សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វិស័យ​ទេសចរណ៍​កម្ពុជា​រង​វិបត្តិ ​ក្រោយ​មាន​វិធានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ដោយ​សារ​ជំងឺ​កូវីដ១៩

កម្មករ​ជួសជុល​ផ្លូវ​ក្នុង​តំបន់​ប្រាសាទ​អង្គរវត្ត ខណៈ​ពេល​មាន​អ្នកទេសចរ​តិចតួច​ទៅ​ទស្សនា​កាល​ពី​ខែ​មេសា។ បញ្ញា ឆព័ណ្ណ

ចំនួន​អ្នក​ទេសចរ​មក​លេង​ខេត្ត​សៀមរាប​បាន​ធ្លាក់ចុះ​ប្រមាណ​ ៦០​ភាគរយ​​ក្នុង​រយៈពេល​ប្រាំ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២០ ធៀប​នឹង​ឆ្នាំ​មុន ដោយសារ​​វិធានការ​រឹតត្បិត​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ដោយ​មាន​អ្នក​ទេសចរ​បរទេស​ចំនួន​តែ​ប្រាំបី​នាក់​ប៉ុណ្ណោះ​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​អំឡុងពេល​ពិធី​​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ។ នេះ​បើ​យោង​ទៅ​តាម​អភិបាល​រង​ខេត្ត​សៀមរាប។ ​

លោក លី សំរិទ្ធ​ អភិបាលរង​ខេត្ត​សៀមរាប​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​ដាក់​បម្រាម​នា​ពេល​ថ្មីៗ​នេះ​ពី​សំណាក់​រដ្ឋាភិបាល​​កម្ពុជា​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​​ បាន​ធ្វើ​ឲ្យ​ចំនួន​អ្នកទេសចរ​ធ្លាក់ចុះ​យ៉ាង​គំហុក។

លោក សំរិទ្ធ បាន​មាន​ប្រសាសន៍​ថា៖ «សម្រាប់រយៈពេលប្រាំខែដំបូងនេះ អ្នកទេសចរមានប្រហែល៦០ភាគរយប៉ុណ្ណោះ ហើយ​​ការធ្លាក់ចុះភាគច្រើនគឺនៅក្នុងខែមេសា និងឧសភា។ នៅក្នុងខែមេសា មានអ្នកទេសចរចំនួនជាង៦០០នាក់ ហើយខែឧសភា មានជាង ១៧០០នាក់»។ លោក​បាន​បន្ថែម​ថា មាន​អ្នកទេសចរ​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ​បាន​មក​ទស្សនា​ប្រាសាទអង្គរវត្ត​អំឡុងពេល​ពីធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ នៅ​ពេល​មាន​ការ​ដាក់បម្រាម​លើ​ការ​ធ្វើ​ដំណើរឆ្លង​ខេត្ត។

លោក សំរិទ្ធ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋកម្ពុជា​មក​លេង​ប្រាសាទ​អង្គវត្ត និង​កន្លែង​ទេសចរណ៍​នានា​នៅ​ខេត្ត​សៀមរាប ស្រប​ពេល​ស្នើ​​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ផងដែរ។ លោក​បាន​និយាយ​ថា មនុស្ស​មួយ​ចំនួន​ហាក់ដូចជា មាន​ជំនឿ​ខុស​ថា វិស័យ​ទេសចរណ៍​ដ៏​ល្បីល្បាញ​នៅ​ខេត្ត​សៀមរាប ដែល​​រួម​មាន សណ្ឋាគារ ផ្សារ និង​ភោជនីយដ្ឋាន បាន​បិទទ្វារ​អស់​ហើយ។

លោក​ សំរិទ្ធ បាន​លើកឡើង​ថា អ្នក​បម្រើការ​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ប្រមាណ ៦០ ទៅ​ ៧០​ភាគរយ​ បាន​បាត់បង់​ការងារ ឬ​ត្រូវ​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន ហើយ​ផ្ទះ​សំណាក់​ជាង​ ១០០​ក៏​បាន​បិទ​ទ្វារ​ផង​ដែរ។ យ៉ាងណាក្តី លោក​បាន​បន្ត​ថា ​​ផ្ទះសំណាក់​មួយ​ចំនួន​ទៀត​នៅ​​ដំណើរការ​នៅ​ឡើយ។

លោក ​សំរិទ្ធ បាន​និយាយ​ថា៖ «សូម​​បងប្អូនពលរដ្ឋកម្ពុជាមកលេងខេត្តសៀមរាប។ ប៉ុន្តែយើងក៏ត្រូវយកចិត្តទុកដាក់ជាមួយនឹងការណែនាំពីក្រសួងសុខាភិបាលផងដែរ»

លោក ងូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​និយាយ​ថា ជំងឺ​កូវីដ១៩ បាន​បង្ក​ការ​ប៉ះពាល់​ខ្លាំង​មក​លើ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា។ លោក​បាន​ប៉ានប្រមាណ​ថា មាន​ពលរដ្ឋ​ខ្មែរ​​ប្រមាណ ៨​ម៉ឺន​នាក់​ទទួល​​ផល​ប្រយោជន៍​ផ្ទាល់​ពី​លំហូរ​អ្នក​ទេសចរ ហើយ​ប្រមាណ​ ៣សែន​នាក់​ទៀត​ទទួល​​ផលប្រយោជន៍​ដោយ​ប្រយោល។​ យ៉ាងណាក្តី នា​ពេល​ឥឡូវ​នេះ ពួកគេ​​ប្រហែល​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ។

លោក សេងកាក់​ បាន​និយាយ​ថា បញ្ហា​នេះ​កំពុង​ខិត​ចូល​ក្នុង​ខែ​ទី​បី​ហើយ ទោះបី​ជា​រដ្ឋាភិបាល​ចាប់ផ្តើម​សម្រួល​​ការ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ និង​អាជីវកម្ម​ផ្សេងៗ​ក៏ដោយ។

លោក​បាន​ពន្យល់​ថា៖ «បញ្ហានៃការធ្លាក់ចុះវិស័យទេសចរណ៍គឺដោយសារជំងឺកូវីដ១៩ បានកើតមាននៅប្រទេសកម្ពុជាកាលពីថ្ងៃទី០៤ ខែមីនា នៅពេលដែលការធ្វើដំណើរតាមជើងអាកាសភាគច្រើនត្រូវបានលុបចោលទូទាំងប្រទេស ក្នុងនោះរួមមានខេត្តសៀមរាបផងដែរ»។ ​

លោក សេងកាក់ បាន​លើកឡើង​ថា អ្នក​ទេសចរ​បរទេស​ចំនួន​ ២សែន​២ម៉ឺន​នាក់​ បាន​មក​លេង​ខេត្ត​សៀមរាប​កាល​ពី​ខែ​មករា ដែល​ចំនួន​​នេះ​​ធ្លាក់​ចុះ​​ ១៧​ភាគរយ​ពី​ចំនួន​​អ្នក​ទេសចរ​ ២សែន​៧ម៉ឺន​នាក់ កាល​ពី​ខែ​មករា ឆ្នាំ​២០១៩។

លោក​ សេងកាក់​ បាន​បន្ថែម​ថា ប៉ុន្តែ​​នៅ​ខែ​កុម្ភៈ ចំនួន​អ្នក​ទេសចរ​បាន​ធ្លាក់​ចុះ ៥៧​ភាគរយ​ ហើយ​នៅ​ខែ​មីនា​ ធ្លាក់​ចុះ ៨២​ភាគរយ បើ​ធៀប​នឹង​ខែ​កុម្ភៈ និង​មីនា​ឆ្នាំ​មុន។ អ្នក​ទេសចរ​ចំនួន​ ៦៤៥​នាក់​បាន​មក​ខេត្ត​សៀមរាប​ក្នុង​ខែ​មេសា បន្ទាប់​ពី​មាន​ការ​ដាក់​បម្រាម​លើ​ការ​ធ្វើ​ដំណើរ​ពី​បរទេស​ និង​ក្នុង​ស្រុក​ ដែលនេះ​ជា​ការ​ធ្លាក់​ចុះ ៩៩.៦៤​ភាគរយ ខណៈ​​អ្នក​​ទេសចរ​ចំនួន​ ១,៧៧៦​នាក់ បាន​មក​​ក្នុង​ខែ​ឧសភា ជា​ការ​ធ្លាក់​ចុះ​ចំនួន ៩៨​ភាគរយ។

លោក តេង​ ចាន់ណាត ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប​ បាន​មានប្រសាសន៍​ថា លោក​ធានា​ជូន​អ្នក​ទេសចរ​ ដែល​មាន​បំណង​មក​លេង​ប្រាសាទ​អង្គរវត្ត​ និង​ខេត្ត​សៀមរាប​ថា ខេត្ត​សៀមរាប​នៅ​តែ​មាន​សុវត្ថិភាព​សម្រាប់​អ្នក​ទេសចរ។​​

លោក​ ចាន់ណាត មានប្រសាសន៍ថា៖ «ជាទូទៅ ស្ថានភាពសន្តិសុខ និងសុវត្ថិភាពនៅខេត្តសៀមរាបគឺមានសភាពធម្មតា» ដោយ​លោក​បាន​ពន្យល់​ថា អភិបាលខេត្ត​សៀមរាប​បាន​បញ្ជា​ឲ្យ​នគរបាល​មើល​ការ​ខុសត្រូវ​ចំនួន ២៤​ម៉ោង​នៅ​តំបន់​កម្សាន្ត «Pub Street» ដ៏​មាន​ប្រជា​ប្រិយភាព​នៅ​ក្រុង​សៀមរាប។

​លោក​បាន​បន្ត​ថា៖ «ទោះបីជា [មានអ្នកទេសចរតិចជាងមុនក្តី] យើងនៅតែប្រឹងប្រែងរក្សាសន្តិសុខ និងសុវត្ថិភាពជូនអ្នកទេសចរទាំងក្នុងស្រុក និងក្រៅប្រទេសដែលមកលេងខេត្តសៀមរាប»

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​មានប្រសាសន៍​ថា លោក​មិន​អាច​ព្យាករណ៍​បាន​ថា ពេល​ណា​ស្ថានភាព​នឹង​ត្រឡប់​មក​ដូច​ដើម​វិញ​ទេ។ លោក​បាន​កត់​សម្គាល់​ថា អ្នក​ទេសចរ​បរទេស​នៅ​តែ​ប្រឈម​នឹង​ការ​ដាក់​កំហិត​តឹងរ៉ឹង​លើ​ការ​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា ដែល​រួម​មាន​តម្រូវ​ការ​ត្រួតពិនិត្យ​រក​ជំងឺ​កូវីដ១៩ និង​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ដោយ​ឡែក​ចំនួន ១៤​ថ្ងៃ។ ប៉ុន្តែ​លោក​បាន​លើកឡើង​ថា ប្រសិន​បើ​កម្ពុជា​នៅ​តែ​បន្ត​មាន​ករណី​ឆ្លង​តិចតួច ស្ថានភាព​នឹង​អាច​វិល​មក​ធម្មតា​ជា​បន្តបន្ទាប់។

លោក សុភ័ក​ បាន​និយាយ​ថា៖ «ទោះបីជាស្ថានភាពជំងឺកូវីដ១៩ មានភាពប្រសើរជាងមុនបន្តិចក្តីសន្ទុះអ្នកទេសចរបរទេសនៅ​​មិនទាន់មានឡើងវិញនោះទេ ដោយសារតែយើងនៅមានការរឹតត្បិតមួយចំនួនទៅលើ​​​អ្នកធ្វើដំណើរពីបរទេស។ ប្រសិនបើយើងអាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បានល្អរហូតដល់ចុងឆ្នាំ ២០២០ វិស័យទេសចរណ៍នឹងចាប់ផ្តើមងើបឡើងវិញ»

​ទោះ​បី​យ៉ាង​ណា​ក៏ដោយ លោក សុភ័ក បាន​បន្ថែម​ថា លោក​ប្រមើរមើល​ពី​​ការ​ងើប​បែប​យឺត​មួយ​នៃ​វិស័យទេសចរណ៍។ លោក​មានប្រសាសន៍​ថា៖ «ប្រសិនបើមិនមានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩នោះទេ វិស័យទេសចរណ៍នឹងនៅតែមានបញ្ហា»

អ្នកស្រី​ ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​​ទេសចរណ៍​កម្ពុជា​ បាន​មានប្រសាសន៍​ថា ស្ថានភាព​គឺ​កាន់​តែ​អាក្រក់​សម្រាប់​ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប ដែល​តែងតែ​​ទម្លាប់​ជួប​​ប្រទះ​អ្នក​ទេសចរ​ច្រើន។ អ្នកស្រី​បាន​បន្ត​ថា កន្លែង​ដែល​នៅ​បើកទ្វារ​ក្នុង​ខេត្ត​សៀមរាប​គឺ ​មាន​សណ្ឋាគារ​ធំៗ ទោះ​បី​ជា​សណ្ឋាគារ​ទាំងនោះ​សឹង​តែ​មិនមាន​ភ្ញៀវក៏ដោយ។

​អ្នកស្រី​ ស៊ីវលីន​ បាន​លើកឡើង​ថា ផ្សារ​ និង​ភោជនីយដ្ឋាន​សម្រាប់​អ្នក​ទេសចរ​ភាគច្រើន​បាន​បិទ ហើយ​អ្នក​​ដែល​មាន​ជីវភាព​ពឹងផ្អែក​លើ​ចំណូល​ពី​អ្នក​ទេសចរ​ត្រូវ​បង្ខំ​ចិត្ត​ស្វែងរក​មុខរបរ​ថ្មី។

​អ្នកស្រី​មានប្រសាសន៍ថា៖ «សណ្ឋាគារធំៗមួយចំនួននៅខេត្តសៀមរាបបន្តបើកទ្វារ ដោយសារតែពួកគេមិនអាចបិទទ្វារពាក់ព័ន្ធនឹងផ្លូវច្បាប់មួយចំនួន។ ឧទាហរណ៍ដូចជា សណ្ឋាគារ Sofitel ជាដើម។ ប្រសិនបើជំងឺកូវីដ១៩ នៅតែអូសបន្លាយយូរទៅពេលខាងមុខ វិស័យទេសចរណ៍នឹងរងការប៉ះពាល់ធ្ងន់ធ្ងរ»

310 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម