មេភូមិម្នាក់នៅក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល រៀបរាប់ថា រូបគាត់ពិបាកចិត្តដោយសារតែណែនាំអនុភូមិរបស់លោកច្រើនដងហើយឱ្យឈប់នាំពលរដ្ឋលេងល្បែង ប៉ុន្តែអនុភូមិនោះមិនស្តាប់។
មេភូមិពោធិ៍អណ្តែត លោក មាស ជ្រិ ថ្លែងថា លោកបានដឹងអំពីអនុភូមិឈ្មោះ ឆាង ណន លេងល្បែងហើយលោកធ្លាប់បានណែនាំដែរ ដើម្បីកុំឱ្យមានផលប៉ះពាល់នៅក្នុងភូមិ។
លោក មាស ជ្រិ ថ្លែងថា៖ «យើងថ្នាក់ដឹកនាំភូមិហើយនាំគេលេងវាមានផលប៉ះចឹង។ ខ្ញុំឧស្សាហ៍ប្រាប់ដែរថា យើងថ្នាក់ដឹកនាំ ហើយនាំគេលេងចឹងក្រែងវាមានបញ្ហា»។
លោកបន្តថា ក្នុងនាមជាមេភូមិមានសិទ្ធិត្រឹមតែណែនាំ ហើយបើគេមិនស្តាប់លោក ក៏មិនដឹងធ្វើម៉េចដែរ។
លោក មាស ជ្រិ ឱ្យដឹងថា ៖«ខ្ញុំមានសិទ្ធិជាមេភូមិ ហើយគេជាអនុភូមិដែរហ្នឹង ធំដែរទៅហើយ។ អាហ្នឹងគេដឹងខ្លួនគេមិនដឹងធ្វើម៉េចៗទេ ជាគំរូរបស់ប្រជាជនហើយ បើយើងនៅតែលេងចឹងមិនដឹងទេ។ ខ្ញុំពិបាកចិត្តដែរហ្នឹង ខ្ញុំគ្រាន់តែហាមគេថា បងប្អូនក្នុងភូមិបើអត់អីហូបចេះតែខំធ្វើខំរកទៅ បើម៉េចៗចេះតែជួយដោះស្រាយ ហើយបើគិតតែសំកុកនៅវង់ល្បែងខ្ញុំអត់ដឹងថា ម៉េចទេ»។
លោក មាស ជ្រិ បន្ថែមថា លោកបានប្រាប់បញ្ហាអនុភូមិលេងល្បែងនេះទៅថ្នាក់ដឹកនាំឃុំបន្តបន្ទាប់ដែរ ប៉ុន្តែខាងឃុំចេះតែប្រាប់ឱ្យលោកបន្តអប់រំ។
ពលរដ្ឋនៅក្នុងភូមិពោធិ៍អណ្តែត អ្នកស្រី ជី ភី ថ្លែងថា រូបគាត់ធ្លាប់ឃើញអនុភូមិនាំពលរដ្ឋលេងបៀដោយបើកចំហញឹកញាប់ ហើយច្រើនឆ្នាំណាស់មកហើយបន្តដល់បច្ចុប្បន្ន។ អ្នកស្រីស្នើឱ្យអាជ្ញាធរឃុំដូរអនុភូមិរូបនេះចេញព្រោះមានគំរូមិនល្អទេសម្រាប់ពលរដ្ឋ។
អ្នកស្រី ជី ភី ថ្លែងថា ៖ «ខ្ញុំអត់ចង់ទុកមនុស្សប្រព្រឹត្តិចឹង អត់រីកចម្រើនទេ ចង់ឱ្យដូរដាក់អនុភូមិណាដែលសកម្មគិតពីប្រជាពលរដ្ឋ មិនសកម្មយកប្រាក់ខែហើយមកលេងល្បែងចឹងខ្ញុំអត់ចូលចិត្តទេ។ ស៊ីតែប្រាក់ខែហើយលេងល្បែងខ្ញុំអត់ចូលចិត្តទេ មិនជឿឱ្យគាត់មកតទល់ជាមួយខ្ញុំមក ខ្ញុំអត់ខ្លាចទេ បើខ្ញុំទៅឃើញផ្ទាល់ម៉ង តែខ្ញុំអត់បានថតអីទេ ព្រោះខ្ញុំអត់ចេះថត»។
អ្នកស្រី ជី ភី ថ្លែងថា រូបគាត់ក៏ធ្លាប់បានប្រាប់បញ្ហាអនុភូមិនេះ ទៅសមត្ថកិច្ចប៉ុស្តិ៍ឱ្យដឹងដែរ តែមន្ត្រីប៉ុស្តិ៍មិនបានចាត់ការអ្វីទេ។ អ្នកស្រីថា ល្បែងស៊ីសង បានធ្វើឱ្យមានចោរលួចទ្រព្យសម្បត្តិ និងអំពើហិង្សាក្នុងគ្រួសារ។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី សែម សុផល បារម្ភពីសកម្មភាពអ្នកស្រី ឆាង ណន ក្លាយជាគំរូអាក្រក់ដល់ប្រជាពលរដ្ឋ និងអ្នកដែលចូលកាន់តំណែងនេះក្រោយៗទៀត។
អ្នកស្រី សែម សុផល បន្តទៀតថា៖ «ខ្ញុំបារម្ភថា គាត់ក្លាយជាគំរូអាក្រក់ដល់អ្នកក្រោយៗទៀត។ គេឃើញគាត់ធ្វើចឹងគេធ្វើតាមគាត់ដែរទៅ អាងប់ងល់ជាមួយល្បែងចឹង ណាមួយវាខ្ជិលធ្វើការងារ»។
អ្នកស្រី ជី ភី ថ្លែងថា រោងដាក់សម្ភារៈកសិកម្មរបស់គាត់ត្រូវចោរគាស់លួចរបស់របរ ហើយថា អ្នកភូមិផ្សេងៗទៀតក៏បាត់របស់របរបន្តបន្ទាប់ដែរ។ ចំណែកអ្នកស្រី សែម សុផល មើលឃើញថា បញ្ហាល្បែងបាននាំឱ្យមានអំពើហិង្សាក្នុងគ្រួសារ ហើយអ្នកខ្លះវក់លេងល្បែងមិនបានរៀបបាយទឹកឱ្យកូនតូចៗទេ។
មេឃុំព្រែកស្តី លោក ឃុយ គា មិនឆ្លើយតបសំនួរជុំវិញអនុភូមិពោធិ៍អណ្តែតលេងល្បែងនោះទេគឺ លោកទាមទារឱ្យអ្នកសារព័ត៌មានធ្វើដំណើរពីភ្នំពេញទៅជួបលោកផ្ទាល់ហើយទៅជួបអនុភូមិនោះជាមួយគ្នា ហើយលោកក៏ចុចបិទទូរសព្ទទៅ។
លោក ឃុយ គា ថ្លែងថា៖ «ខ្ញុំចង់ឱ្យបងជួបខ្ញុំ ហើយទៅជាមួយគ្នា»។
ជំទប់ទី២ឃុំព្រែកស្តីមកពីគណបក្សភ្លើងទៀន អ្នកស្រី យ៉យ មុំ ថ្លែងថា បញ្ហាអនុភូមិពោធិ៍អណ្តែតនាំអ្នកភូមិលេងល្បែងរូបគាត់ក៏បានឮអ្នកភូមិនិយាយជាបន្តបន្ទាប់ដែរ។ អ្នកស្រីបន្តថា គាត់នឹងបន្តប្រមូលព័ត៌មាននេះឱ្យបានច្បាស់លាស់ជាមុនសិនចាំគិតទៀត។
អ្នកស្រីបន្តថា បើរូបគាត់រកព័ត៌មានច្បាស់លាស់ហើយពីបញ្ហាអនុភូមិនាំអ្នកភូមិលេងល្បែងមែននោះ នឹងស្នើទៅថ្នាក់ដឹកនាំឃុំដើម្បីដកអនុភូមិរូបនោះ។
អ្នកស្រី យ៉យ មុំ បន្ថែមថា៖ «បើគាត់មានកំហុសឆ្គងចឹងគឺមិនល្អទេមនុស្សនេះ ធ្វើជាគំរូដឹកនាំសង្គមម៉េចបាន បំបាត់ភាពក្រីក្រយ៉ាងម៉េចបាន បើគាត់ជាគំរូគេទៅប្រព្រឹត្តិល្បែងចឹងហ្នឹង ទុកគាត់ម៉េចបាន»។
អនុភូមិពោធិ៍អណ្តែតដែលរងការចោទប្រកាន់ អ្នកស្រី ឆាង ណន បដិសេធថា រូបគាត់មិនបានលេងល្បែងដូចការចោទប្រកាន់នានានោះទេ។ អ្នកស្រីថា បច្ចុប្បន្នរវល់ការងារបម្រើពលរដ្ឋច្រើនគ្មានពេលសម្រាកទេ។
អ្នកស្រី ឆាង ណន បញ្ជាក់ថា៖ «ឥឡូវនេះមុខការរដ្ឋធ្វើអត់ឈប់ដៃ ហើយមកចោទខ្ញុំថា លេងបៀលេងស្អីណាទៀត អត់មានហង»។
ជុំវិញបញ្ហានេះ មេប៉ុស្តិ៍នគរបាលនៅឃុំព្រែកស្តី លោក ឃន ហ៊ង ឱ្យដឹងថា កម្លាំងប៉ុស្តិ៍ និងថ្នាក់ដឹកនាំឃុំ បានណែនាំ និងធ្វើកិច្ចសន្យាជាមួយអនុភូមិរូបនេះរួចហើយ។
លោក ឃន ហ៊ង ថ្លែងថា៖ «មានក្រុមការងារភូមិ និងក្រុមប្រឹក្សាឃុំទៅជួបហើយ ណែនាំ និងធ្វើកិច្ចសន្យាគាត់ហ្នឹង»។
លោក ឃន ហ៊ង ថ្លែងថា លោកតែងតែយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសង និងគ្រឿងញៀន។ លោកបន្តថា ក្រោយពេលមានបញ្ជាពីថ្នាក់ដឹកនាំមកគឺចាប់ពីថ្ងៃទី១៧ខែកញ្ញាមកដល់ថ្ងៃទី១៣ខែតុលា លោកបានដឹកនាំក្រុមការងារបង្ក្រាបល្បែងស៊ីសងបាន៩កន្លែង។
បើទោះជាមេប៉ុស្តិ៍រូបនេះ បញ្ជាក់ថា ការបិទល្បែងខុសច្បាប់៩ទីតាំងនេះអស់ទាំងអស់នៅឃុំព្រែកស្តីក៏ដោយក៏ប្រធានភូមិលោកមាស ជ្រិ ហើយពលរដ្ឋ២រូបទៀតគឺ អ្នកស្រី សែម សុផល និង អ្នកស្រី ជី ភី ថ្លែងថា ល្បែងនៅតែមានលួចលេង ពិសេសនៅភាគខាងត្បូងនៃភូមិពោធិ៍អណ្តែត។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម មើលឃើញថា ល្បែងស៊ីសងនៅកម្ពុជារីកដូចផ្សិតទាំងនៅក្នុងទីក្រុង និងនៅតាមតំបន់ជនបទដាច់ស្រយាល។ លោកបន្តថា ល្បែងស៊ីសងមានផលប៉ះពាល់ខ្លាំងដល់សង្គម។
លោក ប៉ា ចន្ទរឿន មានប្រសាសន៍ថា៖ «វាមានវិបត្តិសង្គមកើតឡើង មានចោរលួច មានអំពើហិង្សា បោកប្រាស់ លួច ប្លន់កើនឡើង។ ដូច្នេះសម្រាប់ការអភិវឌ្ឍគេមិនលើកទឹកចិត្តលើការវិនិយោគលើល្បែងទេ»។
ចំពោះករណីដែលចោទថា អនុភូមិនាំពលរដ្ឋលេងល្បែងនោះ លោក ថា បើសិនជារកឃើញដូចការចោទប្រកាន់មែនគួរតែមានការដាក់ពិន័យឱ្យធ្ងន់ជាងពលរដ្ឋធម្មតា។
លោក ចន្ទរឿន បន្ថែមថា៖ «បើសិនជាប្រជាពលរដ្ឋលេងល្បែង ឬ បើកកន្លែងល្បែងស៊ីសងមានទោសហើយ មន្ត្រីដែលមានតួនាទីក្នុងស្ថាប័នសាធារណៈដូចជា ភូមិ សមាជិកភូមិ ឬ សមាជិកឃុំពាក់ព័ន្ធការបើកល្បែងស៊ីសងបែបនេះគួរតែទទួលទោសទ្វេដង ព្រោះក្នុងនាមជាអាជ្ញាធរត្រូវតែដឹងច្បាប់ ដឹងទម្លាប់ហើយធ្វើជាគំរូសម្រាប់ប្រជាពលរដ្ឋ»។
កាលពីខែកញ្ញាកន្លងទៅនេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញបទបញ្ជាបន្តបន្ទាប់ឱ្យអាជ្ញាធរពាក់ព័ន្ធបង្ក្រាបល្បែងខុសច្បាប់ឱ្យមានប្រសិទ្ធិភាព។ លោកនាយករដ្ឋមន្ត្រីក៏បានព្រមានដកតួនាទីមន្ត្រីពាក់ព័ន្ធចាប់ពីអភិបាលរាជធានីខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលមិនមានសមត្ថភាពបង្ក្រាបល្បែង ឬ ជួយការពារកន្លែងលេងល្បែងដើម្បីបានផលប្រយោជន៍៕