ការសិក្សាស្រាវជ្រាវថ្មីមួយក្នុងគម្រោងវិនិយោគធំៗរបស់ចិនចំនួនបីនៅកម្ពុជា រួមមាន៖ វារីអគ្គិសនីសេសានក្រោមពីរ តំបន់សេដ្ឋកិច្ចពិសេសតារាសាគរ និងព្រែកជីកហ្វូណនតេជោ។ របាយការណ៍បង្ហាញថា ខណៈដែលគម្រោងទាំងនេះបំពេញតាមច្បាប់ជាតិអប្បបរមា ប៉ុន្តែនៅតែមានការ«ខ្វះខាតយ៉ាងខ្លាំង»ក្នុងការអនុវត្តតាមស្តង់ដារអាជីវកម្មទទួលខុសត្រូវជាអន្តរជាតិ (RBC) ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពប្រជាសហគមន៍។
លទ្ធផលបឋមនៃការសិក្សានេះ ត្រូវបានដាក់បង្ហាញនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ដែលរៀបចំឡើងដោយអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) សហការជាមួយអង្គការ Give to Nature និងទទួលបានការគាំទ្រពី PORTICUS នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យឡើងវិញលើវិធីសាស្ត្រវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម (ESIA) និងជំរុញការរៀបចំសៀវភៅណែនាំស្តីពីគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) សម្រាប់ការវិនិយោគប្រកបដោយចីរភាព។
តាមរយៈការវាយតម្លៃលើការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBC) ដោយប្រៀបធៀបធៀបនឹងក្របខណ្ឌច្បាប់ជាតិ និងស្តង់ដារអន្តរជាតិ ដូចជា IFC, UN Guiding Principles, និង OECD ការសិក្សាបានរកឃើញថា គម្រោងវិនិយោគរបស់ចិនភាគច្រើន បានបំពេញតាមតម្រូវការច្បាប់អប្បបរមារបស់កម្ពុជា ដូចជា ច្បាប់ស្តីពីការវិនិយោគ ច្បាប់ភូមិបាល និងក្រមបរិស្ថានជាដើម។
នៅពេលវាយតម្លៃធៀបនឹងស្តង់ដារ RBC អន្តរជាតិ គម្រោងទាំងនោះបង្ហាញពី «កង្វះខាតយ៉ាងខ្លាំង»។ ក្នុងនោះដែរ កង្វះខាតចម្បងៗដែលបង្កើតឱ្យមានគម្លាតនេះ រួមមាន ការពិគ្រោះយោបល់ជាសាធារណៈមានកម្រិត យន្តការអនុវត្តច្បាប់នៅទន់ខ្សោយ និងប្រព័ន្ធដោះស្រាយបណ្តឹងតវ៉ានិងការស្តារជីវភាពឡើងវិញ មិនទាន់គ្រប់គ្រាន់សម្រាប់ប្រជាជនរងផលប៉ះពាល់។
អ្នកចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់នេះ រួមមាន តំណាងស្ថាប័នរដ្ឋាភិបាល វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសហគមន៍។
លោក សំ ចាន់ធី ជាអ្នកស្រាវជ្រាវនៃគម្រោងនេះ បានឱ្យដឹងថា បច្ចុប្បន្ន ប្រទេសចិន គឺជាអ្នកវិនិយោគ ដៃគូពាណិជ្ជកម្ម និងជាអ្នកផ្តល់ជំនួយធំជាងគេរបស់កម្ពុជា ដោយមានចំនួនដល់ទៅ ៥៤ភាគរយ នៃដើមទុនវិនិយោគសរុបដែលត្រូវបានអនុម័តនៅឆ្នាំ២០២៥។
ការសិក្សាបានកំណត់ថា ការកើនឡើងយ៉ាងគំហុកនៃទុនវិនិយោគបរទេសនេះ ត្រូវបានជំរុញដោយគម្រោងវិនិយោគធំៗមួយចំនួនដែលផ្តល់ហិរញ្ញប្បទានដោយចិន រួមមាន៖ គម្រោងវារីអគ្គិសនីសេសានក្រោមពីរ, តំបន់សេដ្ឋកិច្ចពិសេសតារាសាគរ, និងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះព្រែកជីកហ្វូណនតេជោ។
នៅកម្រិតថ្នាក់ជាតិ គម្រោងធំៗទាំងនេះត្រូវបានចាត់ទុកជាចរន្តនៃការផ្លាស់ប្តូរទម្រង់មុខមាត់កម្ពុជា ដោយដើរតួជាកាតាលីករ (កម្លាំងចលករ) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការបង្កើតថាមពល អភិវឌ្ឍតំបន់ឧស្សាហកម្ម ពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបង្កើតឱកាសការងារជាច្រើន។
ទោះជាយ៉ាងណាក៏ដោយ ការពិនិត្យឡើងវិញនេះក៏បានកត់ត្រាទុកនូវភាពតានតឹងដែលកាន់តែខ្លាំងឡើង និងផលប៉ះពាល់អវិជ្ជមានជាច្រើន នៅពេលដែលគម្រោងទាំងនេះត្រូវបានពិនិត្យមើលយ៉ាងលម្អិត នៅក្នុងទិដ្ឋភាពនៃអភិបាលកិច្ចមូលដ្ឋាន និងកម្រិតជីវភាពជាក់ស្តែងរបស់ប្រជាសហគមន៍។
ការសិក្សាស្រាវជ្រាវរបស់លោក សំ ចាន់ធី បានបែងចែកផលប៉ះពាល់អវិជ្ជមានជាពីរទិដ្ឋភាពសំខាន់ៗ គឺផលប៉ះពាល់លើបរិស្ថាន និងសង្គម។
របាយការណ៍បានកត់សម្គាល់ថា ការទ្រុឌទ្រោមនៃបរិស្ថានស្ទើរតែទាំងអស់បានចាប់ផ្តើមចេញពីការកាប់បំផ្លាញព្រៃឈើ ដែលនាំឱ្យមានការបាត់បង់ជីវៈចម្រុះ។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា ទំនប់វារីអគ្គិសនីសេសានក្រោមពីរ និងប្រព័ន្ធព្រែកជីកហ្វូណនតេជោ បានធ្វើឱ្យប្រែប្រួលយ៉ាងខ្លាំងនូវប្រព័ន្ធជលសាស្ត្រ និងធនធានទឹក ដែលរំខានដល់ប្រព័ន្ធអេកូឡូស៊ីទាំងមូល និងធ្វើឱ្យផលិតភាពដីធ្លីធ្លាក់ចុះ។
ភស្តុតាងពីការជួបពិគ្រោះយោបល់ផ្ទាល់ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋបញ្ជាក់ថា ទាំងនេះមិនមែនជាបញ្ហាបណ្តោះអាសន្ននោះទេ ប៉ុន្តែជាបញ្ហារ៉ាំរ៉ៃដែលទាមទារឱ្យមានការតាមដានបរិស្ថានជាបន្តបន្ទាប់ពេញមួយវដ្តនៃគម្រោង។
ក្នុងចំណោមផលប៉ះពាល់សង្គម ការតាំងទីលំនៅថ្មីត្រូវបានកំណត់ថាជាបញ្ហាប្រឈមរ៉ាំរ៉ៃដ៏យូរអង្វែង។ នៅពេលដែលគម្រោងធំៗទាមទារឱ្យមានការផ្លាស់ប្តូរទីលំនៅរបស់សហគមន៍ លទ្ធផលនៃរបាយការណ៍នេះបានរាយការណ៍ថា ដំណើរការនេះត្រូវបានគ្រប់គ្រងជាចម្បងក្នុងទម្រង់ «ពីលើចុះក្រោម»។ តួអង្គមូលដ្ឋាន និងអាជ្ញាធរខេត្តត្រូវបានពិពណ៌នាថាមានឥទ្ធិពល មានកម្រិតក្នុងការធ្វើសេចក្តីសម្រេចចិត្ត ហើយដោយក្នុងនោះ ពួកគាត់និងសហគមន៍មូលដ្ឋានភាគច្រើន គ្រាន់តែជាអ្នកអនុវត្តតាមសេចក្តីណែនាំអំពីការផ្លាស់ប្តូរទីលំនៅតែប៉ុណ្ណោះ។
របាយការណ៍នេះបានកត់សម្គាល់ថា គម្រោងវារីអគ្គិសនីសេសានក្រោមពីរ និងគម្រោងតំបន់សេដ្ឋកិច្ចពិសេសតារាសាគរ បានពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីលំនៅជាច្រើនរយគ្រួសារទៅកាន់ទីតាំងថ្មីដែលមានចម្ងាយឆ្ងាយជាច្រើនគីឡូម៉ែត្រ ខណៈដែលគម្រោងព្រែកជីកហ្វូណនតេជោ មានការពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្តូរទីលំនៅទាំងស្រុង និងដោយផ្នែកផងដែរ។ ជាលទ្ធផល គ្រួសារដែលត្រូវបានផ្លាស់ប្តូរទីលំនៅ ជារឿយៗ ជួបប្រទះនឹងការកាត់ផ្តាច់ភ្លាមៗ នូវលទ្ធភាពទទួលបានធនធានធម្មជាតិ ដែលប៉ះទង្គិចជាចម្បងទៅនឹងស្ថិរភាពជីវភាព និងបង្កើនបន្ទុកចំណាយក្នុងគ្រួសារ។
របាយការណ៍បានគូសបញ្ជាក់យ៉ាងច្បាស់ថា «ការផ្តល់ប្រាក់សំណងតែមួយលើក មិនអាចជំនួសសមត្ថភាពដែលបាត់បង់សម្រាប់ការរស់រានមានជីវិតក្នុងរយៈពេលវែងបានឡើយ»។ ខណៈដែលអាជ្ញាធរមើលឃើញរូបភាពវិជ្ជមានលើសមិទ្ធផលរូបវន្ត ដូចជា ផ្ទះសម្បែង ផ្លូវថ្នល់ និងបណ្តាញអគ្គិសនីថ្មី ប្រជាពលរដ្ឋជាច្រើនមិនអាចស្តារសេដ្ឋកិច្ចគ្រួសារបានឡើយ នៅពេលដែលប្រភពចំណូលប្រចាំថ្ងៃពីទន្លេ ឬសមុទ្រត្រូវបានបាត់បង់។
ការសិក្សានេះបានប្រើប្រាស់វិធីសាស្ត្រប្រមូលទិន្នន័យចម្រុះ ដោយបានធ្វើការស្ទង់មតិលើគ្រួសារសរុបចំនួន ២៣៧ គ្រួសារ ដើម្បីសិក្សាស៊ីជម្រៅអំពីផលប៉ះពាល់ និងការផ្តល់សំណង។ បន្ថែមពីនេះ ការពិភាក្សាក្រុមគោលដៅ ចំនួន ៥ ក្រុម ត្រូវបានរៀបចំឡើង ព្រមទាំងមានការសម្ភាសន៍ជាមួយអ្នកផ្តល់ព័ត៌មានសំខាន់ៗ ចំនួន ១៦ នាក់ នៅថ្នាក់មូលដ្ឋាន រួមមាន មេឃុំ អភិបាលស្រុក និងតំណាងមន្ទីរខេត្ត និងយ៉ាងហោចណាស់ ៥ នាក់ ទៀតនៅថ្នាក់ជាតិ និងការសង្កេតនៅនឹងកន្លែងដោយផ្ទាល់អំពីការប្រើប្រាស់ដីធ្លី និងការប្រែប្រួលបរិស្ថាន ដែលអាចធ្វើទៅបានតាមទីតាំងនីមួយៗ។
ចំពោះគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ការអនុវត្តគម្រោងបានតម្រូវឱ្យមានការរៀបចំទីតាំងតាំងទីលំនៅថ្មីសម្រាប់ប្រជាពលរដ្ឋសរុប ១ ០២៥ គ្រួសារ (ស្មើនឹង ៤ ៦២០ នាក់) ដែលមកពី ៤ ឃុំ និង ៧ ភូមិ ក្នុងស្រុកសេសាន។ កញ្ចប់សំណងដែលគ្រួសាររងផលប៉ះពាល់ទទួលបាន រួមមាន ផ្ទះ ដីលំនៅឋាន (ទំហំ ២០ × ៥០ ម៉ែត្រ), ដីកសិកម្ម (ពី ៣ ទៅ ៥ ហិកតា) សំណងទ្រព្យសម្បត្តិ និងដំណាំខូចខាត សេវាជួយដឹកជញ្ជូន ព្រមទាំង សំណងស្តារជីវភាពរយៈពេល ៦ ខែ។ ផ្អែកលើការស្ទង់មតិអំពីកម្រិតពេញចិត្តលើសំណង ឃើញថាមានប្រជាពលរដ្ឋ ៤៦ភាគរយ បង្ហាញការពេញចិត្តជាមធ្យម, ២៦ភាគរយ ពេញចិត្តច្រើន, ៦ភាគរយ ពេញចិត្តខ្លាំង និង៦ភាគរយ ពេញចិត្តតិចតួច។
លើសពីនេះ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយសមាមាត្រគ្រួសារដែលមានជីវភាព «កម្រិតល្អ» បានធ្លាក់ចុះពី ៤៥ភាគរយ (មុនពេលមានគម្រោង) មកត្រឹម ២៨ភាគរយ (នាពេលបច្ចុប្បន្ន) ខណៈគ្រួសារដែលមានជីវភាព «កម្រិតមធ្យម» បានកើនឡើងពី ៣៩ភាគរយ ទៅ ៤២ភាគរយ។
ដោយឡែក គម្រោងតំបន់សេដ្ឋកិច្ចពិសេសតារាសាគរ ក្នុងខេត្តកោះកុង បានប៉ះពាល់ និងតម្រូវឱ្យមានការផ្លាស់ទីលំនៅថ្មីសម្រាប់គ្រួសារ ច្រើនជាង ១ ០២៥ គ្រួសារ មកពីឃុំកោះស្តេច និងឃុំតានូន ក្នុងស្រុកបទុមសាគរ និងស្រុកគិរីសាគរ។ ប្រជាពលរដ្ឋទទួលបានកញ្ចប់សំណងរួមមាន ផ្ទះ, ដីលំនៅឋាន (ទំហំ ០,៥ ហិកតា), ដីកសិកម្ម (ពី ២ ទៅ ៣ ហិកតា សម្រាប់គ្រួសារដែលមានសមាជិកចាប់ពី ៤ នាក់ឡើងទៅ), ព្រមទាំង សំណងទ្រព្យសម្បត្តិ និងដំណាំខូចខាត។ ពាក់ព័ន្ធនឹងកម្រិតពេញចិត្តលើសំណង មានប្រជាពលរដ្ឋ ៤០ភាគរយ ពេញចិត្តជាមធ្យម, ៣១ភាគរយ ពេញចិត្តច្រើន, ២៣ភាគរយ ពេញចិត្តតិចតួច, ៣ភាគរយ ពេញចិត្តខ្លាំង និង ៣ភាគរយ មិនពេញចិត្តសោះ។ ប៉ុន្តែកម្រិតជីវភាព ស្ថិតនៅក្នុងស្ថានភាពស្រពិចស្រពិល។

ចុងក្រោយ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលគ្របដណ្តប់លើខេត្តតាកែវ កណ្តាល កំពត និងកែប បានប៉ះពាល់លើលំនៅឋានសរុប ២ ៣០៥ គ្រួសារ (ស្មើនឹង ១១ ៥២៥ នាក់) លើផ្ទៃដីលំនៅឋានសរុប ១៨០ ហិកតា ដោយក្នុងនោះមាន ៤០០ គ្រួសារ រងផលប៉ះពាល់ទាំងស្រុង។ ទម្រង់នៃសំណងសម្រាប់គម្រោងនេះគឺផ្តល់ជា ថវិកា (ដោយទិន្នន័យនៃការខូចខាតត្រូវបានចងក្រងរួចរាល់ ហើយសំណងលើដីស្រែត្រូវបានផ្តល់ជូនជាបណ្តើរៗ)។ ចំពោះកម្រិតពេញចិត្តលើសំណង មានប្រជាពលរដ្ឋ ៣៩ភាគរយ ពេញចិត្តច្រើន, ៣៦ភាគរយ ពេញចិត្តជាមធ្យម, ១៥ភាគរយ ពេញចិត្តតិចតួច, ៩ភាគរយ ពេញចិត្តខ្លាំង និង ១ភាគរយ មិនពេញចិត្តសោះ។
ទន្ទឹមនឹងនេះ គម្រោងនេះទទួលបានការគាំទ្រខ្ពស់ពីប្រជាពលរដ្ឋ ដោយមាន ៤៧ភាគរយ គាំទ្រខ្លាំង, ៣១ភាគរយ គាំទ្រមធ្យម, ១២ភាគរយ គាំទ្រខ្លាំងណាស់, ៩ភាគរយ គាំទ្រតិចតួច និងមានត្រឹមតែ ១ភាគរយ ប៉ុណ្ណោះដែលមិនគាំទ្រសោះ។
លោក លីម តុងអេង អាយុ ៧៧ ឆ្នាំ ជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ រស់នៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានប្រាប់សារព័ត៌មានខេមបូចា ថា មកទល់ពេលនេះគឺរយៈពេលប្រមាណ១ឆ្នាំហើយ ដែលលោកពុំទាន់ទទួលបានព័ត៌មាន ឬដំណឹងស្តីពីសំណងនៅឡើយទេ។
ការរស់នៅក្នុងភាពស្រពិចស្រពិលនេះ បានធ្វើឱ្យរូបលោកប្រឈមនឹងបញ្ហាជីវភាពយ៉ាងខ្លាំង ដោយសារលោកមិនហ៊ានអាស្រ័យផលលើដំណាំយូរអង្វែងដូចជាស្វាយ និងដូងនោះទេ ពោលគឺបានត្រឹមតែដាំដំណាំរយៈពេលខ្លីបន្តិចបន្តួចដូចជា ម្ទេស និងចេក ប៉ុណ្ណោះ។
លោកបានរៀបរាប់ទាំងក្តីបារម្ភថា៖ «និយាយរួមទៅ ភាពស្រពិចស្រពិលនេះវាពិបាកណាស់ យើងអត់ហ៊ានធ្វើអី។ ដូចថាយើងត្រូវដាំដំណាំធំៗដែលទាមទារពេលវេលាយូរអង្វែងបន្តិច ប៉ុន្តែយើងអត់ហ៊ានទេ បានត្រឹមដាំដំណាំដែលទទួលបានផលលឿន ដុះហើយក៏ហើយទៅ»។
លោកបានបន្តទៀតថា បើតាមចិត្តរបស់លោក គឺមិនចង់ឱ្យមានគម្រោងនេះកើតឡើងនោះទេ ប៉ុន្តែដោយសារនេះជាតម្រូវការរបស់រដ្ឋ។
លោកបានបន្ថែមថា៖ «ចិត្តខ្ញុំគឺអត់ចង់ឱ្យជីកនោះទេ ប៉ុន្តែបើរដ្ឋត្រូវការហើយក៏មិនដឹងធ្វើម៉េច ព្រោះវាទៅជាយ៉ាងហ្នឹងទៅហើយ […] ខ្ញុំអត់ចង់ ព្រោះវាប៉ះពាល់ដីធ្លី និងផ្ទះសម្បែងទាំងអស់ អត់មានសល់អីបន្តិចសោះ។ ចំពោះរូបខ្ញុំគឺប៉ះពាល់អស់ ១០០% តែម្តងអ្នកគ្រូ តាំងពីផ្ទះសម្បែង រហូតដល់ដីស្រែចម្ការសម្រាប់បង្កបង្កើនផល»។
លោក ហេង សុធី អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបកស្រាយបំភ្លឺជុំវិញការរកឃើញដែលថា ប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោមួយចំនួនទទួលបានសំណងរួចហើយ ខណៈមួយចំនួនទៀតមិនទាន់ទទួលបាន។
លោកបានបន្តថា ក្រសួងបានបញ្ចប់ការវាស់វែងរួចរាល់ ដោយរាជរដ្ឋាភិបាលអនុវត្តយុទ្ធសាស្ត្រផ្តល់សំណងជា៣កម្រិតតាមដំណាក់កាលសាងសង់៖ ផ្តល់សំណងជូនក្រុមប៉ះពាល់ស្រាល (ដីស្រែ) មុនគេ, ទុកឱកាសឱ្យក្រុមប៉ះពាល់មធ្យម (តំបន់ប្រជុំជន) បន្តអាស្រ័យផល និងប្រកបអាជីវកម្មសិនដើម្បីកុំឱ្យខាតបង់ចំណូល, និងត្រៀមដោះស្រាយជូនក្រុមប៉ះពាល់ធ្ងន់តាមដំណាក់កាលជាបន្តបន្ទាប់។
លោកបានគូសបញ្ជាក់បន្ថែមថា៖ «យើងបានបញ្ចប់ការវាស់វែងចប់សព្វគ្រប់ និងបានជូនដំណឹងប្រាប់គាត់រួចហើយ ប៉ុន្តែយើងឱ្យគាត់បន្តអាជីវកម្មទៅមុខទៀត ពុំនោះទេវានឹងប៉ះពាល់ដល់ជីវភាពគាត់។ ព្រោះថាយើងមិនទាន់សង់ចំកន្លែងហ្នឹងផង តើរឿងអីរដ្ឋាភិបាលត្រូវទៅយកដីគាត់? ទី១ គឺឱ្យគាត់បន្តប្រកបរបរ និងទី២ ទុកពេលឱ្យគាត់ស្វែងរកទីតាំងសមស្របដើម្បីផ្លាស់ទីលំនៅ។ នេះជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល»។
ពាក់ព័ន្ធនឹងលទ្ធផលនៃការស្ទង់មតិលើកម្រិត «ពេញចិត្ត ឬមិនពេញចិត្ត» វិញ លោកបានលើកឡើងថា៖ «ខ្ញុំមិនបានដឹងពីវិធីសាស្ត្រនៃការប្រមូលទិន្នន័យ ឬការវិភាគយ៉ាងណានោះទេ ជួនកាលការចុះជួបប៉ះចំក្រុមប្រឆាំង ឬជួបអ្នកមិនសប្បាយចិត្តមួយក្រុម ធ្វើឱ្យអត្រានៃការមិនពេញចិត្តមើលទៅមានច្រើន ប៉ុន្តែជារួម និងជាទិដ្ឋភាពរួម យើងឃើញថាប្រជាពលរដ្ឋភាគច្រើនគឺមានការពេញចិត្ត»។
យ៉ាងណា នៅក្នុងកិច្ចពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធនាថ្ងៃនោះ មន្ត្រីនៃក្រសួងបរិស្ថានក៏បានស្នើឱ្យមានការពិនិត្យឡើងវិញលើការដាក់ចំណាត់ថ្នាក់សន្ទស្សន៍ ក៏ដូចជាដាក់បញ្ជូនលទ្ធផលរកឃើញបឋមនេះទៅក្រសួងដើម្បីពិនិត្យផងដែរ។
ជាមួយគ្នានេះ ក៏មានអ្នកចូលរួមម្នាក់ដែលជាជនជាតិដើមភាគតិចពូនង និងបច្ចុប្បន្នបម្រើការងារនៅក្នុងសមាគមមួយ បានលើកឡើងដោយស្នើឱ្យរបាយការណ៍សិក្សា មានការរំលេចនូវផលប៉ះពាល់ពីការផ្លាស់ទីលំនៅថ្មីរបស់ជនជាតិដើមភាគតិច ទៅលើការប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ និងការមិនទទួលបានទឹកស្អាតសមស្របនៅឡើយ ក៏ដូចជាពលរដ្ឋរងផលប៉ះពាល់ប្រមាណជិត១០០គ្រួសារនៅតំបន់ក្បាលរមាសដែលពុំទាន់ទទួលយកសំណងនៅឡើយ។
ជាការឆ្លើយតប លោក សំ ចាន់ធី បានឱ្យដឹងដែរថា ការវិនិច្ឆ័យលើការសិក្សាស្រាវជ្រាវ គឺផ្អែកលើឯកសារ និងភស្តុតាងដែលមានស្រាប់។ លោកបន្តថា លោកប្រទះនឹងផលលំបាកក្នុងការចូលទៅយក ឬទទួលបានព័ត៌មានដើម្បីយកមកធ្វើការផ្ទៀងផ្ទាត់ ជាពិសេសគឺរបាយការណ៍ពាក់ព័ន្ធលើការវាយតម្លៃគម្រោងវិនិយោគមួយចំនួនដែលដាក់ចេញដោយរដ្ឋ ដែលធ្វើឱ្យមានកម្រិតក្នុងការវាយតម្លៃ។
លោកបានជំរុញឱ្យអ្នកវិនិយោគចែករំលែកនូវរបាយការណ៍វាយតម្លៃ ដើម្បីអាចមើលពីទិដ្ឋភាពជាចំហជាមួយគ្នា ជាជាងការរក្សាទុកជាការសម្ងាត់ ដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សាវាយតម្លៃ។
លោក សំ ចាន់ធី បានថ្លែងថា៖ «ទាក់ទងទៅនឹងភាពវិជ្ជមាននៃគម្រោង ខ្ញុំមិនសូវបានបញ្ចេញទេនៅក្នុងរបាយការណ៍នេះ ដោយចំណុចដែលលើកឡើងភាគច្រើន គឺជាចំណុចដែលត្រូវស្វែងយល់ និងការរងផលប៉ះពាល់»។
លោកបានបន្ថែមថា៖ «របាយការណ៍នេះមិនមានចេតនាបន្តុះបង្អាប់លើការវិនិយោគនោះទេ ប៉ុន្តែគឺជាការដកស្រង់នូវបទពិសោធន៍ដើម្បីស្វែងយល់ចាប់ពីពេលនេះទៅមុខទៀត គឺយើងគួរតែគិតគូរឱ្យបានច្រើនដើម្បីការពារកុំឱ្យមានផលប៉ះពាល់ ដើម្បីយើងធានាបាននូវការវិនិយោគប្រកបដោយនិរន្តរភាព និងមិនសូវបង្កហានិភ័យសម្រាប់ការវិនិយោគនៅពេលខាងមុខទៀត»៕









