សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ស្រ្តីមានផ្ទៃពោះបន្តចូលរួមកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ទោះប្រឈមបញ្ហាសុខភាព

ស្រ្តីមានផ្ទៃពោះចូលរួមធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទារឲ្យបុគ្គលិក និងតំណាងសហជីព៣៦៥នាក់ ចូលធ្វើការវិញ។ រូបភាពថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
ស្រ្តីមានផ្ទៃពោះចូលរួមធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទារឲ្យបុគ្គលិក និងតំណាងសហជីព៣៦៥នាក់ ចូលធ្វើការវិញ។ រូបភាពថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

«ចាប់តាំងពីថ្ងៃទីមួយមក មានគ្រប់រូបភាព មានការគំរាមកំហែងដេញពួកយើងឲ្យរំសាយរហូត ហើយគាត់ថាពួកយើងហ្នឹងធ្វើកូដកម្មខុសច្បាប់អីចឹង ហើយថែមទាំងបិទខ្ទប់មិនឲ្យពួកយើងទៅបន្ទប់ទឹកជាដើម» នេះគឺជាការលើកឡើងរបស់អ្នកស្រី ហោ​ មាលីស ជាស្រ្តីមានផ្ទៃពោះបីខែម្នាក់ដែលចូលរួមធ្វើកូដកម្មអហិង្សានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។

ចាប់តាំងពីព្រឹកព្រលឹមស្រាងៗនាថ្ងៃសៅរ៍សប្តាហ៍មុន ស្រ្តីមានផ្ទៃពោះប្រមាណ៣០នាក់ ក្នុងចំណោមកូដករប្រហែល៤០០ទៅ៥០០នាក់ ដោយក្នុងនោះក៏មាន អ្នកស្រី មាលីស ផងដែរ ចូលរួមធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនណាហ្គាវើលដ៍ ទទួលបុគ្គលិកនិងតំណាងសហីព៣៦៥នាក់ចូលធ្វើការវិញ។ ជាការឆ្លើយតបទៅនឹងក្រុមកូដករ អាជ្ញាធររាជធានីភ្នំពេញបានដាក់របាំងដែកព័ទ្ធជុំវិញពួកគេ ព្រមទាំងពង្រាយកម្លាំងសមត្ថកិច្ចរាប់រយនាក់ដើម្បីរឹតបន្តឹងការចេញចូលផងដែរ។

អ្នកស្រី មាលីស មានវ័យ៣១ ជាបុគ្គលិកចែកបៀរនៅណាហ្គាវើលដ៍ អស់រយៈពេល៦ឆ្នាំ។ អ្នកស្រីបានរៀបរាប់ទាំងទឹកមុខនឿយហត់ថា ក្នុងរយៈពេល៥ថ្ងៃមកនេះ អ្នកស្រីត្រូវប្រឈមនឹងការអង្គុយហាលថ្ងៃ និងពេលខ្លះមានភ្លៀងរលឹមខុសរដូវ ដែលបណ្ដាលឱ្យសុខភាព ចុះខ្សោយ ដូចជា ឈឺក្បាល វិលមុខជាដើម។ ទោះជាយ៉ាងណា អ្នកស្រីនឹងបន្តទាមទាររហូតដល់មានដំណោះស្រាយ ដោយមិនបារម្ភបាត់បង់ការងារនោះទេ។

អ្នកស្រីនិយាយថា៖«ខ្ញុំគ្មានការបារម្ភអីផង បើសិនមានវត្តមានសហជីពចូលវិញ គឺយើងគ្មានការបារម្ភទេ»។

ស្រ្តីមានផ្ទៃពោះចូលរួមធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទារឲ្យបុគ្គលិក និងតំណាងសហជីព៣៦៥នាក់ ចូលធ្វើការវិញ។ រូបភាពថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

បុគ្គលិកចែកបៀរម្នាក់ទៀត ដែលធ្វើការនៅក្រុមហ៊ុនដ៏ធំមួយនេះអស់រយៈ៨ឆ្នាំ គឺ អ្នកស្រី ហាន ធារី អាយុ២៩ឆ្នាំ ក៏ជាស្រ្ដីមានផ្ទៃពោះ៣ខែដែរ  បានប្រាប់ខេមបូចា ទាំងស្ថានភាពអស់កម្លាំង ទឹកមុខស្លេកស្លាំង នៅលើខ្លួនមានស្នាមកោសខ្យល់ និងលើថ្ងាស់បិទដោយកៅអៀក ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ អ្នកស្រីបានជួបញ្ហាប្រឈមជាច្រើន។  ជាពិសេសនៅថ្ងៃទីពីរនៃការធ្វើកូដកម្ម គឺពិបាកជាងគេ ដោយអាជ្ញាធរហាមពួកគេមិនឲ្យទៅបន្ទប់ទឹក។

អ្នកស្រីលើកឡើងថា៖ «ខ្ញុំគ្រាន់តែចង់ប្រាប់ពួកគាត់ថា[អាជ្ញាធរ] គ្មានអ្នកណាគេសុខចិត្តមកទាំងឈឺ ទាំងជា ដោយសារតែលុយប៉ុណ្ណឹងទេ ប៉ុន្តែវាជាទឹកចិត្តរបស់ខ្ញុំដែលចង់មក គឺគ្មានអ្នកណាបង្ខំខ្ញុំទេ»។

អ្នកស្រី អះអាងថា ការតស៊ូធ្វើកូដកម្មនេះ គឺជាការស័្មគ្រចិត្តរបស់ខ្លួនអ្នកស្រីផ្ទាល់ មិនមានការជួល ឬការបង្ខំពីនរណាម្នាក់ឡើយ ហើយដើម្បីផលប្រយោជន៍រួម ព្រោះក្រុមពួកគេគ្រាន់តែចង់ទទួលបានសិទ្ធិការងារមួយដ៏ត្រឹមត្រូវ និងមិនមានការរំលោភបំពានពីសំណាក់ថៅកែជាដើម។

អ្នកស្រីថាបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ការប្រជុំនេះ នឹងទទួលបានជោគជ័យ ប៉ុន្តែបើមិនជោគជ័យ ក៏ពួកខ្ញុំនឹងតស៊ូរហូតដល់ជោគជ័យដែរ។ ហើយខ្ញុំស្នើឱ្យភាគីដែលពាក់ព័ន្ធ រដ្ឋាភិបាល ដែលមានក្រសួង ជួយដោះស្រាយឱ្យក្រុមហ៊ុនមកចចារជាមួយពួកខ្ញុំ»។

នៅថ្ងៃដែលកម្មករចាប់ផ្តើមធ្វើកូដកម្ម លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកលោកថា ការប្រើប្រាស់អនិតិជន ឬស្ត្រី ជាពិសេសស្ត្រីមានកូនខ្ចី ឬស្ត្រីមានផ្ទៃពោះ ដើម្បីចូលរួមតវ៉ាអ្វីមួយ គឺជាតាក់តិចមួយដែលមានសរសេរនៅក្នុងក្បួនរបស់អ្នករៀបចំចលនាបដិវត្តពណ៌នៅប្រទេសណាមួយ។

លោក ហេង សួរ បានសរសេរថា៖ «អ្នករៀបផែនការតែងតែបន់ស្រន់ឲ្យមានគ្រោះថ្នាក់ដោយចៃដន្យណាមួយកើតឡើងលើអនិតិជន ឬលើស្ត្រី ដើម្បីទាញសមាណចិត្ត និងបញ្ឆេះកំហឹងមហាជន»។

ស្រ្តីមានផ្ទៃពោះចូលរួមធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទារឲ្យបុគ្គលិក និងតំណាងសហជីព៣៦៥នាក់ ចូលធ្វើការវិញ។ រូបភាពថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

គិតមកដល់ថ្ងៃព្រហស្បតិ៍នេះ ក្រុមកម្មករធ្វើកូដកម្មរយៈពេល៦ថ្ងៃមកហើយ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយ ទោះបីភាគីតំណាងកម្មករ សាលារាជធានីភ្នំពេញ ក្រសួងការងារ និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍បានជួបប្រជុំពីរថ្ងៃជាប់គ្នាក៏ដោយ។

ការអូសបន្លាយនៃការដោះស្រាវិវាទនេះ បានធ្វើឲ្យតំណាងសហជីពមានការព្រួយបារម្ភបញ្ហាសុខភាពរបស់ស្រ្តីដែលមានផ្ទៃពោះ ដោយពួកគេអាចប្រឈមនឹងរលូតកូន។

អ្នកស្រី អ៊ុំ ឌីណា ជាអគ្គលេខាធិការសម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ បាននិយាយថា​ ជុំវិញបញ្ហាការធ្វើកូដកម្មរបស់កម្មករដែលមានវត្តមានស្រ្តីមានផ្ទៃពោះ ពួកគេប្រឈមនឹងបញ្ហារលូតកូន ប្រសិនបើមានការរុញច្រានជាមួយអាជ្ញាធរមកលើកម្មករ ឬហេតុការណ៍ណាមួយកើតឡើង។

លោកស្រីបន្តថា៖ «កាលពីឆ្នាំ២០១២ នៅពេលដែលស្រ្តីមានផ្ទៃពោះចូលរួមធ្វើកូដកម្មនៅរោងចក្រមួយ មានស្រ្តី២នាក់រលូតកូន ដោយសារតែមានការប្រទុសសារាយជាមួយកងកម្លាំង»។

អ្នកស្រីមើលឃើញថា ក្រុមហ៊ុនណាហ្គាវើលដ៍មិនទាន់បានប្រកាសក្ស័យធន់បិទទ្វារឈប់រកស៊ីទេ ដូច្នេះក្រុមស្រ្តីមានផ្ទៃពោះទាំងនោះ តស៊ូដើម្បីរកយុត្តិធម៌ដើម្បីក្រពះពួកគេគឺជារឿងត្រឹមត្រូវ។ អ្នកស្រីថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ គួរតែចាត់វិធានការដើម្បីសម្រួលដល់ក្រុមកម្មករដែលជាស្ត្រីមានផ្ទៃពោះឱ្យបានប្រសើរជាងនេះ។

លោកស្រីអះអាងថា៖ «តាមរយៈការសង្កេតរបស់ខ្ញុំ រាល់ពេលដែលមានកូដកម្ម ឬបាតុកម្មណាមួយកើតឡើង មិនដែលឃើញវត្តមានឡានពេទ្យសង្រ្គោះបន្ទាន់ទេ មានតែឡានទឹក និងក្រុមបង្រ្កាបមានអាជ្ញាធរ»។

លោកស្រីយល់ឃើញថា និតិវិធីក្នុងការដោះស្រាយគឺចចារដោយសន្តិវិធី និងស្មោះត្រង់ តែបញ្ហាត្រង់ថាក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ចប់កិច្ចសន្យាការងារ ក្រោមហេតុផលបញ្ហាកូវីដ១៩ ដើម្បីតែចង់បំបាត់សម្លេងសហជីពពីក្រុមហ៊ុនខ្លួនតែប៉ុណ្ណោះ។

ស្រ្តីមានផ្ទៃពោះចូលរួមធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទារឲ្យបុគ្គលិក និងតំណាងសហជីព៣៦៥នាក់ ចូលធ្វើការវិញ។ រូបភាពថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការធ្វើកូដកម្មមិនមែនជាដំណោះស្រាយទេ មានតែការចូលរួមប្រជុំតែប៉ុណ្ណោះទើបមានដំណោះស្រាយ ដូច្នេះហើយទើបសាលាក្រុងបង្កើតឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ។

លោកលើកឡើងថា៖ «យើងយល់ឃើញថា​ គាត់ជានារីភាគច្រើនហ្នឹងហើយ ទើបយើងប្រជុំទាំងព្រឹកទាំងល្ងាច ដើម្បីឱ្យភាគីខិតជិតទៅរកកិច្ចចរចាត្រូវគ្នា ដោយស្នើឱ្យក្រសួងការងារអញ្ជើញក្មួយៗជាកម្មករ៣៦៥នាក់ទៅដោះស្រាយរួមគ្នា»។

លោកមានប្រសាសន៍បន្តថា នៅថ្ងៃពុធ ក្រសួងការងារបានអញ្ជើញអ្នកទាំង៣៦៥នាក់ ដើម្បីទៅប្រជុំ ដើម្បីរកដំណោះស្រាយជាមួយគ្នា​ព្រោះថាទំនាស់ការងារត្រូវការដោះស្រាយម្នាក់ទល់ម្នាក់ មិនអាចដោះស្រាយរួមបានទេ។

លោកថ្លែងថា៖ «រឿងនេះរឿងវិវាទការងារដូចរឿងទំនាស់ប្ដីប្រពន្ធអញ្ចឹង  ព្រោះផ្ដាច់កុងត្រាជាមួយគ្នា អញ្ចឹងកាលណាបញ្ជូនតំណាងទៅអាកាត់ដូចអត់កើតទេ។ អញ្ចឹងហើយបានយើងសំណូមពរថាឱ្យសាមីខ្លួនទៅហើយបូកនឹងសហជីពទៀត ថាតើដំណើរការនៃការដោះស្រាយត្រឹមត្រូវអត់»។

ក្រុមបុគ្គលិកណាហ្គាវើលដ៍ បានធ្វើការតវ៉ាបន្តបន្ទាប់ ចាប់តាំពីចុងខែមេសា ឆ្នាំ២០២១ នៅពេលដែលក្រុមហ៊ុននេះប្រកាសបញ្ឈប់ទ្រង់ទ្រាយធំចុងក្រោយដែលធ្វើឲ្យចំនួនបុគ្គលិកសរុបដែលត្រូវបានបញ្ឈប់ពីការងារមានចំនួន ១៣២៩នាក់ដែលជិតស្មើ ១ភាគ៦នៃបុគ្គលិកសរុបប្រហែល ៨០០០នាក់របស់ក្រុមហ៊ុននេះ៕

477 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម