សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភូមិ​គំរូ​​ចំនួន​២៥០ទៀតនឹងត្រូវបង្កើតឡើង ខណៈ​សហគមន៍​កសិករ​លើក​ទឹកចិត្ត​ឱ្យបង្កើត​ភូមិគំរូនៅតាម​ព្រំដែន

ទិដ្ឋភាពភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ ភូមិនេះនឹងត្រូវដាក់បញ្ចូលជាភូមិគំរូ។ (រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)
ទិដ្ឋភាពភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ ភូមិនេះនឹងត្រូវដាក់បញ្ចូលជាភូមិគំរូ។ (រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)

ក្រសួង​អភិវឌ្ឍន៍​ជនបទ​​បាន​ចេញប្រកាសស្តីពី​ការ​«កំណត់​​លក្ខណៈ​សម្បត្តិភូមិគំរូ»​ ជាភូមិ​ដែល​មាន​វិបុលភាព ​បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងមាន​​ភាព​ធន់​ទាំង​ផ្នែក​សេដ្ឋកិច្ច​​សង្គម​ដោយ​ក្នុង​១ឆ្នាំ​ត្រូវបង្កើតឱ្យបាន​៥០​ភូមិ​​ បន្ទាប់ពីបានបង្កើតភូមិគំរូចំនួន​៣០​។​ សមា​គម​សម្ព័ន្ធ​សហគមន៍កសិករ​កម្ពុជា​​ស្វាគមន៍​ចំពោះការ​បន្តបង្កើតភូមិគំរូ ប៉ុន្តែ​លើកទឹក​ចិត្ត​ឱ្យ​មានការ​បង្កើតភូមិគំរូនៅ​តំបន់​តាម​ព្រំដែន​ដើម្បី​លើកកម្ពស់​ការ​ការពារ​បូរណភាព​ទឹកដី​។​

ប្រកាស​របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទចុះថ្ងៃទី​៧ ខែ​សីហា ​ឆ្នាំ២០២៤​នេះ ធ្វើ​ឡើង​​ស្របពេល​ដែល​ក្រសួង​នេះកំពុង​រៀបចំ​ចុះ​ស្រង់ទិន្នន័យ​​ស្ថានភាព​ភូមិ ដើម្បី​បង្កើត​ជា​ចលនា​ភូមិ​គំរូ​ឱ្យបាន​២៥០​បន្ថែម​ទៀត ដើម្បី​​ធ្វើការ​​អភិវឌ្ឍ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ ផ្តល់​ប្រាក់​កម្ចី​ក្នុង​អត្រា​កាប្រាក់ទាប​ដល់​ប្រជាពលរដ្ឋ​នៅតាម​ភូមិគំរូ​​ទាំង​នោះ​យក​ទៅ​ពង្រីក​មុខរបរ​បន្ថែម​។ នេះ​បើតាម​ក្រសួង​អភិវឌ្ឍន៍​ជនបទ។

ក្រសួង​នេះ​​ឱ្យដឹង​​ថា ភូមិ​គំរូ​ចំនួន៣០​​ត្រូវ​បាន​បង្កើត​ឡើងក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​ក្នុង​ខេត្ត​គោល​ដៅចំនួន​៣ ​ដោយ​ទទួលបាន​ការ​​ជួយ​ឧបត្ថម្ភ​ពីទីភ្នាក់​ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ កូយកា។ ភូមិ​ទាំងនោះ​មាន​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ចំនួន១០ភូមិ ខេត្ត តាកែវ មាន​១០​​ភូមិ និង​ខេត្ត​កំពង់ស្ពឺ មាន១០​ភូមិ​​ ដែល​ភូមិ​នីមួយៗ​មាន​សក្តានុពល​ផ្សេងៗ​គ្នា។

បច្ចុប្បន្នក្រសួងកំពុងអភិវឌ្ឍភូមិគំរូ ចំនួន៣៤ភូមិផ្សេងទៀត នៅក្នុងខេត្ត​កំពង់​ស្ពឺ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ តាម​រយៈ​គម្រោងអភិវឌ្ឍន៍ភូមិសន្តិភាព និង​គម្រោងអភិវឌ្ឍ​​ភូមិតាមវិធីសាស្រ្តចលនាភូមិថ្មី។

បើយោង​តាម​ឯក​សារ​របស់​ក្រសួង​មហាផ្ទៃ​បាន​ឱ្យដឹង​ថា បច្ចុប្បន្នកម្ពុជាមានរាជធានី-ខេត្ត ចំនួន២៥ ក្រុងចំនួន២៧ ស្រុកចំនួន១៦២ ខណ្ឌចំនួន១៤ ឃុំចំនួន ១ ៤០៥ សង្កាត់ចំនួន​២៤១ និងភូមិចំនួន១៤ ៣៩៤។

លោក ​អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បាន​ថ្លែងប្រាប់ ​ខេមបូចា ​កាលពី​ថ្ងៃទី​២៦ ​ខែសីហា ​ថា ក្រុមការងារ​អភិវឌ្ឍន៍​ភូមិគំរូ បានរៀបចំ​លក្ខណៈវិនិច្ឆ័យភូមិគំរូចំនួន​៥​ចំណុច​ក្នុង​នោះ​រួមមាន ១សេដ្ឋកិច្ច ២សង្គម និងវប្បធម៌ ៣សុខភាព និងបរិស្ថានរស់នៅ ៤ហេដ្ឋារចនាសម្ព័ន្ធ និង៥​អភិបាលកិច្ច។

លោកបញ្ជាក់ថា៖ «គោលបំណងនៃការ​កំណត់​លក្ខណៈវិនិច្ឆ័យ​នេះ គឺដើម្បី​ឱ្យគ្រប់ភាគី​ពាក់​ព័ន្ធចូលរួមគាំទ្រ​ដល់​គ្រប់សកម្មភាព​អភិវឌ្ឍន៍​នៅក្នុងភូមិ ដើម្បី​បង្កើនជីវភាព និងប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ប្រកបដោយចីរភាព»។

នៅក្នុង​ប្រកាស​របស់ក្រសួង​អភិវឌ្ឍន៍​ជនបទត្រង់​ជំពូក១ ប្រការ​៣បាន​បញ្ជាក់​ថា «ភូមិ​គំរូ»​សំដៅដ​ល់ភូមិឋាន​ដែលមានសុខុដុមនីយកម្ម និង​ការ​ចូលរួម​របស់ប្រជាជន​ក្នុង​ភាព​ជា​ម្ចាស់​​​​​​ធានា​បាន​នូវ​ចរន្តសេដ្ឋកិច្ច និង​និរន្តរភាពកំណើនប្រាក់ចំណូលគ្រួសារ ​ទទួល​បាន​ប្រសិទ្ធភាព​នៃ​សេវាសង្គម​កិច្ច មានសុខភាព​ និងបរិស្ថាន​រស់នៅល្អ ហេដ្ឋារចនាសម្ព័ន្ធ​សមស្រប និង​អភិបាល​កិច្ចល្អជាដើម។ សេដ្ឋកិច្ច​គឺសំដៅដល់លក្ខខណ្ឌ​ដែល​ប្រជាពល​រដ្ឋ​នៅក្នុង​ភូមិ​ទទួល​បានប្រាក់ចំណូលប្រចាំខែសមរម្យ​ មានការងារធ្វើ និង​មានការប្រើប្រាស់​សេវា​មីក្រូហិរញ្ញវត្ថុ​ជាដើម​។

​ទាក់​ទង​សង្គម និងវប្បធម៌​នៅក្នុង​ភូមិគំរូ ​ប្រកាស​របស់ក្រសួង​អភិវឌ្ឍ​ន៍​ជនបទ​បានលើក​ឡើង​ថា ​គឺ​សំដៅដល់​លក្ខខណ្ឌ​ដែល​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ទទួល​បាន​កម្រិត​អប់រំ​មូលដ្ឋាន​​របស់​កុមារ ​និង​យុវជន ជំនាញមូលដ្ឋាន​និងបំណិនជីវិត ស្មារតីសមូហភាព ​និង​សាមគ្គីភាព​ក្នុង​សហគមន៍។​​ ភូមិគំរូថែម​ទាំង​ធ្វើឱ្យប្រជាពលរដ្ឋ​នៅក្នុងភូមិ​ទទួលបាន​សេវាទឹកស្អាត សេវាអនាម័យ​ សេវាសុខ​ភាព​មូលដ្ឋាន​ ការអភិវឌ្ឍ​បៃតងក្នុងភូមិ​ និង​ការ​គ្រប់គ្រង​ទុកដាក់​កាកសំណល់ផ្សេងៗ។

ក្រៅពីនេះ​ក្នុង​ភូមិ​គំរូ​ទទួល​បាន​ការ​អភិវឌ្ឍ​ផ្លូវ​ ការផ្គត់ផ្គង់អគ្គិសនី​ មាន​ប្រព័ន្ធ​ទឹក​​ស្រោច​ស្រព​​ដំណាំ​ដាំដុះនៅ​គ្រប់រដូវកាល ការ​សាង​សង់​សំណង់​អគារ​សាធារណៈ​របស់ភូមិ ​និង​ការ​ប្រើប្រាស់បច្ចេកវិទ្យា​ឌីជីថល។ ក្រសួង​អភិវឌ្ឍន៍​ជន​បទ​លើកឡើងទៀត​​ថា ចំណែក​អភិបាលកិច្ច​នៅក្នុងភូមិគំរូវិញ​ គឺ​​​ប្រជាពលរដ្ឋ​​​ទទួលបាន​ការដឹកនាំ និងសម្របសម្រួល​ការងារ​​​អភិវឌ្ឍន៍​ភូមិ ការរៀបចំផែនការអភិវឌ្ឍន៍ភូមិ ការចងក្រងនិងបង្កើតសហគមន៍​មូលដ្ឋាន ការ​​​ផ្តល់​សេវាសាធារណៈបានល្អ ​និងការ​អនុវត្ត​គោលនយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព​ ជាដើម​។

លោក ពិត ករុណា អនុរដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួង​អភិវឌ្ឍន៍ជនបទបាន​ថ្លែងថា ការអភិវឌ្ឍភូមិគំរូ សំដៅជួយលើកកម្ពស់ជីវភាព​ប្រជា​ពលរដ្ឋ​នៅជនបទឱ្យកាន់តែប្រសើរ​ឡើង​​ តាមរយៈការជួយបណ្តុះបណ្តាលជំនាញ​បន្ថែមជូនពួក​គាត់​ និង​ពង្រឹងសមត្ថភាព​គណៈកម្មការអភិវឌ្ឍន៍ភូមិ​។

លោកបញ្ជាក់​ថា​៖​ «សមិទ្ធ​ផលនៃការអភិវឌ្ឍភូមិគំរូ​ គឺ​បាន​ធ្វើឱ្យ​ប្រជាពល​រដ្ឋ​នៅក្នុងសហគមន៍​មានសាមគ្គី​ភាព​ និង​ថែម​ទាំង​ធ្វើ​ឱ្យប្រាក់ចំណូលរបស់ពួកគាត់មានការ​កើន​ឡើង​ទៀត​ផង​»។​​

លោក​បានឱ្យដឹង​ទៀតថា ជាមួយគ្នា​នេះ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​បាន​ធ្វើការ​បណ្តុះ​ប​ណ្តាល​ជំនាញជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​គំរូ​ ដូចជា​ជំនាញ​ជួសជុលម៉ាស៊ីន​ វិធី​សាស្ត្រ​ក្នុង​ការ​​ចិញ្ជឹមសត្វ​ និងការ​ធ្វើ​កសិកម្មឱ្យ​ទទួលបាន​ទិន្នផលខ្ពស់​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​មានវិទ្យាស្ថានអភិវឌ្ឍន៍ជនបទ​នៅខេត្ត​កំពង់ស្ពឺ។

អ្នក​នាំពាក្យ​ក្រសួង​​អភិវឌ្ឍន៍​ជន​បទ​លើកឡើង​ថា៖​ «ជាទិសដៅដើម្បី​ចូល​រួម​សម្រេចបាន​ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល​កម្ពុជា​ជាប្រទេសមាន​ប្រាក់ចំណូល​កម្រិត​​ខ្ពស់ឆ្នាំ​២០៥០​ ក្រសួង​អភិវឌ្ឍន៍ជនបទ​បានផ្តោត​យកចិត្តទុកដាក់​ទៅ​លើការ​អភិវឌ្ឍ​ភូមិគំរូ​នៅទូទាំង​ប្រទេស​ ដោយដាក់ទិសដៅរបស់ខ្លួនគឺ​អភិវឌ្ឍភូមិគំរូ​ ៥០​ភូមិ​ ក្នុងមួយឆ្នាំ»​

កសិករថតនៅមុខអគារមជ្ឈមណ្ឌលសិក្សាសហគមន៍ចំប៉ា ក្នុងឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវកាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៤។​ ឃុំចំប៉ាមានភូមិចំនួន៥ត្រូវបានអភិវឌ្ឍជាភូមិគំរូ​។​ (រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)​

ជាមួយគ្នា​នេះ​គម្រោងភូមិសន្តិភាពដែល​ជាផ្នែកមួយ​នៃភូមិគំរូ បានទទួលហិរញ្ញប្បទាន​ពី​ទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិកូរ៉េ (KOICA) ដែលក្នុងគោលដៅខេត្តបន្ទាយមានជ័យ បានជ្រើសរើសមេក្រុម​កសិករគំរូចំនួន២០ក្រុម និងកសិករគំរូចំនួន៥៣៧គ្រួសារ ដើម្បី​បណ្ដុះ​បណ្ដាល និងផ្ទេរ​ចំណេះដឹងបច្ចេក​ទេសកសិកម្មឆ្លាតវៃ ឬកសិកម្មល្អកម្ពុជា (CamGAP) ដើម្បីផលិតផល​ផ្លែឈើ និងផលិត​កម្មបន្លែសុវត្ថិភាព។ គម្រោងនេះ​ក៏បន្តចុះ​ផ្ដល់​ប្រឹក្សាបច្ចេកទេសដល់​សមាជិក​ជាបន្ដបន្ទាប់ និងលើកទឹកចិត្តឱ្យកសិករដាំដុះបន្ថែម​ទៀត និងរៀបចំផែនការ​ដើម្បី​បង្កើត និងប្រមូល​ចងក្រងជាបណ្តុំបន្លែ។ នេះ​បើយោងតាម​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​កាលពីថ្ងៃទី១៣ ខែ​សីហា ​ឆ្នាំ២០២៤។

​តាម​ក្រសួង​អភិវឌ្ឍន៍​ជនបទ ភូមិ​គំរូត្រូវ​បង្កើតឱ្យ​មាន​គណៈកម្មាការ​អភិវឌ្ឍន៍​ភូមិមួយ​ ដោយ​មន្ត្រីជំនាញ​ធ្វើការ​ជំរុញ​បង្រៀន​អ្នកភូមិ​ឱ្យឧស្សាហ៍​ព្យាយាម បណ្តុះ​បណ្តាល​បំនិន​ជីវិត ដើម្បី​មាន​ចំណេះដឹង​បន្ថែម​។ មន្ត្រីជំនាញ​​ជួយ​អភិវឌ្ឍន៍​ក្នុងភូមិ ជួយ​រក ​និង​ភ្ជាប់​ទីផ្សារ​​ឱ្យ​​អ្នកភូមិ​។ បន្ថែម​ពីនេះ​គណៈកម្មាការ​អភិវឌ្ឍន៍ភូមិ​មាន​តួនាទី​ដឹកនាំ​សម្របសម្រួល លើផែនការ​អភិវឌ្ឍន៍​ប្រចាំ​​ឆ្នាំ​ជូនដល់​ប្រជាពលរដ្ឋ ហើយ​រៀបចំ​ផ្សព្វផ្សាយ​ពី​ភូមិ​គំរូ ដើម្បី​ទាក់​ទាញ​ទេសចរណ៍​ថែម​ទៀត។ គណៈកម្មាការ​អភិវឌ្ឍ​ភូមិ​ក៏​ជួយ​ជំរុញឱ្យ​មាន​ការ​ចងក្រង​ជា​សហគមន៍ ដែល​អាច​បង្កើតសេដ្ឋកិច្ច​មាត្រដ្ឋាន​ផង​ដែរ​។

លោកស្រី គឹម លាង មេឃុំ​ចំប៉ា បាន​ឱ្យដឹង​ថា ឃុំ​​ចំប៉ា ដែល​ស្ថិត​នៅ​ក្នុង​ស្រុកព្រៃកប្បាស ខេត្តតាកែវ ​មាន​ភូមិចំនួន៥ ​ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជាភូមិគំរូ​ក្នុង​ចំណោម​ភូមិ​សរុប​ចំនួន៩។ ភូមិ​គំរូទាំង​នោះ​រួម​មាន​ភូមិជម្ពូព្រឹក ប្ញស្សីថ្មី ពន្សាំង ចំប៉ា និង​ភូមិរនាមពេជ្រ។ លោក​ស្រីមេ​ឃុំ​បាន​ប្រាប់ ​ខេមបូចា កាលពីថ្ងៃទី​២០ ខែ​សីហា ​​ថា គ្រាន់​តែនៅ​ភូមិ​ពន្សាំង​​ទទួល​បាន​ឥណ​ទាន​​ដែល​មាន​សាច់ប្រាក់ ​១៣ ០៥០ដុល្លារ ជួយ​ប្រជាពលរដ្ឋ​តម្បាញហូល​១៤កី ជួយ​ប្រជា​ពលរដ្ឋ​​ដាំដំណាំ​ត្រសក់​២១គ្រួសារ​ សាង​សង់​​បង្គន់​អនាម័យ​សម្រាប់​ប្រជាពលរដ្ឋ​១៣​គ្រួសារ សាង​សង់​បង្គន់​សាធារណៈ​ចំនួន​៣ សាងសង់​សាលាមត្តេយ្យ​១ខ្នង​មាន២បន្ទប់​ សាងសង់​ទីស្នាក់ការ​ភូមិ​ចំនួន​១ ជួសជុលផ្លូវ​ក្នុង​ភូមិ​៥ខ្សែ ​ជីកស្រះទឹកបាន​ចំនួន​២ ដាំកូនឈើ​ និង​ជួសជុល​ផ្លូវផងដែរ។

លោកស្រី​លើកឡើង​ថា ចលនា​ភូមិ​គំរូនេះ​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ពី​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​​កូរ៉េ​កូយកា ដូចជាការ​ផ្តល់​ប្រាក់​កម្ចី​មាន​អត្រា​កា​ប្រាក់ទាប ដើម្បី​យកទៅ​បង្កើត និងពង្រីក​មុខ​របរ​ជីកស្រះ​ចិញ្ចឹមត្រី ដាំដំណាំ តម្បាញ ចិញ្ចឹមគោ​ ជួយផ្នែកបច្ចេកទេស ​និង​គំនិតយោបល់​ក្នុងការ​គ្រប់គ្រង​គម្រោង​ជាដើម។

លោកស្រី​មេឃុំ​​បញ្ជាក់​ថា៖ «ប្រជាពលរដ្ឋ​នៅក្នុងឃុំចំប៉ា​​ប្រកប​របរធ្វើកសិកម្ម តម្បាញហូល​ ទៅធ្វើកម្មករកាត់ដេរ​នៅរោងចក្រ​ និង​មានមុខរបរបន្ទាប់បន្សំ​ដូចជាចាក់ជើង​ជណ្តើរ​ ធ្វើតុ ទូ​ កៅអី កាត់សក់ ជួសជុលម៉ូតូ​ និងឡើងត្នោត​។ បច្ចុប្បន្ន​ឃុំចំប៉ាយើង​អាច​ធ្វើស្រែ​១ឆ្នាំ​​បាន​៣ដង»។ 

លោក ហាស់ ស្រេង អាយុ​៨០​ឆ្នាំ ​ជាកសិករ​នៅភូមិ​ជម្ពូព្រឹក បាន​ប្រាប់​ខេមបូចា កាលពីថ្ងៃទី២៦ ​ខែសីហា ថា ក្រសួង​អភិវឌ្ឍន៍​ជនបទ ដោយ​មាន​កិច្ចសហការ​ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​​​កូរ៉េ​កូយកាក្នុង​រយៈ​ពេល​៣ឆ្នាំកន្លងមក គឺបាន​ជួយថវិកា​ដល់ភូមិ​ជម្ពូព្រឹកមាន​ទឹកប្រាក់​​ប្រមាណជា៨ម៉ឺនដុល្លារ​លើ​គម្រោង​ចំនួន​១២។

លោកបញ្ជាក់​ថា៖ «ក្នុង​នោះ​មាន​គម្រោង​ចិញ្ចឹម​ត្រី ចិញ្ចឹម​ជ្រូក ចិញ្ចឹមមាន់​ ទិញគោឱ្យ​ប្រជាពលរដ្ឋចិញ្ចឹម ជំរុញឱ្យមានការ​ធ្វើស្រែ​១ឆ្នាំ​៣ដង​ ជួសជុល​ផ្លូវក្នុងភូមិ សាងសង់​សាលាបុណ្យ សាងសង់សាលា​មត្តេយ្យ​ សាងសង់ទីស្នាក់ការភូមិ ធ្វើសួនកុមារ និង​ជួយ​គ្រួសារ​តម្បាញហូល​ជាដើម»

លោក ហាស់ ស្រេង បានឱ្យដឹង​ទៀតថា ចាប់តាំងពីភូមិជម្ពូព្រឹក​ត្រូវ​បាន​អភិវឌ្ឍន៍​ជាភូមិ​គំរូមក ប្រជាពលរដ្ឋក្នុងភូមិ​​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស​ផ្សេងៗ ដូចជា​​ជំនាញ​ខាង​ចិញ្ចឹមសត្វ ជំនាញ​ធ្វើស្រែ​និងដាំដំណាំឱ្យទទួល​បាន​ទិន្នផល​ច្រើនជាងមុន​ជាដើម​។ ក្រៅពីនេះ​ក្រុមមន្ត្រីជំនាញ​ក្រសួង​អភិវឌ្ឍន៍​ជនបទនិង​មន្ត្រីជំនាញ​អង្គការ​កូយកា​បាន​ធ្វើការ​អប់រំ​បណ្តុះ​ផ្នត់គំនិតឱ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចេះជួយខ្លួនឯង​ចេះរួប​រួមសាមគ្គីគ្នា ចេះចូលរួម​ជួយ​សហគមន៍​ធ្វើឱ្យសហគមន៍​មាន​បរិស្ថាន​ស្អាត​មានអនាម័យ​ល្អ។

លោកនិយាយថា៖ «ចាប់តាំងពីភូមិ​ជម្ពូព្រឹក​ត្រូវ​បាន​បង្កើតឡើង​ជាភូមិគំរូដោយ​មាន​ការ​ជួយ​បណ្តុះបណ្តាលជំនាញ ជួយ​ជាគំនិត រួម​ទាំងការ​ជួយជាថវិកាមក ជីវភាពគ្រួសារ​ខ្ញុំ និង​ជីវភាព​បងប្អូនយើង​ក្នុងភូមិ​មាន​ភាពល្អប្រសើរជាងមុន»។​

បើតាម​ក្រសួង​អភិវឌ្ឍន៍​ជនបទ នៅក្នុងភូមិ​គំរូប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​អាចខ្ចី​កម្ចីយក​ទៅ​ពង្រីក​មុខ​របរ​បាន​ចំនួន​២​ពាន់​ដុល្លារ​ដែល​មាន​អត្រា​កាប្រាក់ ១,៥​ភាគរយក្នុង​១​ខែ។​ប៉ុន្តែ​មុន​នឹង​សម្រេច​ឱ្យខ្ចី​ក្រសួង​​ធ្វើការ​ណែនាំកសិករ​​ពី​ការ​ប្រើប្រាស់ និងគ្រប់គ្រង​ថវិកា ឬ​ពី​ហានិភ័យ​ជាដើម ដើម្បី​កុំឱ្យ​កសិករ​យក​ទៅ​ប្រើប្រាស់​ខុស​គោលដៅ។

ប្រជាពលរដ្ឋ​ចង់​ឱ្យភូមិ​របស់ខ្លួន​ក្លាយជាភូមិគំរូ

អ្នកស្រី ម៉ៅ ណាន​ ជាកសិកររស់នៅភូមិដូង​ ស្រុករមាសហែក ខេត្ត​ស្វាយ​រៀ​ង ដែល​ស្ថិត​នៅ​ជាប់​ព្រំដែនវៀតណាមបាន​ថ្លែងថា អ្នកស្រីចង់ឱ្យភូមិ​របស់​អ្នកស្រី និងភូមិផ្សេង​ទៀត​នៅ​ជាប់​ព្រំដែនក្លាយ​ទៅជាភូមិគំរូ​ដើម្បី​​អាច​រួម​ចំណែក​ជួយលើកស្ទួយ​ជីវភាព​របស់អ្នកស្រី​និង​អ្នក​ភូមិ​ដទៃទៀត​ឱ្យបាន​ល្អប្រសើរ។

អ្នកស្រីនិយាយ​ថា៖ «បើភូមិយើង​នៅជាប់ព្រំដែន​មានផ្លូវ​ថ្នល់ខ្វាត់ខ្វែងល្អ មានការបណ្តុះបណ្តាល​ជំនាញក្នុងការ​ដាំដុះដំណាំផ្សេងៗ មានការ​បណ្តុះបណ្តាល​ជំនាញ​​ចិញ្ចឹមសត្វ​និង​​មានការផ្តល់ប្រាក់កម្ចីដែល​មានកាប្រាក់ទាបដល់អ្នក​ភូមិ​​យើង​គឺល្អណាស់​ពីព្រោះនឹង​ជួយ​ធ្វើឱ្យ​​អ្នកស្រុកយើង​នឹងមានជីវភាពល្អប្រសើរ»

ចំណែក​លោក ផល្លា ផានិត អាយុ៣០ឆ្នាំ ជាកសិកររស់នៅភូមិពោធិ៍អណ្តែត ​សង្កាត់​ព្រែកស្តី ក្រុង​សំពៅពូន ​ខេត្ត​កណ្តាល បាន​ឱ្យដឹងថា លោក​ពិតជាចង់​ឱ្យភូមិ​របស់​លោក​ក្លាយ​ទៅជាភូមិ​គំរូ​ គឺ​ភូមិ​អត់មានគ្រឿងញៀន ភូមិ​អត់មានល្បែងស៊ីសង ភូមិមានដំណាំដាំដុះហូរហៀរ ​ផ្លូវ​ក្នុង​ភូមិ​ល្អ មានភ្លើងបំភ្លឺផ្លូវនៅពេលយប់ ​មាន​ប្រព័ន្ធ​ទឹក​ស្រោចស្រព​សម្រាប់​ធ្វើកសិកម្ម​ទាំង​​ប្រាំង​ទាំងវស្សា​ដើម្បី​ធ្វើកសិកម្ម​ និង​ដាំដំណាំផ្សេងៗ ថែមទាំង​ចង់​ឃើញ​ប្រជាពល​រដ្ឋ​នៅក្នុង​ភូមិ​សប្បាយ​ចិត្ត​​មាន​ជីវភាពធូរធារដោយ​សារ​ដំណាំ​របស់​ពួកគាត់​​​មាន​ទីផ្សារ​លក់​ដូរ​ទទួល​បាន​កម្រៃសមរម្យ។

លោក ផានិត​ និយាយថា៖ «បច្ចុប្បន្ន​ក្នុងភូមិ​ពោធិ៍​អណ្តែត​ សង្កាត់​​ព្រែកស្តី មាន​យុវជន​ប្រើប្រាស់​គ្រឿងញៀន​កាន់​តែច្រើន ប្រជាជន​នៅក្នុង​ភូមិ​ក៏ជំពាក់​បំណុលគេ​ច្រើន​​ មាន​ល្បែង​ស៊ីសង​ជល់មាន់​តាម​អនឡាញ​អីមានច្រើន​ ហើយ​បន្លែដែល​អ្នក​ភូមិ​ដាំ​មិនសូវមានទីផ្សារ​ទេ»។​

លោក​រៀបរាប់ថា​ ដូចជាត្រសក់​១គីឡូក្រាម​លក់​បានពី​​៣០០ទៅ​៤០០​រៀល ត្រឡាច​១គីឡូ​ក្រាម​លក់​បាន​ពី​៧០០ទៅ​៨០០រៀល​​ទេ។ លោកបន្តថា៖ «និយាយ​ទៅ​អត់រស់ស្រួលទេមានការ​ពិបាក។​ បើនិយាយ​ពីចោរ​ក​ម្ម​វិញ​មានការ​បាត់​ម៉ូតូ លួចកាប់​ត្រយូងចេក​ លួចកាប់​ដក​យកដំណាំ​ផ្សេងៗ​គឺកើតមាន​ច្រើន»​

ទិដ្ឋភាពប្រឡាយទឹកនៅក្នុងភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ ភូមិកោះពាមរាំងកំពុងត្រៀមដាក់បញ្ចូលជាភូមិគំរូ។ (រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)

ដោយ​សារ​តែផលដំណាំ​មិនសូវមានទីផ្សារ​ លក់បានតម្លៃថោក​មិន​រួចថ្លៃដើម​ ឬក៏ទទួល​បាន​ប្រាក់​ចំណេញ​តិចតួច​ពេក​​ ធ្វើឱ្យកសិករមួយចំនួនលែង​ដាំដំណាំ​ដោយ​​ទុកដីចម្ការ​ចោលក្នុង​នោះ​ចម្ការស្វាយ​មួយ​ចំនួនក្នុងភូមិ​ពោធិ៍​អណ្តែត​​ត្រូវបានកាប់ចោល​។​ យ៉ាងណា​ក្តីលោក ​ផានិត លើកឡើងថា បច្ចុប្បន្ន​នៅក្នុងសង្កាត់​ព្រែកស្តី មាន​ផ្លូវក្នុងភូមិ​មួយ​ចំនួន​ត្រូវ​បាន​​ចាក់​បេតុង​ តែ​ផ្លូវមួយចំនួន​ទៀត​ជាពិសេស​ផ្លូវ​ទៅ​ចម្ការ​មិន​ទាន់​ត្រូវ​បាន​ឈូសឆាយ​ឱ្យបានល្អប្រសើរ​នៅ​ឡើយ​ទេ​ដែល​នៅ​តែ​ធ្វើឱ្យកសិករ​ជួប​ការ​លំបាក​ក្នុងការ​ធ្វើដំណើរ ​និង​ដឹកផលិតផល​កសិកម្ម​​ផ្សេងៗ។

លោកបញ្ជាក់ថា៖ «ចំណែក​ប្រឡាយទឹក​វិញ កាយខ្លះនៅខ្លះ​តែ​កាយ​ហើយ​អត់មានទឹកហូរចូលទេ ហើយ​បើកសិករយើង​ចង់​បូមទឹក​ចូលស្រែ​ គឺត្រូវ​បូម២-៣​តង់​ទើប​បាន​ទឹក​ចូលដល់ក្នុង​ស្រែ​ ដល់អ៊ីចឹង​ទៅ​កសិករត្រូវ​ចំណាយច្រើន​មិនរួចថ្លៃដើម​បានតែ១​ហូបៗ»

កសិករ​រូបនេះ​បន្ត​ទៀតថា៖ «ខ្ញុំពិតជាចង់​ឱ្យ​ភូមិខ្ញុំក្លាយជាភូមិគំរូណាស់ ពីព្រោះ​អ្នកភូមិ​ខ្ញុំឥឡូវ​វេទនាណាស់​រក១ថ្ងៃស៊ី១ថ្ងៃ ហីឥឡូវ​ធនាគារ​ចាប់​ផ្តើម​រិតបន្តឹងក្នុងការ​ទារបំណុល​ហើយអ្នកខ្លះក៏លក់ទ្រព្យសម្បត្តិដែលម៉ែឪចែកឱ្យដីកេរអីអស់ហើយ​ដើម្បី​បង់​ធនាគារ​តែបង់​អត់គ្រាន់​។​ អ្នក​ភូមិ​ខ្ញុំ​មានការ​ចាញ់បោកគេ​ច្រើន​ចង់កន្លះ​ភូមិ​​»

លោក ផានិត ​បានឱ្យដឹង​ទៀតថា អ្នក​ភូមិ​​បាន​​ចាញ់បោក​​កម្មវិធីវិនិយោគ​ទិញដីបាន​លុយ​អស់២-៣ម៉ឺន​៤-៥ម៉ឺនដុល្លារក្នុង​១គ្រួសារ​១គ្រួសារ​គឺ​ច្រើនណាស់ «ហីនៅស្រុកស្រែនេះ​លុយ​ប៉ុនណឹង​អីរក១​ជាតិ​អីណោះ​ព្រោះអត់ដឹងរកអីបានទេឥឡូវ»។

​បើ​តាម​លោក ផល្លា ផានិត បច្ចុប្បន្ន​នៅក្នុងសង្កាត់​​ព្រែកស្តីយុវជន​ជាច្រើន​បាន​ធ្វើចំណាក​ស្រុក​ទៅ​រកការងារ​ធ្វើនៅខាងក្រៅ​ឡើង​ចង់ស្ងាត់​ភូមិ​ហើយ​នៅ​សល់​តែ​យុវជន​ដែល​ប្រើប្រាស់​គ្រឿងញៀន​។

លោក ឃុយ គា ​ចៅសង្កាត់​ព្រែកស្តី​បាន​បដិសេធធ្វើអត្ថាធិបាយ​លើ​បញ្ហា​ទាំង​នេះ​ដោយ​ជំរុញ​ឱ្យសួរ​ទៅ​ស្មៀន​សង្កាត់​ដែល ​ខេម​បូចា ​មិនអាច​ទាក់ទង​បាន។

នៅក្នុង​ជំនួប​សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង កាល​ពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ លោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ បានថ្លែងថា ការអភិវឌ្ឍភូមិគំរូនៅតំបន់ជនបទ គឺជាកិច្ចការមួយដ៏សំខាន់​ដើម្បីជួយជំរុញការលើកកម្ពស់ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋដោយផ្ទាល់។

លោក​បញ្ជាក់​ថា៖ «មន្ទីរត្រូវខិតខំអនុវត្តជំរុញការអភិវឌ្ឍភូមិគំរូ ដើម្បីចូល​រួមចំណែកអនុវត្តយុទ្ធ​សាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ»

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានប្រាប់​ខេម​បូចា ​កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ​២០២៤ ថា លោក​ស្វាគមន៍​ចំពោះ​ការបង្កើតភូមិគំរូ​ពីព្រោះ​វា គឺជាទម្រង់​មួយ​ដែល​បង្ហាញអំពីការលើកទឹកចិត្តដល់ភូមិ​ផ្សេងៗ​ទៀត​ដែល​មានភូមិសាស្ត្រខុសគ្នា​អាច​យកគំរូ​តាម​។ ​នៅពេល​ដែល​មាន​ភូមិគំរូបង្កើតឡើង​​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​និងអាជ្ញាធរ​ត្រូវ​តែយក​ចិត្ត​ទុកដាក់​ក្នុង​ការ​សិក្សា​ប្រមូលចងក្រង​ក៏ដូច​ជាបង្កើតឱ្យមាន​ការ​ចែករំលែកទស្សនទាន ​ការចែក​រំលែកបទពិសោធន៍​ និងការ​ចែក​រំលែក​អំពី​ដំណើរ​​ការនៃការ​​ចូលរួម​ឱ្យមានការ​បង្កើតឡើង​នូវ​ភូមិ​គំរូនេះផងដែរ។

លោកបន្ត​ថា នៅតាម​ប្រទេស​មួយ​ចំនួន​ក៏មាន​ការ​បង្កើតឡើងនូវ​ភូមិ​គំរូនេះផងដែរ​ដោយ​គេឈរនៅ​លើកក្តាភូមិសាស្ត្រ​រួម​ជាមួយនឹង​​ធនធាន​ធម្មជាតិ ​និងអំណោយ​ផល​ជាក់​ស្តែងនៃភូមិនីមួយៗហ្នឹង​ តួ​យ៉ាង​ដូចជានៅថៃ​ នៅឥណ្ឌូនេស៊ី ​និង​នៅ​ស្រីលង្កាអីជាដើម។

លោក ថេង សាវឿន បន្តថា៖ «នៅកម្ពុជា​បើរដ្ឋាភិបាល​​តាម​រយៈក្រសួង​អភិវឌ្ឍន៍​ជនបទ​លោក​បន្ត​បង្កើត​ភូមិគំរូ ខ្ញុំសូមលើកទឹកចិត្តឱ្យបង្កើតនៅភូមិ​ទាំង​ឡាយ​ណា​ដែល​នៅតំបន់​ដាច់​ស្រយាល​​ក៏ដូចជានៅ​តំបន់​តាម​​បណ្តាយ​ព្រំដែន​ដើម្បី​ធ្វើយ៉ាងម៉េច​ ទី១យើង​អាច​លើក​កម្ពស់​ទាក់ទង​​បូរណភាព​ទឹកដី និងការ​ពារ​ដែនដី»។​ ទី​២​ជំរុញឱ្យព្រំដែន​នៃប្រទេសកម្ពុជាមាន​ការ​អភិវឌ្ឍ ​និង​​ទី៣ ​ធ្វើឱ្យជីវភាព​ និងសេដ្ឋកិច្ច​​របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្តោយ​ព្រំដែន​រិតតែល្អ​ប្រសើរ​​។

យ៉ាងណាក្តី​លោក ​អឿន ធារិទ្ធ បានឱ្យដឹងកាលពីថ្ងៃទី​២៦ ខែសីហា ​​ថា ក្នុង​ផែនការ​ដែល​ក្រសួង​បានកំណត់​ក្នុងឆ្នាំ​២០២៥​ខាង​មុខ គឺនឹងបង្កើតភូមិគំរូឱ្យបាន​៥០ភូមិទៀត«ហើយក្នុង​ហ្នឹង​ក៏មានភូមិនៅតាម​ព្រំដែន​ផងដែរ​ ដោយសារយើងយក១ខេត្ត​២ភូមិ ដល់អ៊ីចឹងមាន​គ្រប់​រាជធានីខេត្ត»

861 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម