អ្នកនយោបាយថៃនិរទេសខ្លួនឈ្មោះ Vatana Asavahame ដែលជាប់ពាក់ព័ន្ធនឹងការ គ្រប់គ្រងកាស៊ីណូនៅប៉ោយប៉ែតដែលរងការឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីសប្តាហ៍មុន បានទទួលសញ្ជាតិខ្មែរតាមព្រះរាជក្រឹត្យឆ្នាំ២០០៨។ នេះបើយោងតាមឯកសារនានាដែលខេមបូចាបានស្រាវជ្រាវរកឃើញ។
ភរិយារបស់លោក Asavahame មានទំនាក់ទំនងពាណិជ្ជកម្មជាមួយឧកញ៉ា លី យ៉ុងផាត់។ អ្នកទាំងពីរទំនងជាជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ដែលត្រូវភ្លើងឆាបឆេះកាលពីថ្ងៃពុធសប្តាហ៍មុន ដោយបានសម្លាប់មនុស្សយ៉ាងតិច២៦ នាក់ និងរាប់សិបនាក់រងរបួស។
អាជ្ញាធរខេត្តបានប្រាប់ថា ពួកគេកំពុងតែស៊ើបអង្កេតពីមូលហេតុនៃការឆាបឆេះនេះនៅឡើយ ដោយការសន្និដ្ឋានដំបូងថាវាបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
លោក Asavahame អតីតអនុរដ្ឋមន្ត្រីមហាផ្ទៃថៃត្រូវបានកាត់ទោសកំបាំងមុខ និងកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំក្នុងខែសីហា ឆ្នាំ២០០៨ សម្រាប់ការប្រើប្រាស់តួនាទីក្នុង រឿងអាស្រូវពុករលួយដ៏ធំមួយ ជុំវិញការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកសំណល់។ កាសែត បាងកកប៉ុស្តិ៍បានរាយការណ៍ថាដីការចាប់ខ្លួនអតីតមន្រ្តីជាន់ខ្ពស់ថៃរូបនេះនៅតែមាននៅ ឡើយ។
ប៉ុន្តែលោក Asavahame ដែលបច្ចុប្បន្នមានវ័យ៨៧ឆ្នាំ បានភៀសខ្លួនចេញពីប្រទេសថៃជាច្រើនខែមុនការកាត់ទោសលោក។ លោកនិងភរិយាដែលជាជនជាតិថៃដែរ ឈ្មោះ Pinyapap Sunee អាយុ៦៥ឆ្នាំបានទទួលសញ្ជាតិខ្មែរនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៨ ពីព្រះបាទនរោត្តមសីហមុនី។
តាមព្រះរាជក្រឹត្យដដែលអតីតមន្រ្តីថៃរូបនេះបានប្តូរឈ្មោះមកជា សុខ សម្បត្តិ ខណៈភរិយារបស់លោកបានប្តូរឈ្មោះមកជា មាន វាសនា។
លោក Mark S. Cogan អ្នកជំនាញសិក្សាពីថៃមកពីសាកលវិទ្យាល័យ Kansai Gaidai ក្នុងប្រទេសជប៉ុនបានលើកឡើងថា៖ «ទំនាក់ទំនងនយោបាយនិងអាជីវកម្មប្រហែលជាអ្វីដែលអនុញ្ញាតឱ្យគាត់ [Asavahame] ភៀសខ្លួនពីប្រទេសខ្លួនមកកាន់ប្រទេសកម្ពុជា។ វាមានផលប្រយោជន៍ទៅវិញទៅមកក្នុងរឿងនយោបាយ និងពាណិជ្ជកម្មរវាងថៃនិងកម្ពុជា»។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
ភរិយារបស់លោក Asavahame គឺអ្នកស្រីវាសនាមានឈ្មោះក្នុងបញ្ជីជានាយកក្រុមហ៊ុន Grand Diamond Holding Private Limited ហើយលោក លី យ៉ុងផាត់ ត្រូវបានចុះបញ្ជីជានាយកក្រុមហ៊ុន Diamond City Private Limited។ ក្រុមហ៊ុនទាំងពីរមានអ៊ីមែលនិងអាសយដ្ឋានសាជីវកម្មដូចគ្នានៅក្នុងសង្កាត់អូរជ្រៅក្នុងក្រុងប៉ោយប៉ែត ហើយក្រុមហ៊ុននីមួយៗត្រូវបានបញ្ចូលគ្នានៅដើមឆ្នាំ២០២២។នេះបើយោងតាមកំណត់ត្រារបស់ក្រសួងពាណិជ្ជកម្ម។
ក្រុមហ៊ុនទាំងពីរក៏មានអាសយដ្ឋានរួមគ្នាជាមួយក្រុមហ៊ុន Grand Exclusive ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ចដែលដំណើរការសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ដែលបានបើកក្នុងខែតុលា ឆ្នាំ 2001។ គេហទំព័ររបស់ Grand Exclusive លែងដំណើរការទៀតហើយ។

ទាំងអ្នកស្រី វាសនា និងលោក លី យ៉ុងផាត់ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ ហើយលោក Asavahame ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ។ កូនប្រុសរបស់លោក លី យ៉ុងផាត់ គឺលោក ផាត ប៊ុនហួរ បាននិយាយថា លោកមិនបានដឹងអ្វីសោះអំពីការជាប់ពាក់ព័ន្ធរបស់ឪពុកខ្លួនជាមួយនឹងសណ្ឋាគារ និងកាស៊ីណូ Grand Diamond City។
មានដើមកំណើតនៅខេត្តកោះកុង លោក លី យ៉ុងផាត់ មានទំនាក់ទំនងអាជីវកម្មយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃជាយូរមកហើយ ដូចជាក្រុមហ៊ុនរបស់លោក Air Siem Reap ដែលជាសាខារបស់ក្រុមហ៊ុន Bangkok Airways។ លោក លី យ៉ុងផាត ក៏បានជួយក្រុមហ៊ុនស្ករសថៃ KSL Industry និង Mitr Phol ទទួលបានដីសម្បទានដ៏ធំនៅខេត្តកោះកុង និងឧត្តរមានជ័យ ក្នុងឆ្នាំ២០០៦ និង២០០៧ ដែលក្រោយមកជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិ និងការបណ្តេញចេញ។ នេះបើយោងតាមអង្គការសិទ្ធិមនុស្ស លីកាដូ។
ខណៈពេលដែលលោក លី យ៉ុងផាត់ ជាប់ពាក់ព័ន្ធក្នុងអាជីវកម្មកម្សាន្តផ្សេងៗ គេហទំព័ររបស់ក្រុមហ៊ុន លី យ៉ុងផាត មិនបានរាយបញ្ជីទំនាក់ទំនងផ្លូវការណាមួយជាមួយ Grand Diamond Holding Private Limited Company ទេ។
ពាណិជ្ជករខ្មែរម្នាក់ឈ្មោះ សឿម សាអ៊ីម ត្រូវបានចុះបញ្ជីក្នុងបញ្ជីក្រសួងពាណិជ្ជកម្មជាប្រធានក្រុមហ៊ុន Grand Diamond Holding Private Limited គិតត្រឹមខែមេសា ឆ្នាំ២០២២ និងជានាយកក្រុមហ៊ុន Diamond City Private Limited គិតត្រឹមខែសីហា ឆ្នាំ២០២២។
កងរាជអាវុធហត្ថកាលពីខែមីនា ឆ្នាំ២០១៨ បានបង្ហោះលើបណ្តាញហ្វេសប៊ុកអរគុណដល់៖ «លោក សឿម សាអ៊ីម អគ្គនាយកកាស៊ីណូហ្រ្គែនដាយមិន នៃប៉ោយប៉ែតរីសត បាននាំយកអំណោយលើកទឹកចិត្ត ជូនដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត»។
នៅពេលដែលអ្នកយកព័ត៌មានទាក់ទងទៅលោក សាអ៊ីម បានបញ្ជាក់ពីអត្តសញ្ញាណ និងការជាប់ពាក់ព័ន្ធនឹងសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ប៉ុន្តែបានអះអាងថា លោកលែងពាក់ព័ន្ធនឹងមុខជំនួញទៀតហើយ។
លោក សាអ៊ីម ថ្លែងថា៖ «ខ្ញុំមិននៅទីនោះទេ ខ្ញុំមិននៅទីនោះ» នៅពេលសួរអំពីកាស៊ីណូ។ លោកបន្តថា៖ «ខ្ញុំមិនធ្វើការនៅទីនោះទៀតទេ»។
លោក សាអ៊ីម បានព្យួរមុនពេលមានសំណួរបន្ថែមទៀតអាចត្រូវបានសួរ។
ក្រៅពីលោក លី យ៉ុងផាត់ និងសាអ៊ីម ក្រុមហ៊ុន Diamond City Private Limited ក៏បានរាយនាមជនជាតិថៃមួយចំនួនទៀតដែលមានតួនាទីក្នុងក្រុមហ៊ុននោះដោយក្នុងនោះមាន Sookjai Aektrakul ជានាយក និងManat Bumrerjit ជាប្រធាននាយកក្រុមប្រឹក្សាភិបាល។ នេះបើយោងតាមព័ត៌មានក្នុងគេហទំព័រក្រសួងពាណិជ្ជកម្ម។ ទំព័រ Linkedin មួយបង្ហាញថា Bumrerjit ជាបុគ្គលិកផ្នែកគ្រប់គ្រងទំនាក់ទំនងសាធារណ
ៈនៅក្រុមហ៊ុន Grand Diamond City។
ទាំង Aektrakul និងBumrerjit ក៏ដូចជាស្ថានទូតថៃប្រចាំរាជធានីភ្នំពេញមិនអាចទំនាក់ទំនងសុំអត្ថាធិប្បាយបានទេ។
លោក ឌិន ពុទ្ធី ប្រធានសាខាសមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជានៅប៉ោយប៉ែត បានលើកឡើងថា លោកជឿជាក់ថាអាជ្ញាធរមិនទាន់បានបង្ហាញព័ត៌មានគ្រប់គ្រាន់នៅឡើយទេពីករណីគ្រោះអគ្គីភ័យនេះ។
លោកបានមានប្រសាសន៍ថា៖ «យើងឃើញថាអាជ្ញាធរហាក់ព្យាយាមលាក់បាំងអ្វីមួយ។ ពួកគេប្រហែលជាខ្លាចថាវានឹងប៉ះពាល់ដល់វិស័យទេសចរណ៍ ព្រោះថាពួកគេមិនបានឆែកជាមួយម្ចាស់[កាស៊ីណូ] ពីប្រព័ន្ធសុវត្ថិភាពឡើយ»។
លោក ពុទ្ធី បានរិះគន់ពីហេតុការណ៍ស្លាប់ដោយសារអគ្គីភ័យនេះ ហើយថាប្រសិនបើអគារនោះមិនគោរពតាមច្បាប់សុវត្ថិភាពនោះវាហាក់ពាក់ព័ន្ធនឹងអាជ្ញាធរដែរ។
ក្នុងសុន្ទរកថាសម្តែងការរំលែកទុក្ខដល់ជនរងគ្រោះក្នុងគ្រោះអគ្គីភ័យកាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងការខកចិត្តចំពោះអសមត្ថភាពរបស់អ្នកជួយសង្គ្រោះក្នុងការចូលទៅកាន់ជាន់ខ្ពស់បំផុតនៃកាស៊ីណូដែលមានទំហំ ៥ ៦០០ម៉ែត្រការ៉េ ហើយបានចង្អុលបង្ហាញអំពីពិធីការសុវត្ថិភាពគួរតែត្រូវបានកែលម្អ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយបានបង្វែរសំណួរទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ វិញ។ លោកសិទ្ធិ ឡោះ បាននិយាយថា អាជ្ញាធរបានចាប់ផ្តើមស៊ើបអង្កេតករណីឆេះកាស៊ីណូដើម្បីស្វែងរកមូលហេតុរបស់វា។
លោក សិទ្ធិ ឡោះ បានថ្លែងថា៖ «យើងកំពុងធ្វើការលើការស៊ើបអង្កេតនោះដោយអនុវត្តតាមដំណើរការបច្ចេកទេស ហើយចាំប្រាប់ឱ្យដឹងពីលទ្ធផលបន្ទាប់ពីនោះ»។
លោកបានបន្ថែមថា ម្ចាស់កាស៊ីណូមានសញ្ជាតិថៃ ប៉ុន្តែលោកបានអះអាងថាមិនបានដឹងពីអត្តសញ្ញាណរបស់ពួកគេបន្ថែមទៀតទេ។
លោក សិទ្ធិ ឡោះ បានបន្ថែមថា៖ «ខ្ញុំមិនស្គាល់ឈ្មោះរបស់គាត់ទេ។ ប៉ុន្តែគាត់ស្វាគមន៍ការស៊ើបអង្កេតរបស់យើង»។
លោក Ashavame មិនមែនជាមន្ត្រីថៃតែម្នាក់គត់ដែលមានទំនាក់ទំនងល្អហើយបានភៀសខ្លួនមកកម្ពុជាដើម្បីគេចពីការចោទប្រកាន់នៅក្នុងប្រទេសថៃទេ។ អតីតនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានចោទប្រកាន់ថា បានទទួលលិខិតឆ្លងដែនកម្ពុជា ដែលអនុញ្ញាតឱ្យអ្នកស្រីធ្វើដំណើរទៅប្រទេសផ្សេងៗ បន្ទាប់ពីប្រទេសថៃបានលុបចោលលិខិតឆ្លងដែន។ (រដ្ឋាភិបាលកម្ពុជាបានបដិសេធថាខ្លួនបានចេញលិខិតឆ្លងដែនដល់គ្រួសារស៊ីណាវ៉ាត្រា)។
លោក Asavahame ត្រូវបានគេភ្ជាប់ទៅនឹងសកម្មភាពខុសច្បាប់ផ្សេងទៀតមុនពេលកាត់ទោសពុករលួយ។ លោកត្រូវបានបដិសេធមិនផ្តល់ទិដ្ឋាការដើម្បីធ្វើដំណើរទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៤ ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ព្រោះតែរងការចោទពីបទជួញដូរគ្រឿងញៀន។
លោក Cogan បាននិយាយថា៖ «វាហាក់ដូចជាមានភាពខុសគ្នាខ្លាំងនៅទីនោះ ដែលមាន មន្ត្រីជាន់ខ្ពស់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មធំៗ ដូចជាអំពើពុករលួយ ការក្លែងបន្លំ និងសកម្មភាពមិនសមរម្យគ្រប់ប្រភេទ ហើយភាគីថៃ ឬកម្ពុជានៅតាមព្រំដែនមិនចាប់អារម្មណ៍នឹងការកាត់ទោសទេ»។
ប៉ុន្តែអ្នកប្រឆាំងកម្ពុជានិងសកម្មជននយោបាយដែលស្វែងរកការជ្រកកោននៅប្រទេសថៃ បានប្រឈមមុខនឹងការធ្វើបត្យាប័ន ដោយបំពានច្បាប់អន្តរជាតិ។ នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស។ ក្រុមអ្នកប្រឆាំងថៃដែលភៀសខ្លួនមកកម្ពុជាបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ដែលជាសញ្ញាបង្ហាញថាមានការសកម្មភាពហិង្សាដែលប៉ះពាល់ដល់អាយុជីវិតមនុស្ស។
លោក Cogan បាននិយាយថា៖ «ជ្រុងម្ខាងទៀត [អាជ្ញាធរ] ចាប់អារម្មណ៍ក្នុងការដោះដូរធ្វើមាតុភូមិនិវត្តន៍អ្នកប្រឆាំងថៃ ឬកម្ពុជា ដែលបានភៀសខ្លួនចេញពីកន្លែងកើតហេតុ។ ហើយការសហការរវាងប្រទេសទាំងពីរបែបនោះគឺជារឿងធម្មតាពេកហើយ»៕