សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ស្ថាន​ភាព​ប្រាសាទ​តាមាន់​ធំ​មាន​ភាពស្ងប់ស្ងាត់ ប៉ុន្តែ​ការខ្វែងគំនិតគ្នាលើទីតាំងនោះនៅតែមាន

ប្រាសាទតាមាន់ធំដែលមានទីតាំងនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យដែលបង្ហោះដោយមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ កាលពីឆ្នាំ ២០២០។
ប្រាសាទតាមាន់ធំដែលមានទីតាំងនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យដែលបង្ហោះដោយមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ កាលពីឆ្នាំ ២០២០។

ស្ថានការណ៍នៅប្រាសាទតាមាន់ធំ នៅតំបន់ដែលមិនទាន់កំណត់ព្រំដែនរួចរាល់នៅតាមព្រំដែនកម្ពុជា-ថៃ ពេលនេះមានសភាពស្ងប់ស្ងាត់ហើយ ដោយមិនមានការរាយការណ៍ពីភាពតានតឹងនោះទេ។ ទោះ​យ៉ាង​ណា ថៃ និង​កម្ពុជា​ទាំង​ពីរ​នៅ​តែ​បន្ត​អះអាង​ថា​ប្រាសាទ​នេះ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​រៀង​ខ្លួន។

យោងតាមកាសែត The Nation ភាពតានតឹងបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅពេលដែលទាហានខ្មែរមួយក្រុមបានទៅទស្សនាប្រាសាទតាមាន់ធំ ហើយបានថតវីឌីអូ និងច្រៀងភ្លេងជាតិ។ សកម្មភាពនេះបាននាំឱ្យមានការប្រឈមមុខដាក់គ្នាជាមួយកងទ័ពថៃដែលឈរជើងនៅទីនោះ ដោយពួកគេមានការព្រួយបារម្ភថាវីដេអូនេះអាចត្រូវបានប្រើប្រាស់ដើម្បីគាំទ្រការទាមទារទឹកដីរបស់កម្ពុជា។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានប្រាប់សារព័ត៌មានក្នុងស្រុកថា យោធាបានសរសេរលិខិតតវ៉ាជាផ្លូវការទៅកាន់កងទ័ពកម្ពុជា ដោយទទូចថាប្រាសាទនេះស្ថិតនៅលើទឹកដីថៃ បើទោះបីជាមានការបោះបង្គោលព្រំដែនមិនទាន់បានដោះស្រាយក៏ដោយ។ លោក​បន្ថែម​ថា លោក​នឹង​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ។

ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​កម្ពុជា​អះអាង​ថា ប្រាសាទតាមាន់​ធំ ជា​ប្រាសាទ​បុរាណ​ខ្មែរ​មួយ​ស្ថិត​នៅ​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ មាន​ចម្ងាយ​ប្រមាណ ៤៨​គីឡូម៉ែត្រ​ពី​ក្រុង​សំរោង។ ប្រាសាទនេះត្រូវបានចុះបញ្ជីជាផ្លូវការនៅក្នុងបញ្ជីសារពើភណ្ឌរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា។

ខណៈ​អាជ្ញាធរ​ថៃ​ទទូច​ថា​ប្រាសាទ​នេះ​ស្ថិត​នៅ​លើ​ដី​ថៃ កម្ពុជា​រក្សា​ថា​ប្រាសាទ​តាមាន់​ធំ ជា​ប្រាសាទ​បុរាណ​ខ្មែរ​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់​កម្ពុជា។

លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា៖ «ប្រាសាទតាមាន់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជា»

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ សារព័ត៌មានខេមបូចា ថា ក្រសួង​មិនទាន់ទទួលបានលិខិតតវ៉ាផ្លូវការណាមួយពីប្រទេសថៃទេ។ លោក​បាន​បញ្ជាក់​ជា​ថ្មី​ថា ស្ថានភាព​ព្រំដែន​នៅ​តែ​ស្ងប់ស្ងាត់​ជា​ទូទៅ ដោយ​ច្រាន​ចោល​ការ​ព្រួយ​បារម្ភ​ដែល​ត្រូវ​បាន​លើកឡើង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ ដែល​លោក​​ថា «បំប៉ោង» ឧប្បត្តិហេតុ​នេះ។

ស្រដៀង​គ្នា​នេះ​ដែរ លោក ចាន់យ៉ាដា បាន​ថ្លែង​ថា រដ្ឋបាលខេត្ត​ក៏​មិន​បាន​ទទួល​ការ​ទំនាក់​ទំនង​ជា​ផ្លូវ​ការ​ពី​ប្រទេស​ថៃ​ដែរ ដោយ​បញ្ជាក់​ថា ស្ថានការណ៍​នៅ​ប្រាសាទ​បាន​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ហើយ។ លោក​បាន​បន្ថែម​ថា​៖ «​មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​មក​ពី​ប្រទេស​ទាំង​ពីរ​ក៏​បាន​ជួប​គ្នា​ដែរ ហើយ​បាន​យល់​ព្រម​រក្សា​ភាព​ស្ងប់ស្ងាត់​»

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ Khaosod មន្ត្រីថៃ និងកម្ពុជាបានពិភាក្សាគ្នាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងទប់ស្កាត់ការយល់ច្រឡំនាពេលអនាគតនៅតាមព្រំដែន។ ភាគីទាំងពីរបានពិពណ៌នាថា កិច្ចពិភាក្សានេះមានលក្ខណៈស្និទ្ធស្នាល និងបានបញ្ចប់ដោយការប្តេជ្ញាចិត្តទៅវិញទៅមក ក្នុងការរក្សាស្ថិរភាព។

ភាព​តានតឹង​ជា​ប្រវត្តិសាស្ត្រ​នៅ​កន្លែង​នោះ​មិន​មែន​ជា​រឿង​ថ្មី​ទេ។ កាល​ពី​ខែ​មេសា ឆ្នាំ​២០១១ ការ​ប៉ះ​ទង្គិច​មួយ​បាន​កើត​ឡើង​រវាង​ទាហាន​កម្ពុជា និង​ថៃ នៅ​ក្បែរ​ប្រាសាទ​តាមាន់ធំ និង​ប្រាសាទ​តាក្របី ដោយ​ទាហាន​ថៃ​បាន​ផ្តួច​ផ្តើម​ការ​វាយ​ប្រហារ​មក​លើ​កង​កម្លាំង​កម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរបានបន្ថយស្ថានការចំពោះឧប្បត្តិហេតុនេះ ខណៈដែលមន្ត្រីនៃប្រទេសទាំងពីរបានជួបប្រជុំគ្នាដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះស្ថិរភាព។

ឧប្បត្តិហេតុចុងក្រោយនេះបានបន្តការពិភាក្សាអំពីអធិបតេយ្យភាពព្រំដែន ដោយមានអ្នកវិភាគអំពាវនាវឱ្យមានការបង្ហាញកាន់តែច្បាស់ពីរដ្ឋាភិបាលកម្ពុជា និងយន្តការផ្លូវច្បាប់អន្តរជាតិដ៏មានសក្តានុពលមួយដើម្បីដោះស្រាយជម្លោះនេះ។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរវាងកម្ពុជា និងថៃ ត្រូវបានគេមើលឃើញថាជាសកម្មភាពវិជ្ជមានក្នុងការទប់ស្កាត់ជម្លោះកុំឱ្យកើនឡើង។

ប្រសាសន៍​នោះ លោក​បញ្ជាក់​ពី​តម្រូវការ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្តល់​ព័ត៌មាន​កាន់តែ​ច្បាស់​ដល់​សាធារណជន ដើម្បី​បំបាត់​មន្ទិល​ពាក់ព័ន្ធ​នឹង​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី។ លោកបានមានប្រសាសន៍ថា កម្ពុជាគួរតែស្វែងរកយន្តការតុលាការអន្តរជាតិ ដើម្បីដោះស្រាយវិវាទព្រំដែន ទោះបីជាលោកមានមន្ទិលចំពោះប្រសិទ្ធភាពនៃយន្តការនេះដោយផ្អែកលើបទពិសោធន៍កន្លងមកក៏ដោយ។

ខណៈដែលព្រំដែនកម្ពុជា-សៀម មានតាំងពីសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង ១៩០៧ មក លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្ទៀងផ្ទាត់ព្រំដែនទឹកដីពិតប្រាកដ។

លោកមានប្រសាសន៍ថា៖ «យើង​ឃើញ​ថា កង​កម្លាំង​ជួរ​មុខ​ប្ដេជ្ញា​រក្សា​បូរណភាព​ទឹក​ដី។ ខ្ញុំ​គាំទ្រ​ការ​តាំងចិត្ត​និង​ការ​ប្តេជ្ញាចិត្ត​របស់​ពួកគេ​»​

ទោះបីជាមានភាពតានតឹងនៅតែបន្តកើតមានក៏ដោយ លោកជឿជាក់ថាបញ្ហានេះនឹងមិន «ប៉ះពាល់ខ្លាំង» ដល់ទំនាក់ទំនងទ្វេភាគីនោះទេ ដោយសារការដឹកនាំរបស់ប្រទេសទាំងពីរហាក់ដូចជាមានភាពស៊ីសង្វាក់គ្នាក្នុងការរក្សាស្ថិរភាពការទូត។

លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា មិនឆ្លើយតបទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Ta Moan Thom Temple Situation Stabilizes, But Disputes On Rightful Location Persist

454 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម