ថ្វីត្បិតអាជ្ញាធរតែងតែអះអាងពីភាពស្របច្បាប់របស់ក្រុមហ៊ុនជាច្រើនដែលកំពុងធ្វើសកម្មភាពកាយយកថ្ម និងដីមួយផ្នែកក្នុងតំបន់ភ្នំឈើកាច់យ៉ាងណាក្តី។ ក៏ប៉ុន្តែពលរដ្ឋមួយចំនួនរស់នៅក្នុងឃុំចំនួន៩ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង បានត្អូញត្អែរថា ពួកគាត់រងផលប៉ះពាល់ពីបំផ្ទុះថ្មភ្នំយកធ្វើអាជីវកម្ម សំឡេងរថយន្តធំៗដឹកថ្ម ខ្សាច់ និងដី ដែលធ្វើឱ្យខូចផ្លូវក្រាលកៅស៊ូ ហើយព្រមទាំងធ្វើឱ្យរំខានដល់ការធ្វើដំណើររបស់អ្នកទេសចរដែលទៅទស្សនារមណីដ្ឋានឈើកាច់បាភ្នំផងដែរ។
បើគេធ្វើដំណើរតាមផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រៃវែង ឆ្លងកាត់ស្ពានអ្នកលឿងបន្តិច គេនឹងប្រទះឃើញភ្នំឈើកាច់វែងអន្លាយអែបខាងឆ្វេងដៃ មានសោភ័ណភាពស្រស់បំព្រង ដែលអ្នកខេត្តព្រៃវែងចាត់ទុកតំបន់នោះថា ជាអត្តសញ្ញាណភូមិកំណើតកេរមរតកដូនតា បង្កប់រឿងរ៉ាវប្រវត្តិសាស្ត្រតាំងពីបុរាណកាលមក។
ក៏ប៉ុន្តែសម្រស់បរិស្ថានដែលជាស្រុកកំណើតរបស់នេនទុំក្នុងរឿងទុំទាវបានខូចខាតជាបន្តបន្ទាប់ មិនដូចកាលពី ២០ឆ្នាំមុនឡើយ ដោយសារភ្នំមួយចំនួនក្នុងតំបន់នោះ មានសកម្មភាពកាយយកថ្ម ខ្សាច់ និងដីធ្វើអាជីវកម្ម ពីសំណាក់ក្រុមហ៊ុនឯកជន និងក្រុមអ្នកមានឥទ្ធិពល។
អ្នកភូមិបានលើកឡើងថា សកម្មភាពកាយយកថ្មភ្នំ និងអាចម៍ដី កើតឡើងកាន់តែខ្លាំងក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ធ្វើឱ្យភ្នំធម្មជាតិយ៉ាងហោចណាស់៣ខូចខាត និងភ្នំខ្លះ បាត់បង់ទាំងមូល។ រីឯអាជ្ញាធរខេត្តព្រៃវែងអះអាងថា សកម្មភាពកាយថ្ម ខ្សាច់ និងដី គឺស្របច្បាប់។
សកម្មភាពបំផ្ទុះថ្មភ្នំ កាយដី និងខ្សាច់ធ្វើអាជីវកម្ម ដោយមានរថយន្តធំៗដឹកថ្មលើសទម្ងន់ ដង្ហែដូចស្រមោច ធ្វើឱ្យផ្លូវក្រាលកៅស៊ូជាច្រើនខ្សែ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ខូចខាតច្រើន មានជង្ហុកច្រើនដក់ទឹកនៅខែវស្សា និងផ្លូវខ្លះទៀតស្រុតខុសទម្រង់ដើម ងាយនឹងធ្វើឱ្យកើតមានគ្រោះថ្នាក់។
រីឯអាជីវករមួយចំនួនដែលមានប្រភពចំណូលពីវិស័យទេសចរណ៍ក៏ថយចុះប្រាក់ចំណូល និងខ្លះទៀត បាត់បង់ការងារ ព្រោះលក់មិនសូវដាច់។
ក្រោយតំណក់ទឹកភ្លៀងរលឹមស្រិចៗនារដូវលំហើយដើមខែវិច្ឆិកានេះ បុរសម្នាក់កំពុងឃ្វាលគោតាមជើងភ្នំជាមួយក្មេងៗបង្ហាញទឹកមុខស្រពោនហាក់បង្កប់ក្តីបារម្ភ នៅគ្រាដែលអ្នកសារព័ត៌មានសួរនាំពីបញ្ហានេះ។ បុរសវ័យជាង៣០ឆ្នាំបានចង្អុលបង្ហាញពីសកម្មភាពកាយដីតាមជើងភ្នំទេសចរណ៍ នៅផ្នែកខាងត្បូងភ្នំ ដើម្បីយកខ្សាច់ភ្នំ និងអាចម៍ដីលក់ ពីសំណាក់បុគ្គលមានលុយ មានអំណាច ដោយសំអាងថា ដីក្នុងតំបន់នោះជាដីកម្មសិទ្ធិរបស់គេ។
បុរសដែលមានដើមកំណើតខេត្តព្រៃវែង រស់នៅភូមិស្វាយសាមសិប ឃុំជើងភ្នំ គឺលោក សល់ បញ្ញា។ លោកបានឱ្យដឹងថា ផ្នែកខ្លះតាមជើងភ្នំឈើកាច់ដែលជាកន្លែងអ្នកភូមិធ្លាប់ឃ្វាលគោ និងរកអុស តែពេលនេះបែរជាមានរណ្តៅជ្រៅប្រហែល ៨ម៉ែត្រ និងផ្នែកខ្លះទៀតរហូតជិត ១០ម៉ែត្រ ធ្វើឱ្យបរិស្ថានធម្មជាតិ ក្នុងតំបន់ភ្នំប្រវត្តិសាស្ត្រនេះប្រែរូបរាង និងបាត់សោភ័ណភាពដើម។
លោកនៅមិនទាន់ទទួលព័ត៌មានថា កន្លែងណាជាទីតាំងអភិរក្ស និងតំបន់ណាខ្លះទៀតក្រៅដែនអភិរក្ស ព្រោះបច្ចុប្បន្នសកម្មភាពកាយដីតាមជើងភ្នំនៅតែកើតមាន។
លោក សល់ បញ្ញា៖ «គោវាផ្អើលធ្លាក់ចូល ដោយសារគោប្រលែងវា គេកាយយកដីលក់ជ្រៅចុះក្រោម ៨ម៉ែត្រ គេថាដីសកម្មសិទ្ធិរបស់គេអី។ ស្តាយកន្លែងខ្ញុំឃ្វាលគោ ឥឡូវគេកាយដីយកអស់។ ខ្ញុំអត់ដឹងតំបន់អភិរក្សអីទេ ដឹងតែកន្លែងឃ្វាលគោ»។
រមណីយដ្ឋាននគរភ្នំ មានចម្ងាយជាង៧០គីឡូម៉ែត្រ ខាងកើតរាជធានីភ្នំពេញ និងមានចម្ងាយពីទីរួមខេត្តព្រៃវែងជាង៤០គីឡូម៉ែត្រ។ តំបន់បាភ្នំ គឺជាបណ្ដុំភ្នំតូចធំជាង ១០ភ្នំ ឬហៅថា ភ្នំឈើកាច់ ផ្តល់សម្រស់បរិស្ថានស្អាតឥតខ្ចោះ ទាក់ទាញភ្ញៀវទេសចរណ៍ ដែលជាទីតាំងកកើតរាជធានីតំបន់របស់កម្ពុជាសម័យនគរភ្នំ ឬនគរហ្វូណន ។ អ្នកស្រុកដែលរស់នៅជុំវិញអតីតរាជធានីបុរាណនោះភាគច្រើនមានជីវភាពក្រីក្រ ហើយពួកគាត់ពុំហ៊ានរិះគន់ជាសាធារណៈជុំវិញរឿងនេះទេ ព្រោះបារម្ភពីសុវត្ថិភាព។
កំពុងជិះម៉ូតូឌុបកូនចេញពីសាលារៀន ក្រោមតំណក់ភ្លៀងរលឹមតក់ៗ ក្នុងឃុំស្វាយសាមសិប ក្បែរជើងភ្នំ អ្នកស្រី ជា ស្រីសរ មានវ័យ៤០ឆ្នាំ ឱ្យដឹងថា រថយន្តដឹកថ្ម ខ្សាច់ និងដី រាប់សិបគ្រឿងបើកលឿនៗ តាមដងផ្លូវក្រាលកៅស៊ូឆ្លងកាត់មុខផ្ទះគាត់ជារៀងរាល់ថ្ងៃ បណ្តាលឱ្យធូលីដីហុយចូលផ្ទះ ប្រឡាក់សម្ភារៈប្រើប្រាស់ និងមានសំឡេងរំខាន ហើយពេលខ្លះបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ និងពិការ។
បញ្ហានេះអ្នកស្រីថា កើតមានច្រើនឆ្នាំមកហើយ ធ្វើឱ្យរំខានដល់ជីវភាពរស់នៅរបស់អ្នកភូមិរស់នៅកៀកនឹងផ្លូវថ្នល់។ អ្នកស្រីបន្តថា ផ្លូវកៅស៊ូជាច្រើនខ្សែក្នុងតំបន់នោះកំពុងខូចខាត និងមានផ្លូវខ្លះទៀតអាជ្ញាធរចាក់បេតុងបានតិចតួច។
ជា ស្រីសរ បានលើកឡើងថា៖«ពលរដ្ឋអ៊ីចឹងពេលហូបបាយហូបអី វាពិបាក ខោអាវស្លៀកពាក់ក៏ហុយ វាគ្មានអនាម័យអ៊ីចឹង»។

ទិដ្ឋភាពជាក់ស្តែង ដែលអ្នកយកព័ត៌មានចុះទៅតំបន់នោះ ប្រទះឃើញអ្នកលក់ដូរអែបជើងភ្នំឈើកាច់ មានកង្វល់ពីភាពស្ងប់ស្ងាត់ និងខ្សត់ភ្ញៀវទេសចរទៅទស្សនាតំបន់នោះ។ អ្នកលក់ខ្លះមានទឹកមុខក្រៀមក្រំ ដោយសារថយចុះប្រាក់ចំណូល និងជំពាក់បំណុលគេ។
ពេលធ្វើដំណើរដល់ចំណុចភូមិស្វាយសាមសិប ឃុំជើងភ្នំ ប្រទះឃើញមានច្រកចូលក្រុមហ៊ុន ផុនផលិតដានីមិចម៉ាញនីង សរសេរជាអក្សរខ្មែរ និងភាសាចិន ភ្ជាប់នឹងលេខទូរស័ព្ទមួយនៅខាងក្រោម។ពេលអ្នកសារព័ត៌មានទូរសព្ទសួរ ពីបញ្ហានេះ អ្នកទទួលទូរសព្ទថា ជាប់រវល់ និងស្តាប់មិនឮ ដោយនិយាយថា«ទិញថ្មមែន បាទ! ខ្ញុំជាប់រវល់ រវល់ហើយ ស្តាប់អត់បានទេ»។
អ្នកស្រី ឃឿន ស្រីនាង កំពុងលក់ចំណីអាហារ និងភេសជ្ជៈក្នុងតូបតូចមួយជាប់ដងផ្លូវអែបជើងភ្នំ។ អ្នកស្រីត្អូញត្អែរមិនសូវមានអ្នកទៅទស្សនាក្នុងតំបន់នោះ ហើយភ្ញៀវដែលចូលទិញភាគច្រើន គឺអ្នកបើកឡានដឹកថ្មឱ្យក្រុមហ៊ុន។ អ្នកស្រីថា ឡានដឹកថ្មម្តងៗធ្វើឱ្យដីហុយប្រឡាក់កន្លែងលក់ដូរ និងប៉ះពាល់សុខភាពពលរដ្ឋជាពិសេសកូនសិស្សសាលារងផលប៉ះពាល់ខ្លាំង។
អ្នកស្រី ជា ស្រីសរ បានបន្ថែមថា៖ «ស្រោចទឹកយ៉ាងណាក៏នៅតែហុយ ឡានច្រើន! កូនទៅរៀន ហុយ ណាមួយឡានច្រើនចេះតែខ្លាច ឡានច្រើនជិះកង់ជិះអី ។ គេសំណូមពរច្រើនហើយដូចអត់មានដំណោះស្រាយ»។
ឆ្លើយតបរឿងនេះ មេឃុំជើងភ្នំ លោក ឈុន ពុធគុណ ប្រាប់ សារព័ត៌មានខេមបូចា តាមទូរសព្ទនៅថ្ងៃទី៥ វិច្ឆិកាថា ដំណោះស្រាយជុំវិញការជួសជុលផ្លូវកៅស៊ូក្នុងឃុំនេះ មិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ឃុំនោះទេ។ លោកបដិសេធមិនឆ្លើយសំណួរផ្សេងទៀត ដោយអះអាងថា ផ្លូវកៅស៊ូខូចក្នុងឃុំជើងភ្នំ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរខេត្តគ្រប់គ្រង។
លោក ពុធគុណ៖ «រឿងដំណោះស្រាយជួសជុលយ៉ាងម៉េច? ឬយ៉ាងណា? ខ្ញុំមិនបានដឹងទេប្អូន ដោយសារខ្ញុំគ្រប់គ្រងតែផ្លូវចូលក្នុងភូមិតូចៗធម្មតាទេ»។
អ្នកនាំពាក្យសាលាខេត្តព្រៃវែង លោក ឡៃ វណ្ណារ៉ា បដិសេធមិនបំភ្លឺជុំវិញរឿងនេះ ដោយលោករុញឱ្យអ្នកសារព័ត៌មានខេមបូចាសួរទៅនាយករដ្ឋបាលសាលាខេត្ត។ លោក ឡៃ វណ្ណារ៉ា បានថ្លែងថា៖ «ខ្ញុំអត់ទទួលបន្ទុកខាងផ្លូវ សួរខ្ញុំក៏ពិបាកឆ្លើយ ទាល់សួរអភិបាលខេត្តហ្មងស្រួល»។
អ្នកសារព័ត៌មានខេមបូចា បានទូរសព្ទសួរនាយករដ្ឋបាលនៃសាលាខេត្តព្រៃវែង លោក ឡាយ ភារ៉ាត់ តែលោកមិនទទួលទូរសព្ទនៅថ្ងៃទី៧ វិច្ឆិកា។
ប៉ុន្តែកន្លងទៅ រដ្ឋបាលស្រុកបាភ្នំ មន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង និងមន្ទីរទេសចរណ៍ខេត្តនេះ បានចេញមុខបំភ្លឺព្រមៗគ្នា ច្រានចោលព័ត៌មានថា មានអាជីវកម្មកាយភ្នំនៅតំបន់បាភ្នំ ប៉ះពាល់ដល់វិស័យទេសចរណ៍។ អាជ្ញាធរបញ្ជាក់ថា អាជីវកម្មថ្មនៅតំបន់នោះ គឺស្របច្បាប់។ លើសពីនេះទៀត រដ្ឋបាលស្រុកបាភ្នំបានចេញវីដេអូបដិសេធ ចំពោះការផ្សាយព័ត៌មានថា មានសកម្មភាពកាយភ្នំទេសចរណ៍នៅតំបន់បាភ្នំ និងប្តឹងចោទប្រកាន់អ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ថា ផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្ដាញសង្គមហ្វេសប៊ុក(Facebook)។
សារព័ត៌មានខេមបូចា មិនអាចទាក់ទងសុំការបំភ្លឺជុំវិញរឿងនេះ ពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា បាននៅឡើយទេ នៅថ្ងៃទី៧ វិច្ឆិកា។
ប៉ុន្តែកន្លងទៅអ្នកនាំពាក្យរូបនេះ បានប្រាប់វិទ្យុស្ដ្រីថា ក្រុមហ៊ុនទាំងអស់ធ្វើអាជីវកម្មយកថ្មនៅស្រុកបាភ្នំ ក្រសួងរ៉ែបានផ្ដល់អាជ្ញាប័ណ្ណត្រឹមត្រូវ ខណៈតំបន់ដែលក្រុមហ៊ុនធ្វើអាជីវកម្ម មិនមែនជាតំបន់ភ្នំអភិរក្សឡើយ។
ដោយឡែក ពលរដ្ឋរស់នៅក្នុងភូមិស្វាយសាបសិបលើកឡើងថា ពួកគេឃើញក្រុមហ៊ុនកាយដី និងដឹកខ្សាច់លក់ ធ្វើអាជីវកម្មជាច្រើនឆ្នាំមកហើយ នៅផ្នែកខាងត្បូងភ្នំ និងតាមបណ្តោយចង្កេះភ្នំ ប៉ុន្តែពួកគេមិនដឹងថាការកាយដី និងខ្សាច់នោះស្ថិតក្នុងតំបន់អភិរក្សដែលរដ្ឋាភិបាលកំណត់ រឺអត់។ ពួកគេស្នើឱ្យរដ្ឋាភិបាលបោះបង្គោលព្រំឱ្យច្បាស់លាស់ ដើម្បីបែងចែកតំបន់អភិរក្ស និងតំបន់អាជីវកម្មកាយភ្នំ។

លោក អ៊ឹង ឌីប៉ូឡា ធ្លាប់បានថ្លែងជាមួយសារព័ត៌មានក្នុងស្រុកថា ក្នុងស្រុកបាភ្នំមានការបែងចែកជា២តំបន់ ទីមួយ តំបន់ភ្នំឈើកាច់បាភ្នំ ដែលជាកន្លែងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ ពុំមានក្រុមហ៊ុនណាធ្វើអាជីវកម្មយកថ្មភ្នំឡើយ។ ចំណែកតំបន់ទីពីរ តំបន់ភ្នំស្វាយសាមសិប ជាកន្លែងដែលក្រសួងបានចេញអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុន យកថ្មភ្នំនៅទីតាំងនោះ។
លោកបានបន្តថា អាជីវកម្មថ្ម ក្នុងតំបន់ភ្នំស្វាយសាមសិបមានវត្តមានក្រុមហ៊ុនខ្មែរចំនួន៥ ក្រុមហ៊ុន រួមមាន៖ ក្រុមហ៊ុន អិលជីថេកណូឡូជីខូអិលធីឌី ,ក្រុមហ៊ុន លឹមហុងក្រាស៊ីងស្ដូន, ក្រុមហ៊ុន សំណង់ឡុងណាំអិចស៊ីមឯ.ក , ក្រុមហ៊ុន ស៊ីអេនើជីអ៊ិនវេសមេនឯ.ក និងក្រុមហ៊ុន ផុនផលិតដានីម៉ិចម៉ាញនីង (ក្រុមហ៊ុនមានអក្សរខ្មែរ និងភាសាចិន) ។ លោកថា ថ្មភ្នំធ្វើអាជីវកម្ម បានចែកចាយក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង។
ចំណែកឯសំឡេងកិនថ្មភ្នំ ចេញពីការដ្ឋានកិនថ្មក្នុងតំបន់បាភ្នំ នៅតែរំខាន និងប៉ះពាល់ការសិក្សារបស់សិស្សរាប់រយនាក់ក្នុងតំបន់នោះ។
អ្នកយកព័ត៌មានបានចុះដល់ទីតាំងសាលាជាក់ស្តែង ប្រទះឃើញការដ្ឋានកិនថ្ម នៅកៀកនឹងរបងសាលា ចម្ងាយប្រមាណ៥០ម៉ែត្រ ខណៈដែលសំឡេងកិនថ្ម និងគ្រាប់រំសេវបំផ្ទុះថ្ម ឮរំខានដល់ការសិក្សារបស់សិស្ស។
បុរសវ័យជា៤០ឆ្នាំ គឺជាជាងឈើជួសជុលទ្វារសាសានៅទីនោះ គឺលោក គង់ វ៉ា ផ្តល់បទសម្ភាសដោយផ្ទាល់ថា ពិតជាមានសំឡេងរំខានដល់សិស្សមែន ខណៈលោកគ្រូ អ្នកគ្រូ តែងតែបិទទ្វារសាលាជិតពេលបង្រៀន។ លោកថា បាតុភាពនេះហាក់ដូចស៊ាំទៅហើយ ហើយកន្លងទៅលោកគ្រូអ្នកគ្រូក៏ត្អូញត្អែរពីបញ្ហានេះដែរ ក្នុងពេលបិទទ្វារសាលាជិត ធ្វើឱ្យកូនសិស្សស្អុះស្អាប់ ពិបាករៀន។
លោក គង់ វ៉ា បានបញ្ជាក់ថា៖ «ការដ្ឋានកិនថ្មនៅជិតហ្នឹង ពេលសិស្សរៀនខ្ញុំធ្វើការនៅហ្នឹងមានសំឡេង គ្រូបិទទ្វារសាលាជិតអត់សូវឮ តែបិទទ្វារជិតហប់ខ្យល់។ សិស្សច្រើនដែររាប់រយនាក់ នេះខ្ញុំធ្វើការនៅហ្នឹងពេលសិស្សរៀនឮដែរសំឡេងម៉ាស៊ីនកិនថ្ម»។
បើក្រឡេកមើល នៅតាមដងផ្លូវកៅស៊ូ ក្នុងឃុំចំនួន៩ កៀកនឹងតំបន់រមណីយដ្ឋានបាភ្នំ ក្នុងស្រុកបាភ្នំ រួមមានឃុំជើងភ្នំ, ឃុំឈើកាច់, ឃុំធាយ និងឃុំស្តៅកោងជាដើម ផ្លូវក្រាលកៅស៊ូខ្លះខូចស្ទើរតែទាំងស្រុងជាច្រើនឆ្នាំមកហើយ និងមានផ្លូវខ្លះទៀតដែលទើបសាងសង់ថ្មីថ្មោង មានជង្ហុកជ្រៅ។ ផ្លូវខ្លះអាជ្ញាធរទើបចាក់បេតុង បានតិចតួចនៅឡើយ។
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់ឃើញថា បញ្ហាពុករលួយជាមូលហេតុធំ ធ្វើឱ្យវិបត្តិបរិស្ថានទាំងឡាយដោះស្រាយមិនចេញ។ លោកបន្តថា រដ្ឋាភិបាលអាចនឹងពិបាកវះកាត់ចំពោះមន្ត្រីខិលខូច ហើយប្រសិនបើរដ្ឋាភិបាលមានឆន្ទៈដោះស្រាយរឿងនេះ ទាល់តែហ៊ានវះកាត់មន្ត្រីទាំងនោះ ហើយជ្រើសរើសមន្ត្រីស្អាតស្អំមកដោះស្រាយបញ្ហាទាំងនេះ។
លោក ប៉ែន ប៊ុណ្ណារ៍៖«សំខាន់បំផុតទាមទារឱ្យពលរដ្ឋមានភាពក្លាហាន……និងយល់ពីច្បាប់ បានឃើញតម្រុយបទល្មើស ត្រូវបង្ហាញទៅស្ថាប័នជំនាញ ដើម្បីឱ្យលោកដឹង។ រដ្ឋាភិបាលត្រូវចាត់វិធានការទាន់ពេលវេលា ពេលពលរដ្ឋប្តឹងទៅស្ថាប័នរដ្ឋ។ កន្លងទៅនេះពលរដ្ឋធ្វើការងារមិនស្រុះគ្នា ធ្វើឱ្យមន្ត្រីទុច្ចរិត និងឈ្មួញឧក្រិដ្ឋធ្វើអ្វីតាមចិត្ត។ រដ្ឋាភិបាលត្រូវបំពេញកាតព្វកិច្ច ក្នុងការវះកាត់មន្ត្រីទុច្ចរិត»។
កាលពីដើមខែសីហា ឆ្នាំ២០២៣ រដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ«នគរភ្នំឈើកាច់បាភ្នំ» ដោយកំណត់តំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ ចំនួន៩ទីតាំង មានផ្ទៃដីទំហំជាង ១២៥ហិកតា (១២៥,២៧) ស្ថិតក្នុងឃុំចំនួន៣ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។
អនុក្រឹត្យនេះមានបំណងលើកតម្លៃបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងទីតាំងប្រវត្តិសាស្ត្រសម័យហ្វូណន «នគរភ្នំ» ដែលជាទឹកដីខ្មែរដំបូងបង្អស់ ដើម្បីការពារជីវៈចម្រុះ ធនធានធម្មជាតិ ព្រមទាំងកន្លែងប្រតិបត្តិជំនឿ និងការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរជាដើម។
អ្នកភូមិអះអាងថា នៅតាមជើងភ្នំដែលជាតំបន់អភិរក្សវប្បធម៌មានផ្នែកខ្លះត្រូវបុគ្គលមានលុយមានអំណាចហ៊ុមព័ទ្ធយកដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិ និងមានផ្នែកខ្លះទៀតមានគ្រឿងចក្រកាយយកដី និងខ្សាច់ធ្វើអាជីវកម្មតាមចង្កេះភ្នំ។
ប្រជាពលរដ្ឋទទូចឱ្យរដ្ឋាភិបាលមានវិធានការលើក្រុមហ៊ុនដែលធ្វើអាជីវកម្មថ្មបណ្តាលឱ្យខូចផ្លូវ និងត្រូវទទួលខុសត្រូវពីផលប៉ះពាល់បរិស្ថាន និងសុខភាពពលរដ្ឋ៕











