មន្ត្រីពាក់ព័ន្ធអំពាវនាវជាថ្មីទៀតឱ្យកសិករប្តូរមកជ្រើសរើសយកពូជស្រូវដែលអាចទទួលបានតម្លៃខ្ពស់ ខណៈកសិករត្អូញត្អែរពីបញ្ហាតម្លៃស្រូវចុះថោកស្របពេលដែលស្រូវរាប់សែនហិកតានឹងត្រូវប្រមូលផលនៅពេលខាងមុខនេះ។
ក្នុងរយៈពេលប្រមាណជាង១សប្តាហ៍កន្លងទៅនេះ កសិករនៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានផ្សព្វផ្សាយវីដេអូនៅតាមបណ្តាញសង្គមលើកឡើងពីក្តីកង្វល់ដោយសារតែបញ្ហាតម្លៃស្រូវធ្លាក់ចុះជាបន្តបន្ទាប់។
តាមមន្ត្រី និងកសិករនៅខេត្តបន្ទាយមានជ័យ កំពង់ធំ និងខេត្តបាត់ដំបង ឱ្យដឹងប្រហាក់ប្រហែលគ្នាថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះស្រូវទូទៅដែលកសិករធ្វើភាគច្រើន ឬហៅថា ប្រភេទស្រូវអង្ករស បានធ្លាក់ថ្លៃពី១តោន តម្លៃ១លាន២៧ម៉ឺនរៀល មកត្រឹម១លាន១៧ម៉ឺនម៉ឺនរៀល គឺថយចុះ១តោនអស់១០ម៉ឺនរៀល។
កសិករនៅខេត្តបន្ទាយមានជ័យលោក រឿង រ៉ា ឱ្យដឹងថា ស្រូវរបស់លោកឆ្នាំនេះរងការបំផ្លាញដោយសារ រុយ ស ដែលអ្នកខ្លះហៅថាមមាចស ដូច្នេះលោកចំណាយលើថ្លៃដើមច្រើនជាងមុន។ កសិករធ្វើស្រែប្រមាណ១០ហិកតារូបនេះឱ្យដឹងថា លោកច្រូតស្រូវអស់៣ហិកតាហើយស្រូវនៅសល់នឹងច្រូតបន្តនៅចុងខែកញ្ញានេះ។
លោក រឿង រ៉ា បារម្ភខ្លាំងព្រោះតម្លៃស្រូវធ្លាក់ចុះបន្តបន្ទាប់ តាមការកំណត់របស់ឈ្មួញអ្នកទិញ។
លោក រឿង រ៉ា រៀបរាប់ក្តីបារម្ភថា៖ «មួយថ្ងៃចុះបីដង ពីព្រឹកថៅកែគេប្រាប់មកថាច្រូតមកតម្លៃ៨០ ដល់ថ្ងៃបន្តិចច្រូតបានពាក់កណ្តាលគេប្រាប់ថាតម្លៃធ្លាក់មកនៅ៧៩ ដល់ពេលរៀបឡើងឡានគេថា៧៨»។
កសិករនៅខេត្តបាត់ដំបង លោក បូ ភក្តិ ថ្លែងប្រាប់ ខេមបូចា នៅថ្ងៃទី១០ ខែកញ្ញា ថា ស្រូវរបស់លោក និងអ្នកភូមិក្បែរនោះនឹងសម្រុកច្រូតក្នុងពេលព្រមៗគ្នាក្នុងពេលប្រមាណ១៥ថ្ងៃទៀត។ លោក បន្តថា បើតម្លៃបន្តធ្លាក់ទៀតនោះ កសិករប្រឈមការខាតបង់ខ្លាំងអាចលក់ស្រែ និងធ្វើចំណាកស្រុក។
លោក បូ ភក្តិ ថ្លែងថា៖ «ច្រូតរួចទូទាត់អត់រួចថ្លៃជីលក់ស្រែ។ លក់ស្រូវរួចអ្នកមានទិញស្រែថៅកែជីក៏គេទិញស្រែជួលឱ្យកសិករវិញដដែល ហើយកសិករជួលស្រែថៅកែជីកាន់តែជំពាក់ទៀត ទាល់តែកូនចៅទៅស៊ីឈ្នួលគេនៅថៃ»។
លោក ម៉ូញ លីម កសិករនៅក្នុងខេត្តកំពង់ធំធ្វើស្រែលើផ្ទៃដី១០ហិកតា ជាដីផ្ទាល់ខ្លួនខ្លះ និងជួលគេខ្លះ។ លោកឱ្យដឹងថា ស្រូវរបស់លោកនឹងប្រមូលផលនៅចុងខែកញ្ញានេះ។
លោក ម៉ូញ លីម មានអារម្មណ៍មិនស្ងប់ និងមានក្តីបារម្ភច្រើនដោយទទួលបានព័ត៌មានពីតំបន់ផ្សេងៗថា ស្រូវចុះថ្លៃបន្តបន្ទាប់ក្នុងអំឡុងពេលនៃការប្រមូលផលនេះ។
លោក ម៉ូញ លីម ថ្លែងថា៖ «អូ! តម្លៃឡើងចុះៗ ឥឡូវចុះច្រើន កាលមុនឡើងដល់ ១ ១០០៛ តែម្សិលមិញខ្ញុំលក់នៅសល់តែ១០១៥៛»។
ក្នុងចំណោមកសិករប្រមាណ១០នាក់នៅតាមខេត្តជាប់បឹងទន្លេសាបជាតំបន់ដែលកំពុងប្រមូលផលស្រូវនេះគឺកសិករស្ទើរតែទាំងអស់នេះភាគច្រើនធ្វើស្រូវអង្ករ ស មានដូចជា ស្រូវអូអឹម ស្រូវស្រងែស្រាល ស្រូវ៥៣ និងស្រូវ៥៤ជាដើម។ ចំណែកស្រូវក្រអូបដូចជា ស្រូវសែនក្រអូប ស្រូវផ្ការំដួល ស្រូវផ្កាខ្ញី និងស្រូវនាងខុនជាដើមមិនសូវមានអ្នកដាំដុះទេ។
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម មន្ត្រីថ្នាក់ខេត្ត និងមន្ត្រីកសិកម្មថ្នាក់ឃុំ បានលើកឡើងពីគុណប្រយោជន៍នៃស្រូវក្រអូប ហើយអំពាវនាវឱ្យកសិករងាកមកដាំដុះស្រូវប្រភេទនេះវិញ។
តាមរយៈហ្វេសប៊ុកផេកក្រសួងកសិកម្ម លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអំពាវនាវឱ្យកសិករជ្រើសរើសយកពូជស្រូវសែនក្រអូប និងស្រូវផ្ការំដួល ដើម្បីដាំដុះ។ លោកបញ្ជាក់ថា ស្រូវប្រភេទទាំង២នេះមានតម្លៃខ្ពស់ និងតម្លៃថេរ ហើយក្រសួងកសិកម្មជួយសម្របសម្រួលដល់ការលក់ទិញផងដែរ។
លោក យ៉ង សាំងកុមារ ថ្លែងថា៖ «ពូជស្រូវផ្ការំដួល និងសែនក្រអូបនេះ ជាពូជស្រូវមួយដែលមានតម្រូវការខ្ពស់ ជាពិសេសរោងម៉ាស៊ីន ក៏ដូចជាក្រុមហ៊ុនក្នុងស្រុកយើង ត្រូវការពូជទាំងនេះ ដើម្បីធ្វើការកែច្នៃ ដើម្បីនាំចេញជាអង្ករទៅក្រៅប្រទេស។ អ៊ីចឹងធ្វើឱ្យតម្រូវការទីផ្សារខ្ពស់ ហើយទន្ទឹមហ្នឹងបងប្អូនប្រជាកសិករ អាចលក់ស្រូវទាំងនោះអាចទទួលបានតម្លៃសមរម្យ និងមានស្ថេរភាពតម្លៃផង។ លោកបន្តថា៖ «ដោយឡែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ជួយសម្របសម្រួលគាំទ្របងប្អូនប្រជាកសិករដែលផលិតស្រូវផ្ការំដួល និងសែនក្រអូបនេះឱ្យមានការសហការគ្នាល្អជាមួយរោងម៉ាស៊ីន និងក្រុមហ៊ុនក្នុងស្រុក ក្នុងការប្រមូលទិញស្រូវឱ្យបានទាន់ពេល ជាមួយតម្លៃសមរម្យ»។
ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ឈឹម វិច្ឆរ៉ា ថ្លែងថា គិតត្រឹមថ្ងៃ៩ ខែកញ្ញា ស្រូវនៅក្នុងខេត្តនេះប្រមូលផលបានប្រមាណ២ម៉ឺន៥ពាន់ហិកតា លើផ្ទៃដីដាំដុះប្រមាណ៣៦ម៉ឺនហិកតា។ លោកបន្តថា ទោះជាកន្លងមកអាជ្ញាធរប្រឹងប្រែងផ្សព្វផ្សាយឱ្យកសិករដាំដុះពូជស្រូវក្រអូបក៏ដោយ ក៏ប្រភេទស្រូវនេះមានការដាំដុះតិចតួច។
លោក ឈឹម វិច្ឆរ៉ា បន្តក្រើនរំឭកឱ្យកសិករជ្រើសរើសយកពូជស្រូវក្រអូបដាំដុះ ដែលមានតម្រូវការទិញនៅលើទីផ្សារអន្តរជាតិ។
លោក ឈឹម វិច្ឆរ៉ា មានប្រសាសន៍ថា៖ «ដូច្នេះសូមឱ្យគាត់ពិចារណាឡើងវិញតាមការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងកសិកម្ម និងរាជរដ្ឋាភិបាល យើងគិតគូរថាគួរតែនាំគ្នាធ្វើការផលិតពូជសែនក្រអូប០១របស់យើងដែលកំពុងជាប់ពានរង្វាន់មាសពីប្រទេសចិន ដើម្បីយើងធ្វើការនាំចេញ ពីព្រោះអង្ករប្រភេទនេះជាអង្ករប្រណិតដែលមានតម្លៃថ្លៃ យើងឃើញហើយឆ្នាំនេះអង្ករសែនក្រអូបរបស់យើងគឺថ្លៃ»។
មន្ត្រីកសិកម្មនៅឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង លោក ថា វ៉ាន់ដា ឱ្យដឹងថា លោកបានចូលបម្រើការងារជាង៨ខែហើយ។ មន្ត្រីកសិកម្មឃុំរូបនេះឱ្យដឹងថា ក្រៅពីការប្រមូលព័ត៌មានពីកសិករ និងជួយបង្រៀនបច្ចេកទេសផ្សេងទៀតនោះ លោកក៏បានផ្សព្វផ្សាយពីផលប្រយោជន៍នៃពូជស្រូវក្រអូបដែរ។
ទោះយ៉ាងណា លោក ថា វ៉ាន់ដា បញ្ជាក់ថា កសិករស្ទើរទាំងអស់មិនបានដាំដុះពូជស្រូវក្រអូបតាមការណែនាំនោះទេ។
លោក ថា វ៉ាន់ដា ថ្លែងថា៖ «ភាគច្រើនគេធ្វើអូអឹម ហើយនិងស្រងែស្រាល បើស្រូវក្រអូបខ្ញុំដើរប៉ុន្មានខែនេះសឹងតែអត់មានមួយម៉ង»។
មន្ត្រីកសិកម្មឃុំរូបនេះ ឱ្យដឹងថា បញ្ហាកសិករមិនរើសយកពូជស្រូវក្រអូបព្រោះពាក់ព័ន្ធនឹងប្រភេទស្រូវនេះមានជំងឺច្រើន និងបានទិន្នផលតិចជាដើម។
លោក ថា វ៉ាន់ដា ថ្លែងថា៖ «បើខ្ញុំសួរគាត់ទូទៅភាគច្រើនព័ត៌មានពីគាត់ គាត់ថាស្រូវពពួកអូអឹមអាយុកាលខ្លី ហើយវាធ្វើបានពីរដងបីដងក្នុងមួយឆ្នាំ ហើយទិន្នផលវាខ្ពស់ នេះជាមតិរបស់បងប្អូនប្រជាពលរដ្ឋយើង បើគាត់ធ្វើរំដួល គាត់ធ្វើបានតែមួយដងទេក្នុងមួយឆ្នាំ បើធ្វើអូអឹមអាចបានពីរទៅបីដងអាស្រ័យតាមស្ថានភាពស្រែគាត់នៅជិតប្រឡាយ ឬជិតប្រភពទឹក»។
លោក ឈឹម វិច្ឆរ៉ា បញ្ជាក់ថា នៅខេត្តបាត់ដំបងមានការជួយដល់កសិករផ្នែកពិសោធន៍ ការជ្រើសរើសពូជសុទ្ធ និងបង្រៀនបច្ចេកទេសដាំដុះ លើប្រភេទស្រូវក្រអូបឱ្យឈ្នះជំងឺ និងបានផលច្រើន។
មន្ត្រីកសិកម្មមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ កំពង់ធំ និងខេត្តបាត់ដំបង ដែល ខេមបូចា បានសាកសួរចន្លោះពីថ្ងៃទី៩ និងទី១០ ខែកញ្ញា សុទ្ធតែបានបញ្ជាក់ថា ពួកគេបានផ្សព្វផ្សាយឱ្យកសិករដាំដុះពូជស្រូវក្រអូប ប៉ុន្តែភាគច្រើនមិនសូវមានការចាប់អារម្មណ៍ពីកសិករទេ។
នៅក្នុងខែសីហាឆ្នាំ២០២៤ ខេមបូចាក៏បានសាកសួរមន្ត្រីកសិកម្មថ្នាក់ឃុំនៅតាមខេត្តនានា ពួកគេភាគច្រើនបញ្ជាក់ថា កសិករតិចតួចដែលបានសហការស្តាប់ការណែនាំបច្ចេកទេសថ្មី។ ក្នុងការសាកសួរនោះកសិករមួយចំនួនថា មិនដែលឃើញមន្ត្រីកសិកម្មទេ ខណៈមួយចំនួនថា ភ័យខ្លាចមិនហ៊ានចូលរួម។
បញ្ហាស្រូវធ្លាក់ថ្លៃ
បើតាមកសិករ មន្ត្រី និងឈ្មួញ អះអាងប្រហាក់ប្រហែលគ្នាថា តម្លៃស្រូវគិតត្រឹមថ្ងៃទី១០ ខែកញ្ញា ក្នុង១តោនចន្លោះពី១លាន១៥ម៉ឺនរៀលទៅ១លាន១៧ម៉ឺនរៀលនេះ គឺកសិករនៅតែចំណេញគ្រាន់តែចំណេញតិចបើធៀបនឹងឆ្នាំមុនដែលកសិករអាចលក់បានក្នុង១តោនបានតម្លៃប្រមាណ១លាន៣០ម៉ឺនរៀល។ ប៉ុន្តែបើស្រូវអង្ករ ស នេះធ្លាក់ថ្លៃរហូតដល់១តោន១លានរៀលឬក្រោមនេះកសិករនឹងខាតបង់ច្រើន។
ប៉ុន្តែអ្វីដែលកសិករព្រួយបារម្ភនោះគឺក្នុងអំឡុងពេលដែលមានការប្រមូលផលច្រើនក្នុងពេលតែមួយនៅចុងខែកញ្ញា និងដើមខែតុលាខាងមុខនេះ ស្រូវនឹងអាចធ្លាក់ថ្លៃបន្តទៀត។
អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធិ ឱ្យដឹងថា ផ្ទៃដីដាំដុះស្រូវនៅក្នុងខេត្តមានប្រមាណ២៧ម៉ឺនហិកតា។ លោកឱ្យដឹងទៀតថា គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ស្រូវដែលប្រមូលផលហើយទើបបានប្រមាណ១០ភាគរយតែប៉ុណ្ណោះ។
លោក លី សុវណ្ណារិទ្ធិ ថ្លែងថា៖ «ពាក់ព័ន្ធនឹងការប្រមូលផលដែលយើងមកដល់ពេលនេះ បើយើងគិតទៅលើផ្ទៃដី២៧ម៉ឺនហិកតា ទាំងស្រូវប្រាំងស្រូវដើមរដូវទាំងស្រូវវស្សាអីយើង ទើបប្រមូលផលបាន៨ទៅ១០ភាគរយទេ»។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាលោកឧកញ៉ា សុង សារ៉ន ថ្លែងថា ឈ្មួញស្រូវអង្ករក៏ចង់បានតម្លៃខ្ពស់ហើយឈ្មួញក៏ទទួលបានផលចំណេញដែរ។ ប៉ុន្តែលោកថា តម្លៃស្រូវកម្ពុជាប្រមាណ៩០ភាគរយនាំទៅវៀតណាម ចំណែកវៀតណាម នាំទៅឥណ្ឌូនេស៊ីក៏ថយតម្លៃដែរ ធ្វើឱ្យតម្លៃស្រូវនៅកម្ពុជាចុះតម្លៃ។
លោក សុង សារ៉ន ថ្លែងថា៖ «តាមពិតម៉ាស៊ីនកិនស្រូវគាត់ចង់បានអង្ករក្រអូប ប្រភេទសែនក្រអូប ប៉ុន្តែបងប្អូនវៀតណាមគាត់ចង់បានអង្ករស ហើយដឹងស្រាប់ហើយអង្ករស និងអង្ករក្រអូបតម្លៃចង់ស្មើគ្នា អ៊ីចឹងហើយគាត់ដាំស្រូវអង្ករសយកទៅវៀតណាមចំណេញលុយ ដល់ឥឡូវវៀតណាមគាត់លក់ទៅឥណ្ឌូនេស៊ីបានថោក អ៊ីចឹងបានគាត់ទិញស្រូវថោក»។
លោក សុង សារ៉ន បញ្ជាក់ថា ប្រភេទស្រូវអង្ករ ស នៅប្រទេសវៀតណាម និងថៃក៏មានការប្រមូលផលក្នុងពេលជាមួយគ្នានេះដែរ ហើយតម្លៃស្រូវនៅកម្ពុជាក៏ប្រហាក់ប្រហែលជាមួយតម្លៃស្រូវនៅប្រទេសទាំង២នេះដែរ។
ចំពោះលោក សុង សារ៉ន ក៏អំពាវនាវដូចមន្ត្រីដែរ គឺឱ្យកសិករងាកមកដាំដុះស្រូវក្រអូបវិញ ព្រោះលោកថា បច្ចុប្បន្នកម្ពុជាចុះកិច្ចសន្យាលើទីផ្សារអន្តរជាតិនាំចេញអង្ករក្រអូប៧០ទៅ៧៥ម៉ឺនតោនក្នុង១ឆ្នាំ ប៉ុន្តែជាក់ស្តែងប្រមូលទិញបានតែចំនួនក្រោម៧០ម៉ឺនតោនប៉ុណ្ណោះសម្រាប់នាំចេញ។
លោក សុង សារ៉ន ថ្លែងបញ្ជាក់ថា៖ «បើសិនជាបងប្អូនគាត់ដាំស្រូវអង្ករក្រអូប តម្រូវការយើងអាចមានប្រហាក់ប្រហែលជា៧៥ម៉ឺនតោនក្នុងឆ្នាំនេះដែលយើងត្រូវនាំចេញ ដល់ពេលបងប្អូនយើងគាត់អត់ដាំទេ គាត់ដាំតែអង្ករស ឥឡូវយើងប៉ាន់ប្រមាណឡើងវិញទៅចន្លោះប្រហែលខ្ទង់ក្រោម៧០ម៉ឺនតោនទេ វាក្រោមហ្នឹងទេ តាមពិតយើងជំពាក់លុយគេ ដោយសារយើងអត់មានអង្ករក្រអូប ឥឡូវវាជាបញ្ហាសម្រាប់អ្នកនាំចេញ»។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យដឹងថា ក្នុងរយៈពេល៦ខែដំបូងនៅឆ្នាំ២០២៤កម្ពុជានាំចេញអង្ករបានជាង៣៣ម៉ឺនតោន(៣៣៨ ៦៥៤ តោន) ទទួលបានទឹកប្រាក់ជាង២រយលានដុល្លារ(២៤៧លានដុល្លារ) និងរយៈពេលដូចគ្នានេះកម្ពុជានាំចេញស្រូវបានជាង២លាន៥សែនតោន ទទួលបានទឹកប្រាក់ជាង៧២៧លានដុល្លារអាមេរិក។
ការជ្រើសរើសពូជ
បើទោះជាមានការផ្សព្វផ្សាយបន្តបន្ទាប់ពីក្រសួងកសិកម្ម និងមន្ត្រីថ្នាក់ក្រោមរយៈពេលប្រមាណ១ឆ្នាំនេះក៏ដោយក៏កសិករហាក់ដូចជា មិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់ មិនទាន់ទុកចិត្ត និងជឿជាក់លើពូជស្រូវដែលក្រសួងណែនាំ។ ដោយអ្នកខ្លះបារម្ភពេលស្រូវមានជំងឺមិនមានអ្នកជួយ បានផលទាប ឬពេលធ្លាក់ថ្លៃមន្ត្រីណែនាំឱ្យរើសពូជផ្សេងបន្តទៀតដដែល។
កាលពីឆ្នាំ២០១០ក្រសួងកសិកម្មក៏ធ្លាប់ណែនាំឱ្យកសិករដាំដុះពូជស្រូវចំនួន១០ដែរដើម្បីទទួលបានតម្លៃខ្ពស់រួមមាន ស្រូវសែនពិដោរ អ៊ីអ៊ែរ៦៦ ជលសារ ផ្ការំដួល ផ្ការំដេង ផ្ការមៀត ផ្កាច័ន្ទសែន ស រាំងជ័យ ខាង៤ និងពូជស្រូវខាង៦។
អ្នកស្រី អេន សុខឃួន រស់នៅខេត្តកំពង់ធំ ឱ្យដឹងថា រូបគាត់ធ្វើស្រូវលើដី១០ហិកតា។ អ្នកស្រីឱ្យដឹងថា រូបគាត់ និងកសិករផ្សេងទៀតតែងតែមានការព្រួយបារម្ភខ្លាំងលើបញ្ហាតម្លៃស្រូវដែលធ្លាក់ចុះពេលប្រមូលផល។
ចំពោះពូជស្រូវ អ្នកស្រីឱ្យដឹងថា រូបគាត់មិនជ្រើសរើសយកពូជស្រូវក្រអូប ព្រោះបញ្ហារយៈពេលប្រមូលផល និងទិន្នផល។
អ្នកស្រី អេន សុខឃួន ថ្លែងថា៖ «អត់មានទេសែនក្រអូបនោះ សែនក្រអូបមានតែដាក់នៅជិតខេត្ត បើយើងចុះមកនេះអត់មានទេ សែនក្រអូបខ្ញុំធ្លាប់ធ្វើដែរវាអាយុវែងពេក ដោយតំបន់ខ្ញុំជាតំបន់ខ្វះទឹក អ៊ីចឹងបានតែ៨៥ ៥១ ៥៤ អីទេ»។
ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា លោក ថេង សាវឿន កត់សម្គាល់ថា បញ្ហាតម្លៃស្រូវតែងតែកើតមានរាល់ឆ្នាំនៅពេលប្រមូលផល។ លោកជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធមានវិធានការច្បាស់លាស់ដោះស្រាយបញ្ហានេះ។
ចំពោះបញ្ហាជ្រើសរើសពូជ ដែលក្រសួងណែនាំនោះ លោក ថេង សាវឿន លើកឡើងថា ការផ្សព្វផ្សាយ និងការនាំពូជយកទៅឱ្យដល់កសិករនៅមិនទាន់ទូលាយនៅឡើយ។
លោក ថេង សាវឿន ថ្លែងថា៖ «អ្វីដែលជាការអំពាវនាវរបស់ក្រសួងកន្លងមក គឺយើងឃើញមានការអំពាវនាវឱ្យមានការទិញពូជសែនក្រអូបសម្រាប់ធ្វើ ក៏ប៉ុន្តែយើងមើលឃើញទៀតថា ការអំពាវនាវ ហើយនិងការផ្គត់ផ្គង់ពូជសែនក្រអូបទៅកាន់ភូមិឃុំរបស់ពួកគាត់ និងការចែកចាយពូជហ្នឹងមិនទាន់គ្រប់គ្រាន់ អ៊ីចឹងធ្វើឱ្យពួកគាត់នៅបន្តជ្រើសរើសពូជដែលងាយស្រួលរកទិញបាននៅក្នុងភូមិឃុំរបស់គាត់ អ៊ីចឹងដើម្បីជំរុញឱ្យការប្រើប្រាស់ ក៏ដូចជាការផ្លាស់ប្តូរឥរិយាបថ ក៏ដូចជាទម្លាប់លុះត្រាតែទីផ្សារនៃការចែកចាយពូជសែនក្រអូបដែលជាពូជរបស់ខ្មែរ ហើយនិងការផ្សព្វផ្សាយហ្នឹងត្រូវតែបានធ្វើឱ្យទូលំទូលាយ ហើយឱ្យដល់មូលដ្ឋាន ឬក៏សេវាគាប់ចិត្តរបស់ពលរដ្ឋ»។
ក្នុងរយៈពេលប្រមាណ១សប្តាហ៍ដូចគ្នា គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ស្រូវក្រអូបធ្លាក់ថ្លៃពី១តោនតម្លៃ១លាន៣សែន៧ម៉ឺនរៀលមកត្រឹម១លាន៣សែនរៀល។ មន្ត្រីជំនាញពាក់ព័ន្ធបញ្ជាក់ថា បើកសិករធ្វើតាមការណែនាំរបស់មន្ត្រីបច្ចេកទេស គឺស្រូវក្រអូបអាចឈ្នះជំងឺហើយទទួលផលមិនតិចជាងស្រូវ អូអឹម និងស្រូវស្រងែស្រាលនោះទេ។
នៅក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានលើកឡើងពីមោទនភាពនៃការរីកចម្រើនលើវិស័យកសិកកម្ម។ លោកបន្តថា រដ្ឋាភិបាលបន្តមិនយកពន្ធលើដីកសិកម្ម និងអនុគ្រោះពន្ធលើផលិតផលកសិកម្មផ្សេងៗទៀត ដើម្បីជួយលើកស្ទួយវិស័យនេះ។
លោក ហ៊ុន ម៉ាណែត បន្តថា ការបន្តដាក់ចេញថវិកាជាតិជួយលើវិស័យកសិកម្ម និងការជ្រើសរើសមន្ត្រីកសិកម្មបន្ថែម គឺធ្វើយ៉ាងណា ដើម្បីជួយឱ្យកសិករចំណាយដើមផលិតទាប និងលក់កសិផលបានតម្លៃខ្ពស់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា៖ «កសិករត្រូវការជួយបច្ចេកទេស អ៊ីចឹងគឺការជួយពង្រឹងកសិកម្ម រៀបចំជាស្តង់ដា ហើយបង្កើនប្រសិទ្ធភាពនេះ គឺជាកិច្ចការសំខាន់ ទី១គឺកាត់នូវតម្លៃដើមក្នុងការផលិត ទី២គឺការបង្កើននូវផលិតភាព(productivity) ដើម្បីកាត់បន្ថយតម្លៃ ដី១ហិកតាដូចគ្នា តែឥឡូវផលិតបានច្រើនជាងមុន ចំណូលបានច្រើនជាងមុន»។
ទោះយ៉ាងណាបញ្ហាក្តីកង្វល់ពីតម្លៃស្រូវវស្សារបស់កសិករដែលត្រូវប្រមូលផលចាប់ពីខែកញ្ញា រហូតដល់ខែធ្នូឆ្នាំ២០២៤នេះ ហាក់មិនទាន់មានស្ថាប័នណាចេញវិធានការដោះស្រាយនៅឡើយ។ តាមការអះអាងរបស់កសិករ មន្ត្រី និងឈ្មួញឱ្យដឹងថា ក្រៅពីវៀតណាមបន្ថយចំនួនទិញ ការប្រញាប់ច្រូតស្រូវដោយសារសត្វមមាចត្នោតបំផ្លាញ បញ្ហាទឹកឡើងលិច និងភ្លៀងខ្យល់ធ្វើឱ្យស្រូវដួល ក៏ជាមូលហេតុធំធ្វើស្រូវមានគុណភាពមិនល្អហើយលក់បានតម្លៃទាបផងដែរ៕