សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព្រែកជីកហ្វូណនតេជោតម្លៃ១,៧​ពាន់​លានដុល្លារត្រូវបានសម្ពោធ​បើក​ការដ្ឋានសាងសង់ជាផ្លូវការ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្ពោធបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្ពោធបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាលបានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការតម្លៃ១,៧ពាន់លានដុល្លារ ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា នេះជាគម្រោងស្មារតីជាតិនិយម និងមិនបាត់​បង់​អធិបតេយ្យភាពទឹកដីនោះទេ។

នៅម៉ោង៩៖០៩នាទីព្រឹកថ្ងៃទី៥​ ខែសីហា លោក ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីចុចប៊ូតុងក្រហម ជុំវិញការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ខណៈដែលបងប្អូនជនរួមជាតិទាំងអស់អបអរសាទរដោយវាយស្គរ។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការកសាងព្រែកជីកហ្វូណនតេជោ គឺជាភស្តុតាងយ៉ាងច្បាស់លាស់ថា កម្ពុជាមានសន្តិភាព និងសេរីភាពពេញលេញ ក្នុងការកំណត់ជោគ​វាសនា​របស់ខ្លួន រួមទាំងការគាំទ្ររបស់ប្រជាពលរដ្ឋទូទាំងប្រទេស ព្រែកជីកនេះនឹងលើកស្ទួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រឹងឯករាជ្យភាព និងភាពជាកម្មសិទ្ធិនៃការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម ភស្តុភារ និងតំបន់គ្រប់គ្រងផ្លូវទឹកដែលមានសក្តានុពល។

លោក​បានបញ្ជាក់​ថា​៖ «​គម្រោង​នេះ​មិន​ត្រឹម​តែជាគម្រោង​ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក​ ដែលអាចជួយ​សម្រួលទៅ​ដល់​ការ​ដឹកជញ្ជូន និងកំណើន​សេដ្ឋកិច្ច​ ហើយគម្រោងនេះ គឺមានលក្ខណៈពិសេស​ដែលភ្ជាប់ជាមួយនឹងលក្ខណៈ​ភូមិសាស្ត្រ និងលក្ខណៈ​ប្រវត្តិសាស្ត្រ​របស់​យើងតែម្តង​»​

លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ប្រទេសកម្ពុជាធ្លាប់គម្រោងជាច្រើនដូចជាគម្រោងកសាងស្ពាន គម្រោងព្រលានយន្តហោះ និងផ្លូវជាច្រើន ដោយប្រើប្រាស់ថវិការាប់ពាន់លានដុល្លារកន្លងមក ប៉ុន្តែគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺខុសពីគម្រោងមុនៗ ជាគម្រោងចលនាជាតិនិយមមួយនៅក្រោយគម្រោងមួយនេះ ដូច្នេះប្រជាពលរដ្ឋគ្រប់ទីកន្លែងនៅទូទាំងប្រទេសបានប្រារព្ធពិធីអបអរសាទរ។

លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «មិនត្រឹមជាគម្រោងមួយហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែជាគម្រោងមួយដែលមានលក្ខណៈជាតិនិយមខ្ពស់បំផុតនៅក្នុងរជ្ជកាលនេះ»។ លោនបន្តថា៖ «ខ្ញុំប្តេជ្ញាបន្តនូវគម្រូវីរភាពដ៏ឧត្តុង្គឧត្តមរបស់បុព្វបុរស​ និងវីរជនស្នេហាជាតិនិងស្នេហាសន្តិភាពរបស់យើង»

ប្រជាពលរដ្ឋ និងមន្ត្រីរាជការកម្ពុជា អបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

លោកបានបន្តថា ទោះបីមានប្រជាពលរដ្ឋយ៉ាងច្រើនគាំទ្រ និងអបសាទរការកសាងព្រែកជីកហ្វូណនតេជោនេះ ប៉ុន្តែនៅមានមួយចំនួនតូចណាស់មិនគាំទ្រ ហើយនៅមានការព្រួយបារម្ភ និង​មានបន្ទិលសង្ស័យខ្លាចបាត់បង់ទឹកដី និងអធិបតេយ្យភាព ដោយសារការកសាងព្រែកជីក។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «ខ្ញុំសូមសន្យាថា នឹងបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារនិងថែរក្សាសន្តិភាព ព្រមទាំងពង្រឹងសាមគ្គីភាព និងការឯកភាពជាតិ ជាពិសេសស្មារតីជាតិនិយម នៅក្នុងស្មារតីខ្មែរតែមួយ ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរ ដើម្បីបន្តកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនរុងរឿង និងស្តារកិត្យានុភាពកម្ពុជាឡើងវិញ»។

លោកបានបន្ត​ថា ការ​បាត់​បង់​ទឹក​ដី​មិន​អាច​កើត​ឡើង ព្រោះបាន​បោះ​បង្គោល​ព្រំដែន​មាន​មនុស្ស​រាប់​លាន​នាក់​រស់​នៅ​ទី​នោះ ហើយ​គ្មាន​ការ​ប្រគល់​ឲ្យ​អ្នក​ដទៃ ហើយ​ក៏​គ្មាន​អ្នក​ណា​យក​ខេត្ត​ភាគ​ខាង​កើត និង​ខាង​ត្បូង​នៃ​ព្រែក​នោះ​ដែរ។ លោកបន្តថា ការកសាងគម្រោងនេះ គឺមិនបាត់បង់ទឹកដីទេ ហើយគម្រោងនេះកសាងដោយក្រុមហ៊ុនកូនខ្មែរភាគច្រើន និងក្រុមហ៊ុនបរទេសមានភាគហ៊ុនតិចតួចប៉ុណ្ណោះ។

លោក ហ៊ុន ម៉ាណែត បន្ថែមថា ដើម្បីដោះស្រាយកង្វល់ និងមន្ទិលសង្ស័យនេះ រដ្ឋាភិបាលត្រូវតែកសាងព្រែកជីកនេះបង្ហាញដល់ប្រជាពលរដ្ឋទាំងអស់គ្នា ព្រោះការមានមន្ទិលសង្ស័យនេះឯង ដែលធ្វើឱ្យបែកបាក់ជាតិ។

លោកថ្លែងទៀតថា៖ «ធ្វើឱ្យបែកបាក់ជាតិ គឺកើតឡើងពីការមន្ទិលសង្ស័យគ្នានេះឯង»

រជាពលរដ្ឋ និងមន្ត្រីរាជការកម្ពុជា អបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

​ លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងរាយការណ៍ថា ព្រែកជីកហ្វូណនតេជោនេះ កសាងដោយក្រុមបច្ចេកទេស និងជំនាញពីក្រសួងធារណការ និងដឹកជញ្ជូន និងអ្នកជំនាញក្រុមហ៊ុនឯកជនផងដែរ។

លោកបានបន្តថា ព្រែកជីកហ្វូណននេះមានមុខកាត់ខាងលើចំនួន១០០ម៉ែត្រ និងមុខកាត់ខាងក្រោមចំនួន៨០ម៉ែត្រ ដែលមាន​ប្រវែង១៨០គីឡូម៉ែត្រ​ដោយ​ត​ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​កែប ដោយ​កាត់​តាម​ផ្លូវទឹក​ក្នុង​ខេត្តកណ្តាល តាកែវ កំពត និង​ខេត្ត​កែប​​។

លោក ចាន់ថុល លើកឡើងថា ព្រែកជីកនេះអាចឱ្យនាវាដឹកទម្ងន់ទំនិញចន្លោះពី១ពាន់តោនទៅ៣ពាន់តោនបាន ហើយទឹកក្នុងព្រែកជីក គឺមានទាំងខែប្រាំង និងខែវស្សា ដែលខែប្រាំអាចមានជម្រៅ៥ម៉ែត្រ៤តឹក និងខែវស្សាអាចមានជម្រៅចន្លោះពី១០ម៉ែត្រទៅ១៥ម៉ែត្រ។

លោក ចាន់ថុល បន្ថែមថា ព្រែកជីកហ្វូណនតេជោ​ ត្រូវបានចំណាយថវិកាកសាងអស់ប្រមាណ១ពាន់៧លានដុល្លារសហរដ្ឋអាមេរិក។

លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រ​សា​ស​ន៍កន្លងមកថា គម្រោងព្រែក​ជីក​នេះ នឹងប៉ះពាល់ប្រជាពលរដ្ឋចំនួន ១,៥៨៥ គ្រួសារ ដីលំ​នៅដ្ឋាន ១៤៩.៥ហិកតា និងដីស្រែ និងដី​ចំការចំនួន ២,៩០០ ហិកតា។

ទំហំនៃផលប៉ះពាល់ គឺតិច​តួច បើធៀបនឹងគម្រោងផ្សេងទៀត។ លោក ចាន់ថុល មាន​ប្រសាសន៍​​ថា៖ «ផលប៉ះពាល់សង្គម គឺតិចតួចណាស់។ យើង​អាចធ្វើ​ [​ដោះស្រាយ] ​បាន»។ 

លោក​បាន​បន្ថែមថា តាម​ពិត ព្រែក​ជីក​នេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជា​ព​ល​​កម្ពុជា រួមទាំងការបង្កើតការងារ ប្រាក់ចំណូលពីការ​ដឹកជញ្ជូនតាម​ផ្លូវ​ទឹក ការបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលដឹកជញ្ជូន កសិកម្ម និងកាត់បន្ថយការបំពុល​បរិយាកាស​។

ទោះ​បីជា​យ៉ាង​ណា លោក​មិន​បាន​បញ្ជាក់​​អំពី​សំណង​ជាក់​លាក់​សម្រាប់​អ្នក​រង​ផល​ប៉ះពាល់​​នោះ​ទេ៕

ពិធីបើកការដ្ឋានសាងសង់ប្រឡាយហ្វូណនតេជោតម្លៃ១,៧ពាន់លានដុល្លារ នៅខេត្តកណ្តាល ប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
512 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម