សន្ទុះរបស់ប្រជាពលរដ្ឋកម្ពុជាពិហិការមិនប្រើប្រាស់ផលិតផលថៃមានការកើនឡើង ជាមួយគ្នានេះដែរ ក្រុមហ៊ុនមិនមែនជារបស់ថៃមួយចំនួនទៀតក៏កំពុងរងផលប៉ះពាល់ដែរ ដោយរងការចោទថា បានលុបចោលកិច្ចសន្យាការងារជាមួយតារារ៉េបល្បីឈ្មោះមួយរូបរបស់កម្ពុជា ក្រោយពីលោកបានបញ្ចេញមតិយោបល់រឿងជម្លោះព្រំដែនកម្ពុជា-ថៃ។ អ្នកជំនាញខាងអាជីវកម្មអំពាវនាវឲ្យរក្សាភាពអព្យាក្រឹត ខណៈថ្នាក់ដឹកនាំប្រទេសព្រមានថា ការធ្វើពហិការនេះអាចជា «អន្ទាក់របស់សត្រូវ» និងធ្វើឲ្យប៉ះពាល់ប្រទេសកម្ពុជាជាងក្រុមហ៊ុន។
ឃ្លាដែលនិយាយថា៖ «ពហិការទំនិញថៃ»កំពុងពេញនិយម។ កាលពីដើមខែនេះ ម្ចាស់ស្ថានីយប្រេងឥន្ធនៈមួយចំនួនបានប្រកាសពីគម្រោងលុបកិច្ចសន្យារបស់ខ្លួនជាមួយក្រុមហ៊ុនប្រេងរបស់ថៃ PTT ដោយងាកមកបង្កើតក្រុមហ៊ុនក្នុងស្រុក និងបានដូរឈ្មោះថាស្ថានីយប្រេងឥន្ធនៈសន្តិភាព ឬហៅកាត់ថា PPC។
យ៉ាងណាទំនោរនៃការធ្វើពហិការនេះបានរាលដាលដល់ទំនិញដែលមិនមែនជាផលិតផលថៃ។ ក្រុមហ៊ុនមិនមែនជារបស់ថៃដូចជាកូកាកូឡា កំពុងរងការរិះគន់ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ក្រោយពីក្រុមហ៊ុននេះរងការចោតប្រកាន់ថាបានបញ្ចប់កិច្ចសន្យាការងារជាមួយតារ៉េបកម្ពុជាលោក លោក ម៉ម វណ្ណដា ដែលជាអ្នកចេញផ្សាយបទចម្រៀងទាក់ទងនឹងជម្លោះកម្ពុជា-ថៃ។
នៅលើផេករបស់កូកាកូឡា មានអ្នកចូលបញ្ចេញមតិដោយការខឹងសម្បារជាច្រើន ដោយអ្នកបញ្ចេញមតិទាំងនោះចោទក្រុមហ៊ុនមួយនេះថា «កាន់ជើងប្រទេសថៃ» និងបានជំរុញឲ្យក្រុមហ៊ុន «ដកខ្លួនពីកម្ពុជា»។
ភាពជម្រូងជម្រាសនេះបានឆ្លុះបញ្ចាំងពីភាពតានតឹងរវាងជាតិនិយម និងផលប្រយោជន៍ក្រុមហ៊ុន ខណៈថ្នាក់ដឹកនាំប្រទេសបានព្រមានថាការធ្វើពហិការដោយហួសហេតុអាច «ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាច្រើនជាងក្រុមហ៊ុនបរទេស»។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំមិនជំទាស់ទេប្រសិនបើកូកានេះផលិតនៅថៃបងប្អូនអាចឈប់ប្រើបានតែបើកូកានេះផលិតនៅកម្ពុជាបងប្អូនពហិការមិនប្រើ កម្ពុជាគឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់ចំណូលដោយផ្ទាល់និងដោយប្រយោលរបស់ប្រជាជននិងចំណូលរដ្ឋ»។
លោកបន្ថែមថា បើសិនជាក្រុមហ៊ុនដកខ្លួនពីកម្ពុជា នោះនឹងសមតាមបំណងរបស់ថៃ ខណៈប្រទេសជិតខាងមួយនេះតែងតែងព្យាយាមដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជាតាំងពីពេលមានភាពតាងតឹងព្រំដែន។
ដោយសារតែកូកាកូឡាជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដូច្នេះវាគឺជាអន្ទាក់ដែលសត្រូវប្រើប្រាស់បញ្ហានេះធ្វើឲ្យកម្ពុជាក្លាយជាសត្រូវជាមួយអាមេរិកដោយបង្កើតនូវបញ្ហាខាងការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
លោកអំពាវនាវថា៖ «សូមកុំធ្លាក់ក្នុងអន្ទាក់របស់សត្រូវយើង…យើងត្រូវខិតខំរក្សាអ្នកវិនិយោគថៃនៅកម្ពុជាផងដែរដើម្បីប្រយោជន៍របស់យើង»។ លោកបានស្នើឲ្យសាធារណជនរក្សាភាពស្ងៀមស្ងាត់ និងពិចារណាឲ្យបានម៉ត់ចត់លើឫសគល់នៃបញ្ហាក្នុងកាលៈទេសៈនេះ។
លោក រស់ វ៉ាន់រីថា សហស្ថាបនិកក្រុមហ៊ុន Oudom Consulting Co. Ltd ជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកជំនួញ យល់ឃើញថាការដែលក្រុមហ៊ុនកូកាកូឡាដករូបលោក វណ្ណដា ចេញពីផេកផ្លូវការរបស់ខ្លួន គឺបង្ហាញពីភាពអព្យាក្រឹតរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនអន្តរជាតិដូចជាកូកាកូឡា មានគោលនយោបាយជៀសវាងការជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ មិនថានៅប្រទេសណានោះទេ។
លោកឲ្យដឹងទៀតថា៖ «ពួកគេគ្រាន់តែអនុវត្តគោលការណ៍អន្តរជាតិរបស់ខ្លួនក្នុងការរក្សាអព្យាក្រឹត និងការពារប្រយោជន៍សេដ្ឋកិច្ចរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ ក្រុមហ៊ុនកូកាកូឡាមិនទាន់ជ្រើសយកភាគីថៃទេ។ ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជាវិញ វាជាការមើលរំលង ឬបោះបង់កម្ពុជា និងលម្អៀងទៅខាងថៃ»។
ទាំងក្រុមហ៊ុនកូកាកូឡា និងក្រុមហ៊ុនបារមី គ្រប់គ្រងការងាររបស់លោក វណ្ណដា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេគិតមកដល់ម៉ោងផ្សាយនេះ។

លោក Arnaud Darc ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Thalias Hospitality Group បានប្រាប់សារព័ត៌មានខេមបូចាថា ក្រុមហ៊ុនអន្តរជាតិដូចជាកូកាកូឡា ជាទូទៅគឺអនុវត្តតឹងរឹងចំពោះគោលនយោបាយផ្ទៃក្នុងរបស់ខ្លួន ដើម្បីជៀសផុតពីការជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ តែក្រុមហ៊ុនក៏គួរបញ្ជាក់ពីចេតនារបស់ខ្លួនឲ្យបានច្បាស់ផងដែរ។
លោកបន្ថែមថា លោក ម៉ាន់ វណ្ណដា គឺជាសិល្បករដ៏មានឥទ្ធិពលម្នាក់របស់កម្ពុជា ជាពិសេសក្នុងចំណោមយុវវ័យ។ ដូចនេះ ការដកការផ្សាយពាណិជ្ជកម្មរបស់កូកាកូឡានៅពាក់កណ្ដាលខែសីហានេះ បានធ្វើឲ្យសាធារណជនមានការខឹងសម្បារ និងអំពាវនាវឲ្យធ្វើពិហិការផលិតផលកូកាកូឡា។
គិតមកដល់ពេលនេះ ក្រុមហ៊ុនកូកាកូឡាមិនទាន់បញ្ជាក់ពីការបញ្ចប់កិច្ចសន្យាការងារជាមួយលោក វណ្ណដា នៅឡើយ។ ជាមួយគ្នានេះ មានការលេចឮថាការបញ្ចប់កិច្ចសន្យានេះកើតចេញពីការជាប់ពាក់ព័ន្ធរបស់លោកវណ្ណដា ទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ឬថាមកពីក្រុមហ៊ុនរងឥទ្ធិពលពីប្រទេសថៃ។
លោក Arnaud បន្ថែមថា៖ «ពេលដែលក្រុមហ៊ុននៅស្ងៀម ពួកគេធ្វើឲ្យមានចន្លោះប្រហោង ព័ត៌មាន ហើយស្ថានភាពព័ត៌មានឌីជីផលសព្វថ្ងៃនេះ នឹងចូលទៅបំពេញចន្លោះប្រហោងនោះដែលនាំឲ្យកើតជាកំហឹង»។
លោកបន្តថា៖ «ជាក់ស្ដែង កង្វះតម្លាភាពតែងតែបំផ្លាញទំនុកចិត្តរបស់អតិថិជនច្រើនជាងការសម្រេចចិត្តរបស់ខ្លួនផ្ទាល់»។
ក្រៅពីក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុនភេសជ្ជៈផ្សេងទៀតដូចជា Budweiser ក៏រងនូវការរិះគន់ទាក់ទងនឹងថាបានលុបចោលកិច្ចសន្យាការងារជាមួយបុគ្គលល្បីៗដែលហាននិយាយពីជម្លោះព្រំដែន។
ករណីមួយផ្សេងទៀត ដែលប្រជាពលរដ្ឋចាប់ផ្ដើមធ្វើពហិការដែរនោះគឺក្រុមហ៊ុន KOFI ដែលជាក្រុមហ៊ុននាំមុខគេមួយក្នុងការចែកចាយកាហ្វេនៅកម្ពុជា។ ការប្រកាសធ្វើពហិការនេះកើតឡើងក្រោយពីអតិថិជនរកឃើញថាក្រុមហ៊ុនបានបន្លំយកបាកូដកម្ពុជាទៅបិទលើផលិតផលនាំចូលពីប្រទេសថៃ។
ក្រុមហ៊ុនបានពន្យល់ថា ផលិតផលទាំងនោះបានផលិតនៅប្រទេសម៉ាឡេស៊ី និងបានដាក់បាកូដខុស ដែលជាកំហុសបច្ចេកទេសរបស់រោងចក្រ។ ក្រោយមានបណ្ដឹង អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCF) បានចុះត្រួតពិនិត្យ និងរកឃើញថា ផលិតផលទឹកដោះគោចំនួន១៤៤កេស ក្នុងចំណោម២០៥កេសបានបិទបាកូដ «ថ្មី» និងមាន៦១កេសនៅមិនទាន់បានបិទ។ CCF បានទុកពេលពីរថ្ងៃឲ្យក្រុមហ៊ុនប្រមូលផលិតផលត្រឡប់មកវិញ។ បន្ទាប់ពីការរកឃើញនេះ ក្រុមហ៊ុន KOFI បានចេញលិខិតសូមអភ័យទោសមួយទៅកាន់សាធារណជន។
លោក Arnaud លើកឡើងថា ការអំពាវនាវឲ្យធ្វើពហិការគឺ «ជាសកម្មភាពដែលអាចយល់បាន» ក្នុងពេលប្រទេសកំពុងមានជម្លោះ។ លោកបន្ថែមថាប្រជាពលរដ្ឋចង់បង្ហាញពីទឹកចិត្តស្រឡាញ់ជាតិក្នុងមធ្យោបាយអរូបិយមួយ ប៉ុន្តែក្នុងស្ថានភាពសេដ្ឋកិច្ចកម្ពុជាជាក់ស្ដែង «ការធ្វើពហិការអាចជាអាវុធមុខពីរ»។
បើតាមក្រសួងការងារក្រុមហ៊ុនធ្វើការលើវិស័យអាហារ និងភេសជ្ជៈបានផ្ដល់ការងារចំនួន២សែនកន្លែងគិតក្នុងឆ្នាំ២០២៤។ ក្រុមហ៊ុនមួយចំនួនជ្រកក្រោមឈ្មោះក្រុមហ៊ុនអន្តរជាតិ ឬខ្លះក្រោមឈ្មោះក្រុមហ៊ុនថៃ ប៉ុន្តែជាក់ស្ដែងម្ចាស់អាជីវកម្មទាំងនោះជាជនជាតិខ្មែរ បុគ្គលិកក៏ជាខ្មែរ ជួលអគារពីខ្មែរ និងប្រភពផ្គត់ផ្គង់ជាច្រើនរបស់ក្រុមហ៊ុនទាំងនោះក៏ជារបស់ក្នុងស្រុក។
លោកបន្ថែមថា៖ «ដូចនេះពេលធ្វើពហិការលើក្រុមហ៊ុនណាមួយ អ្នករងគ្រោះដំបូងគេគឺជាបុគ្កលិកខ្មែរ មិនមែនអ្នកគ្រប់គ្រងបរទេសនោះទេ។ អ្នកឆុងកាហ្វេ អ្នករត់ទុក អ្នកអនាម័យ ឬអ្នកផ្គត់ផ្គង់ផ្សេងទៀត អាចនឹងបាត់បង់ចំណូលរយៈពេលវែងមុននឹងក្រុមហ៊ុនមេនៅក្រៅស្រុករងនូវសម្ពាធពិតប្រាកដ»។
លោក បន្តថាវិធីដែលល្អបំផុតគឺការរួមបញ្ចូលគ្នារឿងស្រឡាញ់ជាតិ ជាមួយនឹងការអនុវត្តជាក់ស្ដែង។
លោកលើកឡើងទៀតថា កម្ពុជាមានសិទ្ធិក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន ប៉ុន្តែមិនមែនធ្វើឲ្យខូចសេដ្ឋកិច្ចទេ គឺត្រូវពង្រឹងសេដ្ឋកិច្ច មានន័យថាធ្វើពហិការតែលើការនាំចូលទំនិញថៃណាដែលអាចមានទំនិញជំនួសបាន។
ទោះជាយ៉ាងណា ការគាំទ្រខ្លាំងក្លាលើផលិតផលដែលផលិតក្នុងប្រទេសកម្ពុជាគួរតែបន្ត ដើម្បីបង្កើតការងារ និងបង្កើតតម្លៃក្នុងស្រុក ធ្វើពិពិធកម្មការនាំចូលពីតំបន់ផ្សេងៗ និងការពារអាជីវកម្មដែលគ្រប់គ្រងដោយខ្មែរដែលដំណើរការក្រោមម៉ាកយីហោរបស់ថៃ ដើម្បីឱ្យការងារក្នុងស្រុក ប្រាក់ឈ្នួល និងការបង់ពន្ធផ្សេងៗនៅតែមានដដែល។
លោក លីម ប៊ុនថេង អ្នកបង្កើតមាតិកានៅលើគេហទំព័រ «ខ្ជិលនិយាយ» និងជាអ្នកគ្រប់គ្រងបណ្ដាញសង្គមផង បានប្រាប់ សារព័ត័មានខេមបូចា ថា បើទោះបីជាក្រុមហ៊ុនអន្តរជាតិប្រកាន់ជំហរជៀសវាងពាក់ព័ន្ធនឹងរឿងនយោបាយដើម្បីការពារប្រយោជន៍អាជីវកម្មរបស់ខ្លួននៅលើទីផ្សារប្រទេសនានា តែអ្នកប្រើប្រាស់ផ្ទាល់អាចបង្ហាញទឹកចិត្តស្នេហាជាតិរបស់ខ្លួនបាន។
លោកបន្តថា៖ «លទ្ធផលវិជ្ជមានមួយគឺ អ្នកប្រើប្រាស់បានយល់ដឹងពីអំណាចរបស់ខ្លួន។ ពេលនេះយើងដឹងថាយើងអាចបញ្ចេញសំឡេងបាននៅពេលក្រុមហ៊ុនណាមួយធ្វើអ្វីមួយប្រឆាំងនឹងតម្លៃរបស់ពួកយើង ហើយមតិត្រឡប់នេះពិតជាសំខាន់…ចំណុចអវិជ្ជមានវិញគឺថាអ្នកខ្លះប្រតិកម្មដោយប្រើអារម្មណ៍សុទ្ធសាធ មិនបានពិចារណា ដោយថាការពហិការអាចប៉ះពាល់ដោយមិនដឹងខ្លួនលើប្រជាពលរដ្ឋ ឬសេដ្ឋកិច្ច»។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការធ្វើពហិការលើទំនិញថៃគឺជាសិទ្ធិរបស់អ្នកប្រើប្រាស់ ហើយលោកថាក្រសួងមិនបានលើកទឹកចិត្តឲ្យមានការបន្តពហិការប្រើប្រាស់ទំនិញបរទេសនោះទេ។
លោកបន្ថែមថា៖ «ការបន្តជឿលើការធ្វើពហិការលើទំនិញបរទេសអាចបង្កគ្រោះថ្នាក់ដល់ពាណិជ្ជកម្មរបស់ប្រទេសយើង»។
លោកបន្តថា៖ «ការធ្វើពិហិការ ឬមិនទិញកូកាកូឡា ឬទំនិញផ្សេងទៀតមិនល្អចំពោះទីផ្សារយើងទេ ព្រោះថាក្នុងពិភពលោកនេះ ទីផ្សារត្រូវការផលិតផលដើម្បីបំពេញឲ្យគ្នាទៅវិញទៅមក…សូមកុំយកគំនិតជាតិនិយមទៅបង្កើតជាបញ្ហាដែលអាចប៉ះពាល់ដល់វិស័យផ្សេងៗទៀតរបស់យើង»។
យ៉ាងណាលោកកត់សម្គាល់ថា ក្នុងពេលមានវិបត្តិជាមួយប្រទេសថៃ ផលិតផលក្នុងស្រុកមានសន្ទុះគាំទ្រខ្លាំង ប៉ុន្តែថាកម្ពុជាត្រូវការពេលពង្រឹងខ្លួន ដើម្បីកាត់បន្ថយការពឹងពាក់លើផលិតផលបរទេស។
ទាក់ទងនឹងក្រុមហ៊ុន KOFI វិញលោកថា ក្រសួងបានចុះត្រួតពិនិត្យក្រុមហ៊ុន និងបានប្រមូលផលិតផលមកពិនិត្យ និងបានដាក់ពិន័យចំពោះការធ្វើជំនួយដោយមិនស្មោះត្រង់។
លោកបន្ថែមថា ផលិតផលថៃនៅបន្តនាំចូលប្រទេសកម្ពុជាតាមជើងទឹក និងអាកាស ខណៈទំនិញដែលហាមឃាត់មានបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈ នៅបន្តហាមឃាត់ដដែល៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thai Goods Boycott Spreads to Non-Thai Companies, Leaders Warn of Economic Risk








