សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ចំណងពាណិជ្ជកម្ម ទេសចរណ៍ និងការងារ កាន់តែរងផលប៉ះពាល់ ខណៈការប្រយុទ្ធអូសបន្លាយ

ស្ពានមេទឹក ហៅ ស្ពានជ័យជំនះ ក្នុងខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានបំផ្លាញទាំងស្រុង បន្ទាប់ពីយន្តហោះចម្បាំង F-16 របស់ថៃទម្លាក់គ្រាប់បែកជាបន្តបន្ទាប់។ (AKP)
ស្ពានមេទឹក ហៅ ស្ពានជ័យជំនះ ក្នុងខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានបំផ្លាញទាំងស្រុង បន្ទាប់ពីយន្តហោះចម្បាំង F-16 របស់ថៃទម្លាក់គ្រាប់បែកជាបន្តបន្ទាប់។ (AKP)

គ្រាប់បែក និងគ្រាប់ផ្លោងនៅតែបន្តហោះឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។ ស្របពេលជាមួយគ្នានេះ អ្នកជំនួញក្នុងស្រុក បញ្ញវន្ត និងអ្នកជំនាញអាជីវកម្ម ក៏បានបង្ហាញក្តីបារម្ភស្រដៀងគ្នាថាជម្លោះដែលផ្ទុះឡើងវិញនៅខែធ្នូនេះក៏នឹងធ្វើឱ្យសេដ្ឋកិច្ចក្នុងសហគមន៍ដែលប្រឈមផ្ទាល់នឹងការប្រយុទ្ធគ្នា ជួបវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេលយូរផងដែរ។

ការបិទច្រកព្រំដែន និងការរឹតត្បិតផ្សេងៗរវាងប្រទេសជិតខាងទាំងពីរ ដែលបានកើតឡើងតាំងពីមុនមានការប៉ះទង្គិចបង្ហូរឈាមរយៈពេល៥ថ្ងៃ កាលពីខែកក្កដា បានធ្វើឱ្យពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកកស្ទះ និងកាត់ផ្តាច់ប្រាក់ចំណូលរបស់អាជីវករ កសិករ និងកម្មករស៊ីឈ្នួលរាប់ពាន់នាក់ ដែលពឹងផ្អែកលើការធ្វើពាណិជ្ជកម្ម និងទីផ្សារនៅតាមព្រំដែនរវាងគ្នានឹងគ្នាដើម្បីចិញ្ចឹមជីវិត។

យោងតាមក្រសួងការពារជាតិកម្ពុជា ផ្ទះសម្បែងរាប់រយខ្នង ព្រមទាំង ផ្សារ សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងៗទៀត ដែលនៅក្បែរព្រំដែន ត្រូវបានកម្ទេចដោយគ្រាប់កាំភ្លើងធំរបស់ថៃ។ ភាគីថៃ ក៏បានរាយការណ៍ផងដែរថា ហេដ្ឋារចនាសម្ព័ន្ធសាធារណៈស្រដៀងគ្នានេះ ក៏ត្រូវបានបំផ្លាញដោយគ្រាប់រ៉ុកកែត BM-21 របស់កម្ពុជា នៅក្នុងការប្រយុទ្ធថ្មីៗនេះ ហើយថៃក៏បានអះអាងថា ខ្លួនមានបំណងបំផ្លាញសមត្ថភាពយោធារបស់កម្ពុជា។

អ្នកជំនាញបានកត់សម្គាល់ថា ក្រៅពីការបាត់បង់ជីវិតមនុស្សរាប់សិបនាក់ទាំងសងខាង ប្រទេសទាំងពីរ​ក៏​រង​ការ​ខាតបង់​ផងដែរ ជាពិសេស​ការ​ខាតបង់​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន និង​ការ​កើន​ឡើង​នៃ​សម្ពាធ​លើ​ផលិតផល​ក្នុង​ស្រុក​សរុប ប៉ុន្តែកម្ពុជា​អាច​នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ។

នយោបាយផ្ទៃក្នុងជាកត្តាជំរុញឱ្យមានជម្លោះ ទោះបីជាមានការខាតបង់ផ្នែកសេដ្ឋកិច្ចក៏ដោយ

ក្រៅពីសមរភូមិប្រយុទ្ធ អ្នកសិក្សាបានលើកឡើងថា ទោះបីជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចក៏ដោយ នយោបាយផ្ទៃក្នុងរបស់ប្រទេសកំពុងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបដែលជម្លោះនេះកំពុងត្រូវបានដោះស្រាយ។

លោក Pavin Chachavalpongpun សាស្រ្តាចារ្យផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Kyoto បានលើកឡើងថា៖ «ការផ្តោតសំខាន់លើការរស់រានផ្នែកនយោបាយក្នុងស្រុក[ថៃ]បង្ហាញថា ជីវភាពរស់នៅរបស់ប្រជាជនតាមព្រំដែន និងការខូចខាតធំធេងផ្នែកសេដ្ឋកិច្ច ត្រូវបានគេចាត់ទុកជារឿងបន្ទាប់បន្សំ ដោយសារតែរដ្ឋាភិបាលថៃមានគោលបំណងក្តោបយកសន្លឹកឆ្នោតអ្នកជាតិនិយម និងបន្តទទួលបានការគាំទ្រពីកងទ័ព»

លោក Pavin បានប្រាប់ សារព័ត៌មានខេមបូចា ថា ជម្លោះដែលបានបន្តនេះ បានបង្កឱ្យមានការរំខានដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសទាំងពីរ។

នគរបាលកម្ពុជា បិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីយោធាថៃបានផ្លាស់ប្តូរពេលវេលាកំណត់បិទព្រំដែននៅម៉ោង ៤រសៀល នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

លោក​បានលើកឡើងបន្តដោយយោងតាមទិន្នន័យសាធារណៈថា ការ​បិទ​ច្រក​ព្រំដែន​សំខាន់ៗ ជា​ពិសេស​ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ដែល​ត​ភ្ជាប់​ខេត្ត​បន្ទាយមានជ័យ​របស់​កម្ពុជា ទៅ​ខេត្ត​ស្រះកែវ​របស់​ថៃ​ បាន​ធ្វើ​ឱ្យ​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​ប្រមាណ ៤,៧​ពាន់​លាន​ដុល្លារ​អាមេរិក​ត្រូវ​ផ្អាក។ លើស​ពី​នេះ​ទៀត ការ​វិល​ត្រឡប់​របស់​ពលករ​ខ្មែរ​ជាង ៨០​ម៉ឺន​នាក់ ដែល​ក្រសួង​ការងារ​បាន​កែ​តម្រូវ​តួលេខ​ថ្មី​ថា​មាន​ចំនួន ៩០​ម៉ឺន​នាក់ គិត​ចាប់​ពី​ខែ​កក្កដា​មក ក៏​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ផ្នែក​សេដ្ឋកិច្ច​មួយ​ចំនួន​របស់​ថៃ ដែល​ពឹង​ផ្អែក​លើ​កម្លាំង​ពលកម្ម​ផង​ដែរ។

ចំពោះកម្ពុជាវិញ លោកបានបន្ថែមថា ការកាត់ផ្ដាច់ទំនិញពីប្រទេសថៃ បានជំរុញឱ្យតម្លៃទំនិញឡើងខ្ពស់ និងបង្កើនសម្ពាធអតិផរណា។

កម្ពុជាបានហាមឃាត់ការនាំចូលផលិតផលកសិកម្ម និងឥន្ធនៈទាំងអស់ពីប្រទេសថៃ តាមច្រកព្រំដែនគោកទាំងស្រុង ចាប់តាំងពីខែមិថុនាមក។ គួរ​បញ្ជាក់​ថា ថៃ​ជា​ប្រភព​ផ្គត់ផ្គង់​ឥន្ធនៈ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​កាល​ពី​ឆ្នាំ​២០២៤។ ទន្ទឹម​នឹង​នេះ ថៃ​ក៏​បាន​ប្រកាស​រឹត​បន្តឹង​លើ​នាវា​ថៃ​ដែល​គេ​សង្ស័យ​ថា​ដឹក​ប្រេងឥន្ធនៈ និង​ទំនិញ​ផ្សេងៗ​ទៀត ដែល​ថៃ​អះអាង​ថា អាច​ជួយ​ដល់​កងទ័ព​កម្ពុជា។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជាជាមួយថៃបានធ្លាក់ចុះ ១៣% ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងខែវិច្ឆិកា ការនាំចូលរបស់ថៃមកកម្ពុជាបានធ្លាក់ចុះ ៤៩% ខណៈដែលការនាំចេញរបស់កម្ពុជាទៅថៃបានធ្លាក់ចុះ ៣៨% ធៀបនឹងឆ្នាំមុន។

លោក សាន ចំរើន អនុប្រធានការិយាល័យទិន្នន័យ និងស្ថិតិនៃនាយកដ្ឋានគយបានមានប្រសាសន៍ថា ផលិតផលកសិកម្មភាគច្រើនដែលពីមុននាំចេញទៅថៃ ឥឡូវនេះកំពុងត្រូវបានបញ្ជូនទៅលក់នៅវៀតណាម និងចិនវិញ។

លោក Pavin ក៏បានលើកឡើងពីទិន្នន័យក្នុងរបាយការណ៍មួយដែលចេញផ្សាយដោយនាយកដ្ឋានពាណិជ្ជកម្មថៃកាលពីខែធ្នូផងដែរ ដែលបង្ហាញថាពាណិជ្ជកម្មតាមព្រំដែនជាមួយកម្ពុជាបានជួបការរាំងស្ទះស្ទើរតែ ១០០% ដែលធ្វើឱ្យខាតបង់ប្រមាណ ១៦លានដុល្លារក្នុងមួយថ្ងៃ។

ប្រសិនបើស្ថានភាពនេះនៅតែបន្ត នោះការនាំចេញទំនិញរបស់ថៃទាំងមូលអាចនឹងខាតបង់រហូតដល់ជាង ៦៦ពាន់លានបាត (ស្មើនឹង ២,១ ពាន់លានដុល្លារអាមេរិក)។ នេះបើតាមការឱ្យដឹងពីមជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច និងធុរកិច្ច នៃសាកលវិទ្យាល័យពាណិជ្ជកម្មថៃ (University of the Thai Chamber of Commerce)  បានបន្ថែមថា ផលប៉ះពាល់នេះអាចនឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ ធ្លាក់ចុះពី ០.៧៤% ទៅ ១.៥% នៅក្នុងឆ្នាំ២០២៦។

ទិដ្ឋភាពពលករខ្មែរធ្វើដំណើរចាកចេញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង បន្ទាប់ពីយោធាថៃបានបើកច្រកទ្វារនេះដើម្បីឱ្យពួកគេត្រឡប់មកកម្ពុជាវិញ កាលពីចុងខែមិថុនា ឆ្នាំ២០២៥។ (ប្រភពពីបណ្ដាញសង្គមហ្វេសប៊ុក ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង)
ទិដ្ឋភាពពលករខ្មែរធ្វើដំណើរចាកចេញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង បន្ទាប់ពីយោធាថៃបានបើកច្រកទ្វារនេះដើម្បីឱ្យពួកគេត្រឡប់មកកម្ពុជាវិញ កាលពីចុងខែមិថុនា ឆ្នាំ២០២៥។ (ប្រភពពីបណ្ដាញសង្គមហ្វេសប៊ុក ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង)

កម្ពុជា​ប្រឈម​នឹង​ការ​ខាត​បង់​សេដ្ឋកិច្ច​ខ្លាំង​ជាង

អ្នកជំនួញ​ធំៗ​នៅ​កម្ពុជា​បាន​និយាយ​ថា កម្ពុជា​ទំនង​ជា​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ពី​ជម្លោះ​នេះ​លឿន​ជាង​ថៃ។

លោក Arnaud Darc ប្រធាន និងជានាយកប្រតិបត្តិនៃ Thalias Hospitality ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការប៉ះទង្គិចគ្នាឡើងវិញមានន័យថា កម្ពុជាទំនង​ជា​នឹងរងការខូចខាតសេដ្ឋកិច្ចភ្លាមៗធ្ងន់ធ្ងរជាងប្រទេសថៃ ដោយសារការពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មឆ្លងព្រំដែន ទេសចរណ៍ និងពលកម្មឆ្លងដែន។

ចាប់តាំងពីជម្លោះបានផ្ទុះឡើង ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះមកត្រឹម ៤,៨% នៅក្នុងឆ្នាំ២០២៥ ពី ៦% ក្នុងឆ្នាំ២០២៤ ដោយសារផលប៉ះពាល់អវិជ្ជមាន ដូចជាការថយចុះនៃវិស័យទេសចរណ៍ ការធ្លាក់ចុះនៃប្រាក់ដែលផ្ញើមកពីពលករចំណាកស្រុកនៅប្រទេសថៃ ការកើនឡើងថ្លៃដើមដឹកជញ្ជូន និងការបាត់បង់ទំនុកចិត្តរបស់អ្នកវិនិយោគ។

ចាប់តាំងពីមានជម្លោះមក សេដ្ឋកិច្ចថៃក៏មានការថមថយផងដែរ ដោយមានកំណើនត្រឹមតែ ១.២% ប៉ុណ្ណោះ នៅក្នុងត្រីមាសទី៣ ដែលជាលទ្ធផលខ្សោយបំផុតគិតចាប់តាំងពីឆ្នាំ២០២១ មក។ នេះបើយោងតាមរបាយការណ៍របស់ McKinsey & Company ។

លោក Darc បានមានប្រសាសន៍ថា ភាពងាយរងគ្រោះរបស់កម្ពុជាត្រូវបានកើនឡើងដោយសារតែអតុល្យភាពពាណិជ្ជកម្មជាមួយថៃ និងការពឹងផ្អែកលើការផ្គត់ផ្គង់របស់ថៃ ជាពិសេសប្រេងឥន្ធនៈ។

ទោះបីជារដ្ឋាភិបាលទីក្រុងភ្នំពេញបានអះអាងថា អាចរកប្រភពផ្គត់ផ្គង់ប្រេងឥន្ធនៈពីទីផ្សារផ្សេងក្រៅពីប្រទេសថៃក៏ដោយ យោងតាមទិន្នន័យរបស់ធនាគារពិភពលោកបានបង្ហាញថា កាលពីឆ្នាំមុន ប្រទេសកម្ពុជាបាននាំចូលប្រេងឥន្ធនៈប្រមាណ ៩០% ពីប្រទេសថៃ ឬឆ្លងកាត់ប្រទេសថៃ។

ទិន្នន័យរបស់ធនាគារពិភពលោកបង្ហាញថាឧស្សាហកម្មទេសចរណ៍របស់កម្ពុជាក៏ពឹងផ្អែកយ៉ាងខ្លាំងលើភ្ញៀវទេសចរថៃផងដែរ។ ក្នុងឆ្នាំ២០២៤ ភ្ញៀវបរទេសជាង ២លាននាក់ ក្នុងចំណោមភ្ញៀវបរទេសចំនួន ៦,៧លាននាក់ដែលមកកម្ពុជា គឺជាជនជាតិថៃ ដែលរួមចំណែកប្រហែល ២% ដល់ ផលិតផលក្នងស្រុកសរុប។ ភ្ញៀវទេសចរមកពីប្រទេសថៃបានធ្លាក់ចុះ ៩១.៦% នៅក្នុងខែសីហា ធៀបនឹងឆ្នាំមុន។

កំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជានាខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

លោក Darc បាន​បន្ថែម​ថា វិស័យ​ទេសចរណ៍​របស់​ថៃ​ក៏​រង​ផល​ប៉ះពាល់​ដែរ ប៉ុន្តែ​ក្នុង​កម្រិត​តិច​​បើ​ធៀប​នឹងកម្រិតប្រទេស ដែលផល​ប៉ះពាល់​ភាគ​ច្រើន​ធ្លាក់​ទៅ​លើ​ខេត្ត​ជាប់​ព្រំដែន ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន​នាំ​ចេញ​ដែល​ពាក់ព័ន្ធ​នឹង​ខ្សែ​ច្រវ៉ាក់​ផ្គត់ផ្គង់​ទំនិញ​ទៅ​កម្ពុជា។

លោកបានមានប្រសាសន៍ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចទំនងជាពឹងផ្អែកលើប្រតិបត្តិការព្រំដែនដែលមានស្ថិរភាព និងអាចព្យាករណ៍បាន ច្រើនជាងលើបទឈប់បាញ់ជាផ្លូវការ។ លោកបានព្រមានថា ការរឹតបន្តឹងរយៈពេលវែង អាចបន្ថយល្បឿននៃការវិនិយោគ និងប៉ះពាល់ដល់កំណើនក្នុងរយៈពេលជាច្រើនឆ្នាំ ខណៈការបើកព្រំដែនឡើងវិញឱ្យកាន់តែលឿន អាចជួយឱ្យពាណិជ្ជកម្ម និងទេសចរណ៍ងើបឡើងវិញបានយ៉ាងឆាប់រហ័ស ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ​។

ផ្ទះ​ប្រជាពលរដ្ឋស៊ីវិល​ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​កម្ទេច​ដោយ​យោធា​ថៃ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។ (AKP)

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញការវាយតម្លៃពីផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្ដាលមកពីជម្លោះនេះទេ។

លោក Pavin បាន​លើក​ឡើង​ថា ក្តី​សង្ឃឹម​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការទូត​នៅ​តែ​មាន​ភាព​ផុយ​ស្រួយ។ លោក​បន្ត​ថា ទោះ​បី​ជា​ប្រទេស​ជិត​ខាង​ទាំង​ពីរ​ធ្លាប់​មាន​គោលដៅ​ពាណិជ្ជកម្ម​រួម​គ្នា​រហូត​ដល់ ២៥ពាន់​លាន​ដុល្លារ​ក៏​ដោយ ក៏​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ។ លោកបានបន្ថែមថា កិច្ច​សហប្រតិបត្តិការ​ទៅ​ថ្ងៃ​អនាគត ទំនង​ជា​ត្រូវ​បាន​ជំរុញ​ដោយ​កត្តា​សម្ពាធ​ពី​ខាង​ក្រៅ​ ដូច​ជា​ការ​ដាក់​ពន្ធ​គយ​របស់​សហរដ្ឋ​អាមេរិក ជា​ជាង​ការ​ផ្សះផ្សា​គ្នា៕

(រាយការណ៍បន្ថែមដោយ មួន លីហ្សា)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Trade, Tourism and Labor Ties Fray as Fighting Drags On

ព័ត៌មានថ្មី

អត្ថបទពេញនិយម