សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មន្ត្រីសាលាខេត្តតាកែវ៣នាក់ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងបទរំលោភ​អំណាច និងភាពមិនប្រក្រតីពេលបំពេញភារកិច្ច

អ្នក​ជិះ​ម៉ូតូ​ឆ្លង​កាត់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២១។ (ខេមបូចា/ ព្រីង សំរាំង)
អ្នក​ជិះ​ម៉ូតូ​ឆ្លង​កាត់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២១។ (ខេមបូចា/ ព្រីង សំរាំង)

មន្ត្រីសាលាខេត្តតាកែវចំនួន៣នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្នកាលពីថ្ងៃទី៧ ខែវិច្ឆិកា បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរំលោភអំណាច និងភាពមិនប្រក្រតីពេលបំពេញភារកិច្ច។ យោងតាមអ្នកនាំពាក្យនៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យនៃអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ ខេមបូចា ថា លោក ហេង វុទ្ធី នាយកទីចាត់ការ និងផែនការវិនិយោគរបស់សាលាខេត្តតាកែវ និងមន្ត្រីពីររូបទៀត គឺលោក ម៉ម វិចិត្រ និងលោក យន់ សុធន់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៥ ខែវិច្ឆិកា។

លោក ច័ន្ទវិចិត្រ បានបន្តថា អ្នកទាំងបីនាក់នេះ ត្រូវបានគេសង្ស័យថា បានបំពានហួសតួនាទីរបស់ពួកគេ ដើម្បីកេងចំណេញធនធាន និងចូលរួមក្នុងដំណើរការដេញថ្លៃដែលមិនត្រឹមត្រូវ។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ហេង វុទ្ធី និងលោក ​ម៉ម វិចិត្រ ក៏ជាប់​សង្ស័យ​ពី​បទ​លាង​លុយ​កខ្វក់ផងដែរ។

លោក​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​លើ​ការ​ចោទ​ប្រកាន់​ពី​បទ​លាង​លុយ​កខ្វក់​នោះ​ទេ។ ប៉ុន្តែ​ទាក់​ទង​នឹង​សំណុំ​រឿង​នេះ លោកបញ្ជាក់​ថា អង្គភាពប្រឆាំងអំពើពុករលួយបានចំណាយពេលរាល់ឆ្នាំក្នុងការប្រមូលភស្តុតាង បន្ទាប់ពីទទួលបានពាក្យបន្តឹង និងទទួលបានព័ត៌មានពីមន្ត្រី​របស់អង្គភាព​។

អភិបាល​ខេត្ត​តាកែវ លោក វ៉ី សំណាង មិនបានលើកទូរសព្ទនៅពេលទាក់ទងទៅលោកនោះទេ ហើយ​លោក លី សាវេត អភិបាល​រង​ខេត្ត និងជាអ្នកនាំពាក្យខេត្ត​ក៏​មិន​អាច​ទាក់​ទង​បាន​ដែរ​។

លោក លឹម ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយបញ្ជាក់ថាលោកជាប់រវល់ប្រជុំ ។

យោងតាមគេហទំព័រសារព័ត៌មាន Cambodia Express News (CEN) ដែលបានផ្សាយតាំងឆ្នាំ២០១៧ បានឱ្យដឹងថា  លោក ហេង វុទ្ធី ត្រូវបានរងការចោទពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីដោយចោទប្រកាន់ថា លោកបានចងក្រងជាក្រុមនូវសាច់ញាតិរបស់ខ្លួនក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍។ តែយ៉ាងណាមិញ លោក វុទ្ធី បដិសេធ​ថា​មិន​បាន​ប្រព្រឹត្ត​នោះទេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀតក៏បានរាយការណ៍ពីភាពមិនប្រក្រតីនៅក្នុងដំណើរការដេញថ្លៃលទ្ធកម្មខេត្តតាកែវផងដែរ។ កាលពីថ្ងៃទី២១ ខែមិថុនា FBR Hot News បានបង្ហោះវីដេអូបង្ហាញពីវិវាទជុំវិញការដេញថ្លៃសាងសង់ផ្លូវមួយកន្លែងនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

សារព័ត៌មាន NRCM TV 24h ក៏បានចែករំលែកវីដេអូកាលពីថ្ងៃទី២៦ ខែសីហា អំពីផ្លូវខូចគុណភាព ដែលសាងសង់ដោយមូលនិធិឃុំក្នុងស្រុកទ្រាំង ខេត្តតាកែវ និងបានជំរុញឱ្យលោក វុទ្ធី ពិនិត្យការស្ថាបនាផ្លូវឡើងវិញ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាថ្មីបានរាយការណ៍ពីភាពមិនប្រក្រតីនៅក្នុងការអនុវត្តការដេញថ្លៃមួយផ្សេងទៀតសម្រាប់ការអភិវឌ្ឍន៍នៅស្រុកសំរោង និងស្រុកបូរីជលសារ ខេត្តតាកែវ ដោយត្រូវបានពលរដ្ឋមើលឃើញថា ក្នុងដំណើរការដេញថ្លៃគម្រោងមានភាពលំអៀង ដោយសារតំណាងក្រុមហ៊ុនមួយចំនួនអាចបានត្រឹមឈរក្បែរសាលាឃុំ តែមិនអាចចូលរួមដេញថ្លៃបាន។

នៅដើមឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានចាប់ខ្លួន និងបញ្ជូនលោក ខេង យ័ន អតីតអភិបាលក្រុងកែប ទៅតុលាការពីបទរំលោភអំណាច និងលាងលុយកខ្វក់ផងដែរ។

លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា (TIC) បានសម្តែងការគាំទ្រចំពោះចំណាត់ការក្នុងការចាប់ខ្លួនមន្ត្រីទាំងនោះ ដោយបានពណ៌នាថា ជាជំហានវិជ្ជមានក្នុងការដោះស្រាយអំពើពុករលួយ។

លោកបាននិយាយថា៖ «ការចាប់ខ្លួនមន្ត្រីខេត្តតាកែវនេះ គឺជាជំហានវិជ្ជមានមួយ ដែលយើងស្វាគមន៍។ ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​ក៏​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល និង អង្គភាពប្រឆាំងអំពើពុករលួយ ក្នុង​ការ​ស៊ើប​អង្កេត រហូតដល់ចំណាត់​ការ​ផ្លូវ​ច្បាប់»

នៅក្នុងសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយឆ្នាំ២០២៣ កម្ពុជាទទួលបានពិន្ទុ២២ លើ១០០ ដែលជាការធ្លាក់ចុះពីរពិន្ទុធៀបនឹងឆ្នាំមុន ដោយស្ថិតនៅលេខ១៥៨ ក្នុងចំណោម១៨០ ប្រទេសទូទាំងពិភពលោក។

លោក ពិសី ​បានបន្ត​លើក​ឡើង​ពី​ឥទ្ធិពល​អាក្រក់​នៃ​អំពើ​ពុករលួយ​លើ​សេវា​សាធារណៈ និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ។ 

លោកបានបន្តថា៖ «ការដោះស្រាយអំពើពុករលួយជាប្រព័ន្ធមានសារៈសំខាន់ណាស់សម្រាប់​ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពដល់ប្រជាពលរដ្ឋ និងអាជីវកម្ម។ ការកាត់បន្ថយអំពើពុករលួយនឹងជួយសន្សំថវិកាជាតិ និងបង្កើនភាពធន់ក្នុងការវិនិយោគសាធារណៈ»។

លោក​បាន​​បន្ថែម​ថា ការ​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌ និង​ការ​ទប់​ស្កាត់​អំពើ​ពុក​រលួយ អាច​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​ទាក់​ទាញ​អ្នក​វិនិយោគ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ACU Cracks Down on Corruption – Takeo Officials Detained Over Alleged Misuse of Power and Bidding Irregularities

338 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម