សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ស្នើសុំដល់អាជ្ញាធរកុំចាត់ទុកពួកគេជាក្រុមបដិវត្តពណ៌

បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ស្នើសុំដល់អាជ្ញាធរកុំឱ្យលាបពណ៌ក្រុមកូដករថា ជាក្រុម​ធ្វើបដិវត្តពណ៌ឱ្យសោះ ពីព្រោះពួកគេគ្រាន់តែទាមទារឱ្យដោះស្រាយវិវាទការងារដែលជា​បញ្ហាក្រពះរបស់ពួកគេតែប៉ុណ្ណោះ។

កញ្ញា ឈឹម ស៊ីថរ​ ប្រធានសហជីព​ទ្រទ្រង់​កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានលើក​ឡើងថា  សូមកុំលាបពណ៌ដល់ក្រុមកម្មករ ហើយការធ្វើកូដកម្មនេះ មិនមែនជាការធ្វើ​បដិវត្តពណ៌ ដូចការចោទប្រកាន់របស់មន្រ្តីជាន់ខ្ពស់របស់​ក្រសួងការងារ​ឡើយ ព្រោះនេះ​ជាវិវាទការងាររវាងកម្មករ និងក្រុមហ៊ុន។

កញ្ញ ស៊ីថរ ឱ្យដឹងថា៖ «ច្បាស់ណាស់ថាការធ្វើកូដកម្មដោយសន្តិវិធីនេះ មិនមែន​ជាការ​ធ្វើបដិវត្តពណ៌ដូចការលាបពណ៌របស់មនុស្សមួយក្រុមនោះទេ! សូមកុំលាបពណ៌ ព្រោះ​នេះជាបញ្ហាក្រពះ បញ្ហាសិទ្ធិសេរីភាពសហជីព បើគ្មានសមត្ថភាពដោះស្រាយកុំលាប​ពណ៌»។

នៅព្រឹកថ្ងៃទី២៤ ខែធ្នូ នេះ​ បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណជា១០០០នាក់ នៅ​តែរក្សាជំហរ​បន្តធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនដ៏ធំមួយនេះ ដោះស្រាយការសំណើររបស់​ពួកគេ បើទោះបីកូដករខ្លះរងការគម្រាមកំហែងពីសំណាក់ជនមិនស្គាល់មុខក្ដី​។

នៅថ្ងៃទី៧នៃការធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បានធ្វើសន្និសិទ្ធ​ប្រកាសថា ក្រុម​កូដករទាំងអស់មិនដកថយក្នុងការធ្វើកូដកម្មឡើយ ប្រសិនបើក្រុមហ៊ុនណាហ្គាវើលដ៍​នៅតែ​មិនព្រមដោះស្រាយបញ្ហាដែលបានលើកឡើង​កន្លងមក។

កញ្ញា ស៊ីថរ បានឱ្យដឹងទៀតថា ការប្រជុំចរចារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ នៅសាលារាជធានីភ្នំពេញ និងក្រសួងការងារ គឺមិនទាន់អាចរកចំណុចរួមណាមួយឡើយ ដោយសាតែក្រុមហ៊ុន​ណាហ្គាវើលដ៍ រើសអើងសហជីព និងគ្មានចំណាប់អារម្មណ៍​ក្នុងការ​ដោះស្រាយជាមួយកម្មករ និងមិនចង់បញ្ចប់វិវាទមួយនេះ។

កញ្ញាបានថ្លែងថា៖ «គាត់[ក្រុមហ៊ុន] ទៅចូលរួមគ្រាន់តែចាំឆ្លើយថាទេ! ហើយកូដកម្មដែលនៅ​បន្តមកដល់ថ្ងៃនេះ អ្នកដែលមិនចង់បញ្ចប់​កូដកម្មនេះគឺក្រុមហ៊ុនណាហ្គាវើលដ៍»។

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្កាវើលដ៏ ឈឹម ស៊ីថរ និយាយទៅកាន់អ្នកសារព័ត៌មាន កំឡុងពេលធ្វើសន្និសិទសារព័ត៌មាន​នៅមុខ​សណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

កញ្ញាបានស្នើទៅអាជ្ញាធរ ឱ្យជួយការពារក្រុមកម្មករកូដករ ខណៈរយៈពេល៧ថ្ងៃនៃការ​ធ្វើកូដកម្មដោយអហិង្សានេះ មានការគម្រាមកំហែងពីក្រុមមិនស្គាល់មុខមកលើសកម្មជន និងអ្នកចេញមុខតវ៉ាតាមដល់ផ្ទះ។

កញ្ញាបានថ្លែងយ៉ាងដូច្នេះថា៖ «តើប្រទេសសន្តិភាពឯណា ដែលប្រជាពលរដ្ឋត្រូវគេតាមដាន​ដល់ថ្នាក់នេះ? ដូច្នេះសូមអជ្ញាធរជួយការពារក្រុមកូដករផង ព្រោះរយៈពេលកន្លងមកនេះ មានការធ្វើទុក្ខបុកម្នេញមកលើអ្នកសម្ដែងមតិ អ្នកកាន់ក្បាលមេក្រូ គឺត្រូវបានជនស៊ីវិល​មិន​ស្គាល់មុខជិះតាមគម្រាមកំហែងទៅដល់ផ្ទះ»។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ មានប្រសាសន៍នៅលើទំព័រហ្វេកប៊ុករបស់លោក​កាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ករណីវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ មន្ត្រីផ្សះផ្សាវិវាទ​ការងារ បានខិតខំដោះស្រាយ និងផ្សះផ្សាជាច្រើនលើក តាំងពីនៅកម្រិតក្រុមហ៊ុន ឡើងមក​ដល់កម្រិតក្រសួង ហើយចុង​ក្រោយដល់កម្រិតក្រុមប្រឹក្សាអាជ្ញាកណ្តាល។

លោកសួរបានមានប្រសាសន៍ថា៖ «នៅក្នុងលោកនេះមិនមានច្បាប់ ឬអនុសញ្ញាណាមួយ ដែលចែងថា ធ្វើការនៅកន្លែងណាមួយ គឺត្រូវធ្វើមួយជីវិតនោះទេ ឬហាមក្រុមហ៊ុន សហគ្រាសមិនឲ្យកាត់បន្ថយបុគ្គលិកនោះទេ»។ លោកសួរ បន្ថែមថា៖ «ការស្តាប់ការធានា​អះអាងរបស់បរទេស ដែលកំពុងរងចាំដុតផ្ទះយើង នឹងនាំមហន្តរាយដល់ខ្លួនយើងវិញដែរ។ ជាលក្ខណបុគ្គល ខ្ញុំគាំទ្រទាំងស្រុង​រាល់វិធានការ​ច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងករណី ដែលមានភស្តុតាងអំពីការលូកដៃរបស់បរទេស​ណាមួយ ឬនៅពេលដែលហេតុផល និងវិជ្ជាជីវៈ ដើរដល់ផ្លូវទាល់»។

កញ្ញា ស៊ីថរ​ បានបន្តទៀតថា ភាគីក្រុមហ៊ុនបដិសេធដាច់ខាតមិនទទួលយកកម្មករ​ដែលមក​ធ្វើ​កូដកម្មឱ្យចូលធ្វើការវិញ ហើយក្នុងចំណោមកម្មករនិយោជិតចំនួន៣៦៥នាក់ គិតត្រឹមថ្ងៃ​នេះ គឺនៅសល់តែ២៧៦នាក់ទេដែលពួកគេទាមទារចូលធ្វើការវិញ​ ក្រៅពីនោះប្រសិនបើ​ក្រុមហ៊ុនណាហ្គាវើលដ៍ទូទាត់ប្រាក់សំណងឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ស្ដីពីការងារ ពួកគេ​នឹងទទួលសំណងនោះ។

កញ្ញាថ្លែងទៀតថា៖ «ខាងក្រុមហ៊ុនបានបដិសេធដាច់ខាតមិនទទួលយកកម្មករចំនួន​២៧៦នាក់ដែលចង់ចូលធ្វើការវិញក្នុងនោះមានថ្នាក់ដឹកនាំសហជីព សកម្មជនសហជីព ប្រតិភូបុគ្គលិក និងសមាជិកសកម្មរបស់សហជីព»។

ថ្វីបើមានការប្រកាសពីសហជីពយ៉ាងនេះក្ដី គេសង្កេតឃើញថា មិនឃើញមានការឆ្លើយតប​ពីខាងក្រុមហ៊ុនណាហ្គាវើលដ៍ឡើយ ចំណែកខាងអាជ្ញាធរក៏មិនមានការតបតដែរ ក្រៅតែ​ពីការដាក់កងកម្លាំងល្បាតជុំវិញបរិវេណកូដកម្ម។

ប្រធានសហជីពរូបនេះ សម្ដែងការខកចិត្ត និងចាត់ទុកជារឿងបរាជ័យទាំងក្រុមហ៊ុន និងក្រសួងការងារ ពិសេសចំពោះក្រុមហ៊ុន និងក្រសួងការងារក្នុងការអសមត្ថភាពគណនា​ប្រាក់សំណងជូនកម្មករមិនបានត្រឹមត្រូវតាមច្បាប់ការងារ ។

កញ្ញាស៊ីថរ ឱ្យដឹងទៀតថា៖ «ជារឿងដ៏គួរឱ្យអាម៉ាស់ ដែលក្រុមហ៊ុនណាហ្គាវើលដ៍ មាន​បុគ្គលិកផ្នែកធនធានមនុស្ស និងផ្នែកជាច្រើនទៀតហើយមានបទពិសោធន៍ការងាររាប់ឆ្នាំ តែមិនចេះចែកលេខរកមធ្យមភាគ  ហើយសូម្បីតែក្រសួងការងារក៏មិនចេះចែកលេខដែរ​»។

ទាក់ទងនឹងវិវាទដ៏ចម្រូងចម្រាងនេះ លោក​ ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​​សិទ្ធិការ​ងារ​​នៃ​​មជ្ឈ​មណ្ឌល​​សម្ព័ន្ធ​ភាព​​ការងារ​ និង​​សិទ្ធិ​មនុស្ស ​ហៅ​កាត់​អង្គការ​សង់ត្រាល់ (CENTRAL) ​បាន​សម្ដែងមតិថា ថ្វីបើមានការប្រជុំពីសាលាក្រុង និងក្រសួងការងារ តែក្រុមកម្មករនៅតែមិន​អាចរកចំណុចរួមមួយដើម្បីដោះស្រាយបញ្ហានេះ​ ដោយសារតែក្រុមហ៊ុន​ណាហ្គាវើលដ៍មិន​ទាន់បានបង្ហាញជំហច្បាស់លាស់ពិសេសគឺការសប្បទាន ដែលជាចំណុចមួយសំខាន់​ក្នុងការ​បញ្ចប់កូដកម្មនេះ។

លោកមានប្រសាសន៍ថា៖ «ចេតនារបស់ក្រុមហ៊ុន ក្រសួងការងារ ហាក់ដូចជាព្យាយាម​ក្នុងការ​ពន្យាពេលដើម្បីស្វែងរកនូវដំណោះស្រាយ ក្នុងកំឡុងពេលដែលបងប្អូនកម្មករធ្វើកូដកម្ម។ ហើយក្រសួងគួរតែដើរតូនាទីមួយដែលមានឥទ្ធិពលធានាថាក្រុមហ៊ុនបង្ហាញឆន្ទៈ និងភាព​ស្មោះត្រង់ក្នុងការចរចា»។

លោកថា ទោះបីជាមានកំណត់ហេតុក្រោមការសម្របសម្រួលដោយក្រសួង ជាលទ្ធផល​គឹ​មិនមានដំណោះស្រាយ ដែលហាក់ខុសពីស្មារតីនៃកិច្ចប្រជុំនៅសាលាក្រុងក្នុងលក្ខខណ្ឌពីរ ទីមួយគឺការទទួលយកបុគ្គលិក ទីពីរគឺការទូទាត់សំណង។

ចំណែកលោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មនិយោជិតវិស័យទេសចរណ៍​កម្ពុជា បានឱ្យដឹងដែរថា ការប្រកាសធ្វើកូដកម្មបន្តរបស់កម្មករ គឺជារឿងត្រឹមត្រូវ​ដែល​ទាមទាររហូតមានដំណោះស្រាយ  ព្រោះកន្លងមកមានការបរាជ័យក្នុងការចរចា​ថ្វីបើមាន​ការសម្របសម្រួលពីក្រសួងការងារ និងសាលាក្រុងក្ដី។

ក្រុមហ៊ុនណាហ្គាវើលដ៍ មិនអាចសុំការអត្ថាធិប្បាយបានឡើយកាលពីថ្ងៃសុក្រ៕

652 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម