សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជាដាក់លិខិតតវ៉ាប្រឆាំងនឹងការអភិវឌ្ឍរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែន

យោធាថៃបានសាងសង់លេណដ្ឋាននៅជិតផ្ទះក្រហម ឬផ្ទះតាម៉ុក ក្នុងខេត្តព្រះវិហារ​។ រូបភាពថតនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។ (ខេមបូចា/យូសុះ អាប់ឌុលរ៉ាស់ហ៊ីម)
យោធាថៃបានសាងសង់លេណដ្ឋាននៅជិតផ្ទះក្រហម ឬផ្ទះតាម៉ុក ក្នុងខេត្តព្រះវិហារ​។ រូបភាពថតនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។ (ខេមបូចា/យូសុះ អាប់ឌុលរ៉ាស់ហ៊ីម)

កម្ពុជាបានលើកឡើងពីការព្រួយបារម្ភ ហើយក៏បានដាក់លិខិតតវ៉ាចំពោះការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កងទ័ពថៃនៅតាមបណ្តោយព្រំដែន និងជំរុញឱ្យពួកគេបញ្ឈប់សកម្មភាពឯកតោភាគី។

ក្រសួងការបរទេសកាលពីថ្ងៃទី១៩ ខែមេសា បានឱ្យដឹងថា កងទ័ពថៃបាននិងកំពុងសាងសង់ និងឈូសឆាយដីក្នុងតំបន់ព្រំដែននៃខេត្តមួយចំនួនដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ក្នុងគោលបំណងចង់គ្រប់គ្រងលើទឹកដីកម្ពុជា ។

នៅក្បែរប្រាសាទព្រះវិហារ កងទ័ពថៃបានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ ខណៈនៅខេត្តឧត្តរមានជ័យ ផ្លូវមួយត្រូវបានសាងសង់នៅជិតបង្គោលព្រំដែនលេខ២បច្ចុប្បន្ន និងនៅតំបន់ដើមតាត្រាវ ស្រុកត្រពាំងប្រាសាទ ។

ក្រសួងបានបន្តថា កងទ័ពថៃក៏បានជីកលេណដ្ឋាននៅច្រកទ្វារអន្តរជាតិជប់គគីរ ក្នុងស្រុកបន្ទាយអំពិល និងសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ហើយបន្តឈូសឆាយដី។ ចំណែកឯ នៅក្នុងតំបន់ថ្មដូន កងទ័ពថៃបានសាងសង់ផ្លូវថ្មើរជើង លេណដ្ឋាន និងផ្លូវថ្នល់។

ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ កងទ័ពថៃបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីឈូសឆាយដីបន្ថែមទៀតនៅក្នុងតំបន់អូរភ្លុកដំរី ។

តាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា៖ «សកម្មភាពទាំងនេះ ក៏ជាការរំលោភលើការប្តេជ្ញាចិត្តរបស់ថៃផ្ទាល់ ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍»​ ។

ក្រសួងបានអំពាវនាវឱ្យដោះស្រាយវិវាទដោយសន្តិវិធី គោរពអធិបតេយ្យភាពទឹកដី និងចៀសវាងការប្រើប្រាស់កម្លាំងលើរដ្ឋមួយទៀត ។

ក្រសួងបានបញ្ជាក់ថា៖ «កម្ពុជាបដិសេធចំពោះការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់សកម្មភាពទាំងនេះថាជាការការពារខ្លួន» ដោយជំរុញឱ្យថៃបញ្ឈប់ «សកម្មភាពឯកតោភាគី» បន្ថែមទៀតនៅក្នុងតំបន់បច្ចុប្បន្ន ឬតំបន់ផ្សេងទៀត ។

ចាប់តាំងពីការឈប់បាញ់ក្នុងខែធ្នូ ដែលបានបញ្ចប់ការប៉ះទង្គិចគ្នារាប់សប្តាហ៍តាមបណ្តោយព្រំដែនរួម ដែលបានសម្លាប់មនុស្សជាង ១០០ នាក់ និងធ្វើឱ្យមនុស្សជិតមួយលាននាក់នៅសងខាងផ្លាស់ទីលំនៅ រដ្ឋាភិបាលកម្ពុជាបានអំពាវនាវម្តងហើយម្តងទៀតឱ្យកងទ័ពថៃចាកចេញពីការកាន់កាប់ទឹកដីកម្ពុជាតាមបណ្តោយតំបន់ព្រំដែន។ រដ្ឋាភិបាលក៏បានជំរុញឱ្យមានកិច្ចសន្ទនាជាមួយប្រទេសថៃ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះ ដែលទីក្រុងបាងកកបានពន្យារពេលជាច្រើនដង។

បច្ចុប្បន្ន ប្រជាជនកម្ពុជារាប់ពាន់នាក់មកពីភូមិតាមព្រំដែននៅតែបន្តភៀសខ្លួន ខណៈដែលអាជ្ញាធរកំពុងសាងសង់ផ្ទះបណ្តោះអាសន្នសម្រាប់អ្នករងគ្រោះ។

នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២០ ខែមេសា អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានមានប្រសាសន៍ថា កម្ពុជានៅតែបន្តតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់កងទ័ពថៃ នៅគ្រប់ទីតាំងដែលពួកគេបានកាន់កាប់ខុសច្បាប់ ចាប់តាំងពីអនុវត្តបទឈប់បាញ់ក្នុងខែធ្នូ ឆ្នាំ២០២៥ ។

លោក បូណា បានបញ្ជាក់ថា៖ «ការតវ៉ាជាផ្លូវការទាំងនេះ គឺជាកាតព្វកិច្ច និងមានសារៈសំខាន់ក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា ហើយជាពិសេស [បម្រើ] ជាការព្រមានដល់ភាគីថៃថា កម្ពុជាគឺជាម្ចាស់ស្របច្បាប់នៃតំបន់ទាំងនោះ។ ថៃមិនអាចកាន់កាប់បានឡើយ»។

ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញលិខិតតវ៉ាយ៉ាងខ្លាំងក្លាលើការកាន់កាប់ «ខុសច្បាប់» និង «ដោយកម្លាំង» របស់កងទ័ពថៃ លើទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ដូចជាប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងកន្លែងផ្សេងទៀតក្នុងដែនអធិបតេយ្យភាព ។

លិខិតតវ៉ានេះធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា កងទ័ពថៃបានបើកប្រាសាទតាក្របី និងភ្នំ៣៥០ ឱ្យភ្ញៀវទេសចរចូលទស្សនាក្នុងឱកាសបុណ្យសង្គ្រាន្ត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ដែលជាការអនុញ្ញាតឱ្យមនុស្សចូលជាលើកដំបូង បន្ទាប់ពីមានការប៉ះទង្គិចគ្នាព្រំដែន៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Files Protest Against Thai Forces’ Continued Violation of Sovereign Territories

ព័ត៌មានថ្មី

អត្ថបទពេញនិយម