សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សង់ត្រាល់ត្រូវបានធ្វើសវនកម្ម ខណៈអង្គការអន្តរជាតិទាមទារឱ្យរដ្ឋាភិបាល​លុបចោលការអនុវត្តនេះ

សមាជិកសហជីពប្រមាណ៧០នាក់បានតវ៉ានៅមុខការិយាល័យ សង់ត្រាល់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា)
សមាជិកសហជីពប្រមាណ៧០នាក់បានតវ៉ានៅមុខការិយាល័យ សង់ត្រាល់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា)

មន្ត្រីសវនកម្មជាតិ​៣រូប​បាន​បង្ហាញ​ខ្លួន​នៅ​ឯ​ទីស្នាក់ការ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស​ ហៅកាត់ សង់ត្រាល់ កាលពីព្រឹកថ្ងៃចន្ទ ដើម្បី​ធ្វើ​សវនកម្ម​ទៅតាមការគ្រោងទុក នៅចំពេលដែល​មាន​​អង្គការអន្តរជាតិមួយចំនួន​អំពាវនាវ​សុំ​ឱ្យរដ្ឋាភិបាល​លុបចោល​ការអនុវត្ត​សវនកម្មនេះ​វិញ។

អ្នកគ្រប់គ្រងកម្មវិធី​របស់​សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​លើកឡើងថា ​នៅក្នុងអំឡុងពេលនៃការធ្វើ​សវនកម្ម​ថា កិច្ចពិភាក្សា​រយៈពេល​បីម៉ោង​ត្រូវបាន​ធ្វើឡើង​ស្របទៅតាម​​ការងារបច្ចេកទេស​ដែលស្នើ​សុំ​ដោយ​ក្រសួង​មហាផ្ទៃ និង​ស្របទៅតាមច្បាប់​ពាក់ព័ន្ធ ដូចដែលបានលើកឡើង​នៅក្នុង​លិខិត​មួយ​ដែល​ចេញដោយ​អាជ្ញាធរ​សវនកម្មជាតិ ។

លោក ថារ៉ូ បានបន្តថា៖ «ដំណើរការ​ និង​នីតិវិធី​អនុវត្ត​ទៅតាម​គោលការណ៍​នៃការធ្វើសវនកម្ម ។ ក្រុម​ការងារ​សង់ត្រាល់​នឹងធ្វើការ​សហការ​ដោយ​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​ ដើម្បីធានា​តម្លាភាព និង​ទំនួលខុសត្រូវខ្ពស់»

សវនកម្មនេះធ្វើឡើង​តាមសំណើ​របស់​ក្រសួងមហាផ្ទៃ​ បន្ទាប់ពី​ក្រសួង​បាន​ជូនដំណឹង​ឱ្យ​ សង់ត្រាល់ ផ្ដល់​ព័ត៌មាន​អំពី​គណនី​ធនាគារ​កម្ពុជា​ទាំងអស់​របស់​ សង់ត្រាល់ ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែមិថុនា តទៅ ។

នៅថ្ងៃទី១២ ខែកក្កដា សមាជិក​នៃ​សមាគម​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់ ​និងស្បែកជើង​អាមេរិក (AAFA) និង​សមាគម​ការងារយុត្តិធម៌ (FLA) បានរួមគ្នា​ទាមទារ​«ដោយ​ប្រើពាក្យធ្ងន់ៗ»​ឱ្យ​ប្រទេស​កម្ពុជា​​លុប​ចោល​ជា​បន្ទាន់​នូវ​វិធានការ​សវនកម្ម​នោះ។​

សេចក្តីថ្លែងការណ៍បង្ហាញថា៖ «ពេលវេលា​នៃសវនកម្ម​ដែល​កើតឡើង​ភ្លាមៗក្រោយ​ពេល​ដែល​សង់ត្រាល់​ចេញ​ផ្សាយ​របាយការណ៍​កាលពីពេលថ្មីៗនេះ ធ្វើ​ឱ្យ​គេមើលទៅហាក់ដូចជា​គោលបំណង​តែមួយគត់​នៃ​សវនកម្មនេះ គឺ​ដើម្បីសងសឹក​ទៅលើ​អង្គការសង់ត្រាល់»

សេចក្ដីថ្លែងការណ៍រួម​ដដែលក៏បានស្នើសុំ​ឱ្យរដ្ឋាភិបាល​ជៀសវាង​ការចាត់វិធានការណា​មួយ​ដែល​«អាច ហើយ​នឹង​អាច​ត្រូវគេ​យល់ឃើញថា​ជាការ​បំភិតបំភ័យ ​និង​ការបៀតបៀន​ទៅ​លើ​អង្គការក្រៅ​រដ្ឋាភិបាលមួយ​នេះ ឬ​អង្គការ​ក្រៅរដ្ឋាភិបាល​ផ្សេងទៀតណា​មួយ​ឱ្យសោះ»

សមាគម​ទាំងពីរខាងលើ​បានបន្ត​ថា៖ «ដោយសារតែ​ឈ្មោះ«កម្ពុជា»​ត្រូវបាន​បោះពុម្ព​កាន់តែច្រើន​ឡើង​នៅលើ​ផលិតផល​របស់​ម៉ាកយីហោ​សមាជិក​របស់​យើង សកម្មភាពរបស់អ្នក​ប៉ះពាល់​​ដោយ​ផ្ទាល់​មក​លើ​គុណតម្លៃ​ កេរ្តិ៍ឈ្មោះ និងកាតព្វកិច្ច​ផ្លូវច្បាប់​របស់​ម៉ាកយីហោ​នៃសមាជិករបស់​យើង»

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ទូច សុខៈ បាននិយាយថា អាជ្ញាធរ​សវនកម្ម​ជាតិ​ធ្វើការ​ស្របទៅតាមច្បាប់ ដោយលោក​បន្តថា៖ «បើសិនជាមិនមានភាពមិនប្រក្រតីណាមួយនោះ គឺយើងក៏មិនអាចចាត់នីតិវិធីទៅតាមច្បាប់ទៅធ្វើប្រតិបត្តិការ [សវនកម្ម] ដែរ»

លោកបានកត់សម្គាល់ថា៖ «អ្វីៗគឺយើងធ្វើ​តាមច្បាប់ទេ មិនមែនជាការបំភិតបំភ័យនោះឡើយ​។ […] កម្ពុជា គឺ​ជារដ្ឋ​អធិបតេយ្យ ជា​រដ្ឋ​ឯករាជ្យ។ រាល់ការដាក់សម្ពាធ​ ដាក់លក្ខខណ្ឌពីបណ្តាតួ​អង្គ អង្គការអន្តរជាតិ ​និង​​បរទេសអីនេះ​​ គឺថាវា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ​របស់ជាតិមួយ​​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ។»

លោក សុខៈ បានបន្ថែមថា បញ្ជា​ពីខាងក្រៅ​មក​លើ​កិច្ចការផ្ទៃក្នុង​របស់​កម្ពុជា​ គឺជា«ការខុសច្បាប់»​នៅក្រោម​ច្បាប់​អន្តរជាតិ ដោយលោក​ស្នើ​ឱ្យ​អង្គការ​អន្តរជាតិ​ពិនិត្យឡើងវិញ​នូវ​ច្បាប់​កម្ពុជា ​និង​ច្បាប់​អន្តរជាតិ ។

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សហព័ន្ធសហជីព​រក្សាសិទ្ធិកម្មករ​កម្ពុជា (CWPUC) បានចោទ​ប្រកាន់​លោក ថារ៉ូ ពី​បទ​បរិហារកេរ្តិ៍​ជាសាធារណៈ​ និង​ពីបទញុះញង់​ឱ្យមានការរើសអើង និង​បានទាមទារ​សំណងជំងឺចិត្ត១០០លានរៀល (ប្រហែល ២៤ ០០០ដុល្លារ) ។

នៅក្នុង​បទសម្ភាសន៍​ជាមួយវិទ្យុ អាស៊ីសេរី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ លោក ថារ៉ូ ត្រូវគេ​ចោទ​ថា បាននិយាយពាក្យ​«យកសហជីព​ក្លែងក្លាយ​ឱ្យ​វាយប្រហារ​សហជីព​ឯករាជ្យ​ និងការប្រើ​ប្រាស់យុវជន​ ឬ​សង្គមស៊ីវិល​ក្លែងក្លាយ​ឱ្យ​វាយប្រហារ​យុវជន និង​សង្គមស៊ីវិល​ឯករាជ្យ»

លោក​ ថារ៉ូ​ បាននិយាយថា លោក​បានត្រៀមខ្លួន​រួចរាល់​ជាមួយ​មេធាវី ដើម្បី​ចូលទៅ​បំភ្លឺ​នៅមុខ​តុលាការ ប៉ុន្តែ លោកថា រហូត​មក​ដល់ពេលនេះ លោក​មិនទាន់​ទទួល​បាន​ដីកា​ពី​តុលាការ​នៅ​ឡើយទេ។ លោកបន្តថា៖ «រឿងការចោទប្រកាន់​មក​លើ​រូបខ្ញុំយ៉ាងណានោះ ខ្ញុំ​កំពុងរង់ចាំ​ការកោះហៅ​ពី​តុលាការ​ដើម្បី​ចូលបំភ្លឺ​ក្នុងនាម​ចុង​ចម្លើយ ហើយក្រុមមេធាវីរបស់ខ្ញុំ​នឹងធ្វើការសិក្សា​លើ​សំណុំរឿងនេះ ដោយខ្ញុំ​បាន​ប្រគល់​សិទ្ធិ​ឱ្យពួកគាត់រួចរាល់ហើយ»

កាលពីថ្ងៃទី៨ ខែកក្កដា ប្រធាន CWPUC លោក ហង្ស រ៉ាវី បានដាក់ពាក្យ​បណ្ដឹងទីពីរ​ប្រឆាំងនឹង​លោក ថារ៉ូ និង​គូកនលើ​ហេតុផល​ដដែល ដោយលើកនេះទាមទារ​សំណងជំងឺចិត្ត​១ពាន់លានរៀល (ប្រហែល ២៣៤ ០០០ដុល្លារ) ។

លោក រ៉ាវី បានបញ្ជាក់អំពី​ការដាក់ពាក្យបណ្ដឹងនោះថា ​ពិតមែន ប៉ុន្តែបដិសេធ​ការអត្ថាធិប្បាយ​បន្ថែម​ដោយ​សារថា​លោក​កំពុង​ជាប់​ប្រជុំ។ ចំពោះពាក្យបណ្ដឹង​របស់ CWPUC លោក មឿន តុលា បាន​គាំទ្រ​ការលើកឡើង​របស់​លោក ថារ៉ូ ដោយនិយាយថា ពួកគេ​នៅមិនទាន់បានទទួល​ពាក្យបណ្ដឹង​នៅឡើយ​ទេ។ លោក តុលា បានប្រាប់ ខេមបូចា ថា លោកបានដឹងអំពីបណ្ដឹងនេះតាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តែប៉ុណ្ណោះ ។

លោកបានបន្តថា៖ «យើងមិនបានទាន់ឃើញបណ្តឹងហ្នឹងឱ្យច្បាស់នៅឡើយ ដោយសារតែយើងឃើញតាមសារព័ត៍មាន ហើយខាងយើងក៏អត់ទាន់បានទទួលដីកាកោះហៅពីតុលាការដែរ»

លោក​ក៏បាន​បដិសេធ​ឃ្លាប្រយោគ​ដែល​បាន​ចុះផ្សាយ​ដោយ​វិទ្យុអាស៊ីសេរី នោះ​ដែរ ដោយ​លោក​កត់​សម្គាល់ថា ប្រយោគនោះមិនមែន​និយាយ​ដោយ​លោក ឃុន ថារ៉ូ ទេ។ លោក តុលា បានបន្ត​ថា៖ «បើផ្អែកទៅលើព័ត៌មានដែលយើងឃើញការផ្សព្វផ្សាយតាមបណ្តាញសង្គម។ល។ ហ្នឹងដែលចោទលោក ឃុន ថារ៉ូ ថាបាននិយាយរឿង «សហជីពក្លែងក្លាយ ក្រុមយុវជនក្លែងក្លាយអីហ្នឹង» ខ្ញុំគិតថាអាហ្នឹងគឺជាការយល់ច្រលំ​ទេ អត្ថបទអាស៊ីសេរីហ្នឹង ឃ្លាហ្នឹងមិនមែនជាឃ្លារបស់លោក ឃុន ថារ៉ូទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CENTRAL Audited As International Organizations Urge Govt To Cancel The Exercise

343 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម