សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កញ្ញា សេង ធារី ដែលកំពុងជាប់ពន្ធនាគារ បានបញ្ចប់​កូដកម្ម​បង្អត់អាហារ នេះជាលើកទី៤ចាប់ពីឆ្នាំ២០២២

កញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្សស្រែកទាមទារយុត្តិធម៌ មុនពេលប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)
កញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្សស្រែកទាមទារយុត្តិធម៌ មុនពេលប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សដ៏លេចធ្លោម្នាក់ កញ្ញា សេង ធារី ដែលកំពុងជាប់ពន្ធនាគារបានផ្អាកធ្វើកូដកម្មបង្អត់អាហារក្នុងរយៈពេលប្រាំបួនថ្ងៃ ដោយសារបញ្ហាសុខភាព ខណៈដែលក្រុមសង្គមស៊ីវិលអំពាវនាវឱ្យដោះលែងកញ្ញាចេញពីពន្ធនាគារ។

នេះជាការធ្វើកូដកម្មអត់អាហារលើកទីបួនរបស់កញ្ញាចាប់តាំងពីកញ្ញាត្រូវបានជាប់គុកក្នុងឆ្នាំ២០២២ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិកាន់តែខ្លាំងឡើងចំពោះការធ្លាក់ចុះនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមអង្គការអន្តរជាតិមួយ​។ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ «សុខុមាលភាព» របស់កញ្ញា ធារី ព្រោះការឃុំខ្លួនរបស់កញ្ញាយូរបានធ្វើឱ្យសុខភាពគាត់កាន់តែងាយរងគ្រោះ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន បានបញ្ជាក់ថា ធារី គ្រោងធ្វើកូដកម្មអត់អាហារពីថ្ងៃទី១ដល់ថ្ងៃទី១៤ ខែមិថុនា។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ជនជាប់ឃុំ កញ្ញា សេង ធារី បានគ្រោងធ្វើ១៤ថ្ងៃ គឺពីថ្ងៃទី១ដល់ទី១៤ ខែមិថុនា ឆ្នាំ២០២៥ តែធ្វើបានត្រឹមថ្ងៃទី៩ ខែមិថុនា គាត់ក៏សម្រេចចិត្តបញ្ចប់មុនកំណត់ និងហូបអាហារធម្មតា»។

លោក សុណាឌីន មានប្រសាសន៍ថា៖ «សូមបញ្ជាក់ថាសកម្មភាពនេះអត់ប៉ះពាល់ ឬជាការរំលោភសិទ្ធិគាត់ឡើយ តែជាការគោរពសិទ្ធិសម្រេចចិត្តរបស់ជនជាប់ឃុំ សេង ធារី» 

គាត់បាននិយាយថា ពន្ធនាគារនឹងនៅតែផ្តល់អាហារឲ្យគាត់ ១ថ្ងៃ២ពេលជារៀងរាល់ថ្ងៃ បូករួមជាមួយការតាមដានសុខភាពជាប្រចាំ ហើយការសម្រេចចិត្តរបស់ជនជាប់ឃុំរូបនេះ «មិនមែនជារឿងថ្មីទេ» គឺគាត់ធ្លាប់ធ្វើរួចហើយ។

ពលរដ្ឋដែលមានសញ្ជាតិអាមេរិក-កម្ពុជា កញ្ញា សេង ធារី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំក្នុងខែមិថុនា ឆ្នាំ២០២២ ពីបទសមគំនិតក្បត់ជាតិ ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិកជាង១០០នាក់នៃអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរកឃើញមានទោស ​បន្ទាប់​ពី​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ២០១៩។

អង្គការសហប្រជាជាតិ និងសិទ្ធិមនុស្សអន្តរជាតិបានបរិហារការកាត់ទោស និងការចោទប្រកាន់ថាមានហេតុផលនយោបាយ។

ប្រធាន​ប្រតិបត្តិ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ជំនឿ​ថា កញ្ញា សេង ធារី បញ្ចប់​កូដកម្ម​អត់​អាហារ​ដោយសារ​បារម្ភ​ពី​សុខភាព។

លោក​​មាន​ប្រសាសន៍​ថា៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​សុខភាព​របស់​នាង ជា​ពិសេស​ព្រោះ​នេះ​ជា​កូដកម្ម​អត់​អាហារ​លើក​ទី​បួន​របស់​នាង​ក្នុង​ពន្ធនាគារ​រួច​ហើយ»។

លោក សំអាត មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា កូដកម្ម​អត់​អាហារ​របស់​នាង​គឺ​ជា​ការ​អំពាវនាវ​រក​យុត្តិធម៌ មិន​ត្រឹម​តែ​សម្រាប់​ខ្លួន​នាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ជាប់​ឃុំ​នយោបាយ​ផ្សេង​ទៀត​ផង​ដែរ»។

ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ និង​លោក ប៉ែន បូណា អ្នក​នាំពាក្យ​រដ្ឋាភិបាល​ទាំង​ពីរ​មិន​បាន​ឆ្លើយ​តប​ដើម្បី​ធ្វើ​អត្ថាធិប្បាយ​ទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Imprisoned Activist Seng Theary Halts Hunger Strike, Her Fourth Since 2022

ព័ត៌មានថ្មី

អត្ថបទពេញនិយម