មន្ទីរបរិស្ថានខេត្តកណ្ដាលបានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្នលើរោងចក្រ កំពង់កន្ទួត មេនូហ្វេកធីរីង (ខេមបូឌា) ខូ អិលធីឌី ជារោងចក្រផលិតក្រដាសរបស់ជនជាតិចិន ស្ថិតនៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ដែលរកឃើញថាបានបង្ហូរសារធាតុពុលចូលទឹកព្រែកដែលពលរដ្ឋកំពុងប្រើប្រាស់។ មន្ទីរបរិស្ថានក៍បានពិន័យជាទឹកប្រាក់៦០លានរៀលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។
លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្ដកណ្ដាលបានថ្លែងដោយផ្ទាល់ជាមួយខេមបូចាថា មូលហេតុឈានដល់ការផ្អាកដំណើរការចង្វាក់ផលិតកម្មរោងចក្រ កំពង់កន្ទួត មេនូហ្វេកធីរីង (ខេមបូឌា) ខូ អិលធីឌី ហ្នឹង ដោយសារតែរោងចក្រតែងតែបង្ហូរទឹកស្អុយដែលចេញពីការផលិតរបស់ខ្លួនបង្ហូរចូលព្រែកដែលពលរដ្ឋតែងតែប្រើប្រាស់ ហើយការបង្ហូរនេះបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋផ្ទាល់ចំនួន៣ភូមិនិងប្រយោលច្រើនភូមិផ្សេងទៀត។
លោកបន្តថា មុននឹងផ្អាកខាងរដ្ឋបាលស្រុកកណ្ដាលស្ទឹងបានធ្វើការណែនាំនិងតម្រូវឱ្យខាងរោងចក្រត្រូវធ្វើអាងប្រព្រឹតិ្ដកម្មមួយដើម្បីទប់ស្កាត់ក៏ដូចជាកែច្នៃទឹកស្អុយឱ្យក្លាយជាទឹកស្អាតសិនចាំបង្ហូរចូលព្រែក និងតម្រូវឱ្យស្ដារកាកសំណល់ប្លាស្ទិកចេញពីព្រែកដែលខាងរោងចក្របានចាក់ចូល និងមួយទៀតគឺតម្រូវឱ្យយកទឹកស្អុយទៅពិនិត្យឱ្យបានច្បាស់លាស់សិនថាវាឈប់មានជាតិពុលទើបអាចដំណើរការវិញបាន ប៉ុន្ដែខាងរោងចក្រមិនបានអនុវត្តតាមនិងព្យាយាមប្រឆាំងនិងប្រមូលមនុស្សដើម្បីតវ៉ាសុំបើកវិញ។
ប្រធានមន្ទីរបរិស្ថានថ្លែងថា៖ «ខាងខេត្ដមិនមែនជាអ្នកផ្អាកទេគឺខាងរដ្ឋបាលស្រុកកណ្ដាលស្ទឹងអ្នកឱ្យផ្អាក គ្រាន់តែខេត្តចេញលិខិតគាំទ្រទៅសេចក្ដីណែនាំរបស់រដ្ឋបាលស្រុកកណ្ដាលស្ទឹងតែប៉ុណ្ណោះ។ ហើយចំណុចដែលខាងស្រុកផ្អាកខាងគាត់ដោយសារគាត់មិនបានអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរដែលតម្រូវឱ្យខាងគាត់ធ្វើអាងប្រព្រឹត្ដិកម្មនិងសម្របសម្រួលជាមួយប្រជាពលរដ្ឋ ប៉ុន្ដែគាត់មិនព្រមធ្វើ ហើយបែរជាហៅមនុស្សមកពីណាមកតវ៉ាមុខរោងចក្រគាត់ថែមទៀត»។
លោក សោមាណាក់ បានឱ្យដឹងទៀតថា ការពិន័យនេះមិនមែនជាលើកទី១នោះទេ វាជាលើកទី២ កាលពីលើកទី១ពិន័យ១០លានរៀលពីការបំពានដែលពលរដ្ឋ៣ភូមិប្ដឹងរដ្ឋបាលស្រុកនឹងខេត្តពីផលប៉ះពាល់ហ្នឹង ក្រោយមកខាងរោងចក្រក៏បានយល់ព្រមថានឹងធ្វើតាមការណែនាំរបស់មន្ទីរបរិស្ថានខេត្តកណ្ដាល ប៉ុន្ដែជាក់ស្ដែងខាងរោងចក្រធ្វើមិនបានរួចក៏លួចបើកទាំងដែលខាងរដ្ឋបាលស្រុកកំពុងឱ្យសាងសងអាងប្រព្រឹតិ្ដកម្មនិងធ្វើវិធានការផ្សេងៗ ហើយការពិន័យចំនួន៦០លានរៀលជាការពិន័យលើកទី២ដោយសារតែលួចបើកនិងមិនព្រមស្ដារប្លាស្ទិកនិងបន្ដបង្ហូរទឹកចូលដដែល។
លោកបញ្ជាក់ថា៖ «ក្រោយពីមានការកោះហៅដោះស្រាយគ្នាជាមួយអាជ្ញាធរស្រុកនិងមន្ទីរបរិស្ថានខេត្ដកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២មក ខាងគាត់[រោងចក្រ កំពង់កន្ទួត មេនូហ្វេកធីរីង (ខេមបូឌា) ខូ អិលធីឌី]យល់ព្រមទទួលកំហុសថានឹងព្រមបង់ការផាកពិន័យហ្នឹង ប៉ុន្ដែបានមួយថ្ងៃគាត់ប្រមូលមនុស្សធ្វើបាតុកម្មមុខរោងចក្រគាត់អីណា ហើយធ្វើទាំងគាត់យល់ព្រមទទួលកំហុសហើយ»។
ប្រធានមន្ទីរបរិស្ថានរូបនេះអះអាងបន្ដថា រោងចក្រ កំពង់កន្ទួត មិនមែនត្រូវផ្អាករហូតនោះទេ នឹងអាចបើកដំណើរការវិញក្នុងករណីពួកគាត់បានបំពេញតាមការណែនាំរបស់រដ្ឋបាលស្រុកកណ្ដាលស្ទឹងបាននោះនឹងបើកវិញបានហើយ។
លោកបន្ដថា៖ «យើងមិនមែនបិទគាត់រហូតឯណា យើងគ្រាន់តែផ្អាកសិនតើ ពេលណាគាត់បំពេញតាមការណែនាំ គាត់បើកវិញបានហើយ សុំកុំយល់ច្រឡំថាយើងបិទគាត់រហូត»។
លោកក៏បានបញ្ជាក់បន្ថែមថា ករណីដែលផ្អាកដំណើរការរោងចក្រ កំពង់កន្ទួត មេនូហ្វេកធីរីង (ខេមបូឌា) នេះ មិនមែនពាក់ព័ន្ធនឹងរឿងស៊ីសំណូកសូកប៉ាន់អ្វីមួយឬក៏បញ្ហាមិនត្រូវរូវគ្នាដោយមានបញ្ហានៅពីក្រោយខ្នងណាមួយនោះទេ លោកថាវាពាក់ព័ន្ធការមិនគោរពច្បាប់ដែលខាងរោងចក្រមិនបានធ្វើ ដូច្នេះលោកថាសុំកុំឱ្យពលរដ្ឋមានការយល់ច្រឡំលើរដ្ឋបាលស្រុកឬក៏ខេត្តឱ្យសោះ។
នៅក្នុងលិខិតមួយរបស់មន្ទីរបរិស្ថានខេត្តកណ្ដាលដែលខេមបូចាបានទទួលដោយបានចុះកំណត់ហេតុត្រួតពិនិត្យទីតាំងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បញ្ជាក់ថា រោងចក្រ កំពង់កន្ទួត មេនូហ្វេកធីរីង (ខេមបូឌា) ខូ អិលធីឌី មានទីតាំងស្ថិតនៅភូមិត្បូងក្ដី ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល មានភាពខ្វះខាតដោយដំណើរការផលិតកម្មមិនមានបំពាក់អាងប្រព្រឹតិ្ដកម្មសំណល់រាវតាមលក្ខណៈបច្ចេកទេស ហើយបានបង្ហូរសំណល់រាវដែលមានពណ៌ និងក្លិនស្អុយចូលក្នុងដីកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋមានលំនៅឋានក្បែរទីតាំងរោងចក្រ បង្កផលប៉ះពាល់ដល់ការរស់នៅប្រជាពលរដ្ឋនិង ការបំពុលប្រភពទឹកសាធារណៈនិងទឹកប្រឡាយស្រោចស្រព។
កន្លងមកក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្ដាលបានចុះអប់រំណែនាំ និងបានដាក់នូវវិធានការកែប្រែនូវចំណុចខ្វះខាតរបស់រោងចក្រចំនួន២លើក ប៉ុន្ដែនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារបានចុះពិនិត្យឃើញថា រោងចក្រមិនបានយកចិត្តទុកដាក់អនុវត្ដតាមវិធានការរបស់ក្រុមការងារឡើយ ហើយនៅតែបង្ហូរសំណល់រាវបង្កឱ្យមានការបំពុលជាថ្មីបន្ថែមទៀត។
នៅក្នងលិខិតដដែលមាន៧ចំណុចដែលខាងមន្ទីរតម្រូវឱ្យខាងរោងចក្រធ្វើនិងអនុវត្ត ប៉ុន្ដែក្នុងនោះមាន៤ចំណុចដែលខាងរោងចក្រធ្វើបាន និងសល់៣ចំណុចដែលរោងចក្រធ្វើមិនបានដូចជា ទី១ ត្រូវសម្របសម្រួលនិងដោះស្រាយឱ្យបានសមស្របជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការបង្ហូរសំណល់រាវមានពណ៌និងក្លិនស្អុយរបស់រោងចក្រ។ ទី២ ត្រូវប្រមូលសំណល់បា្លស្ទិកដែលរោងចក្របានយកទៅចាក់ចោលនៅលើដីកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋចេញឱ្យអស់ និងត្រូវរៀបចំរោងទុកដាក់សំណល់រឹង(សំរាម) ឱ្យបានត្រឹមត្រូវរួចរាល់ឱ្យបានមុនថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០២២ ជាកំហិត។ ទី៣ ត្រូវរៀបចំសាងសង់អាងប្រព្រឹតិ្ដកម្មសម្អាតសំណល់រាវស្របតាមលក្ខណៈបច្ចេកទេសឱ្យបានរួចរាល់មុនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ជាកំហិត។ នេះបើយោងតាមការអះអាងរបស់លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្ដកណ្ដាល។
ខេមបូចាមិនអាចសុំការអធិប្បាយពីលោក អ៊ូច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹងបានទេ ជុំវិញបញ្ហាបិទផ្អាករោងចក្រ កំពង់កន្ទួត មេនូហ្វេកធីរីង (ខេមបូឌា) ខូ អិលធីឌី នៅថ្ងៃពុធនេះ។ ប៉ុន្ដែលោក ស្វាយ សេងលី អភិបាលរងស្រុកកណ្ដាលស្ទឹងបានថ្លែងប្រាប់ព័ត៌មានក្នុងស្រុកមួយថា បញ្ហាបាតុកម្មរបស់កម្មករដែលបានធ្វើកាលពីថ្ងៃទី៨ ខែតុលា កន្លងទៅ គឺពួកគាត់មិនបានជូនដំណឹងមកឱ្យខាងរដ្ឋបាលស្រុកនោះទេ ពួកគាត់ធ្វើខ្លួនឯង។
អភិបាលរងរូបនេះបញ្ជាក់ថា៖ «ថៅកែរោងចក្រខាងលើ គាត់ធ្វើដោយខ្លួនគាត់ទេ គឺអត់មានសុំស្រុកទេ»។
លិខិតរបស់រដ្ឋបាលស្រុកកណ្ដាលស្ទឹងចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ដោយរដ្ឋបាលស្រុកបានផ្អាករោងចក្រ កំពង់កន្ទួត មេនូហ្វេកធីរីង (ខេមបូឌា) ខូ អិលធីឌី ជាបណ្ដោះអាសន្នរាល់អាជីវកម្មផលិតក្រដាសដែលបានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងការប៉ះពាល់ដល់ប្រភពទឹកអូរ ទឹកប្រឡាយសាធារណៈនៅទីនោះ។ ដោយរងចាំការដោះស្រាយនិងអនុវត្ដតាមគោលការណ៍២ចំណុចមានដូចជា ទី១ បញ្ចប់បញ្ហានឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងទី២ សាងសង់អាងប្រព្រឹត្ដិកម្មឱ្យបានត្រឹមត្រូវតាមបច្ចេកទេស គឺអាចដំណើរការវិញបាន។
លិខិតដដែលបញ្ជាក់បន្ថែមថា៖ «ករណីរោងចក្រ កំពង់កន្ទួត មេនូហ្វេកធីរីង (ខេមបូឌា) ខូ អិលធីឌី ពុំអនុវត្ដតាមវិធានការខាងរដ្ឋបាលស្រុកកណ្ដាលស្ទឹងនឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន»។
បើតាម លោក ខែម ធឿន មេឃុំបាគូរ អាយុ៦២ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានខេមបូចាដោយផ្ទាល់ថា រោងចក្រហ្នឹងបានបង្កបញ្ហាជាច្រើនដល់អាជ្ញាធរនិងមន្ទីរបរិស្ថានខេត្ដកណ្ដាលដូចជាការបង្ហូរទឹកស្អុយចូលព្រែកដែលពលរដ្ឋកំពុងប្រើប្រាស់ និងបានចោលបា្លស្ទិកចូលក្នុងទឹកនិងជាតិពុលក៏ដូចបញ្ហាផ្សេងទៀត។
លោកមេឃុំលើកឡើងថា៖ «ក្រោយរកឃើញថាមានជាតិពុលអាជ្ញាធរខេត្តនិងស្រុកសម្រេចផ្អាកអស់រយៈជាង៥ខែហើយប៉ុន្ដែគាត់នៅតែលួចបើក។ ខ្ញុំអាណិតកម្មករដែលគ្នាធ្វើការនៅហ្នឹង តែធ្វើម៉េចបើថៅកែរោងចក្រមិនស្ដាប់តាមការណែនាំរបស់មន្ទីរបរិស្ថានខេត្ដ ប៉ុន្ដែគេបិទបណ្ដោះអាសន្នតើ កាលណាគាត់គោរពតាមការណែនាំគេឱ្យបើកវិញ»។
លោកមេឃុំបន្ដថា ក្នុងនាមជាអាជ្ញាធរគឺជាអាជ្ញាកណ្ដាលកាលណាពលរដ្ឋមកប្ដឹងផ្ដល់ ត្រូវដោះស្រាយជូនពួកគាត់ហើយ ណាមួយលោកថាមុនថ្ងៃផ្ទុះការតវ៉ាមួយថ្ងៃ អាជ្ញាធរស្រុក និងខាងមន្ទីរបរិស្ថានខេត្តបានបើកកិច្ចប្រជុំមួយនៅសាលាស្រុកកណ្ដាលស្ទឹង ដើម្បីដោះស្រាយបញ្ហាអស់ហ្នឹងប៉ុន្ដែការសម្រេចបែបណាគឺខាងខេត្តជាអ្នកសម្រេច លោកថាខាងមូលដ្ឋានបានត្រឹមសម្របសម្រួលទេ។
លោកមេឃុំបានថ្លែងថា៖ «យើងមានសិទ្ធិសម្របសម្រួលទាំងសងខាងទេ បើម្ខាងទៀតគេមិនឯកភាពខ្ញុំក៏មិនដឹងធ្វើម៉េចដែរ? ហើយបិទក៏មិនមែនអាជ្ញាធរឃុំបិទដែរ គឺអាជ្ញាធររបស់ស្រុកអ្នកបិទ»។
បើតាមលោក ផូ សឿន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំបារគូបានថ្លែងថា កម្មករដែលមកធ្វើបាតុកម្មនៅមុខរោងចក្រ កំពង់កន្ទួត របស់ថៅកែជនជាតិចិននេះ ភាគច្រើនគឺមិនមែនជាកម្មករដែលបម្រើការងារនៅក្នុងរោងចក្រហ្នឹងទេ គឺពួកគាត់ត្រូវបានថៅកែរោងចក្រយកមកពីកន្លែងផ្សេងមកបាតុកម្ម ដើម្បីឱ្យបើករោងចក្រវិញ។
លោកបន្ដថា៖ «មិនដឹងពួកគាត់មកពីណាទេ ដោយសាររោងចក្រហ្នឹងបានបង្ហូរទឹកស្អុយចូលព្រែកពលរដ្ឋប្រើប្រាស់បានជាគេបិទ»។
បើយោងតាមការលើកឡើងរបស់លោក សំ ចាន់ធី មេភូមិត្បូងក្ដីបានឲ្យដឹងទៀតថា កន្លងមករោងចក្របានបង្ហូរទឹកស្អុយចូលអូរ ប្រឡាយខាងមុខវត្តព្រៃរូង បង្កឲ្យទឹកឡើងខ្មៅ ប៉ះពាល់ដល់ប្រជាពលរដ្ឋផ្ទាល់មានចំនួន៣ភូមិ និងដោយប្រយោលច្រើនឃុំពីព្រោះព្រែកវាវែងនិងបន្ដគ្នារហូត ការណ៍នេះបានជាប្រជាពលរដ្ឋធ្វើពាក្យបណ្តឹងប្ដឹងទៅស្រុកនិងមន្ទីរបរិស្ថានខេត្តកណ្ដាល។
លោកបន្តថា៖ «ពីមុនប្រជាពលរដ្ឋបានយកទឹកក្នុងអូរមុខវត្តព្រៃរូងសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ ក្រោយមកដោយសារឃើញទឹកខ្មៅពេកពួកគាត់ក៏ឈប់ប្រើ»។
លោក គង់ ឡុង ជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ម្នាក់រស់នៅភូមិត្បូងក្ដី ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា ដាច់ខាតមិនឱ្យខាងរោងចក្រ កំពង់កន្ទួត ពន្យារពេលដោះស្រាយទេ ត្រូវតែយកសំរាមផ្លាស្ទិកចេញពីដីរបស់លោកឱ្យអស់។ យកទឹកស្អុយ និងភក់ដែលមានសារធាតុពុលទាំងអស់ចេញពីដីរបស់លោករួមទាំងដីប្រជាជន។
លោក ឡុង បន្ដថា៖ «តម្រូវឱ្យថៅកែរោងចក្រត្រូវតែសងសំណងចំពោះផលប៉ះពាល់ដីកន្លងមក ដីធ្វើស្រែចំការមិនបាន សងថ្លៃដើមឈើដែលបានងាប់ដែលមានរយៈពេលប្រមាណជា៧ឆ្នាំមកនេះ ទើបខ្ញុំសុខចិត្ត»។
ខេមបូចាមិនអាចទាក់ទងទៅខាងថៅកែរោងចក្រ កំពង់កន្ទួត មេនូហ្វេកធីរីង (ខេមបូឌា) ខូ អិលធីឌី លោក YE QINGQUAN បានទេ។
ចំណែកឯលោក ឌី ថា ជាអ្នកបកប្រែឱ្យថៅកែរោងចក្រ កំពង់កន្ទួត មេនូហ្វេកធីរីង (ខេមបូឌា) ខូ អិលធីឌី បានប្រាប់ខេមបូចាថា មូលហេតុដែលកម្មករនាំគ្នាបាតុកម្មកាលពីថ្ងៃទី៨ ខែតុលា ដោយសារបញ្ហាក្រពះ ពីព្រោះពួកគាត់ដែលជាកម្មកររោងចក្រក៏ត្រូវការហូបចុក និងការចំណាយអ្វីៗផ្សេងទៀតដែរ បើរោងចក្របិទមិនឱ្យដំណើរការតើបានលុយឯណាចឹញ្ចឹមគ្រួសារ។
លោកបន្ដថា៖ «ខ្ញុំអត់បាននៅកន្លែងបាតុកម្មហ្នឹងទេ ប៉ុន្ដែបញ្ហាសំខាន់គឺក្រពះគ្នា បានជាគ្នាបាតុកម្មហ្នឹង ណាមួយខាងស្រុកនិងមន្ទីរបរិស្ថានបានពិន័យគាត់៦០លានហើយ ធម្មតាគាត់[ថៅកែរោងចក្រ]បរទេសកាលណាបង់ពិន័យហើយគឺសង្ឃឹមថាអាចបើកបានវិញ ប៉ុន្ដែបែរអត់វិញ អ៊ីចឹងបានកម្មករគ្នាបាតុកម្មសុំឱ្យបើកហ្នឹង»។
លោកបន្ថែមថា អ្វីដែលខាងរដ្ឋបាលស្រុកនិងមន្ទីរបរិស្ថានបានតម្រូវឱ្យធ្វើគឺធ្វើអស់ហើយ ប៉ុន្ដែនៅតែថាខាងរោងចក្រមិនទាន់បានធ្វើ ដូចជាអាងស្ដុកទឹកធ្វើហើយ ការបង្ហូរទឹកក៏លែងមានដែរ លោកថានិយាយរួមទៅធ្វើបាបខាងរោងចក្រមិនឱ្យរកស៊ីកើតហ្មង។
លោកឱ្យដឹងថា៖ «ធ្វើទុក្ខគ្នាណាស់ និយាយរួមគ្នាពិបាកនៅកន្លែងហ្នឹងណាស់ តាមខ្ញុំមើលពិបាកប្រកបអាជីវកម្មហ្នឹងតទៅទៀតណាស់ណាមួយវាមានរឿងច្រើននៅពីក្រោយខ្នងនៃការបិទរោងចក្រហ្នឹងដែលមិនអាចនិយាយបាន»។
លោក សាន់ ម៉ាឡា ជាមន្រ្តីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃបណ្តាញយុវជនកម្ពុជា(CYN) បានលើកឡើងថា មានអនុក្រឹត្យមួយស្ដីពីរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថានដែលត្រូវឱ្យរោងចក្រសហគ្រាសនិងអ្នកប្រកបអាជីវកម្មទាំងអស់អនុវត្ដតាម ជាពិសេសមុននឹងមានការសាងសង់រោងចក្រឬក៏អាជីវកម្មខ្នាតធំណាមួយរដ្ឋតម្រូវឱ្យក្រុមហ៊ុនធ្វើការសិក្សាអំពីទំហំនិងកម្រិតផលប៉ះពាល់និងផែនការបញ្ចៀសកាត់បន្ថយផលប៉ះពាល់លើប្រជាពលរដ្ឋនិងបរិស្ថាននៅលើកម្រិតមួយដែលតូចបំផុត។ យ៉ាងណាក្ដីលោកថាលោកមានការគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរដែលបានផ្អាកដំណើរការរោងចក្រហ្នឹងបានទាន់ពេលវេលា។
លោក ម៉ាឡា បន្ដថា៖ «ខ្ញុំគាំទ្រចំពោះការសម្រេចរបស់រដ្ឋបាលខេត្ដកណ្ដាលដែលតម្រូវឱ្យរោងចក្រត្រូវតែសាងសង់នូវអាងប្រព្រឹត្ដិកម្មទឹកកខ្វក់មុនពេលអនុញ្ញាត្ដឱ្យដំណើរការឡើងវិញ ដោយសារតែទឹកដែលរោងចក្របង្ហូរចេញទៅលើប្រភពប្រជាពលរដ្ឋប្រើប្រាស់វាអាចមានសារធាតុគីមីអាក្រក់ សារធាតុដែលបង្កផលប៉ះពាល់មកលើជីវិតរបស់ប្រជាជនដែលរស់នៅតាមបណ្ដោយដងព្រែក»។
គួររបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលស្រុកកណ្តាលស្ទឹងបានបើកកិច្ចប្រជុំផ្សព្វផ្សាយ ពាក់ព័ន្ធនិងផលប៉ះពាល់រវាងរោងចក្រ កំពង់កន្ទួត មេនូហ្វេកធីរីង (ខេមបូឌា) ខូ អិលធីឌី និងប្រជាពលរដ្ឋរងគ្រោះ ក្រោមអធិបតីភាពលោក ស្វាយ សេងលី អភិបាលរងស្រុកកណ្តាលស្ទឹង និង លោក ឡុង ចាន់វាសនា អនុប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកណ្តាល។
ក្នុងកិច្ចប្រជុំ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានធ្វើការសំណូមពរឱ្យអាជ្ញាធរក៏ដូចជាស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ឱ្យថៅកែរោងចក្រ ចេញថ្លៃសងលើផលប៉ះពាល់ទាំងស្រុងដល់ប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ទាំងអស់ និងសូមឱ្យអាជ្ញាធរស្រុកកណ្តាលស្ទឹង ជាពិសេសលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងគួរមានវិធានការយ៉ាងតឹងរ៉ឹងម៉ឺងម៉ាត់បំផុតមិនត្រូវបណ្ដែតបណ្ដោយឱ្យខាងថៅកែរោងចក្រ កំពង់កន្ទួត លួចដំណើរធ្វើអាជីវកម្មឡើយ គឺត្រូវរងចាំការដោះស្រាយឱ្យបានចប់សព្វគ្រប់ជាមួយប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ជាមុនសិន។
រោងចក្រ កំពង់កន្ទួត មេនូហ្វេកធីរីង (ខេមបូឌា) ខូ អិលធីឌី ជារោងចក្រមួយដែលបង្កើតឡើងបានជាង៧ឆ្នាំហើយ និងជារោងចក្រផលិតក្រដាសមានទីតាំងស្ថិតនៅភូមិត្បូងក្ដី ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងមានថៅកែជាជនជាតិចិនមានឈ្មោះ YE QINGQUAN កើតថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧២ ដែលបានជួលដីមានទំហំទទឹង៤០ម៉ែត្រ និងបណ្ដោយ១០០ម៉ែត្រពីឈ្មោះ គង់ អៀក រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល។ នៅក្នុងកិច្ចសន្យាជួលដីចំនួន១០ឆ្នាំចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ក្នុងតម្លៃ៥០០ដុល្លារក្នុង១ខែ។
ផែនការជាតិ និងផែនការសកម្មភាពបរិស្ថានឆ្នាំ ២០១៦-២០២៣ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១៧ ស្របតាមមាត្រា៥៩នៃរដ្ឋធម្មនុញ្ញ«ដើម្បីជួយប្រទេសកម្ពុជាឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធដែលទទួលខុសត្រូវចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយសារបញ្ហាបរិស្ថាន គឺជាបញ្ហាអន្តរវិស័យ»។
ផែនការជាតិ និងផែនការសកម្មភាពបរិស្ថាន គឺជាការប្តេជ្ញាចិត្តដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ ចក្ខុវិស័យរបស់ផែនការជាតិ និងផែនការសកម្មភាពបរិស្ថានគឺដើម្បី«ពង្រឹងលក្ខន្តិកៈ និងអនុភាពសម្រាប់បរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព និងស្ថេរភាពនៅកម្ពុជា»៕