ខេត្តបាត់ដំបង៖ ស្លឹកឈើនិងជញ្ជ្រាំងជ្រុះធ្លាក់រាយប៉ាយលើផ្ទៃដីរាប់សិបហិកតាដែលមានសភាពស្ងួតហួតហែង ហើយមានស្នាមប្រេះបែកក្រហែង ដែលធ្វើឱ្យកូនឈើដែលដុះតាមភ្លឺនិងកណ្តាលវាលស្រែក្រៀមស្វិត។ ពលរដ្ឋរស់នៅទីនោះបានរៀបរាប់ថា តំបន់នេះមានភាពរាំងស្ងួតខ្លាំង និងពុំមានទឹកសម្រាប់ស្រោចស្រពដំណាំអ្វីឡើយ។
កសិករមួយរូបដែលទុកដីចោលក្លាយជាវាលមើលឃើញតែគល់ជញ្ជ្រាំងដែលងាប់ពាសពេញដី បានឱ្យដឹងថា សព្វថ្ងៃនេះលោកនិងអ្នកភូមិផ្សេងទៀតតស៊ូធ្វើស្រែនិងដាំដំណាំតាមបែបផ្សងព្រេងជាមួយនឹងធម្មជាតិ។
លោក ឆន ហុល ជាកសិករមួយរូប លើកឡើងថា៖ «បើសិនជាមានដីហើយអត់មានទឹកធ្វើស្រែខ្ញុំដល់ចឹង…សព្វថ្ងៃវាជាការពិត អារម្មណ៍វាស្មុគស្មាញហ្នឹងហើយ យើងទៅធ្វើចំណាកស្រុកក៏ពិបាកយើងនៅក្នុងភូមិក៏គ្មានទឹកធ្វើស្រែចឹងទេមានតែលក់ដីឱ្យអស់ហ្មងស្រួល»។
លោក ហុល ជាកសិករម្នាក់ក្នុងចំណោមកសិកររាប់ពាន់នាក់រស់នៅឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដែលប្រឈមនឹងកង្វះទឹកស្រោចស្រពដំណាំផ្សេងៗនាពេលរដូវប្រាំងចូលមកដល់។ ចង្អុលប្រាប់អ្នកសារព័ត៌មានបណ្ដើរភ្នែកសម្លឹងមើលទៅដីស្រែចម្ការរបស់គាត់ចំនួន៥ហិកតាឃើញតែគល់ជញ្ជ្រាំងងាប់ទាំងអស់។ លោកបន្តថា លោកបានត្រឹមប្រមូលផលស្រូវក្នុងរដូវវស្សា បន្ទាប់មកដីស្រែចម្ការនេះត្រូវទុកចោលអស់រយៈពេលជាច្រើនខែរហូតទាល់តែចូលដល់រដូវភ្លៀងធ្លាក់ទើបលោកចាប់ផ្ដើមធ្វើសកម្មភាពព្រោះស្រូវសាឡើងជាថ្មី។
លោក ហុល មានវ័យ៥០ឆ្នាំ ជាពលរដ្ឋម្នាក់រស់នៅភូមិតាក្រី ឃុំតាក្រី លោកមានប្រពន្ធជាអ្នកលក់ដូរ និងមានកូនចំនួន៤នាក់។ គ្រួសាររបស់លោកអាចរកប្រាក់ចំណូលបានជាង២ម៉ឺនរៀល និងចំណាយជិត២ម៉ឺនរៀលក្នុងមួយថ្ងៃ។ ដោយសារប្រាក់ចំណូលទាប លោក ហុល សម្រេចឱ្យកូនចំនួន២នាក់ឈប់សិក្សា រួចទៅរៀនបណ្ដុះបណ្ដាលវិជ្ជាជីវៈជាជាងកាត់សក់នៅឯក្រុងបាត់ដំបង។
លោកបានប្រាប់ថា តាំងពីចាប់ផ្ដើមធ្វើស្រែចម្ការមកជាញឹកញយលោកប្រឈមនឹងបញ្ហាកង្វះទឹកដែលនាំឱ្យទិន្នផលមិនទទួលបានគ្រប់ចំនួនឡើយ។
លោក ហុល និយាយថា៖ «តាំងខ្ញុំធ្វើស្រែអត់ជោគជ័យអីផង ឆ្នាំណាអត់ទឹកក៏អត់បានស្រូវទៅ ពេលទឹកខ្លាំងក៏លិចអស់ទៅ ចឹងហើយទិន្នផល១ហិកតាបាន១៥បាវ វាអត់គ្រប់ផង»។
កសិករម្នាក់ទៀតនៅឃុំតាក្រី អ្នកស្រី ចាន់ ម៉ារីយ៉ា វ័យ៣២ឆ្នាំ និយាយថា អ្នកស្រីមានដីទំហំ២០ហិកតាសម្រាប់ធ្វើស្រែ និងដាំដំឡូងដោយពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង។ អ្នកស្រី ម៉ារីយ៉ា បន្ថែមថា ជារៀងរាល់ឆ្នាំភ្លៀងធ្លាក់មិនទៀងទាត់នោះទេ កង្វះទឹកស្រោចស្រពដំណាំជារឿយៗនៅតែកើតមានឡើង ទោះបីជាធ្វើស្រែចម្ការតែក្នុងរដូវវស្សាក៏ដោយ។ ការកង្វះទឹកនេះបណ្ដាលឱ្យអ្នកស្រីទទួលបានទិន្នផលទាបពីផលដំណាំរបស់ខ្លួន ហើយឈ្មួញបានលើកយកចំណុចនេះមកសង្កត់តម្លៃឱ្យធ្លាក់ថ្លៃជាងមុន។
អ្នកស្រី ម៉ារីយ៉ា និយាយថា៖ «គេទិញអត់ពេញតម្លៃ ដូចថាគ្រាប់វារាងគ្រិន ដូចថាស្រូវរំដួលអាល្អចឹង បាន៩០បាន៨០ជាង បើអត់ល្អបានត្រឹម៧០ជាងចឹងទៅ(លុយបាត)។ ដំឡូងវាគ្រិនវាអត់រីកមើម បើមានភ្លៀងថ្លៃវាធំ អាហ្នឹងលក់បានច្រើន ដល់ពេលអត់ភ្លៀងវាគ្រិនអាហ្នឹងយើងលក់បានតិច វាតិចគីឡូ»។
ស្រ្តីវ័យ៥០ឆ្នាំ រស់នៅភូមិតាក្រី ឃុំតាក្រី សុំមិនបញ្ចេញឈ្មោះ និយាយថា សព្វថ្ងៃអ្នកស្រីទទួលបានចំណូលពីប្ដី និងកូនចំនួន២នាក់ដែលកំពុងធ្វើការនៅប្រទេសថៃ។ អ្នកស្រីផ្ទាល់ក៏ទើបតែត្រលប់មកពីចំណាកស្រុកនៅប្រទេសថៃ ដោយសារពុំមានមុខរបរនិងមានដីតិចតួចសម្រាប់ដាំដំណាំ។
អ្នកស្រីបញ្ជាក់ថា៖ «នៅនេះវាអត់ដឹងរកអីយើងស្រែអត់ចម្ការមិនទៅថៃ។…អត់មានទេអត់មានស្រែធ្វើ អត់មានដី មានតែដីផ្ទះទំហំ៤០ម៉ែត្របួនជ្រុង អត់មានដាំអីទេ វាអត់ទឹក ដាំតិចតួចដែរ»។
ក្រៅពីកង្វះទឹកសម្រាប់ស្រោចស្រពដំណាំ ប្រជាពលរដ្ឋរស់នៅឃុំតាក្រី ក៏ប្រឈមនឹងកង្វះទឹកសម្រាប់បរិភោគ និងប្រើប្រាស់ប្រចាំថ្ងៃផងដែរ ដោយពួកគេភាគច្រើនបានជីកអណ្ដូងស្នប់តាមផ្ទះរៀងៗខ្លួន និងទិញទឹកសម្រាប់ពិសារ។
មេភូមិដំណាក់សាលា នៃឃុំតាក្រី លោក យក យឿង បានកត់សម្គាល់ថា ប្រជាពលរដ្ឋរស់នៅឃុំតាក្រីសម្រាប់អ្នកមានដីធ្លីតិចក្នុងការបង្កបង្កើនផលភាគច្រើនចំណាកស្រុកទៅធ្វើការនៅឯប្រទេសថៃ។ ចំណែកអ្នកមានដីរាប់សិបហិកតាបានត្រឹមធ្វើស្រែចម្ការមួយដងប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយទទួលបានទិន្នផលទាបដោយសារតែពុំមានទឹកគ្រប់គ្រាន់។
យោងតាមស្ថិតិប្រជាពលរដ្ឋនៅឃុំតាក្រី គិតត្រឹមខែមករា ក្នុងឆ្នាំ២០២៣ ឱ្យដឹងថា ប្រជាពលរដ្ឋចំនួន២៦០៩នាក់ បានធ្វើចំណាកស្រុក ក្នុងចំណោមពលរដ្ឋសរុបចំនួន ១៣ ៩៣៦ នាក់។
នៅឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ប្រឡាយដែលគ្មានទឹកហើយមានតែដីប្រេះបែក ព្រមទាំងមានស្មៅជញ្ជៀនងាប់ដែលបានប្រែក្លាយជាពណ៌ឈើអមសងខាងដែលពត់ពេនតាមខ្យល់បក់។ ទោះយ៉ាងណា ការមិនមានប្រឡាយមេតភ្ជាប់ពីសំណង់ស្ទាក់ទឹកមង្គលបុរីដែលស្ថិតនៅឃុំអូរដាដែលនៅជាប់ឃុំតាក្រី បានរាំងស្ទះដល់ការបញ្ជូនទឹកពីសំណង់ស្ទាក់ទឹកទៅកាន់ប្រឡាយទឹករបស់ប្រជាពលរដ្ឋនៅឃុំតាក្រី។
អាជ្ញាធរមូលដ្ឋានៃឃុំតាក្រី ឱ្យដឹងថា ការស្តារប្រឡាយឱ្យតភ្ជាប់គ្នាដែលមានប្រវែងសរុបជិត១០គីឡូម៉ែត្រនេះត្រូវចំណាយថវិកាច្រើនលើសលប់ ខណៈថវិកាអភិវឌ្ឍន៍ឃុំប្រចាំឆ្នាំមានត្រឹម៨០លានរៀល ហើយឃុំពុំមានលទ្ធភាពដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ឃុំឡើយ។ លោក រស់ កប មេឃុំតាក្រី បានបញ្ជាក់ថា ប្រឡាយប្រវែង ៩ ៦០០ម៉ែត្រនេះមិនទាន់កំណត់ថវិកាចំណាយអស់ប៉ុន្មាននោះទេ ដោយរង់ចាំមន្រ្តីជំនាញពីខាងមន្ទីរធនធានទឹកខេត្តបាត់ដំបងមកសិក្សាជាមុនសិន។
លោក ទូច ចិន្តា មេភូមិកំប្រង់ ឃុំតាក្រី ថ្លែងថា ភូមិរបស់លោកមានផ្ទៃដីទំហំ២ពាន់ហិកតាដែលត្រូវការទឹកសម្រាប់ស្រោចស្រពដំណាំ ខណៈប្រជាពលរដ្ឋមួយចំនួនក្នុងភូមិរបស់លោក បានចំណាកស្រុកទៅប្រទេសថៃតាមរដូវការការងារនិងត្រលប់មកវិញអំឡុងពេលរដូវធ្វើស្រែ។
លោក ចិន្តា បានបញ្ជាក់ថា ថវិកាអភិឌ្ឍន៍ឃុំមុនបោះឆ្នោតអាណត្តិ២០២២ មានចំនួន៨០លានរៀល ហើយរដ្ឋបាលឃុំបានបែងចែកសម្រាប់ធ្វើផ្លូវក្រាលក្រួសក្រហម សេវាសុខាភិបាល និងសម្រាប់ជួយពលរដ្ឋក្រីក្រជាដើម។
លោក ចិន្តា និយាយថា៖ «កាលមុនមួយឆ្នាំគេផ្ដល់ឱ្យ២ម៉ឺនដុល្លារ ៨០លានរៀល អាណត្តិមុនឆ្នាំ២០២២។ គាត់(មេឃុំ)ភាគច្រើនយកធ្វើផ្លូវដី និងក្រាលក្រួសក្រហម អមប្រឡាយតាមភូមិតូចៗ ខ្ញុំមិនច្បាស់ទេ ផែនការឃុំវាមានគ្រប់បែបគ្រប់យ៉ាងរបស់គេ តាំងពីសុខភាព តាំងពីប្រជាពលរដ្ឋក្រីក្រ ហើយនឹងឆ្លៀតធ្វើផ្លូវធ្វើអីហ្នឹងចឹង»។
ប្រធានភូមិម្នាក់ទៀត បានអះអាងថា ប្រជាពលរដ្ឋសព្វថ្ងៃធ្វើស្រែទាំងប្រថុយ ហើយកង្វះទឹកនេះបានកើតឡើងជាយូរណាស់មកហើយ។ ចំណែករដ្ឋបាលឃុំបានលើកសំណើរសុំទៅកាន់ស្ថាប័នពាក់ព័ន្ធនានាជុំវិញការសាងសង់ប្រឡាយតភ្ជាប់ពីសំណង់ស្ទាក់ទឹកមង្គលបុរីទៅកាន់ប្រឡាយទឹកតាមវាលស្រែរបស់ប្រជាពលរដ្ឋអស់រយៈពេលជាច្រើនឆ្នាំដែរ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ទទួលបានដំណឹងអ្វីនោះទេ។
មេភូមិដំណាក់សាលា នៃឃុំតាក្រី លោក យក យឿង និយាយថា៖ «យើងបានស្នើសុំរហូតដល់ទៅថ្នាក់ដឹកនាំកំពូលខាងលើ ប្រហែលជា២ឆ្នាំមុន។ ដំបូងយើងសុំតាមរយៈស្រុក ខេត្ត (ចុងបញ្ចប់)ថ្នាក់ជាតិក៏មិនទាន់ឆ្លើយតបជាមួយយើង»។
ចំណែកឯជំទប់ទី២នៃឃុំតាក្រី លោក ឆើន ឆុន បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋជាងមួយម៉ឺននាក់ដែលរស់នៅឃុំតាក្រីនេះ ប្រកបមុខរបរធ្វើស្រែ ដាំដំឡូង និងពោតជាដើម។
លិខិតមួយរបស់រដ្ឋបាលឃុំតាក្រី ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ស្នើសុំទៅប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង ឱ្យជួយស្ដារប្រឡាយមេ និងប្រឡាយរងពីសំណង់ស្ទាក់ទឹកមង្គលបុរី ដើម្បីចែកចាយទឹកដល់មូលដ្ឋានឃុំតាក្រីដែលមានចំនួន៨ខ្សែ ប្រវែង៩៦០០ម៉ែត្រ ដោយឆ្លងកាត់៧ភូមិនៃឃុំតាក្រី ហើយប្រជាពលរដ្ឋចំនួន៨៧១២នាក់ដែលរស់នៅក្នុងភូមិទាំង៧នេះនឹងទទួលបានផលពីការស្ដារប្រឡាយ។
សារព័ត៌មានខេមបូចា បានព្យាយាមទាក់ទង លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង និង លោក ហួត ច័ន្ទតារារិទ្ធ អនុប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង ខលចូលពុំមានអ្នកលើកទូរសព្ទនិងផ្ញើសំណួរតាមប្រព័ន្ធតេលេក្រាមចូលមើលតែមិនមានការឆ្លើយតប។
សេចក្ដីជូនដំណឹងមួយរបស់មន្ទីរធនធានទឹកខេត្តបាត់ដំបង ឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ ការចាប់ផ្ដើមនូវរដូវវស្សាឆ្នាំនេះអាចយឺតជាងឆ្នាំមុន ហើយមានបរិមាណទឹកភ្លៀងមធ្យម រួមទាំងអាចមានកូនរដូវប្រាំងក្នុងខែកក្កដា ខាងមុខ។ សេចក្ដីជូនដំណឹង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងសន្សំសំចៃទឹក និងត្រៀមជួយសង្រ្គោះសម្រាប់គ្រោះរាំងស្ងួតនាពេលខាងមុខ។
យោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច ឱ្យដឹងថា ថវិកាជាតិឆ្នាំ២០២៣សរុបត្រូវចំណាយចំនួន ៣៩ ២០៦ ២០៥លានរៀល ដែលមានកំណើន១៣ភាគរយធៀបនឹងឆ្នាំ២០២២។ ក្នុងនោះចំណាយថវិកាថ្នាក់ជាតិចំនួន ៣៦ ៦០៣ ៦៩៨លានរៀល និងចំណាយថវិកាថ្នាក់ក្រោមជាតិចំនួន ៤ ០៦១ ៧៩៧លានរៀល។
ប្រាក់ឧបត្ថមដល់ថ្នាក់ក្រោមជាតិចំនួន ១ ៤៥៩ ២៩០លានរៀលដែលដកចេញពីខ្ទង់ចំណាយថវិកាថ្នាក់ជាតិក្នុងនោះត្រូវបានបែងចែកទៅ ឧបត្ថមឃុំ-សង្កាត់ចំនួន ៧៥៣៣៥០លានរៀល និងឧបត្ថមមូលនិធិអភិវឌ្ឍនន៍ឃុំ-សង្កាត់ចំនួន ២២១ ៥៧៣លានរៀលមានកំណើន១២,៤ភាគរយធៀបនឹងច្បាប់ឆ្នាំ២០២២ ដែលជាថវិកាសម្រាប់អភិវឌ្ឍន៍មូលដ្ឋានឃុំ-សង្កាត់នីមួយៗ។
នៅឆ្នាំ២០២៣នេះ រដ្ឋាភិបាលក្រុងភ្នំពេញបានកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២៣ ក្នុងកម្រិត ១៧០០លានSDR គឺកើនឡើង១០០លានSDR ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២២ ដោយផ្អែកលើទិដ្ឋភាពចំនួន៥ ក្នុងនោះក៏មាន ការបន្តបង្កើនប្រសិទ្ធិភាពប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងអនុវត្តគម្រោង ដែលរួមបញ្ចូលវិស័យធារាសាស្រ្តចំនួន៥គម្រោងផងដែរគឺ៖ គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ គម្រោងកាត់បន្ថយគ្រោះទឹកជំនន់ និងអភិវឌ្ឍន៍ធារាស្រ្តបរវេល ខេត្តបាត់ដំបង កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជា ជំហានទី២ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាស្រ្ត និងកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ។
យោងតាមសេចក្ដីជូនដំណឹងខាងលើដដែល ឱ្យដឹងថា ក្រសួងធនធានទឹកទទួលបានថវិកាសរុបចំនួន ៧៦៨ ៨៣៦លានរៀលសម្រាប់ទំហំចំណាយក្នុងឆ្នាំ២០២៣។
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្រសួងធនធានទឹក បានរៀបចំវេទិកាសាធារណៈស្ដីពីការផ្សព្វផ្សាយថវិកាប្រចាំឆ្នាំ២០២៣ របស់ក្រសួងធនធានទឹក ឱ្យដឹងថា ថវិកាឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក នឹងយកទៅអនុវត្តកម្មវិធីទាំង៥ ដើម្បីសម្រេចលទ្ធផលដែលបានរំពឹងទុក និងបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ កម្មវិធីទាំងនោះរួមមាន ការធានាការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ និងដំណាំគ្រប់ប្រភេទ រក្សានិរន្តរភាព និងបង្កើនការការពារផ្ទៃដីកសិកម្មដំណាំគ្រប់ប្រភេទ ធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងអភិរក្សអាងទន្លេបឹងបួរធម្មជាតិ ផ្សព្វផ្សាយឱ្យទាន់ពេលវេលានូវស្ថានភាពជលសាស្រ្ត ស្ថានភាពឧតុនិយម ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងស្ថាប័នឱ្យបានល្អប្រសើរ។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា មានប្រសាសន៍ថា ក្រសួងធនធានទឹកមានផែនការដាក់គម្រោងស្ដារប្រឡាយមេដើម្បីទាញយកទឹកពីសំណង់ស្ទាក់ទឹកស្ទឹងមង្គលបុរី នៅស្រុកកំរៀង ខេត្តបាត់ដំបង នៅឆ្នាំ២០២៤ខាងមុខ។
លោក យុត្ថា ថ្លែងថា៖ «តំបន់ណុង ឃុំតាក្រីកន្លងមកយើងបាន សំណង់ស្ទាក់ម្នាស់កាលមួយ ដែលជាក្បាលស្ទឹងមង្គលបុរី ហើយបន្ទាប់ពីស្ទឹងហ្នឹងរួចយើងក៏មានគម្រោងធ្វើប្រឡាយមេដើម្បីទាញទឹកយកពីស្ទឹងមង្គលបុរីសម្រាប់ឃុំតាក្រីក៏ដូចជាអំពិលប្រាំដើមដែលយើងឃើញតែងតែមានការប្រឈម។ ក្រសួងមានផែនការអាចនឹងដាក់បញ្ចូលនៅក្នុងឆ្នាំ២០២៤ខាងមុខនេះ»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ថ្លែងថា កង្វះប្រព័ន្ធប្រឡាយទឹកនេះមិនគួរត្រូវបានអូសបន្លាយអស់រយៈពេលរាប់សិបឆ្នាំនោះឡើយ។ លោកថា រដ្ឋបាលឃុំ ត្រូវដាក់បញ្ហានេះជាអាទិភាពក្នុងកម្មវិធីអភិវឌ្ឍរបស់ឃុំ និងកៀរគរថវិកាពីប្រភពនានាដើម្បីបានជីកប្រឡាយទឹក។
លោក ជ័យ និយាយថា៖ «យើងឃើញថាមានតម្រូវការជាច្រើនដែលកើតមានឡើងនៅមូលដ្ឋាន តែអាជ្ញាធរមូលដ្ឋានហាក់បីដូចជាមានចំណុចខ្វះខាតផ្នែកកសាងផែនការ។ ចឹងកាលណាពួកគាត់អាចធ្វើផែនការអភិវឌ្ឍបានច្បាស់លាស់ បញ្ហាខ្វះទឹកប្រើប្រាស់ទាំងទឹកស្អាតនិងប្រព័ន្ធស្រោចស្រពខ្ញុំគិតថាអាចដោះស្រាយបាន»។
ត្រលប់ទៅកាន់លោក ឆន ហុល ដែលជាកសិករមួយរូបវិញ និយាយថា ការមានទឹកស្រោចស្រពដំណាំសម្រាប់រដូវប្រាំងនឹងជួយឱ្យជីវភាពគ្រួសាររបស់លោកធូធារជាងមុន ព្រមទាំងមានលទ្ធភាពក្នុងការបញ្ជូនកូនស្រីដែលកំពុងសិក្សាថ្នាក់ទី១២ទៅរៀនបន្តបាន ដោយគេចផុតពីការធ្វើចំណាកស្រុក។
លោក ហុល និយាយថា៖ «បើយើងមានទឹកស្រោចស្រពយើងអាចរកចំណូលបានតាមទីផ្សារ យើងអាចរក[ចំណូលបន្ថែម]បានត្រឹមមួយខែ១០០ទៅ១៥០ ទៅ២០០ដុល្លារ អាស្រ័យលើតម្លៃទីផ្សារ»៕