សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ​២នាក់ ជាប់ពន្ធនាគារ៦ឆ្នាំ ពី​បទ​ចារកម្ម ពាក់ព័ន្ធនឹងការថតរូបស្ពានបង្ហោះ

ស្ពានអូរជីក ជាប់ព្រំប្រទល់រវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងស្រុកស្រីស្នំ ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ថៃ​ ដែលត្រូវបានយោធាថៃប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកចំបណ្ដាលឱ្យខូចខាត នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ។ (រូបភាព៖ AKP)
ស្ពានអូរជីក ជាប់ព្រំប្រទល់រវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងស្រុកស្រីស្នំ ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ថៃ​ ដែលត្រូវបានយោធាថៃប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកចំបណ្ដាលឱ្យខូចខាត នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ។ (រូបភាព៖ AKP)

ពលរដ្ឋពីរនាក់រស់នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ កាលពីខែមុន ពាក់ព័ន្ធនឹងការថតរូបស្ពានមួយកន្លែងដែលជាប់ព្រំប្រទល់រវាងខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យ ដែលក្រោយមកត្រូវបានយោធាថៃបំផ្ទុះដោយការទម្លាក់គ្រាប់បែក។ យោងតាមការផ្សាយលើហ្វេសប៊ុកផេករបស់អង្គការ លីកាដូនៅថ្ងៃទី​៨ ខែមិថុនា ឆ្នាំ២០២៦ ។

អង្គការ លីកាដូ បានបង្ហាញថា សាលាដំបូងខេត្តសៀមរាបបានផ្តន្ទាទោសចំពោះ លោក ម៉ិក ឌៀប អាយុ ៣៣ឆ្នាំ និងលោក ហ៊ុន ហុង អាយុ ៣៦ឆ្នាំ រស់នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៤៤៦ ពីបទ ប្រមូលផ្តុំព័ត៌មាន ជាអាទិ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ និងមាត្រា ២៧ ពីបទប៉ុនប៉ងក្នុងបទឧក្រិដ្ឋនៃក្រមព្រហ្មទណ្ឌ ។

អ្នកទាំងពីរត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ចំពោះការថតរូបស្ពានអូរជីក ស្ថិតនៅព្រំប្រទល់ខេត្តសៀមរាប និងឧត្តរមានជ័យ អំឡុងពេលជម្លោះព្រំដែនជាមួយថៃ ។ ពីរទៅបីថ្ងៃក្រោយមក ស្ពាននោះត្រូវបានបំផ្ទុះដោយការទម្លាក់គ្រាប់បែករបស់យោធាថៃ ។

លោក ឌៀប និងលោក ហុង បានប្តឹងឧទ្ធរណ៍កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ហើយអ្នកទាំងពីរកំពុងជាប់ឃុំនៅពន្ធនាគារខេត្តសៀមរាប ។

គួររំឭកថា យោធាថៃបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកលើស្ពានអូរជីក ស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងស្រុកស្រីស្នំ ខេត្តសៀមរាប ដែលមានចម្ងាយ​ប្រមាណ ១០០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ថៃ នៅវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ម្តងទៀត ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម