សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពលរដ្ឋរាប់ពាន់នាក់នៅបន្ទាយមានជ័យ នៅតែមិនទាន់ដឹងច្បាស់ពីផែនការលំនៅឋានបណ្តោះអាសន្ន

ជំរំនៅវត្តមួយក្នុងខេត្តបន្ទាយមានជ័យ ផ្តល់ជាជម្រកដល់មនុស្សរាប់ពាន់នាក់ដែលត្រូវបានជម្លៀសចេញពីភូមិមានជម្លោះជាមួយថៃ។ រូបថតថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ (ខេមបូចា/ Coby Hobbs)
ជំរំនៅវត្តមួយក្នុងខេត្តបន្ទាយមានជ័យ ផ្តល់ជាជម្រកដល់មនុស្សរាប់ពាន់នាក់ដែលត្រូវបានជម្លៀសចេញពីភូមិមានជម្លោះជាមួយថៃ។ រូបថតថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ (ខេមបូចា/ Coby Hobbs)

បន្ទាយមានជ័យ៖ ពលរដ្ឋប្រមាណ ១០ ០០០ នាក់ ដែលត្រូវបានជម្លៀសចេញពីភូមិជាច្រើនដែលជាចំណុចក្តៅនៃការប៉ះទង្គិចព្រំដែនជាមួយថៃកាលពីខែធ្នូ បានបញ្ជាក់ថា ពួកគេនៅតែមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ពីពេលវេលាដែលអាចផ្លាស់ទៅកាន់លំនៅឋានបណ្តោះអាសន្នដែលរដ្ឋាភិបាលបានគ្រោងទុកនៅឡើយទេ។

ភូមិដែលស្ថិតនៅតាមបន្ទាត់ព្រំដែនខេត្តបន្ទាយមានជ័យ-ស្រះកែវ ទាំងនេះ បានក្លាយជាតំបន់មានជម្លោះដ៏ក្តៅគគុកមួយ ចាប់តាំងពីការឈប់បាញ់បណ្តោះអាសន្ននៅចុងឆ្នាំមុន ខណៈដែលកម្ពុជាចោទប្រកាន់ថា កងទ័ពថៃបានឈ្លានពានរឹបអូសយកទឹកដីរបស់កម្ពុជាក្នុងតំបន់ភូមិទាំងនោះ។

រដ្ឋាភិបាលបានឱ្យដឹងថា ប្រជាជនតាមព្រំដែនចំនួន ១១៥ ០០០ នាក់ផ្សេងទៀតនៅតែត្រូវបានជម្លៀស ទោះបីជាមិនច្បាស់ថាមានប៉ុន្មាននាក់នៅតែស្ថិតក្នុងជំរំបណ្តោះអាសន្នក៏ដោយ។

ប្រជាជនខ្មែរច្រើនជាងពាក់កណ្តាលលាននាក់ដែលត្រូវបានជម្លៀសក្នុងបណ្តាខេត្តព្រំដែនភាគខាងលិច ដែលភាគច្រើនជាស្ត្រីនិងកុមារ បានត្រឡប់ទៅផ្ទះវិញភាគច្រើន ចាប់តាំងពីមានបទឈប់បាញ់ដែលបានបញ្ឈប់ការប្រយុទ្ធគ្នាលើកទីពីរក្នុងជម្លោះព្រំដែនរវាងប្រទេសជិតខាងទាំងពីនៅឆ្នាំ២០២៥ ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង ១០០ នាក់ និងមនុស្សជិតមួយលាននាក់ទាំងសងខាង ត្រូវជម្លៀសចេញ បន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងរៀបចំដែនដី បានប្រកាសកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលកំពុងកំណត់ទីតាំងសម្រាប់សាងសង់លំនៅឋានបណ្តោះអាសន្ន ដើម្បីធានាសុវត្ថិភាពនិងសន្តិសុខដល់សហគមន៍នៅខេត្តចំនួនប្រាំដែលរងផលប៉ះពាល់។

ទោះជាយ៉ាងណា គ្រួសារមួយចំនួនក្នុងចំណោមពលរដ្ឋភៀសសឹករាប់ពាន់នាក់នៅបន្ទាយមានជ័យ ដែលជាគោលដៅសំខាន់នៃផែនការនេះ បានប្រាប់ថា ពួកគេទទួលបានព័ត៌មានតិចតួចថាពេលណា ទីតាំងណា ឬអ្វីខ្លះដែលត្រូវរំពឹងថានឹងបានពីផែនការលំនៅឋានបណ្តោះអាសន្ននេះ។ អាជ្ញាធរមូលដ្ឋានដែលគ្រប់គ្រងជំរំក៏បានប្រាប់ថា ពួកគេមានព័ត៌មានមិនគ្រប់គ្រាន់ពីកាលវិភាគសាងសង់សម្រាប់ទីតាំងលំនៅឋានធំដែលទើបប្រកាសនៅថ្ងៃទី២៧ ខែមករា។​

លោក ឃុំ អឿប ពលរដ្ឋម្នាក់នៅភូមិជោគជ័យដែលថៃអះអាងថាស្ថិតក្នុងទឹកដីគេនោះ បាននិយាយប្រាប់អ្នកសារព័ត៌មានដោយរៀបរាប់ពីអ្វីដែលអាជ្ញាធរមូលដ្ឋានបានប្រាប់គាត់ថា៖ «គេប្រាប់យើងថា គេនឹងរៀបចំទីតាំងបណ្តោះអាសន្នឱ្យ ព្រោះគេមិនអាចឱ្យស្នាក់នៅវត្តយូរបានទេ»។​

ពលរដ្ឋភៀសសឹកស្នាក់នៅជំរំក្នុងវត្តអារាមមួយនាខេត្តបន្ទាយមានជ័យ ដែលពួកគេជាច្រើនបានស្នាក់នៅជិត២ខែមកហើយ ចាប់តាំងពីមានការប៉ះទង្គិចព្រំដែនខែធ្នូជាមួយថៃ មុនពេលមានបទឈប់បាញ់។ រូបថតថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា/Coby Hobbs)

លោក អឿប បានស្នាក់នៅទីនោះជាមួយគ្រួសារ និងប្រជាជនប្រមាណ ៤ ៦០០ នាក់ផ្សេងទៀតមកពីភូមិជោគជ័យ និងព្រៃចាន់ អស់រយៈពេលជិត២ខែមកហើយ ដោយប្រឈមនឹងការរស់នៅដោយចង្អៀត បាត់បង់មុខរបរ និងផ្ទះសម្បែង ព្រមទាំងពឹងផ្អែកជាចម្បងលើជំនួយមនុស្សធម៌។

លោកបានបង្ហាញរូបភាពពីបណ្តាញសង្គមដល់អ្នកសារព័ត៌មាន ដែលបង្ហាញពីសកម្មភាពគ្រឿងចក្រថៃកំពុងបំផ្លាញផ្ទះរបស់លោក។ លោកបន្ថែមថា មន្ត្រីមួយរូបបានប្រាប់ថា អាចចំណាយពេលរហូតដល់៦ខែ មុននឹងមានលំនៅឋានបណ្តោះអាសន្ន ហើយនៅតែមិនទាន់ដឹងទីតាំងច្បាស់លាស់នៅឡើយ។

លោកបានបន្តថា៖ «យើងចាកចេញដោយដៃទទេ គ្មានលុយគ្រប់គ្រាន់ទេ។ យើងចង់ត្រឡប់ទៅរស់នៅលើដីរបស់យើងវិញ»។ លោក អឿប បានបន្ថែមថា គ្រួសាររបស់លោកទទួលអាហារគ្រប់គ្រាន់តាមការបរិច្ចាគ ប៉ុន្តែគ្រួសារធំៗជាច្រើនកំពុងជួបការលំបាក។

គ្រួសារជនភៀសសឹកផ្សេងទៀតនៅខេត្តបន្ទាយមានជ័យ ក៏បានលើកឡើងពីភាពមិនច្បាស់ស្រដៀងគ្នានេះដែរ។

លោកស្រី សឿង សាវី អាយុ៤២ឆ្នាំ មានសមាជិកគ្រួសារ៨នាក់ បានប្រាប់ថា៖ «គេថានឹងសាងសង់ផ្ទះ ប៉ុន្តែគ្មានព័ត៌មានលម្អិតទេ» ។​ អ្នកស្រីបញ្ជាក់ថា ផ្ទះរបស់លោកស្រីដែលឥឡូវស្ថិតនៅពីក្រោយរនាំងលួសថៃ ក៏ត្រូវបានបំផ្លាញដែរ។ អ្នកស្រី បានសំណូមពរថា៖«ខ្ញុំស្នើរាជរដ្ឋាភិបាលកុំឱ្យផ្លាស់យើងទៅឆ្ងាយពេក ព្រោះនឹងពិបាករកចំណូល»។

ក្រសួងការពារជាតិថៃមិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីភូមិមានជម្លោះនេះទេ។

លួសបន្លា និងកុងតឺន័រដែលកងទ័ពថៃដាក់ បានព័ទ្ធភូមិបឹងត្រកួន នៅខេត្តបន្ទាយមានជ័យ។ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា / Coby Hobbs)

ប្រហែល៧០គីឡូម៉ែត្រខាងជើង នៅជំរំវត្តអារាមមួយទៀតដែលផ្តល់ជម្រកដល់ជនភៀសសឹករាប់ពាន់នាក់មកពីភូមិបឹងត្រកួនដែលពេលនេះត្រូវបានបិទដោយលួសបន្លា និងកុងតឺន័រ ដែលដាក់ដោយកងទ័ពថៃ អ្នកស្រី បូ ចន្ទូ បាននិយាយថា ព័ត៌មានអំពីផ្ទះថ្មីមានតិចតួច ហើយមិនប្រាកដថាតើអាចរស់នៅទីនោះជាអចិន្ត្រៃយ៍ ឬឥតបង់ថ្លៃនោះទេ។

អ្នកស្រីក៏បានជំរុញឱ្យភាគីកម្ពុជា និងថៃចរចាគ្នាឱ្យចូលផ្ទះ និងដីស្រែចម្ការ បានវិញ។

អ្នកស្រី បានប្រាប់ថា៖ «ខ្ញុំរស់នៅទីនោះតាំងពីកើតមក ហើយចង់ត្រឡប់ទៅរស់នៅផ្ទះ និងជួបជុំគ្រួសារវិញ»។

រាជរដ្ឋាភិបាលកម្ពុជាកំពុងប្រឈមនឹងការកើនឡើងនៃសម្ពាធ បន្ទាប់ពីតំបន់ជម្លោះជាច្រើនត្រូវបានកងទ័ពថៃគ្រប់គ្រងកាលពីខែធ្នូ ដែលថៃមានអាវុធគ្រប់គ្រាន់ជាងកម្ពុជាទាំងទំហំ កម្លាំងបាញ់ និងសមត្ថភាពអាកាស។

ក្នុងដំណើរសួរសុខទុក្ខពលរដ្ឋនៅជំរំជនភៀសសឹកនៅខេត្តព្រះវិហារកាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងរៀបចំជម្រកបណ្តោះអាសន្នដែលមានលក្ខខណ្ឌប្រសើរជាងមុន ដោយរំពឹងថាការសាងសង់នឹងបញ្ចប់មុនរដូវវស្សា ដែលធម្មតាចាប់ពីខែឧសភាដល់តុលា។ លោកបានសង្កត់ធ្ងន់ថា ការតាំងទីលំនៅទាំងនេះមិនមែនជាការសម្រុះសម្រួលលើការទាមទារដែនដីទេ។

ទីតាំងព្រៃសហគមន៍ក្រោមការគ្រប់គ្រងរដ្ឋប្រមាណ៣០០ហិកតា នៅឃុំបន្ទាយឆ្មារ កំពុងត្រូវបានពិចារណាសម្រាប់សង់លំនៅដ្ឋានបណ្តោះអាសន្ន។ រូបភាពផ្កាយរណប ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។

ព័ត៌មានលម្អិតតិចតួចពីទីតាំងសាងសង់លំនៅឋានបណ្តោះអាសន្នបានមកពីលោក អែម សុខា អភិបាលស្រុកថ្មពួក ដែលកម្ពុជាអះអាងថាតំបន់បឹងត្រកួនស្ថិតនៅក្នុងដែនដីស្រុកមួយនេះ។ លោកបាននិយាយថា ផែនការនៅតែអាចមានការកែប្រែ។

លោក សុខា បានបន្តថា ទីតាំងមួយដែលកំពុងពិចារណា គឺដីព្រៃ៣០០ហិកតានៅឃុំបន្ទាយឆ្មារ ដែលក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានទៅទស្សនកិច្ចកាលពីសប្តាហ៍មុន។

«គ្រួសារទាំងអស់ពីបឹងត្រកួននឹងត្រូវផ្លាស់ទៅរស់នៅទីនោះ» លោកបាននិយាយ ដោយសំដៅលើប្រជាជនភៀសសឹកប្រមាណ៥ ០០០នាក់។ លោកបន្ថែមថា ទីតាំងជាព្រៃសហគមន៍ក្រោមការគ្រប់គ្រងរបស់រដ្ឋ ហើយលំនៅឋាននឹងត្រូវបានផ្តល់ដោយឥតគិតថ្លៃ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី មិនទាន់ឆ្លើយតបភ្លាមៗទេ។ អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត បានបង្វែរសំណួរឱ្យទៅសួរគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយវិញ។ 

លោកសុខាបានប្រាប់ថា លោកមិនអាចផ្តល់ព័ត៌មានលម្អិតបានបន្ថែមទៀតទេ ដោយសារគម្រោងស្ថិតក្នុងដំណាក់កាលរៀបចំ ប៉ុន្តែគ្រួសារនីមួយៗនឹងទទួលផ្ទះបណ្តោះអាសន្ន ហើយរាជរដ្ឋាភិបាលកំពុងពិចារណាផ្តល់ដីកសិកម្មផងដែរ។

រយៈពេលដែលជនភៀសសឹកនឹងត្រូវស្នាក់នៅជំរំបណ្តោះអាសន្ន និងពឹងផ្អែកលើជំនួយ ឬថាតើអាចត្រឡប់ទៅផ្ទះ និងដីស្រែដែលរាជរដ្ឋាភិបាលអះអាងថាមានគ្រាប់មិនផ្ទុះ នៅតែមិនមានភាពច្បាស់លាស់នៅឡើយ ខណៈការរៀបចំផែនការសម្រាប់ការផ្លាស់ប្តូរទីតាំងស្នាក់នៅ នៅតែបន្ត៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thousands Displaced in Banteay Meanchey Uncertain About Temporary Housing Plan

ព័ត៌មានថ្មី

អត្ថបទពេញនិយម