សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រធានសហជីពម្នាក់ត្រូវបានចាប់ខ្លួន ក្រោយរិះគន់មន្ត្រីជាន់ខ្ពស់សហជីពម្នាក់ទៀតលើហ្វេសប៊ុក

លោក ពេជ្រ ពិសិដ្ឋ ប្រធានសហជីពកម្មករកាត់ដេរនៅរោងចក្រ Men Ou ចូលរួមព្រឹត្តិការណ៍មួយ។ (រូបថតពីហ្វេសប៊ុក)
លោក ពេជ្រ ពិសិដ្ឋ ប្រធានសហជីពកម្មករកាត់ដេរនៅរោងចក្រ Men Ou ចូលរួមព្រឹត្តិការណ៍មួយ។ (រូបថតពីហ្វេសប៊ុក)

បុគ្គលិកនៃរោងចក្រកាត់ដេរម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ពីបទញុះញង់ ដោយសារតែការបញ្ចេញមតិរិះគន់ប្រធានសហជីពម្នាក់ នៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការរិះគន់ក្នុងចំណោមសកម្មជនការងារ ដែលហៅទង្វើនេះថា ជារឿងអយុត្តិធម៌ និងមិនធ្លាប់មាន។

លោក ពេជ្រ ពិសិដ្ឋ ជាបុគ្គលិកនៅរោងចក្រកាត់ដេរ Men Ou និងជាប្រធានសហជីពកម្មករ ត្រូវបានឃុំខ្លួននៅរាជធានីភ្នំពេញ បន្ទាប់ពីបានបញ្ជូនខ្លួនពីក្រុងព្រះសីហនុ ជាកន្លែងដែលអាជ្ញាធរឃាត់ខ្លួនលោក បន្ទាប់ពីមានបណ្តឹងពីលោក លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា(BWTUC) និងជាប្រធានសហភាពការងារកម្ពុជា(CLC)។

លោក ពិសិដ្ឋ បានបញ្ចេញមតិលើការបង្ហោះមួយលើហ្វេសប៊ុករបស់លោក សុខ គីន ដោយរិះគន់លោកថា លោក គីន បានបរាជ័យក្នុងការការពារផលប្រយោជន៍កម្មករ និងបានសរសើរសកម្មជនសហជីពលោក ម៉ម រិទ្ធី ដែលកំពុងជាប់ពន្ធនាគារ។​

អ្នកស្រី កែវ ភា  ដែលជាភរិយារបស់លោក ពិសិដ្ឋ បានប្រាប់ សារព័ត៌មានខេមបូចា ថា អ្នកស្រីមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ស្វាមីខ្លួន ហើយបានជំរុញស្នើសុំឱ្យលោក សុខ គីន ដកពាក្យបណ្តឹង និងសំណូមពរឱ្យអាជ្ញាធរដោះលែងលោកពិសិដ្ឋ។ អ្នកស្រីបាននិយាយថា លោក ពិសិដ្ឋ ជាអ្នករកប្រាក់ចិញ្ចឹមគ្រួសារ មកផ្គត់ផ្គង់កូនប្រាំនាក់។

ក្រុមសិទ្ធិមនុស្សបានរិះគន់ជាយូរមកហើយចំពោះការប្រើប្រាស់បទញុះញង់របស់អាជ្ញាធរកម្ពុជា ដែលត្រូវបានចាត់ទុកថាមានហេតុផលនយោបាយនិងជ្រុលហួសហេតុ ដែលជារឿយៗត្រូវបានប្រើដើម្បីបំបិទមាត់សកម្មជន អ្នកសារព័ត៌មាន និងអ្នកបញ្ចេញមតិប្រឆាំង។

លោក ឯក សុភក្តី ប្រធានសម្ព័ន្ធ AI បានប្រាប់ សារព័ត៌មានខេមបូចា ថា វាមិនសមហេតុផលទេដែលមេដឹកនាំសហជីពម្នាក់ប្តឹងកម្មកររោងចក្រម្នាក់ជុំវិញមតិរិះគន់នៅលើហ្វេសប៊ុក។ លោកបានលើកឡើងថា សហជីពគួរតែផ្តោតលើការការពារផលប្រយោជន៍របស់កម្មករ ការចរចាប្រាក់ឈ្នួល និងការពារសិទ្ធិសហជីព ជាជាងដាក់ពាក្យបណ្តឹងពីបទញុះញង់។

លោក សុភក្តី បានលើកឡើងថា ដីកាចាប់ខ្លួនប្រឆាំងនឹងលោក ពិសិដ្ឋ គឺជារឿងធ្ងន់ធ្ងរ ប៉ុន្តែខ្វះមូលដ្ឋានផ្លូវច្បាប់ ដោយពិពណ៌នាការសរសេររបស់លោកពិសិដ្ឋថា គ្រាន់ជាការបញ្ចេញមតិប៉ុណ្ណោះ។

គេ​មិន​ដឹង​ថា ​ហេតុអ្វី​បណ្តឹង​របស់​លោក គីន អាច​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​លោក ពិសិដ្ឋ បាន​លឿន​យ៉ាង​នេះ​ទេ។ អាជ្ញាធរ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះ​ទេ។ សហជីព​ដែល​លោក គីន ដឹកនាំ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​អង្គការ​ឯករាជ្យ​ខាង​ផ្នែក​នយោបាយ ដោយមើលឃើញថាសហព័ន្ធ​សហជីព កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា(BWTUC) និង
ប្រធានគណៈកម្មាធិការ​នាយកនៃសហភាពការងារកម្ពុជា តែង​ចៀសវាង​បញ្ហា​នយោបាយ​ដែល​ហួស​ពី​សិទ្ធិ​ការងារ​។

លោក គីន បានប្រាប់ សារព័ត៌មានខេមបូចា តាមទូរសព្ទថា លោកមិនមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ពិសិដ្ឋ ទេ ប៉ុន្តែក៏មិនអាចទទួលយកការខូចខាតកេរ្តិ៍ឈ្មោះដោយសារការបញ្ចេញមតិរបស់លោក ពិសិដ្ឋ បានទេ។

លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនសប្បាយចិត្តទេ នៅពេលដែលគាត់បានធ្វើការវាយប្រហារលើខ្ញុំបែបនេះ។ ខ្ញុំត្រូវការពារកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ខ្ញុំ» ដោយបន្ថែមថា លោកនៅតែមានបំណងបន្តការប្តឹងផ្តល់នេះ។

លោក សុភក្តី បានលើកឡើងបន្ថែមថា៖ «កម្មករមានសិទ្ធិបញ្ចេញមតិរបស់ពួកគេ ហើយនេះជាបញ្ហាធំណាស់ដែលចាប់ខ្លួនគាត់។ ខ្ញុំអស់អីនិយាយហ្មង ខ្ញុំមិនដឹងនិយាយថាម៉េចទេ។ ប្រធានបទនៃការប្តឹងគឺខុស ហើយមិនដែលធ្លាប់មានសហជីពណាមួយប្តឹងសហជីពផ្សេងទៀត ហើយចាប់ដាក់គុកចឹងទេ។ នេះជាលើកទីមួយហើយដែលខ្ញុំឃើញរឿងបែបនេះ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Union Head Arrested Over Facebook Comment Critical of Senior Union Official

156 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម