សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្មកររោងចក្ររាប់រយនាក់កូដកម្មទាមទារដំឡើងអត្ថប្រយោជន៍បន្ថែម ព្រោះតែសាំងឡើងថ្លៃ

កម្មកររោងចក្រធ្វើដំណើរក្នុងឡានទ្រុងដឹកទំនិញដ៏ណែនតាន់តាប់ទៅកាន់រោងចក្រក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។​ រូបថតថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៤ (ខេមបូចា/ព្រីង សំរាំង)
កម្មកររោងចក្រធ្វើដំណើរក្នុងឡានទ្រុងដឹកទំនិញដ៏ណែនតាន់តាប់ទៅកាន់រោងចក្រក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។​ រូបថតថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៤ (ខេមបូចា/ព្រីង សំរាំង)

កម្មកររោងចក្រកាត់ដេររាប់រយនាក់ក្នុងខេត្តកំពង់ស្ពឺបានធ្វើកូដកម្មចាប់ពីថ្ងៃអង្គារ ដោយទាមទារឱ្យមានការបង្កើនអត្ថប្រយោជន៍ រួមមានការដំឡើងប្រាក់ថ្លៃធ្វើដំណើរនិងអាហារ ខណៈដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើង បង្កជាសម្ពាធលើការចំណាយប្រចាំថ្ងៃរបស់ពួកគេ។

យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃសាំង និងម៉ាស៊ូតបានហក់ឡើងដល់ ៥ ៥០០ រៀល (១.៣៨ ដុល្លារ) និង ៦ ៥៥០ រៀល (១.៦៤ ដុល្លារ) ក្នុងមួយលីត្រនៅទូទាំងប្រទេសកម្ពុជា ចំពេលដែលមានវិបត្តិថាមពលសកលពាក់ព័ន្ធនឹងសង្រ្គាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។

កាលពីថ្ងៃអង្គារម្សិលមិញនេះ កម្មកររោងចក្រប្រមាណ ៤០០នាក់នៅរោងចក្រ J Star Garment ក្នុងខេត្តកំពង់ស្ពឺ បានធ្វើកូដកម្មនិងបិទផ្លូវជាតិលេខ៣ មុនពេលរំសាយទៅវិញនៅពេលល្ងាច បន្ទាប់ពីមានការអន្តរាគមន៍ពីមន្ត្រីនៃក្រសួងការងារ។ កម្មករបាននិយាយថា ពួកគេកំពុងទាមទារប្រាក់កម្រៃដឹកជញ្ជូន និងអាហារខ្ពស់ជាងមុន ព្រមទាំងប្រាក់បន្ថែម ២ ០០០ រៀល (០.៥០ ដុល្លារ) សម្រាប់ការធ្វើការថែមម៉ោង។

រោងចក្រ J Star Garment មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយតាមរយៈអ៊ីម៉ែលនោះទេ។

ខណៈដែលមនុស្សជាច្រើនបានត្រឡប់ទៅធ្វើការវិញ កម្មករនិងសហជីពមួយចំនួនបានប្រាប់អ្នកសារព័ត៌មានខេមបូចាថា ពួកគេបន្តស្វែងរកដំណោះស្រាយ។

មន្ត្រីនៃក្រសួងការងារកំពុងជួបជាមួយកម្មករដែលកំពុងធ្វើកូដកម្មនៅខាងក្រៅរោងចក្រ J Star Garment ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី ១៧ មីនា ២០២៦។ (រូបភាពផ្ដល់ឱ្យ)

អ្នកនាំពាក្យ​ក្រសួងការងារ លោក ស៊ុន មេសា បានមានប្រសាសន៍ថា វិវាទត្រូវបានដោះស្រាយហើយ ដោយបន្ថែមថា ថៅកែរោងចក្របានយល់ព្រមដំឡើងប្រាក់ឈ្នួលឱ្យកម្មករចំនួន ៣ដុល្លារ ដែលមានប្រសិទ្ធភាពភ្លាមៗ។​ លោកក៏បានឱ្យដឹងដែរថា ករណីវិវាទកម្មករសរុបចំនួន ៣៧ករណីដែលបានកត់ត្រាចន្លោះពីខែមករា ដល់ខែកុម្ភៈ ត្រូវបានដោះស្រាយរួចរាល់ ដែលតួលេខនេះផ្ទុយពីការត្អូញត្អែរពីសហជីពថា ករណីជាច្រើនបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។

ប៉ុន្តែអ្នកស្រី ហៀម សាម៉ុន ដែលជាកម្មករម្នាក់ដែលបាននិយាយថា គាត់បានចូលរួមក្នុងកូដកម្ម​កាលពីថ្ងៃអង្គារ បានលើកឡើងថា ការទាមទារឱ្យមានការបង្កើនអត្ថប្រយោជន៍ដើម្បីគាំទ្រចំពោះការកើនឡើងនៃទំនិញផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ នៅតែមិនទាន់ត្រូវបានឆ្លើយតប​។

អ្នកស្រីបាននិយាយដោយសំដៅទៅលើអ្នកផ្តល់សេវាដឹកជញ្ជូនដែលដឹកកម្មករទៅរោងចក្រថា៖ «តៃកុងឡានបានសុំដំឡើងថ្លៃឈ្នួលបន្ថែមចំនួន ៣ដុល្លារ [ធម្មតា ១០ដុល្លារ] ដោយសារតម្លៃប្រេងសាំងឡើងថ្លៃ»។

អ្នកស្រី សាម៉ុន បន្តថា៖ «ប្រាក់កម្រៃដឹកជញ្ជូន ៨ដុល្លារ គឺមិនគ្រប់គ្រាន់សម្រាប់ចំណាយលើការធ្វើដំណើរនោះទេ»។ ដោយបន្ថែមថា ការដំឡើងប្រាក់កម្រៃដឹកជញ្ជូន ១ដុល្លារ និងប្រាក់រង្វាន់ធ្វើការទៀងទាត់ ២ដុល្លារប្រចាំខែរបស់រោងចក្រ ដែលធ្វើឱ្យសរុបឡើងដល់ ១២ដុល្លារ គឺមិនទាន់បំពេញតាមតម្រូវការរបស់កម្មករឡើយ។

អ្នកស្រីបានបញ្ជាក់ថា កម្មករប្រមាណ ៧០% គឺនៅតែបន្តធ្វើកូដកម្ម។

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក គង់ អាទិត្យ បានមានប្រសាសន៍ថា ការកើនឡើងនៃថ្លៃដឹកជញ្ជូនបានប៉ះពាល់ដល់ការមកធ្វើការរបស់កម្មករ ដោយសារតែចំនួនប្រាក់កម្រៃដែលពួកគេត្រូវទទួលបាន។

លោកបានមានប្រសាសន៍ថា៖ «យើងកំពុងធ្វើការដើម្បីដោះស្រាយបញ្ហានៅថ្ងៃនេះ» ដោយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម។

មន្ត្រីនៃក្រសួងការងារ តំណាងរោងចក្រ និងអាជ្ញាធរមូលដ្ឋានកំពុងជួបជាមួយតំណាងកម្មកររោងចក្រ J Star Garment ក្នុងអំឡុងពេលធ្វើកូដកម្ម។ រូបថតថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ (ផ្តល់ដោយក្រសួងការងារ)

អ្នកបើកបររថយន្តក្រុងដឹកកម្មករ​ លោក ឯក សុភឿន បាននិយាយថា តម្លៃប្រេងឡើងថ្លៃកំពុងប៉ះពាល់ដល់អាជីវកម្មរបស់លោក ហើយលោកកំពុងពិចារណាដំឡើងថ្លៃសេវា។

លោកបាននិយាយថា៖ «ខ្ញុំកំពុងគិតពីការដំឡើងថ្លៃដល់ ១០ ០០០ រៀល (២.៥០ ដុល្លារ) ក្នុងកម្មករម្នាក់ ដោយសារតម្លៃប្រេងខ្ពស់ជាងមុន»។

បច្ចុប្បន្ន លោកបានយកថ្លៃសេវាពីកម្មករក្នុងខេត្តកំពង់ចាម ដែលធ្វើដំណើរឆ្ងាយជាងអ្នកនៅខេត្តកំពង់ស្ពឺ ចំនួន ៦៥ ០០០ រៀល (១៦.២៥ ដុល្លារ) ក្នុងមួយខែ។

លោក សុភឿន បាននិយាយថា ពីមុនលោកប្រើប្រាស់ប្រេងម៉ាស៊ូតប្រមាណ ៣០០លីត្រក្នុងមួយខែ ដែលចំណាយអស់ជាង ២៥០ដុល្លារ ប៉ុន្តែលោកគិតថាការចំណាយនឹងកើនឡើងទ្វេដងបន្ទាប់ពីការឡើងថ្លៃនាពេលថ្មីៗនេះ។

ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ បានអំពាវនាវដល់រដ្ឋាភិបាល ជាពិសេសក្រសួងការងារឱ្យដោះស្រាយបញ្ហានេះ ដោយព្រមានថា វិស័យកាត់ដេរ និងវាយនភណ្ឌអាចនឹងប្រឈមមុខនឹងផលប៉ះពាល់បន្តបន្ទាប់។

អគ្គលេខាធិការរង​សមាគម​វាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) លោក កាំង ម៉ូនីកា បានមានប្រសាសន៍ថា ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈបានបង្កើនការចំណាយយ៉ាងខ្លាំងសម្រាប់ទាំងរោងចក្រ និងកម្មករ។

លោកបានថ្លែងថា៖ «ក្រុមហ៊ុនភស្តុភារបានជម្រាបជូនសមាជិករោងចក្ររបស់យើងរួចហើយ​អំពីការកើនឡើងនៃការចំណាយ ជាពិសេសថ្លៃដឹកជញ្ជូនដោយរថយន្តធំៗ»។ ដោយលោកក៏បានទទួលស្គាល់ផងដែរថា ថ្លៃធ្វើដំណើរសម្រាប់កម្មករក៏បានកើនឡើងដូចគ្នា។

លោក ម៉ូនីកា បន្ថែមថា៖ «[…] រោងចក្រកំពុងប្រឈមមុខនឹងសម្ពាធ។ ការចំណាយខ្ពស់មានន័យថាប្រាក់ចំណេញកាន់តែតិច។ វាលឿនពេកក្នុងការវាយតម្លៃការប្រកួតប្រជែងជារួមធៀបនឹងប្រទេសដទៃទៀត ដោយរង់ចាំការអន្តរាគមន៍គោលនយោបាយពីរដ្ឋាភិបាលរៀងៗខ្លួនជាមុនសិន»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kampong Speu Garment Workers Strike Driven by Rising Fuel Costs

ព័ត៌មានថ្មី

អត្ថបទពេញនិយម