អស់រយៈពេលជាង ៧ឆ្នាំបន្ទាប់ពីត្រូវបានបង្ខំចិត្តចាកចោលផ្ទះសម្បែងដោយសារអាងទឹកដ៏ធំមួយនៃទំនប់វារីអគ្គិសនី សហគមន៍ជនជាតិដើមភាគតិចពូនងនៃខេត្តស្ទឹងត្រែងភាគខាងជើងរបស់ប្រទេសកម្ពុជានៅតែប្ដេជ្ញាចិត្តក្រាញននៀលនៅលើដីសេសសល់នៃភូមិកំណើតរបស់ពួកគេដែលត្រូវទឹកជន់លិច ។
ប្រជាពលរដ្ឋ ៦២គ្រួសារនៃភូមិក្បាលរមាសចាស់បានប្ដេជ្ញាចិត្តរស់នៅជាបន្តនៅលើដីភូមិរបស់ពួកគេ បន្ទាប់ពីទឹកពីទំនប់វារីអគ្គិសនីសេសានក្រោម២បានជន់លិចផ្ទះសម្បែងរបស់ពួកគេកាលពីឆ្នាំ២០១៧ ដោយបង្ខំពួកគេឱ្យចាកចេញទៅរកទីទួលជម្រកបណ្ដោះអាសន្នចម្ងាយប្រហែល ៥គីឡូម៉ែត្រនៅផ្នែកខាងលើអាង ។ ទំនប់វារីអគ្គិសនីដែលមានសមត្ថភាពផលិតថាមពល ៤០០មេហ្គាវ៉ាត់ និងជាគម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុនកម្ពុជា ចិន និងវៀតណាមក្នុងទឹកប្រាក់ ៨១៦លានដុល្លារ បានធ្វើឱ្យតំបន់ជម្រាលទឹកភ្លៀងជនបទផ្លាស់ប្ដូរលែងអាចដូចដើមវិញ ដែលតំបន់ទាំងនេះធ្លាប់ជាលំនៅប្រពៃណីរបស់ជនជាតិដើមភាគតិចពូនង កួយ ឡាវ ចារ៉ាយ គ្រឹង និងទំពួន ។
រដ្ឋាភិបាលកម្ពុជាបានទទូចឱ្យជនជាតិដើមភាគតិចពូនងនៅភូមិក្បាលរមាសចាស់ផ្លាស់លំនៅទៅរស់នៅជាមួយអម្បូររបស់ពួកគេនៅលើតំបន់តាំងលំនៅថ្មី ដែលមានចម្ងាយជាង ៥០គីឡូម៉ែត្រពីភូមិចាស់របស់ពួកគេ ។ ប៉ុន្តែ ដោយសារតែដំណើរការស្នើសុំបណ្ណកម្មសិទ្ធិដីសមូហភាពសម្រាប់ក្រុមជនជាតិដើមភាគតិចបានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំដោយសារប្រទាំងប្រទើសនឹងផលប្រយោជន៍របស់ក្រុមហ៊ុនកសិឧស្សាហកម្មមួយដែលនៅក្បែរខាងនោះ ក្រុមគ្រួសារដែលនៅក្រាញននៀលអាចនឹងជាប់គាំងនៅក្នុងការតស៊ូរបស់ពួកគេដើម្បីរក្សាដីនិងកេរដំណែលវប្បធម៌ ។ ប៉ុន្តែ នៅពេលនេះ បញ្ហាមិនអាចបញ្ឈប់ការតស៊ូរបស់ពួកគេបានទេ ។
ដាំ សំណាង អាយុ ៣៩ឆ្នាំ បាននិយាយថា៖ «យើងបានបាត់បង់ភូមិកំណើតនិងផ្នូរដូនតាយើងទៅក្នុងបាតទន្លេ ។ យើងបានឱ្យគេអស់ហើយ» ។
ដោយលោកបានបន្ថែមថា៖ «យើងលះបង់ស្រុកកំណើត ផ្នូរដូនតាគ្រប់ជំនាន់ ដែលនៅក្នុងបាតទឹក។ យើងលះបង់អស់រលីងហើយ»។
តាមការទទូចស្នើសុំរបស់រដ្ឋ គ្រួសារជនជាតិដើមភាគតិចពូនងប្រមាណ ៦៧គ្រួសារបានផ្លាស់លំនៅទៅកាន់ភូមិក្បាលរមាសថ្មី ។ ក្រុមមន្ត្រីបានផ្ដល់សំណងឱ្យគ្រួសារដែលផ្លាស់លំនៅនូវសំណងជាប្រាក់ ៦០០០ដុល្លារជាថ្នូរនឹងទ្រព្យដែលបាត់បង់ ជាមួយនឹងលទ្ធភាពផ្ដល់ប្រាក់សំណងបន្ថែមដែលអាចឡើងដល់ ១០ ០០០ដុល្លារជាសរុប ។
អ្នកស្រី ស្រាំង ឡាញ់ អាយុ ៤៧ឆ្នាំ មេភូមិឧបសម្ព័ន្ធភូមិក្បាលរមាស និងជាប្រធានសហគមន៍សម្រាប់ដំណើរការចុះបញ្ជីដីសមូហភាព បាននិយាយថា សំណងជាលុយគឺមិនគ្រប់គ្រាន់ដើម្បីឱ្យគ្រួសារដែលនៅក្រាញននៀលបោះបង់ដីប្រពៃណីរបស់ពួកគេឡើយ ។ ផ្ទុយទៅវិញ ពួកគេបានជំរុញទាមទារបណ្ណកម្មសិទ្ធិដីសមូហភាព ជាជម្រើសមួយដែលសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាអាចធ្វើបានដើម្បីទទួលបានភាពជាម្ចាស់កម្មសិទ្ធិលើដីសមូហភាពដែលទទួលស្គាល់ជាផ្លូវការ ។ ដីសមូហភាពជាដីដែលជនជាតិដើមភាគតិចកាន់កាប់តាមប្រពៃណីច្រើនជំនាន់តកូនតចៅជាទ្រព្យសមូហភាព និងអាស្រ័យផលលើដីនោះសម្រាប់ការប្រមាញ់សត្វ ការចិញ្ចឹមសត្វពាហនៈ និងការធ្វើស្រែចម្ការវិលជុំ ព្រមទាំងសម្រាប់គោលបំណងសាសនានិងវប្បធម៌នានា ។
ក្រុមជនជាតិដើមភាគតិចពូនងនៅកន្លែងផ្សេងទៀតនៃបណ្ដាខេត្តភាគខាងជើងរបស់កម្ពុជាបានទទួលបណ្ណកម្មសិទ្ធិដីសមូហភាពរួចហើយ ប៉ុន្តែ ដំណើរការចុះបញ្ជីគឺវែងឆ្ងាយនិងលំបាកសម្រាប់អ្នកភូមិក្បាលរមាស ។ ក្រសួងមហាផ្ទៃបានទទួលស្គាល់ពួកគេជាផ្លូវការថាជាសហគមន៍ជនជាតិដើមភាគតិចរួចហើយ ដែលនេះជាជំហានដ៏សំខាន់មួយនៅក្នុងដំណើរការផ្ដល់បណ្ណកម្មសិទ្ធិដីសមូហភាព ប៉ុន្តែ ភាគច្រើននៃដីដែលពួកគេស្វះស្វែងចុះបញ្ជី គឺជាកម្មវត្ថុនៃការទាមទារប្រជែងគ្នាពីសំណាក់ក្រុមហ៊ុនមួយឈ្មោះ Huayue Group ដែលពីមុនមានឈ្មោះថា Siv Guek Investment ។
ក្រុមហ៊ុនទទួលបានការគាំទ្រពីរដ្ឋាភិបាលស្រាប់តាមរយៈដីសម្បទានសេដ្ឋកិច្ចឆ្នាំ២០០៦ ដែលជាកម្មវិធីមួយរបស់រដ្ឋាភិបាលដែលផ្ដល់សម្បទានដីធ្លីធំៗសម្រាប់ការអភិវឌ្ឍកសិកម្មទ្រង់ទ្រាយធំ ។ កម្មវិធីដីសម្បទានសេដ្ឋកិច្ចនេះបានត្រូវផ្អាកចាប់ពីឆ្នាំ២០០៦មក ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់ដីសម្បទាន ១០,០០០ហិកតាទៅឱ្យក្រុមហ៊ុន Siv Guek Investment ដើម្បីបង្កើតជាចម្ការកៅស៊ូ ។ ក្រោយមក ក្រុមហ៊ុនពាណិជ្ជកម្មចិន ឈ្មោះ Huayue បានទិញយកក្រុមហ៊ុន Siv Guek និងបានកាន់កាប់ដីសម្បទាននិងចម្ការកៅស៊ូជាបន្ត ។ ក្រុមហ៊ុនមិនបានឆ្លើយតបនឹងការស្នើសុំអត្ថាធិប្បាយពីអ្នកសារព័ត៌មានទេ ។
ការតស៊ូដ៏អូសបន្លាយដើម្បីបណ្ណកម្មសិទ្ធិដីសមូហភាព
ទំនប់សេសានក្រោម ២ បានបង្កើតភាពចម្រូងចម្រាសតាំងពីដំបូងទីមកម្ល៉េះ ដោយសារផលប៉ះពាល់សង្គមនិងបរិស្ថានធំធេងរបស់ទំនប់ ។ ទំនប់នេះលាតសន្ធឹងលើទន្លេសេសាន រួមជាមួយនឹងទន្លេស្រែពក និងទន្លេសេកុង ដោយបង្កើតបានជាអ្វីមួយដែលអ្នកភូមិសាស្ត្រហៅថា អនុអាងទន្លេ ៣ ស (សេសាន ស្រែពក និងសេកុង) ។
ទីនេះជាតំបន់ជម្រាលទឹកភ្លៀងដ៏សំខាន់មួយដែលហូរចូលទៅក្នុងប្រព័ន្ធទន្លេមេគង្គ ប៉ុន្តែ វាក៏សំខាន់ខ្លាំងចំពោះប្រជាជនដែលរស់នៅតំបន់នេះផងដែរ ។ អ្នកអភិរក្សនិយាយថា ការធ្វើទំនប់វារីអគ្គិសនីទំហំដ៏ធំនេះបានកាត់ផ្ដាច់រំហូរដីល្បាប់ ផ្លូវបម្លាស់ទីរបស់ត្រី និងដំណើរការទន្លេសំខាន់ៗផ្សេងទៀត ដែលជួយទ្រទ្រង់គ្រប់បែបសណ្ឋាននៃជីវិត ក្នុងនោះរាប់ទាំងប្រជាជនរាប់លាននាក់ដែលរស់នៅតាមសងខាងនៃច្រាំងទន្លេផងដែរ ។ ចំពោះក្រុមជនជាតិដើមភាគតិច ដូចជា សហគមន៍ពូនងនៅក្នុងភូមិក្បាលរមាស ការថយចុះនូវធនធានធម្មជាតិដែលផ្ដល់ដោយទន្លេទាំងបីបានប៉ះពាល់ខ្លាំងមកលើការរស់នៅរបស់ពួកគេតាំងពីមុនការបាត់បង់ទ្រព្យសម្បត្តិនៅលើដីគោកម្ល៉េះ ។
ពេលវេលាកន្លងផុតទៅជាច្រើនឆ្នាំ សហគមន៍ភូមិក្បាលរមាសចាស់បានកាត់ចេញបន្តិចម្ដងៗនូវទំហំដីដែលស្នើសុំចុះបញ្ជីបណ្ណកម្មសិទ្ធិដីសមូហភាព ។ ពីដើមឡើយ សហគមន៍នេះបានស្វះស្វែងចុះបញ្ជីដីសមូហភាពទំហំជាង ៧០០០ហិកតា ប៉ុន្តែ បានបន្ថយមកនៅត្រឹម ៥០០០ហិកតានៅឆ្នាំ២០២០ នៅពេលប្រឈមមុខនឹងការជំទាស់ជាផ្លូវការ ។ មកដល់ឆ្នាំ២០២៣ ពួកគេបានកាត់ទំហំដីដែលស្នើសុំចុះបញ្ជីមកនៅត្រឹម ៣០០០ហិកតា ដែលអ្នកស្រី ឡាញ់ និងអ្នកភូមិផ្សេងទៀតគិតថាជាផ្ទៃដីតូចបំផុតដែលត្រូវការចាំបាច់សម្រាប់ការរស់នៅបែបប្រពៃណីរបស់សហគមន៍ជនជាតិដើមភាគ
តិចរបស់ពួកខ្លួន ។
អាជ្ញាធរខេត្តស្ទឹងត្រែងបានស្នើផ្ដល់ការដោះដូរឱ្យសហគមន៍នៅឆ្នាំ២០២០ នូវផ្ទៃដីទំហំត្រឹមតែជាង ៩០០ហិកតានៅជុំវិញទីតាំងភូមិក្បាលរមាសចាស់ ។ អ្នកស្រី ឡាញ់ បាននិយាយថា ការផ្ដល់នេះមិនអាចទទួលយកបានទេចំពោះគ្រួសារដែលសុខចិត្តនៅក្រាញននៀលនៅផ្នែកខាងលើនៃអាង និងថា ចាប់តាំងពីពេលនោះមក ទោះបីសហគមន៍បានដាក់ពាក្យស្នើសុំជាច្រើនលើកច្រើនសាទៅកាន់មន្ត្រីខេត្តក្ដី សំណើរបស់សហគមន៍ពុំទទួលបានការឆ្លើយតបទេ ។
អ្នកស្រីត្អូញត្អែរថា៖ «បើ[គេ]ឱ្យយើងតែ ៩០០ហិកតា ដូចសម្លាប់យើងអ៊ីចឹង ។ តើកន្លែងណាជាចម្ការវិលជុំរបស់យើង ? តើឯណាដីព្រៃអារក្សរបស់យើង ?»
អ្នកស្រី យុន ម៉ាណេ ប្រធានអង្គការសង្គមស៊ីវិលមួយដែលមានឈ្មោះថា អង្គការជនជាតិដើមភាគតិចកម្ពុជា បានយល់ស្របថា ការកំណត់ត្រឹមតែ ៩០០ហិកតាអាចជាបញ្ហា ដែលវាផ្ទុយនឹងទាំងក្របខណ្ឌច្បាប់ជាតិ ទាំងក្របខណ្ឌច្បាប់អន្តរជាតិ ។
អ្នកស្រី ម៉ាណេ ដែលរូបអ្នកស្រីផ្ទាល់ជាជនជាតិដើមភាគតិចពូនងមកពីខេត្តមណ្ឌលគិរី បាននិយាយថា៖ «ការផ្ដល់ឱ្យនូវការចុះបញ្ជីដីសមូហភាពនេះ វាជួយឱ្យពួកគាត់មានសុវត្ថិភាពខ្លាំង
មែនទែននៅក្នុងការការពារដីពួកគាត់ជាមួយក្រុមហ៊ុន និងអ្នកមកពីខាងក្រៅ»។ អ្នកស្រីបានបន្ថែមថា៖ «ដីសមូហភាពមិនមែនប្រើប្រាស់សម្រាប់តែធ្វើចម្ការប៉ុណ្ណោះនោះទេ ។ ដីខ្លះ ជាដីការពារសម្រាប់ការគោរពសក្ការៈបូជា ដូចជា ព្រៃជំនឿ ដីកប់សព ព្រៃឈើ និងជម្រកសត្វព្រៃ ដែលជាសម្បត្តិរបស់សហគមន៍ជនជាតិដើមភាគតិចផង និងរបស់រដ្ឋផង» ។
គ្មានការសម្រុះសម្រួល ?
ការផ្លាស់លំនៅរបស់ជនជាតិដើមភាគតិចពូនងភាគច្រើនបំផុតចេញពីភូមិក្បាលរមាស ដែលបណ្ដាលមកពីការបាត់បង់ទីជម្រកដោយសារអាងទំនប់ បានធ្វើឱ្យការខិតខំប្រឹងប្រែងដើម្បីទទួលបានបណ្ណកម្មសិទ្ធិលើដីដែលនៅជុំវិញភូមិចាស់កាន់តែស្មុគស្មាញថែមទៀត ។
លោក គ្រី សុឡានី ប្រធានកម្មវិធីរបស់អង្គការភូមិខ្ញុំប្រចាំខេត្តស្ទឹងត្រែង ដែលជាអង្គការមិនមែនរដ្ឋាភិបាល បាននិយាយថា អង្គការរបស់លោកបានចាប់ផ្ដើមធ្វើការងារដើម្បីរៀបចំឯកសារចុះបញ្ជីស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីជាមួយសហគមន៍ភូមិក្បាលរមាស តាំងពីដើមឆ្នាំ២០១០មកម្ល៉េះ ។ ប៉ុន្តែ លោក សុឡានី បាននិយាយថា នៅពេលដែលការអភិវឌ្ឍចាប់ផ្ដើមឡើងសម្រាប់គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ «មន្ទីរខេត្តពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានបានស្នើសុំពន្យារពេលដោយសារពួកគេនិយាយថា ភូមិក្បាលរមាសនឹងត្រូវរើចេញទៅកាន់ទីតាំងថ្មីបន្ទាប់ពីការធ្វើទំនប់រួចរាល់» ។
យោងតាមច្បាប់ភូមិបាលកម្ពុជាត្រង់ចំណុចស្ដីពីអចលនវត្ថុរបស់សហគមន៍ជនជាតិដើមភាគតិច ដីដែលពាក់ព័ន្ធនឹងសហគមន៍ដែលបានលើកឡើង គឺជាកន្លែងដែលសហគមន៍ជនជាតិភាគតិចបានសង់លំនៅឋាននិងកន្លែងដែលពួកគេប្រកបរបរកសិកម្មបែបប្រពៃណី ។ ទោះបីភូមិក្បាលរមាសចាស់ស្ថិតក្រោមលក្ខណវិនិច្ឆ័យនេះក្ដី អ្នកភូមិដែលនៅក្រាញននៀលនៅលើដីដែលស្ថិតនៅផ្នែកខាងលើបន្តិចនៃតំបន់អាងទឹកមិនត្រូវបានទទួលស្គាល់ជាភូមិផ្លូវការនៅឡើយទេ បើទោះបីអាជ្ញាធរខេត្តបានអនុញ្ញាតឱ្យពួកគេរស់នៅទីនោះបន្តក៏ដោយ ។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បាននិយាយថា ក្រុមមន្ត្រីបានគាំទ្រការខិតខំរបស់សហគមន៍ជនជាតិដើមភាគតិចពូនងដើម្បីទទួលបានបណ្ណកម្មសិទ្ធិដីសមូហភាព ប៉ុន្តែ លោកបាននិយាយថា ឧបសគ្គចម្បងបំផុតគឺការត្រួតស៊ីគ្នាជាមួយនឹងដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋបានប្រគល់ឱ្យទៅក្រុមហ៊ុន Siv Guek ។
លោក គុង បាននិយាយថា ក្រុមការងារខេត្តមកពីកម្រិតជាច្រើនរបស់រដ្ឋាភិបាលបានមកទស្សនកិច្ចសហគមន៍ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែ នៅទីបញ្ចប់ «ពុំទាន់មានការសម្រួលណាមួយនៅឡើយទេ រវាងក្រុមហ៊ុននិងសហគមន៍» ថាតើត្រូវសម្រុះសម្រួលគ្នាយ៉ាងដូចម្ដេច ។
លោកបាននិយាយថា៖ «យើងនៅមិនអាចដោះស្រាយបញ្ហានេះបាន ពីព្រោះផ្ទៃដីដែល យើងអាចធ្វើការជូនគាត់បាន គឺមានត្រឹមតែជាង ៩០០ហិកតាទេ» ។ លោកបានបន្តថា៖ «យើងមិនអាចធ្វើតាម[អ្វីដែលសហគមន៍ភូមិក្បាលរមាសចាស់ចង់បាន]ឡើយ ពីព្រោះដីដែលនៅសល់ក្នុងតំបន់នោះ គឺជាដីដែលមានម្ចាស់កម្មសិទ្ធិស្របច្បាប់រួចទៅហើយ ហើយយើងមិនមានផ្ទៃដីឯណាលើសពីហ្នឹងទៀតទេ »។
កូនចៅជំនាន់ក្រោយដែលមិនទាន់កើត
ស្របពេលជាមួយគ្នានេះ ដោយសារតែពុំទាន់មានសិទ្ធិស្របច្បាប់ដើម្បីកាន់កាប់ដីសមូហភាពនៅឡើយ សហគមន៍ដែលនៅក្រាញននៀលមិនព្រមចាកចេញពីភូមិក្បាលរមាសចាស់ កំពុងរស់នៅក្នុងស្ថានភាពមួយដែលងាយនឹងរងគ្រោះ ។ ឥឡូវនេះ គ្រួសារខ្លះបានសង់ផ្ទះថ្មី និងប្រឹងប្រែងរស់តាមលទ្ធភាពដែលអាចធ្វើទៅបាន ប៉ុន្តែ ប្រជាពលរដ្ឋមួយចំនួនត្អូញត្អែរថា ពួកគេមិនទទួលបានអគ្គិសនីពីទំនប់ដែលធ្វើឱ្យពួកគេបាត់បង់ផ្ទះសម្បែងផងទេ ដោយពួកគេពឹងផ្អែកលើបន្ទះថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡា) ដើម្បីបំភ្លឺផ្ទះសម្បែងរបស់ពួកគេ ។
កាន់តែលំបាកជាងនេះទៀត អ្នកភូមិនិយាយថា ស្ថានភាពមិនទាន់ដោះស្រាយដាច់ស្រេចរបស់ពួកគេអាចនឹងនាំឱ្យពួកគេប្រឈមនឹងការទន្ទ្រានយកដីរបស់ពួកគេពីសំណាក់ជនដែលកំពុងចូលកាន់កាប់ដីដូនតារបស់ពួកគេ ។ សហគមន៍និយាយថា រឿងនេះបានកើតឡើងរួចហើយកាលពីពេលកន្លងមក ដោយអះអាងថា ក្រុមហ៊ុន Huayue បានឈូសឆាយទន្រ្ទានយកដីដែលសំខាន់ចំពោះការប្រណិប័តន៍វប្បធម៌និងទំនៀមទម្លាប់ប្រពៃណីរបស់សហគមន៍ ។
ប្រ៊ច់ រិទ្ធី អាយុ ២៩ឆ្នាំ គឺជាប្រធានស្ដីទីនៃក្រុមការងារចុះល្បាតព្រៃឈើនិងជលផលសហគមន៍ ។ លោក រិទ្ធី បាននិយាយថា លោកតែងតែចង់ការពារធនធានធម្មជាតិយ៉ាងខ្លាំង ។ លោកនិយាយថា៖ «ដោយសារយើងមិនដឹងថាតើការអភិវឌ្ឍនឹងមានផលប៉ះពាល់ដូចម្ដេចខ្លះលើធនធានធម្មជាតិសម្រាប់កូនចៅយើងជំនាន់ក្រោយ ខ្ញុំនៅតែមានទឹកចិត្តក្នុងការបន្តធ្វើការងារនេះ [សម្រាប់កូនចៅយើងជំនាន់ក្រោយដែលមិនទាន់កើត]» ។
រិទ្ធី បានសំណូមពរទៅកាន់មន្ត្រីពាក់ព័ន្ធបន្តសហការជាមួយសហគមន៍ដើម្បីពន្លឿនដំណើរការចុះបញ្ជីបណ្ណកម្មសិទ្ធិដីសមូហភាព ដើម្បីកុំឱ្យសហគមន៍ជនជាតិដើមភាគតិចពូនងភូមិក្បាលរមាសចាស់ប្រឈមមុខនឹងការបណ្ដេញចេញនាពេលអនាគត ។ រិទ្ធី បាននិយាយយ៉ាងដូច្នេះថា៖ «យើងពិតជាមានការភ័យខ្លាច និងរស់នៅទាំងព្រួយបារម្ភ»។ លោកបានបន្ថែមថា៖ «រាល់ថ្ងៃនេះ ក្រុមហ៊ុនអះអាងថា ដីនៅក្នុងតំបន់នេះ ជាដីរបស់ក្រុមហ៊ុន ចំណែកឯយើងដែលជាម្ចាស់ស្រុកបែរជាពុំមានសិទ្ធិរស់នៅទីនេះទៅវិញ» ៕
“This story was supported by Internews’ Earth Journalism Network through Strengthening Transparency in Infrastructure Development Through Environmental Reporting in Southeast Asia.“
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Stung Treng Bunong Community Fights for Collective Land Title Years After Deluge of Lower Sesan II dam