ក្រោមពាក្យស្លោក«រួមគ្នាដើម្បីល្ខោននិយាយ»យុវជនយុវតីប្រមាណ១០០នាក់ដែលមកពី៤៧សាកលវិទ្យាល័យ បានរួមគ្នាបង្កើតវេទិកាល្ខោននិយាយមួយដោយបានសម្តែងរឿង«កុលាបប៉ៃលិន» ក្នុងគោលបំណងចង់ថែរក្សាកេរមរតកដូនតា និងជាពិសេសចង់ឱ្យកូនខ្មែរជំនាន់ក្រោយស្គាល់អំពីសិល្បៈល្ខោននិយាយ។
លោក ចន សីហា ប្រធានគម្រោងនៃកម្មវិធី «រួមគ្នាដើម្បីល្ខោននិយាយ» ឱ្យដឹងថា ក្រុមយុវជនស្ម័គ្រចិត្តទាំងអស់មកពី៤៧សាកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ។ ទោះបីពួកគេមកពីសាលា និងខេត្តផ្សេងៗគ្នាក្តី ប៉ុន្តែពួកគេមានគោលបំណងរួមមួយ គឺចង់ឃើញសិល្បៈវប្បធម៌ខ្មែរគ្រប់ទម្រង់មានការរីកចម្រើនឡើងវិញ។ ទន្នឹមនេះក៏ដើម្បីផ្សព្វផ្សាយ និងថែរក្សាកេរមរតកពីដូនតានូវអ្វីដែលខ្មែរយើងមាន ជាពិសេសជំរុញឱ្យកូនខ្មែរជំនាន់ក្រោយគ្រប់ស្រទាប់វណ្ណៈបានស្គាល់ល្ខោននិយាយ។
យុវជនរូបនេះបន្តថា ក្នុងការពួតដៃគ្នាធ្វើកម្មវិធីនេះ ពួកគេចំណាយកម្លាំងកាយចិត្ត និងពេលវេលាជាច្រើនខែ ដើម្បីរៀបចំ ហើយមុននឹងឈានមកដល់ថ្ងៃជោគជ័យនេះ យុវជនស្ម័គ្រចិត្តម្នាក់ៗប្រឹងប្រែង និងតស៊ូឆ្លងកាត់ការលំបាកជាច្រើន។ លោក ចន សីហា ថ្លែងថា៖ «ដែលយើងរួមគ្នាបង្កើតនូវកម្មវិធីមួយនេះឡើង ក្នុងគោលបំណងយើងចង់ឃើញសិល្បៈវប្បធម៌ ជាពិសេសទម្រង់ល្ខោននិយាយនេះ មានបរទេសដឹងឮ និងវិវឌ្ឍឆ្ពោះទៅមួយជំហានទៀត»។
ក្រុមយុវជនទាំងអស់នោះបានសម្ដែងសិល្បៈល្ខោននិយាយជូនទស្សនិកជនប្រមាណជិត៣០០នាក់ទស្សនា និងអមដោយការសម្ដែងរបាំក្ងោក រួមទាំងការសម្តែងក្បាច់គុនល្បុក្កតោផងដែរ នៅសាលមហោស្រពខេមរវិទូ រាជធានីភ្នំពេញ កាលពីចុងសប្តាហ៍ទីពីរនៃខែកក្កដា ឆ្នាំ២០២៤។
ចំណែកអ្នកស្ម័គ្រចិត្តម្នាក់ កញ្ញា ឡាន់ សិលា យល់ឃើញថា យុវជនដែលជាទំពាំងស្នងឫស្សីត្រូវតែយល់ដឹងអំពីវប្បធម៌ អរិយធម៌ ក៏ដូចជាសិល្បៈរបស់ដូនតាខ្មែរ ព្រោះអត្តសញ្ញាណទាំងអស់នេះសំខាន់ខ្លាំងណាស់សម្រាប់យុវជនជំនាន់ក្រោយ។ កញ្ញបន្តថា កាលណាយុវជនចូលរួមថែរក្សា និងឈ្វេងយល់ មានន័យថា ពួកគេកំពុងផ្តល់តម្លៃចំពោះអត្តសញ្ញាណ និងវប្បធម៌ដូនតាខ្មែរ។
និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជារូបនេះ ឱ្យដឹងទៀតថា កម្មវិធីល្ខោននិយាយនេះ ផ្តល់ឱកាសឱ្យកញ្ញាបានយល់ដឹងពីអត្តសញ្ញាណវប្បធម៌ខ្មែរ ក្នុងទម្រង់ផ្សេងៗគ្នា ជាពិសេសល្ខោននិយាយ។ ជាមួយគ្នានេះ កញ្ញា សិលា ក៏អំពាវនាវឱ្យយុវជនគ្រប់រូប ចូលរួមប្រើប្រាស់បណ្តាញសង្គមក្នុងការផ្សព្វផ្សាយ និងចែករំលែកវប្បធម៌ឱ្យបានផុសផុល។
កញ្ញា ឡាន់ សិលា បន្ថែមថា៖ «បើសិនជាយុវជនភាគច្រើន នៅពេលគាត់ងាកមកប្រើប្រាស់ social media (បណ្តាញសង្គម) ហើយគាត់អាចចែករំលែក ក៏ដូចជាផ្សព្វផ្សាយបន្ថែមទៀត ទៅលើអរិយធម៌ វប្បធម៌ហ្នឹង អាចថាវាកាន់តែជួយលើកកម្ពស់នូវអរិយធម៌ វប្បធម៌ ឱ្យកាន់តែមានភាពល្បីល្បាញ ហើយអាចជួយលើកតម្កើងប្រទេសជាតិយើងផងដែរ»។
អ្នកស្ម័គ្រចិត្តម្នាក់ទៀត កញ្ញា ឈឹម សុភាវិនី ឱ្យដឹងថា កញ្ញាធ្លាប់តែដឹងអំពីល្ខោនខោល តែល្ខោននិយាយមិនដែលដឹងទេ ហើយនេះជាលើកទីមួយ។ តាមរយៈកម្មវិធីស្ម័គ្រចិត្តនេះកញ្ញាផ្ទាល់ និងអ្នកចូលរួមអាចដឹងកាន់តែច្បាស់អំពីល្ខោននិយាយ ពីវាគ្មិនជំនាញដែលបានបានចែករំលែក និងឈុតឆាកនៃការសម្តែងនានា។
និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងរូបនេះ ចាត់ទុកការងារស្ម័គ្រចិត្តរបស់ខ្លួននេះ ជាការចូលរួមចំណែកជួយដល់សង្គម តាមរយៈការចែករំលែកអំពីល្ខោននិយាយនេះទៅដល់យុវជន និងសាធារណជនឱ្យបានយល់ដឹង។
កញ្ញា សុភាវិនី រំពឹងថា៖ «ខ្ញុំសប្បាយដែលបានចូលរួម ហើយក៏រំពឹងថា ល្ខោននិយាយរបស់ខ្មែរហ្នឹង អាចធ្វើឱ្យមានការស្គាល់និងយល់ដឹងទូលំទូលាយទៅដល់អន្តរជាតិ»។

ក្រឡេកមកមើលអំឡុងកម្មវិធីក្រុមឥសីវ៉ូលេបានសម្ដែងសិល្បៈល្ខោននិយាយ«រឿងកុលាបប៉ៃលិន»ជូនទស្សនិកជនប្រមាណជិត៣០០នាក់ ដែលនេះជារឿងអក្សរសិល្ប៍ដ៏មានប្រជាប្រិយភាពមួយដែលជាស្នាដៃនិពន្ធដោយលោក ញ៉ុក ថែម នាឆ្នាំ១៩៣៦។
«ល្ខោននិយាយ» គឺជាទម្រង់សិល្បៈមួយប្រភេទ ដែលប្រើប្រាស់សម្ដីវោហារសាស្ត្រជាចម្បង រួមនឹងកាយវិការអមជាមួយ។ ទម្រង់សិល្បៈមួយនេះមានវត្តមាននៅប្រទេសកម្ពុជាចាប់តាំងពីក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៩៤០មកម៉្លេះហើយមានភាពល្បីល្បាញជាខ្លាំង ពេលមានកម្មវិធីសម្ដែងលើឆាក ក៏ដូចជាការចាក់ផ្សាយតាមវិទ្យុជាតិនាសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណរដ្ឋខ្មែរ។
រឿង«រឿងកុលាបប៉ៃលិន»បានឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមខ្មែរកាលសម័យនោះ ដែលអ្នកនិពន្ធនិយាយពីដំណើរជីវិតរបស់តួអង្គឯកចៅចិត្រដែលពុះពារគ្រប់ឧបសគ្គដើម្បីសម្រេចទិសដៅជីវិត។ សាច់រឿងនេះអ្នកនិពន្ធក៏បានបញ្ចូលទស្សនៈព្រះពុទ្ធសាសនា «អត្តាហិ អត្តនោ នាថោ(ខ្លួនទីពឹងខ្លួន)»ផងដែរ ដែលអប់រំមនុស្សឱ្យចេះធ្វើខ្លួនដើម្បីឱ្យបានជាទីពឹងសម្រាប់ខ្លួនឯង។
ដំណើរសាច់រឿងដែលត្រូវបានសម្តែងចាប់បង្ហាញពីឈុតឪពុកចៅចិត្រធ្លាក់ខ្លួនឈឺស្លាប់ ហើយចៅចិត្រក្លាយជាកូនកំព្រា។ក្រោយមកចៅចិត្របានក្លាយជាកម្មករត្បូងនៅផ្ទះលោកហ្លួងរតនសម្បត្តិ។វាក៏ជាពេលដែលចៅចិត្រមានទំនាក់ទំនងស្នេហាជាមួយតួឯកស្រីឃុន នារីដែលជាកូនស្រីរបស់លោកហ្លួងរតនសម្បត្តិ។ទីបញ្ចប់ចៅចិត្របានទទួលជោគជ័យលើការឈ្នានីសរបស់លោកបាឡាត់ ចំពោះគ្រួសារលោកហ្លួងរតនសម្បត្តិ។
លោក ណេន ភារិទ្ធ ប្រធានក្រុមឥសីវ៉ូលី និងជាតួអង្គចៅចិត្រក្នុងរឿងកុលាបប៉ៃលិន បានលើកឡើងថា ពីមុនការសម្ដែងទម្រង់សិល្បៈល្ខោននិយាយមិនសូវមានការគាំទ្រផុសផុលខ្លាំងក្លាទេ ប៉ុន្តែចូលដើមឆ្នាំ២០២៤នេះ សម្ទុះការគាំទ្រល្ខោននិយាយមានការកើនឡើងគួរឱ្យកត់សម្គាល់។
តួអង្គចៅចិត្ររូបនេះបន្តថា ដោយសារតែមានសម្ទុះការគាំទ្រ និងសំណូមពរពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ហើយនេះក៏ជាការបង្ហាញពីការចូលរួមគាំពារទម្រង់សិល្បៈល្ខោននិយាយ និងលើកតម្កើងសិល្បៈវប្បធម៌ខ្មែរ ឱ្យមានសកម្មភាពរស់រវើកឡើងវិញ។ទន្ទឹមនេះក្រុមលោកនឹងប្តេជ្ញាបន្តសកម្មភាពសម្ដែងសិល្បៈល្ខោននិយាយរឿងផ្សេងៗទៀតនាពេលខាងមុខ។
លោក ណេន ភារិទ្ធ ថ្លែងថា៖ «ខ្ញុំអាចនិយាយបានថារយៈពេលចុងក្រោយមកនេះ ល្ខោននិយាយចាប់ផ្ដើមរស់ឡើងវិញ ហើយបានទទួលការគាំទ្រពីស្រទាប់មហាជន ព្រោះមានយុវជន និងភាគីផ្សេងទៀតចូលរួមជួយរៀបចំ និងសហការ»។
លោក សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា ទម្រង់សិល្បៈទស្សនីភាពខ្មែរមានចំនួនជាង២០ទម្រង់ ហើយទម្រង់មួយចំនួនត្រូវបានបាត់បង់ទាំងស្រុង ដូចជាល្ខោនប្រាំមួយផ្ទៃ ល្ខោនពោលស្រី ហើយទម្រង់ខ្លះទៀតកំពុងចាប់ផ្តើមរស់ឡើងវិញ ដោយសារការខិតខំពីសិល្បករសិល្បការិនី និងទស្សនិកជនចូលរួមគាំទ្រ និងស្តារឡើងវិញ។
អ្នកជំនាញសិល្បៈវប្បធម៌រូបនេះបន្តថា ឥទ្ធិពលសកលភាវូបនីយកម្ម កំពុងហូរចូលប្រទេសកម្ពុជា ដូចទឹកបាក់ទំនប់ ដែលទាមទារឱ្យមានការចូលរួមទប់ស្កាត់នៃវប្បធម៌អវិជ្ជមានទាំងអស់នោះ ដោយឈរលើទស្សនៈ«ធ្វើចាស់ក្នុងថ្មី ធ្វើថ្មីក្នុងចាស់»។ លោក សំ សំអាង ពន្យល់ថា យើងត្រូវធ្វើអ្វីក៏ដោយ ត្រូវឈរនៅលើមូលដ្ឋានចាស់ ប៉ុន្តែនៅក្នុងរូបភាពថ្មីជាខ្មែរ និងធ្វើនៅលើមូលដ្ឋានថ្មី ក្នុងរូបភាពចាស់ជាខ្មែរ។
លោក សំ សំអាង មានប្រសាសន៍ថា៖ «យើងត្រូវបំផុសបំផុល និងបង្កើននូវកម្មវិធីសិក្សាអប់រំ និងសកម្មភាពវប្បធម៌ជាប្រក្រតីដើម្បីបញ្រ្ជាបដល់យុវវ័យ ជួយជាស្មារតី លើកទឹកចិត្ត និងថវិកាគាំទ្រ ដូចជាសិល្បករ សិល្បការិនីល្ខោននិយាយថ្ងៃហ្នឹង។ ថែរក្សា លើកស្ទួយសិល្បៈវប្បធម៌ខ្មែរបន្ត និងបន្ថែមទៅទៀត ប្រយ័ត្នហួសពេល កាលណាយើងចាស់ទើបភ្ញាក់ខ្លួន ហើយធ្វើអីលែងកើត គឺហួសពេល»។
លោកមានប្រសាសន៍បន្តថា៖ «ខ្ញុំមានមោទនភាពខ្លាំងណាស់ ដែលឃើញប្អូនៗដែលជាអ្នកបន្តវេនរួបរួមគ្នា មានសាមគ្គីភាពធ្វើចលនាសកម្មភាពជាច្រើន ដើម្បីកសាងប្រទេសជាតិ ហើយជាគំរូទៅទៀត នេះជារឿងមួយល្អមែនទែនតែម្តង»។

ជាមួយគ្នានេះ លោក ង៉ែត សុឡា ប្រធានវិទ្យាស្ថានមគ្គុទេ្ទសក៍ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា(PUC-ELI) ឱ្យដឹងថា ការប្រារព្ធកម្មវិធីនេះឡើង ចង់ផ្សព្វផ្សាយ ការពារ និងអភិរក្សនូវអ្វីដែលជាវប្បធម៌ខ្មែរ ជាពិសេសល្ខោននិយាយ ដោយឡែកក៏ចូលរួមលើកទឹកចិត្ត និងផ្តល់តម្លៃចំពោះសិល្បករ សិល្បការិនីល្ខោននិយាយផងដែរ។ លោក ង៉ែត សុឡា បន្ថែមថា៖ «ដោយសារមានការសាមគ្គី សហការ ពីក្រុមយុវជនមកពីស្ថាប័នផ្សេងៗគ្នា ដែលមានបេះដូង និងឆន្ទៈស្រឡាញ់វប្បធម៌ខ្មែរ ទើបមានកម្មវិធីលោ្ខននិយាយនេះឡើង»។
អ្នកចូលរួមម្នាក់ កញ្ញា ផុន សុសភា ឱ្យដឹងថា នេះជាលើកទីមួយហើយ ដែលកញ្ញាបានចូលរួមទស្សនាផ្ទាល់ និងបានស្គាល់ថាអ្វីជាល្ខោននិយាយខ្មែរ ហើយកញ្ញានឹងនាំយករឿងរ៉ាវល្ខោននិយាយនេះប្រាប់ដល់ប្អូនៗ ឪពុកម្តាយ និងលោកយាយលោកតារបស់កញ្ញាឱ្យបានដឹងផងដែរ។
យុវតីរូបនេះ ចាតុទុកកម្មវិធីវប្បធម៌បែបនេះថា មានអត្ថប្រយោជន៍ច្រើនណាស់ទៅដល់យុវជនជំនាន់ក្រោយ សិល្បករ សិល្បការិនី និងសង្គម ពិសេសជាឱកាសបង្ហាញពីវត្តមានវប្បធម៌ អរិយធម៌ដែលមិនធ្លាប់ដឹងឮពីមុនមក។ កញ្ញាជំរុញឱ្យមានការរៀបចំកម្មវិធីវប្បធម៌បែបនេះឱ្យបានជាបន្តបន្ទាប់កាន់តែច្រើនថែមទៀត។
កញ្ញា សុសភា បន្តថា៖ «កម្មវិធីនេះជួយឱ្យក្មេងជំនាន់ក្រោយស្គាល់ថាអ្វីទៅជាល្ខោននិយាយ ហើយណាមួយក៏ជួយលើកស្ទួយវប្បធម៌ខ្មែរយើងផង»។
តាមការធ្វើសម្ភាសអ្នករៀបចំកម្មវិធី អ្នកស្ម័គ្រចិត្ត និងអ្នកចូលរួមជិត២០នាក់ បានថ្លែងដូចៗគ្នាថា ពួកគេចង់ឃើញល្ខោននិយាយមានការរីកចម្រើន និងត្រូវបានផ្សព្វផ្សាយក្នុងសង្គមកាន់តែទូលំទូលាយបន្ថែមទៀតហើយពួកគេក៏សង្ឃឹមថា ទម្រង់សិល្បៈវប្បធម៌ខ្មែរផ្សេងៗទៀតក៏នឹងត្រូវធ្វើឱ្យរស់រវើកឡើងវិញផងដែរ។
បំណងនេះក៏ស្របនឹងឆន្ទៈ និងក្តីស្រឡាញ់របស់លោក ចន សីហា ប្រធានគម្រោងនៃកម្មវិធី «រួមគ្នាដើម្បីល្ខោននិយាយ» ដែលលោកបានប្រមូល និងចងគ្រងស្មារតីយុវជនស្ម័គ្រចិត្តប្រមាណ១០០នាក់ មកពី៤៧សាកលវិទ្យាល័យផ្សេងៗគ្នា ដើម្បីធ្វើឱ្យល្ខោននិយាយមានភាពរីកចម្រើន និងមានភាពល្បីល្បាញឡើងវិញ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយគ្រប់រូបស្គាល់ល្ខោននិយាយ៕