UPDATES:
ម៉ោង១១:០០ព្រឹក៖ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ក្នុងប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី៧ ខែសីហានេះ។ (អ្នកនាំពាក្យក្រសួងការពារជាតិ)
សហរដ្ឋអាមេរិកនឹងរៀបចំផែនការយោធា គ្រឿងបរិក្ខារ ប្រព័ន្ធបញ្ជូនកម្លាំង ការឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសសំខាន់ៗដទៃទៀត ដើម្បីចូលរួមឃ្លាំមើលការអនុវត្តបទឈប់បាញ់។ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា បានលើកឡើងក្នុងហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី៧ ខែសីហា។
លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ បានជួបជាមួយ នាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក (USINDOPACOM) និងលោក Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅប្រទសម៉ាឡេស៊ី។
ក្នុងកិច្ចជំនួប ភាគីសហរដ្ឋអាមេរិកបានបញ្ជាក់ពីជំហរក្នុងការគាំទ្របទឈប់បាញ់ ដែលលោកប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) បានផ្តួចផ្តើម ដោយដឹកនាំពីភាគីម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេន ក្នុងការអនុវត្តបទឈប់បាញ់។
លោក ទៀ សីហា បានថ្លែងថា លោក Samuel និង លោក Edgard ក៏បានបញ្ជាក់ថា នឹងតាមដានឱ្យការអនុវត្តនេះប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។ លោកនឹងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត។
លោក ទៀ សីហា បានបន្ថែមថា លោកទាំងពីរបានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន៖ «ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត»។ លោកបានបន្តទៀតថា ទាំងនេះបង្ហាញពីការត្រៀមខ្លួនរបស់ពួកគាត់ក្នុងការចូលរួមឲ្យមានសន្តិភាពពិតប្រាកដ។

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ បានជួបជាមួយនាយឧត្តមសេនីយ៍ Mohamed Nizam អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងសហការី នៅប្រទេសម៉ាឡេស៊ី។ លោក ទៀ សីហា បានលើកឡើង។
លោក ទៀ សីហា បានថ្លែងថា នៅក្នុងជំនួបនោះផងដែរ ភាគីម៉ាឡេស៊ីបានបង្ហាញពីឆន្ទៈក្នុងការសម្របសម្រួល ដើម្បីអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយជំរុញឱ្យមានការបង្កើតឯកសារក្រមប្រតិបត្តិ (TOR )និងឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT)ដែលនឹងក្លាយទៅជាយន្តការតាមដាន និងការអនុវត្តបទឈប់បាញ់ដោយប្រសិទ្ធភាពខ្ពស់ ឱ្យបានត្រឡប់មកវិញនូវសន្តិភាពឆាប់រហ័សជាទីបំផុត។
លោកបានបន្តថា លោក Nizam បានបញ្ជាក់ឃ្លាមួយដ៏មានអត្ថន័យ “Peace is expensive.” (សន្តិភាពមិនអាចកាត់ថ្លៃបាន) “Life is precious,” (ជីវិតពិតជាមានតម្លៃ ) “Time is of the Essence,” (ពេលវេលាពិតជាសំខាន់)
លោកបានមានប្រសាសន៍ថា ស្របតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីកម្ពុជា តែងតែលើកឡើងថា៖ «មួយថ្ងៃ មួយម៉ោង មួយនាទី ដែលយើងកំពុងចរចាគឺអាចជួយសង្គ្រោះដល់ជីវិតរបស់កងកម្លាំងយើង និងប្រជាជនយើងបាន។ កាន់តែឆាប់កាន់តែល្អ»។ លោកបានបន្ថែមថា កិច្ចប្រជុំ៣ថ្ងៃកន្លងមកនេះ ក្រុមការងារលេខាធិការដ្ឋានរបស់ GBC នៃប្រទេសទាំងពីរ បានផ្លាស់ប្ដូរចំណុចសំខាន់ៗជាច្រើនប្រកបដោយភាពវិជ្ជមាន។ ធាតុចូលជាច្រើនរបស់កម្ពុជា ក៏បានភាគីថៃយល់ស្រប និងទទួលយក ដោយឡែកភាគីថៃក៏មានចំណុចល្អខ្លះៗ ដែលកម្ពុជាទទួលយកបានដូចគ្នា៕









