តំណាងសហជីពប្រចាំកាស៊ីណូណាហ្គាវើលដ៍ បានឲ្យដឹងនៅថ្ងៃពុធនេះថា ការជួបចរចារវាងបុគ្គលិក និងថ្នាក់គ្រប់គ្រងក្រុមហ៊ុន ដែលរៀបចំដោយក្រសួងការងារបានបរាជ័យក្នុងការទប់ស្កាត់ការបញ្ឈប់បុគ្គលិកជាង១៣០០នាក់។
ភាគីទាំងបីបានជួបប្រជុំគ្នា បន្ទាប់ពីបុគ្គលិកណាហ្គាវើលដ៍ រួមមានមេដឹកនាំសហជីពផង កាលពីខែមេសា បានបរាជ័យក្នុងការចរចាជំហានដំបូងជាមួយតំណាងក្រុមហ៊ុន។ នៅដើមខែនេះ បុគ្គលិកជាច្រើនបានដាក់ពាក្យបណ្ដឹងទៅក្រសួងការងារ ដើម្បីជួយអន្តរាគមន៍ឲ្យបុគ្គលិកដែលនឹងត្រូវបញ្ឈប់ពីការងារបានចូលធ្វើការវិញ។
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍(LRSU)ម្ដងហើយម្ដងទៀតបានច្រានចោលគម្រោងបញ្ឈប់បុគ្គលិកនេះ។ សហជីពបាននិយាយថាបុគ្គលិកចំនួន១ ៣២៩ នាក់ ដែលត្រូវបញ្ឈប់ពីការងារ បានទទួលសារជាអក្សរចាប់តាំងពីថ្ងៃទី២៩ ខែឧសភា ដើម្បីចរចាពីគម្រោងបញ្ឈប់ពួកគេ ដោយមិនមានតំណាងពីខាងសហជីពចូលរួម។
យោងតាមសមាជិកសហជីពដែលបានចូលរួមកិច្ចប្រជុំកាលពីថ្ងៃពុធបានឲ្យដឹងថា ថ្នាក់គ្រប់គ្រងក្រុមហ៊ុនបានប្រាប់អង្គប្រជុំថា បុគ្គលិក៧០ភាគរយ ក្នុងចំណោមអ្នកត្រូវបញ្ឈប់នោះបានបញ្ឈប់ពីការងារហើយ និងមានប្រហែលជា៤០០នាក់ផ្សេងទៀតនៅបន្តទាមទារចូលធ្វើការវិញ។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព LRSU ដែលបានចូលរួមកិច្ចប្រជុំដែរនោះ បានប្រាប់ខេមបូចាថា តំណាងក្រុមហ៊ុនណាហ្គាវើលដ៍ បាននិយាយថាបុគ្គលិកដែលនៅសល់ជាសមាជិកសហជីព និងជាថ្នាក់ដឹកនាំសហជីព។
កញ្ញា ស៊ីថរ និយាយថា៖ «តាមការប្រជុំព្រឹកមិញនេះ យើងឃើញថាខាងក្រុមហ៊ុននៅប្រកាន់ជំហរបញ្ឈប់បុគ្គលិកតាមគម្រោង»។ កញ្ញាបន្ថែមថា៖ «និយាយរួម គ្មានដំណោះស្រាយអ្វីទេលើជម្លោះនេះ»។
កញ្ញាលើកឡើងថា៖ «ក្រុមហ៊ុនបានបំពានច្បាប់ស្ដីពីការងារ ហើយវាមិនសមហេតុផលទេក្នុងការបញ្ឈប់បុគ្គលិកជាង១ ០០០នាក់។ [ណាហ្គាវើលដ៍] បានបង្ហាញយ៉ាងច្បាស់ថានឹងបំបាត់សំឡេងសហជីព»។
បើតាមកញ្ញា ស៊ីថរ តំណាងសហជីពបានចោទជាសំណួរទៅកាន់មន្ត្រីក្រសួងការងារក្នុងកិច្ចប្រជុំថា តើជំហររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ស្របទៅតាមច្បាប់ស្ដីពីការងារឬយ៉ាងណា។ ប៉ុន្តែកញ្ញាថា មន្ត្រីមិនបានឆ្លើយនឹងសំណួរនេះទេ ជំនួសមកវិញបានបង្វែរឲ្យសហជីពទៅសិក្សាច្បាប់ពាក់ព័ន្ធផ្សេងទៀត។
កញ្ញា ឲ្យដឹងដែរថាកិច្ចប្រជុំត្រីភាគីនឹងធ្វើឡើងម្ដងទៀតនៅថ្ងៃទី៣០ ខែមិថុនា។
ក្រុមហ៊ុនកាស៊ីណូ និងសណ្ឋាគារណាហ្គាវើលដ៍ បានប្រកាសកាលពីថ្ងៃទី៨ ខែមេសា ថាខ្លួនគ្រោងនឹងកាត់បន្ថយចំនួនបុគ្គលិក ដោយសារតែបញ្ហាហិរញ្ញវត្ថុបង្កឡើងដោយវិបត្តិកូវីដ១៩។ បញ្ហានេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការអាជីវកម្មអស់ជិតមួយឆ្នាំ មុនពេលបង្ខំចិត្តបិទដំណើរការបណ្ដោះអាសន្ននៅខែមីនា។ បុគ្គលិកជាច្រើនបានទទួលសារជូនដំណឹង មិនយូរប៉ុន្មានបន្ទាប់ពីសេចក្ដីជូនដំណឹងនេះ និងបានស្នើឲ្យបុគ្គលិកម្នាក់ៗចាប់ផ្ដើមចរចាក្នុងការបញ្ចប់កិច្ចសន្យាការងារ។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានបដិសេធអត្ថាធិប្បាយលម្អិតលើលទ្ធផលនៃកិច្ចប្រជុំនៅថ្ងៃពុធនេះ។
លោកមានប្រសាសន៍ថា៖ «វាគឺជានីតិវិធីដែលត្រូវការពេលច្រើនសប្ដាហ៍ដើម្បីបានលទ្ធផលនៃជម្លោះនីមួយៗ»។
យុទ្ធនាការតស៊ូមតិតាមអនឡាញ
បន្ទាប់ពីការបរាជ័យក្នុងការចរចាលើកដំបូង សមាជិកសហជីព និងបុគ្គលិកផ្សេងទៀតបានចាប់ផ្តើមការតស៊ូមតិតាមប្រព័ន្ធអនឡាញ ដើម្បីទាមទារការងារមកវិញ ដោយយុទ្ធនាការនេះធ្វើឡើងដោយបង្ហោះរូបភាពពួកគេកាន់បដាលើបណ្ដាញសង្គម។
នៅលើបដាមានសរសេរថា៖ «អ្នកណាមិនឈឺចាប់ ពីព្រោះពួកយើងបានធ្វើការឲ្យក្រុមហ៊ុនអស់ជាច្រើនឆ្នាំ ហើយចុងក្រោយ[យើង]បានទទួលសារបញ្ចប់កិច្ចសន្យាការងារពីខាងក្រុមហ៊ុន»។ សំណេរលើបដាសរសេរទៀតថា៖ «ខ្ញុំបានធ្វើការឲ្យក្រុមហ៊ុនមិនថាភ្លៀង ក្ដៅ ឈឺ ឬអស់កម្លាំង ខ្ញុំមិនហ៊ានឈប់សម្រាក ហើយចុងក្រោយយើងត្រូវគេបញ្ឈប់ទៅវិញ»។
លោក ទុយ ខេងពលរិទ្ធ វ័យ៥២ឆ្នាំ ជាបុគ្គលិកម្នាក់ដែលចូលរួមក្នុងយុទ្ធនាការនេះដែរ បានប្រាប់ខេមបូចាថា បុគ្គលិកនឹងបន្តតស៊ូមតិតាមប្រព័ន្ធអនឡាញរហូតបានទទួលដំណោះស្រាយមួយ។
លោកដាក់ជាសំណួរថា៖ «ណាហ្គាវើលដ៍ប្រាប់ពួកយើងថាក្រុមហ៊ុនក្ស័យធន ដូចនេះគេត្រូវតែកាត់បន្ថយបុគ្គលិក ប៉ុន្តែហេតុអ្វីពួកគេសាងសង់ណាហ្គា៣? » ដោយលោកសំដៅគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនដែលមានទឹកប្រាក់៤ពាន់លានដុល្លារ។
ក្រុមហ៊ុនណាហ្គាវើលដ៍មានបុគ្គលិកប្រហែល៨ ០០០នាក់ បានបាត់បង់ប្រាក់ចំណូល និងអត្ថប្រយោជន៍ដោយសារផលប៉ះពាល់ពីវិបត្តិកូវីដ១៩ លើកាស៊ីណូ។ ប៉ុន្តែខណៈដែលបុគ្គលិកខ្លះបានយល់ព្រមកាត់បន្ថយម៉ោងធ្វើការ និងទទួលប្រាក់ខែតិចជាងមុន ក្រុមហ៊ុននៅតែបន្តទទួលបានប្រាក់ចំណេញ។ ក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ខ្លួន ក្រុមហ៊ុនណាហ្គាវើលដ៍ បានបង្ហាញពីប្រាក់ចំណេញ១០២លានដុល្លារក្នុងឆ្នាំ២០២០ ធ្លាក់ពី៥២១លានដុល្លារដែលរកបានកាលពីឆ្នាំកន្លងទៅ។
លោកពលរិទ្ធ មានប្រសាសន៍ដែរថា លោកមិនប្រាកដថាយុទ្ធនាការរបស់សហជីពអាចជួយឲ្យលោករក្សាការងារបានជោគជ័យឬយ៉ាងណា តែថាការខិតខំនេះធ្វើឡើងជំរុញឲ្យមានការគោរពច្បាប់ និងមិនធ្វើឲ្យអ្នកណាម្នាក់ឈឺចាប់។
លោកបន្ថែមថា៖ «យើងសង្ឃឹមថាក្រុមហ៊ុននឹងផ្ដល់ការងារឲ្យយើងវិញ…វាមានការលំបាកណាស់ក្នុងការរកការងារថ្មី ព្រោះខ្ញុំចាស់ហើយ»។
បុគ្គលិកម្នាក់ទៀត អ្នកស្រី លាង ម៉ៅម៉ាណែត វ័យ៥២ឆ្នាំ អ្នកគ្រប់គ្រងវេនការងារនៅណាហ្គាវើលដ៍ ក៏បានទទួលការជូនដំណឹងពីការបញ្ឈប់ការងារនេះដែរ។
អ្នកស្រីឲ្យដឹងថា៖ «យើងជឿថារដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធនឹងជួយពួកយើង»។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំបានធ្វើការឲ្យក្រុមហ៊ុនអស់២៦ឆ្នាំហើយ…ខ្ញុំបានចំណាយពេលស្ទើរពាក់កណ្ដាលជីវិតធ្វើការសម្រាប់ក្រុមហ៊ុន ហើយឥឡូវពេលខ្ញុំជួបការលំបាកច្រើនដោយសារកូវីដ១៩ ក្រុមហ៊ុនបញ្ឈប់ខ្ញុំពីការងារ»។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស របស់អង្គការសង់ត្រាល់ មានប្រសានស៍ថា នីតិវីធីដោះស្រាយជម្លោះតម្រូវឲ្យមន្ត្រីបកស្រាយច្បាប់ឲ្យភាគីទាំងសងខាងយល់ស្របគ្នា។ ក្នុងករណីភាគីទាំងពីរមិនអាចផ្សះផ្សាបាន សំណុំរឿងនឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាក្រសួងការងារ គួរតែប្រើសិទ្ធិអំណាចខ្លួនជំរុញឲ្យនិយោជកគោរពច្បាប់»។ លោកបន្តថា កន្លងមកណាហ្គាវើលដ៍មិនបានបង្ហាញពីចេតនាដោះស្រាយជម្លោះនៅកម្រិតក្រសួងនោះទេ។
លោក ថារ៉ូ លើកឡើងថា បើសិនជាក្រុមប្រឹក្សាអាជ្ញាកណ្ដាលមិនអាចដោះស្រាយរឿងនេះ ភាគីទាំងពីរអាចប្រើសិទ្ធិតាមច្បាប់ដើម្បីរកដំណោះស្រាយផ្សេង។ មេដឹកនាំសហជីព និងបុគ្គលិកអាចធ្វើកូដកម្ម ស្របទៅតាមច្បាប់ ដើម្បីដាក់សម្ពាធឲ្យក្រុមហ៊ុនចរចា។ បើមិនដូចនេះទេ លោកថា ក្រុមហ៊ុនណាហ្គាវើលដ៍ អាចនឹងមិនដោះស្រាយតាមច្បាប់រឿងសហជីព និងថ្នាក់ដឹកនាំសហជីពរួមទាំង កញ្ញា ស៊ីថរ ផង។
លោកបន្ថែមទៀតថា៖ «វានឹងមានរូបភាពអាក្រក់ បើសិនជាក្រុមហ៊ុនធ្វើតាមចិត្តខ្លួនលុបបំបាត់សហជីពនៅកន្លែងធ្វើការ»។ (រាយការណ៍បន្ថែមដោយ សំ សុពេជ្រ)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Three-way NagaWorld negotiations fail to halt mass layoff