សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

កូដកម្មរយៈពេល២ថ្ងៃរបស់កម្មកររោងចក្រ គល័រ ស្តារ បានផ្អាកបណ្ដោះអាសន្ន បន្ទាប់ពីអន្តរាគមន៍ពីក្រសួង

កម្មករនៅរោងចក្រ គល័រ ស្តារ ខេមបូឌា ប្រូដាក់ ខូអិលធីឌី បានជួបប្រជុំជាមួយមន្ត្រីនៃក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីពួកគេតវ៉ាទាមទាររកដំណោះស្រាយក្រោយក្រុមហ៊ុនចេញសេចក្តីប្រកាសអំពីការផ្លាស់ប្តូរទីតាំងរោងចក្រភ្លាមៗ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ (រូបភាព៖ វ៉ា សុភានុត)
កម្មករនៅរោងចក្រ គល័រ ស្តារ ខេមបូឌា ប្រូដាក់ ខូអិលធីឌី បានជួបប្រជុំជាមួយមន្ត្រីនៃក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីពួកគេតវ៉ាទាមទាររកដំណោះស្រាយក្រោយក្រុមហ៊ុនចេញសេចក្តីប្រកាសអំពីការផ្លាស់ប្តូរទីតាំងរោងចក្រភ្លាមៗ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ (រូបភាព៖ វ៉ា សុភានុត)

កម្មករប្រមាណ៥០០នាក់ដែលបម្រើការងារនៅក្រុមហ៊ុន គល័រ ស្តារ ខេមបូឌា ប្រូដាក់ ខូអិលធីឌី ស្ថិតនៅភូមិព្រែកជ្រៃ រាជធានីភ្នំពេញ បានចេញតវ៉ា និងបិទផ្លូវរយៈពេលពីរថ្ងៃជាប់ៗគ្នា បន្ទាប់ពីរោងចក្របានប្រកាសថានឹងផ្លាស់ប្តូរទៅទីតាំងថ្មី ដែលនៅចម្ងាយពីទីតាំងបច្ចុប្បន្នប្រហែល៤០គីឡូម៉ែត្រ។

ដំណឹងនៃការផ្លាស់ប្ដូរនេះ បានធ្វើឱ្យកម្មករមានការព្រួយបារម្ភ​​ពី​ការ​បាត់បង់​ការងារ និង​អត្ថប្រយោជន៍ផ្សេងៗ ​ដោយសារ​ទីតាំង​ថ្មី​នៅ​ឆ្ងាយ ហើយ​រោងចក្រ​បាន​ប្រកាស​ដោយ​មិន​បាន​ជូន​ដំណឹង​ពួកគេជា​មុន។

ក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងការិយាល័យនេះ បានបញ្ជាក់ថា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃធ្វើការចុងក្រោយនៅរោងចក្របច្ចុប្បន្ន ខណៈដែលរោងចក្រថ្មីនេះគ្រោងនឹងបើកដំណើរការនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានកម្មករចាស់មួយចំនួនតូចប៉ុណ្ណោះ ដែលទំនងជាទៅធ្វើការជាមួយពួកគេនៅកន្លែងថ្មី។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់អង្គការ សង់ត្រាល់ កាលពីថ្ងៃអង្គារ ដែលបង្ហាញពីស្ថានភាពរបស់កម្មករ ឱ្យដឹងថា ការផ្លាស់ប្ដូរទីតាំងរោងចក្រនេះគឺដោយសារម្ចាស់ដីមិនចង់បន្តការជួលឱ្យក្រុមហ៊ុនទៀត។ ការ​តវ៉ា​នេះ​បានកើត​ឡើង​បន្ទាប់​ពី​ការ​ចរចា​កាល​ពី​ថ្ងៃ​ចន្ទ​ មិន​អាច​ឈាន​ដល់​ដំណោះ​ស្រាយ​ដែល​កម្មករអាចទទួលយកបាន។

កម្មករវ័យ៣០ឆ្នាំម្នាក់គឺ លោក នំ នឹម បាននិយាយថា ពួកគេភ្ញាក់ផ្អើលនៅពេលដែលថៅកែរោងចក្រប្រកាសផ្លាស់ប្តូរទីតាំងទៅខេត្តតាកែវភ្លាមៗ។

យ៉ាងណា លោក​សង្ឃឹម​ថា ថៅកែ​រោងចក្រ​នឹង​ដោះស្រាយ​សំណង​ជូន​កម្មករ​ស្រប​តាម​ច្បាប់​ការងារ ហើយធានាថាកម្មករដែលបម្រើការងារយូរឆ្នាំនឹងទទួលបានអត្ថប្រយោជន៍ពេញលេញ​។

ម៉្យាងវិញទៀត លោកបន្តថា កម្មករដែលយល់ព្រមទៅធ្វើការនៅទីតាំងថ្មីនឹងទទួលបានប្រាក់ ២០០ដុល្លារបន្ថែម ដោយមានន័យថាកម្មករនឹងទទួលបានប្រាក់បន្ថែម ៣០ដុល្លារជារៀងរាល់ខែ លើប្រាក់ខែគោលរហូតដល់សរុបបានចំនួន២០០ដុល្លារ។ ប៉ុន្តែ លោក នំ នឹម បាន​និយាយ​ថា នេះ​មិន​មែន​ជា​ជម្រើស​ល្អ​សម្រាប់​កម្មករ​ទេ។

លោក នំ នឹម លើកឡើងថា៖ «បញ្ហាទី១ គឺរោងចក្រទើបតែប្រកាសផ្លាស់ប្តូរទីតាំងដោយមិនជូនដំណឹងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយទី២ កម្មករនឹងជួបការលំបាក​ក្នុងការធ្វើដំណើរទៅទីតាំងថ្មី ព្រោះវានៅឆ្ងាយ។ ការតវ៉ារបស់យើងកាលពីម្សិលមិញ [១៩ ឧសភា] មិនមានប្រសិទ្ធភាពទេ ដោយសាររោងចក្របានផ្តល់អត្ថប្រយោជន៍មិនសមរម្យ»

កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ ព្រឿង សារ៉ាន់ អាយុ ៤២ឆ្នាំ​ បាន​និយាយ​ថា ចម្ងាយ​ទៅ​រោងចក្រ​ថ្មី​គឺនៅ​ឆ្ងាយ​ពេក​ ខណៈ​ផ្ទះ​របស់​ពួកគេ​នៅ​ជិត​រោងចក្រ​បច្ចុប្បន្ន។ មួយវិញទៀត ដំណោះស្រាយរបស់រោងចក្រក៏មិនសមស្របដែរ ដោយអ្នកស្រីឆ្ងល់ថា តើពួកគេនឹងទទួលបានដំណោះស្រាយស្របតាមច្បាប់ការងារទេ ប្រសិនបើពួកគេមិនព្រមទៅធ្វើការនៅទីតាំងថ្មី។

អ្នក​ស្រី​បញ្ជាក់​ថា៖ «ពួកយើងមានការ​ព្រួយ​បារម្ភ ហើយ​មិន​ដឹង​ថា​រោងចក្រ​ធ្វើ​អ្វី​ស្រប​ច្បាប់​ឬ​អត់។ យើង​បាន​សួរ​ទៅ​សហជីពប្រចាំរោងចក្រ ប៉ុន្តែពួក​គេ​បាន​បញ្ជូន​តំណាង​ទៅ​ពិភាក្សា​ជាមួយ​ថៅកែ។ បើ​ពួកយើងយល់​ដឹងផ្នែក​ច្បាប់ ប្រហែលជាយើង​មិនមកធ្វើការ​នៅរោងចក្រ​ទេ»

អ្នកស្រី សារ៉ាន់ ឱ្យដឹងដែរថា ការតវ៉ាដែលធ្វើឡើងនៅជិតបរិវេណរោងចក្រនេះ គឺដើម្បីស្វែងរកកិច្ចអន្តរាគមន៍ និងដំណោះស្រាយស្របតាមច្បាប់ការងារ។ ដោយបន្ថែមថា កម្មករទាំងអស់បានត្រឡប់ទៅធ្វើការវិញនៅពេលដែលតំណាងក្រសួងចុះទៅដល់ដើម្បីដោះស្រាយបញ្ហា​។

ទោះជាយ៉ាងនេះក្តី ដំណោះ​ស្រាយ​នឹង​ត្រូវ​ចំណាយ​ពេល​វេលា ព្រោះ​ការ​ពិភាក្សា​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា មុន​នឹង​រោងចក្រ​ជូន​ដំណឹងជាថ្មី​ដល់​កម្មករ។

អ្នកស្រី សារ៉ាន់ បន្ថែមថា៖ «ហេតុអ្វីបានជារោងចក្រចំណាយពេលយូរក្នុងការពិភាក្សា?ប្រសិន​បើរោងចក្រមិនព្រមដោះស្រាយតាមសំណើរបស់កម្មករ តើបញ្ហានេះនឹងដោះស្រាយចេញទេ?​ ប្រសិន​បើ​កម្មករ​នៅ​តែ​បន្ត​ធ្វើ​ការ​ឱ្យ​រោងចក្រ នោះរោងចក្រ​នឹង​ចាប់ផ្ដើម​អស់​សម្ភារ​ដេរ​ហើយ»

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង កិច្ចព្រមព្រៀងមួយបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ដែលក្រុមហ៊ុនបានយល់ព្រមផ្តល់ការទូទាត់បញ្ចប់កិច្ចសន្យាដល់កម្មករដែលមិនចង់ទៅធ្វើការនៅទីតាំងថ្មី។

ក្រសួង​បន្ត​ថា ក្រុមហ៊ុន​បាន​យល់​ព្រម​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ​ដោយ​ផ្អែក​លើ៤ចំណុច​ដែល​កំណត់​ដោយ​ច្បាប់​ការងារ។ ក្នុងនោះ រួមមានការទូទាត់សម្រាប់ប្រាក់ឈ្នួលដែលមិនទាន់បើកសំណងសម្រាប់ការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់ សំណងជំនួសការមិនបានជូនដំណឹងជាមុន និងប្រាក់អតីតភាពការងារ។

ជាមួយគ្នា ក្រសួងបាន​អំពាវនាវ​ឱ្យ​កម្មករ​ត្រូវ​ជឿជាក់ និង​រង់ចាំ​ដំណោះស្រាយ​របស់​ខ្លួន ហើយ​​ចៀសវាង​ការ​តវ៉ា​ដោយ​បិទ​ផ្លូវ​សាធារណៈ ដែល​អាច​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​នាំ​ឱ្យ​មាន​ការ​បំពាន​ច្បាប់។

ប្រធានសហព័ន្ធសហជីពកម្ពុជា(CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ បានប្រាប់ សារព័ត៌មានខេមបូចា ថា ការផ្លាស់ប្ដូរទីតាំងនេះមិនមែនជារឿងចៃដន្យទេ ដោយសាររោងចក្រមានកម្មកររាប់រយនាក់ ហើយបានដំណើរការជាច្រើនឆ្នាំមកហើយ។ ការផ្លាស់ប្ដូរត្រូវបានគ្រោងទុក ដូច្នេះ កម្មករគួរតែទទួលបានប្រាក់បំណាច់ និងអត្ថប្រយោជន៍ផ្សេងទៀតតាមច្បាប់ការងារ ក្នុងករណីដែលពួកគេមិនព្រមបន្តធ្វើការនៅទីតាំងថ្មី។

អ្នកស្រី សុភ័ណ្ឌ ​មានប្រសាសន៍​ថា​៖ «រយៈពេលនៃការ​ជូន​ដំណឹង​របស់​ក្រុមហ៊ុន​ក្នុង​ការ​បិទ និង​បើក​ភ្លាមៗ​គឺ​ខ្លី​ពេក ដូច្នេះ​វា​បាន​ធ្វើ​ឱ្យ​កម្មករ​មានការព្រួយ​បារម្ភ ខណៈ​ចម្ងាយ​ពី​រោងចក្រ​ចាស់​ទៅ​រោងចក្រ​ថ្មី​គឺជា​បញ្ហាមួយ»

អ្នកស្រីបន្ថែមថា៖ «ទាក់ទងនឹងការបញ្ឈប់កម្មករដោយបំពេញវិញនូវចំណុចទាំងបួននោះ គឺត្រូវតែបន្ថែមចំណុចមួយបន្ថែមទៀត ដែលជាប្រាក់បំណាច់»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Govt Temporarily Remediates Color Star Workers’ Two-Day Strike After Factory Announces Sudden Relocation

90 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម