សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់ការផ្តន្ទាទោសលើសកម្មជន លោក កើត សារ៉ាយ នៅព្រឹកថ្ងៃទី២៦ ខែមករា បន្ទាប់ពីជាប់ពន្ធនាគាររយៈពេលប្រហែល២០ខែមកហើយពីបទញុះញង់ ខណៈសាច់ញាតិរបស់លោក និងក្រុមការពារសិទ្ធិមនុស្សមានអារម្មណ៍«សោកស្ដាយយ៉ាងខ្លាំង» ចំពោះសេចក្តីសម្រេចនេះ។
សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ឱ្យជាប់ពន្ធនាគាររយៈពេលបួនឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល (ប្រហែល ៥០០ ដុល្លារ) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ពីបទញុះញង់ក្នុងសំណុំរឿងជម្លោះដីធ្លី ។
លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ មានការសោកស្ដាយ និងព្រួយបារម្ភអំពីសេចក្តីសម្រេចរបស់តុលាការ បានលើកឡើងថា សេចក្តីសម្រេចនេះអាចគំរាមកំហែងដល់អ្នកការពារសិទ្ធិមនុស្សផ្សេងទៀត ។
លោក សំអាត បានមានប្រសាសន៍ថា៖ «យើងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍ភ្នំពេញ»។ លោកបានបន្តថា៖ «សកម្មភាពកន្លងមករបស់លោក កើត សារ៉ាយ គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីការពារសិទ្ធិមនុស្ស បរិស្ថាន និងធនធានធម្មជាតិ ជាពិសេសការលើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិតាមរបៀបប្រជាធិបតេយ្យ។ គាត់មិនគួរត្រូវបានចាប់ខ្លួន ចោទប្រកាន់ ឬឃុំខ្លួនទេ»។
បងស្រីរបស់លោក សារ៉ាយ គឺ កើត យី ក៏បានសម្តែងការអស់សង្ឃឹមចំពោះសេចក្តីសម្រេចរបស់តុលាការផងដែរ។ អ្នកស្រីបាននិយាយថា៖ «យើងមិនដឹងថាត្រូវធ្វើអ្វីទេ ព្រោះយើងមិនមានសមត្ថភាព [ក្នុងការជំទាស់] ហើយយើងមិនដឹងអ្វីទាំងអស់អំពីសំណុំរឿងផ្លូវច្បាប់។ រឿងតែមួយគត់ដែលនៅសល់ គឺសង្ឃឹមថាតុលាការនឹងផ្តល់យុត្តិធម៌ និងដោះលែងសារ៉ាយ» ។
លោក សំអាត បានថ្លែងថា ការកាត់ទោសបែបនេះអាច «ប៉ះពាល់អវិជ្ជមានដល់អ្នកដែលតស៊ូមតិដើម្បីសិទ្ធិមនុស្ស និងខិតខំលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលអាចធ្វើឱ្យពួកគេប្រឈមនឹងការចោទប្រកាន់ និងការឃុំខ្លួនផងដែរ»។
បន្ទាប់ពីការសម្រេចចិត្តនេះ សមាគមសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា (អាដហុក) បានលើកឡើងថា អង្គការសមាគមអាដហុក បានតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងករណីនេះ ព្រមទាំងបានផ្តល់មេធាវីក្នុងការការពារសិទ្ធិជូនជនរងគ្រោះគ្រប់តាមនីតិវិធី។
ជាវិធានការបន្ទាប់ លោក សំអាត បានលើកឡើងថា មេធាវីរបស់លោក សារ៉ាយ អាចដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដោយសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ដោយលើកលែងការចោទប្រកាន់លើនិងដោះលែងគាត់ឱ្យមានសេរីភាពវិញ។
លោក សារ៉ាយ អាយុ ៣១ ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីគាត់បានជួបជាមួយអ្នកភូមិដែលរងផលប៉ះពាល់ដោយជម្លោះដីធ្លីដ៏យូរអង្វែងមួយនៅក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ នៅពេលនោះ អ្នកស្រុកកំពុងស្វែងរកកន្លែងជ្រកកោននៅក្នុងព្រៃក្បែរនោះ បន្ទាប់ពីរត់គេចខ្លួនចេញពីផ្ទះរបស់ពួកគេ ដោយសារការភ័យខ្លាចការចាប់ខ្លួនដោយកងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីការផ្តល់ដីសម្បទានចំនួន ៩ ០០០ ហិកតាទៅឱ្យក្រុមហ៊ុនកៅស៊ូ Seladamex ក្នុងឆ្នាំ២០១១។
តុលាការបានចោទប្រកាន់លោក សារ៉ាយ ក្រោមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ក៏ដូចជាមាត្រា ៨៨ នៃច្បាប់ដូចគ្នា ពីបទ «ប្រព្រឹត្តបទបជ្ឈិម បន្ទាប់ពីត្រូវបានកាត់ទោសពីបទមជ្ឈិមមួយផ្សេងទៀត» ដែលធ្វើឲ្យទោសជាប់ពន្ធនាគាររបស់គាត់កើនឡើងទ្វេដង។ លោក សារាយ បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ដោយមេធាវី និងក្រុមសិទ្ធិមនុស្សបានអះអាងថា មិនមាន «ចេតនាឧក្រិដ្ឋ» ក្នុងការចូលរួមជាមួយអ្នកភូមិនោះទេ។
នេះមិនមែនជាការប្រឈមមុខផ្នែកច្បាប់លើកដំបូងរបស់លោក សារាយ នោះទេ។ ក្នុងឆ្នាំ ២០២១ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២០ខែ ពីបទចូលរួមក្នុងការតវ៉ាដោយសន្តិវិធីគាំទ្រលោក រ៉ុង ឈុន មេដឹកនាំសហជីពដែលត្រូវបានជាប់ពន្ធនាគារនៅពេលនោះ។
យោងតាមអង្គការ លីកាដូ លោក សារ៉ាយ គឺជាមនុស្សម្នាក់ក្នុងចំណោម «អ្នកជាប់ឃុំឃាំង» ចំនួន ៩១ នាក់ ដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងប្រទេសកម្ពុជា ដោយសារតែសកម្មភាព ឬសេរីភាពនៃការបញ្ចេញមតិ។ មេធាវីរបស់គាត់បានបង្ហាញថា ពួកគេអាចដាក់បណ្តឹងសារទុក្ខទៅតុលាការកំពូល ដើម្បីស្វែងរកយុត្តិធម៌ ទោះបីជាវានៅមិនទាន់ច្បាស់ថាតើតុលាការជាន់ខ្ពស់នឹងអនុញ្ញាតឱ្យមានការប្តឹងសារទុក្ខ ឬអត់ក៏ដោយ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ After Serving 20 Months in Prison, Koet Saray’s Appeal Against 4-Year Sentence Fails









