្ត្រីសាលាដំបូងខេត្តកោះកុង មិនអាចសុំការអត្ថាធិប្បាយពាក់ព័ទ្ធនឹងករណីអ្នកស្រី ផាវ ញើង បានទេ៕