តុលាការធម្មនុញ្ញថៃនៅថ្ងៃទី២៩ ខែសីហា បានសម្រេចដកតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ពីតំណែង បន្ទាប់ពីតំណែងលោកស្រីត្រូវបានព្យួរមួយរយៈ។ តុលាការធម្មនុញ្ញថៃបានរកឃើញថា លោកស្រីបានបំពានទៅនឹងក្រមសីលធម៌ក្នុងការដឹកនាំទាក់ទងនឹងការនិយាយទូរសព្ទជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
ក្នុងសេចក្ដីសម្រេច៦ទល់នឹង៣ តុលាការបានលើកឡើងថាលោកស្រីផែថងថាន ស៊ីណាវ៉ាត្រា បានគិតពីប្រយោជន៍បុគ្គលច្រើនជាងប្រយោជន៍ជាតិ និងបានបំផ្លាញមុខមាត់ប្រទេស តាមរយៈការបែកធ្លាយសារសន្ទនាតាមទួរសព្ទជាមួយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដោយទំនងជាលោកស្រីបានបន្ទន់ឥរិយាបទនៅពេលនោះ។ តំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រីត្រូវបានព្យួរ ខណៈដែលភាពតានតឹងអាចនាំឲ្យមានជម្លោះព្រំដែននៃប្រទេសទាំងពីរស្ទើរតែកើតមាន។
ប៉ុន្មានសប្ដាហ៍ក្រោយមកជម្លោះប្រដាប់អាវុធរយៈពេលប្រាំថ្ងៃវាងប្រទេសទាំងពីរបានផ្ទុះឡើង ដែលបណ្ដាលឲ្យមានទាហាន និងពលរដ្ឋស្លាប់ និងរបួសជាច្រើននាក់។
លោកស្រី ផែថងថាន ដែលជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេរបស់ថៃ គឺជានាយករដ្ឋមន្ត្រីទីប្រាំមួយហើយដែលគាំទ្រដោយមហាសេដ្ឋីត្រកូលស៊ីណាវ៉ាត្រា និងត្រូវបានដកចេញពីតំណែងដោយក្រុមយោធាថៃ ឬដោយប្រព័ន្ធយុត្តិធម៌។ គ្រួសារស៊ីណាវ៉ាត្រា បានតស៊ូយកអំណាចផ្នែកនយោបាយពីរទសវត្សរ៍មកហើយជាមួយនឹងគូរប្រជែងរបស់ខ្លួននៅក្នុងប្រទេសថៃ។
លោកស្រីជានាយករដ្ឋមន្ត្រីទីប្រាំក្នុងរយៈពេល១៧ឆ្នាំ ដែលត្រូវដកតំណែងដោយតុលាការធម្មនុញ្ញ។
បេក្ខភាពនាយករដ្ឋមន្ត្រីថ្មីកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ គណបក្សភឿថៃរបស់លោកស្រី កំពុងបាត់បង់អំណាចនៃការចរចារ ខណៈដែលឪពុកលោកស្រី គឺលោកថាក់ស៊ីន ដែលជាអតីតនាយករដ្ឋមន្ត្រី និងជាមហាសេដ្ឋីមួយរូប និងមានឥទ្ធិពលនៅក្នុងបក្សកំពុងតែរួមរឹតដោយបណ្ដឹងនៅតុលាការ។
នាយករដ្ឋមន្ត្រីស្ដីទីលោក Phumtham Wechayachai ដែលបានកាន់តំណែងជំនួសលោកស្រីផែថងថាន នាពេលកន្លងមកនឹងនៅបន្តដឹកនាំរដ្ឋាភិបាលចាំផ្ទះរហូតរដ្ឋសភាបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ប៉ុន្តែពេលវេលាជ្រើសរើសមិនទាន់កំណត់នៅឡើយ។
អ្នកវិភាគនយោបាយកម្ពុជាលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការដកតំណែងនេះទំនងជាមិនធ្វើឲ្យមានការប្រែប្រួលអ្វីច្រើននៅក្នុងប្រទេសថៃនោះទេ ខណៈដែលរាជវង្ស យោធា និងតុលាការបន្តពង្រីកឥទ្ធិពលរបស់ខ្លួនមកលើអំណាចនីតិប្រតិបត្តិ។
លោកបន្ថែមថា រហូតដល់មានការជ្រើសរើសមេដឹកនាំថ្មី លោកនឹងផ្ដោតសំខាន់តាមដានមើលថាតើមេដឹកនាំបន្ទាប់អាចនឹងបន្ធូរបន្ថយភាពតានតឹងរវាងរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលក្រុងកម្ពុជាបានឬយ៉ាងណា។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បដិសេធអត្ថាធិប្បាយលើរឿងនេះ ដោយថាក្រមសីលធម៌ដឹកនាំគឺជារឿងផ្ទៃក្នុងរបស់ថៃ។
នៅល្ងាចថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍នេះ ថ្នាក់ដឹកនាំកម្ពុជា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ដែលជាតួអង្គសំខាន់នាំឲ្យមានការដកតំណែងលោកស្រី ផែថងថាន នៅមិនទាន់មានការបញ្ចេញមតិជាសាធារណៈណាមួយនៅឡើយ។
នៅព្រឹកថ្ងៃសៅរ៍នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thailand Court Ousts Paetongtarn Shinawatra, Premiership and Cambodia Relations in Flux








