សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

បញ្ហា​រអាក់រអួល​របស់​​ធនាគារ APD បាន​បង្កក្ដីបារម្ភ​លើ​រឿង​តម្លាភាព ខណៈ​រដ្ឋាភិបាល​អំពាវនាវ​​ឱ្យ​​អ្នក​ដាក់​ប្រាក់​ស្ងប់ចិត្ត​

ស្នាក់​ការ​កណ្ដាល​ធនាគារ​អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ហៅ​កាត់ APD។ រូបភាព​ថតថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)
ស្នាក់​ការ​កណ្ដាល​ធនាគារ​អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ហៅ​កាត់ APD។ រូបភាព​ថតថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

ក្ដី​បារម្ភ​ទាក់ទង​នឹង​តម្លាភាព​លើ​វិស័យ​ធនាគារ​នៅ​កម្ពុជា​​​បាន​ធ្វើ​ឲ្យ​មានការ​រំជើប​រំជួល​​មួយ​​រយៈ​​ខ្លី​​ ក្រោយ​ពី​ធនាគារ​​មួយ​នៅរាជធានី​ភ្នំពេ​ញ​ បាន​ផ្អាក​សេវាកម្ម​របស់​ខ្លួន​បណ្ដោះអាសន្ន និង​បាន​កំណត់ចំនួន​សាច់ប្រាក់​ដែល​អាច​ដក​បាន​។ អ្នក​ជំនាញ​លើកឡើងថា ​​ភាព​​រអាក់​រអួល​​ផ្នែក​ប្រតិបត្តិការ​របស់ធនាគារ​អាច​បង្ក​ជា​ក្ដី​បារម្ភ​ខ្លាំង​​ដល់​អតិថិជន​ផ្ញើ​ប្រាក់ ខណៈ​ដែល​ថ្មីៗ​នេះ​មាន​ធនាគារ​​មួយ​ចំនួន​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម​​។​

​កាល​ពី​ថ្ងៃចន្ទ អតិថិជន​របស់​ធនាគារ​អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ហៅ​កាត់ថា​ APD ​នៅ​រាជធានីភ្នំពេញ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ស្នាក់​ការ​កណ្ដាល​ដើម្បី​ចាំ​ដកប្រាក់ បន្ទាប់​ពី​ធនាគារ​បាន​កំណត់​ចំនួន​សាច់​ប្រាក់​ដែល​អាច​ដក​បានត្រឹម​៣០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ស្រប​ពេល​ដែល​សេវា​វីសា​កាត​នៅ​តែមិន​ទាន់​ដំណើរ​ការ​​ ក្រោយ​មិន​អាច​ប្រតិបត្តិការ​បាន​ប្រាំ​ថ្ងៃ និង​ខាង​ធនាគារ​អះអាងថាដោយសារ​​«ធ្វើការថែទាំប្រព័ន្ធ»​។​

​បើ​តាម​របាយការណ៍​​ប្រ​ចាំ​ឆ្នាំ​២០២៤ ធនាគារ​មួយ​នេះ​​បាន​ទទួល​ប្រាក់បញ្ញើ​ជាង​១ពាន់​លាន​ដុល្លារ​។  លោក វង្ស ពេជ្រ ជា​ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ដែល​ជា​អ្នក​កាន់​ហ៊ុន​៩៩​ភាគ​រយ​។ អ្នក​ជំនាញ​លើ​កឡើង​ថា​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នេះ​ហាក់​មិន​ប្រក្រតី ជាពិសេស​ធនាគារ​អាច​​មានទ្រព្យ​កើន​ឡើង​រហូត​ដល់​ជាង​១ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ឆ្នាំ​២០១៦ មក​។​

ភាព​រអាក់រអួល​របស់​ធនាគារ​នេះ បានបង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ដល់​អតិថិជន​ជា​ខ្លាំង ស្រប​ពេល​ដែល​ថ្មីៗ​នេះមានគ្រឹះស្ថានហិរញ្ញវត្ថុ​មួយ​ចំនួន​​ដែល​ជាប់​ក្នុង​បញ្ជីខ្មៅរបស់អាមេរិក​​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ និង​ធនាគារ​ផ្សេង​ទៀត​ជាប់​​សង្ស័យ​ថាមានទំនាក់ទំនងនឹង​បណ្ដាញ​ឆបោក​អនឡាញ​។ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​នោះ​មាន​ធនាគារព្រីនស៍ និង​ Huione Pay ដែល​ក្រោ​យ​មក​ប្ដូរ​ជា​ H-Pay​។ ទាំងក្រុម​ហ៊ុន​ផ្ទាល់ និងក្រុម​ហ៊ុន​មេ​របស់ស្ថាប័ន​ទាំង​នេះ​បាន​បដិសេធ​​ថា ​មិន​ជាប់ពាក់ព័ន្ធ​នឹង​អំពើឆបោក​តាម​អនឡាញ ឬ​ការ​លាង​លុយ​កខ្វក់​ណា​មួយ​ទេ​។​

ធនាគារ​​ផេនដា មិន​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ណា​មួយ​​ពី​អាមេរិក​នោះទេ ប៉ុន្តែ​ថ្នាក់​ដឹក​នាំជាន់​ខ្ពស់​របស់ធនាគារ​មានជាប់​​ពាក់ព័ន្ធ​នឹង​គ្រឹះស្ថានហិរញ្ញវត្ថុ​ Huione និង​ធនាគារ​ព្រីនស៍​។ អាជ្ញាប័ណ្ណធនាគារ​នេះ​ក៏​ត្រូវ​បាន​ដក​ហូត​ដូច​គ្នា​ និង​ត្រូវបង្ខំ​ឲ្យ​បិទ​អាជីវកម្ម​កាលពី​ខែកុម្ភៈ ​ទាក់ទង​នឹង​ «​ស្ថាន​ភាព​ហិរញ្ញវត្ថុ​របស់​ធនាគារ​ធ្លាក់ចុះ​ជាបន្តបន្ទាប់»។ នេះ​បើ​តាម​សេចក្ដីប្រកាស​របស់ធនាគារជាតិ​នៃកម្ពុជា​។​

ធនាគារ​ APD បាន​និយាយ​ថា ​ពាក្យ​ចចាមអារ៉ាម​ដែល​ថាអាជ្ញាប័ណ្ណ​របស់ធនាគារ​ត្រូវ​បាន​ដក គឺជា​រឿង​មិនពិត​។ ធនាគារ​បញ្ជាក់ថា​​ខ្លួន​នឹង​បន្ត​ចាត់វិធានការ​ផ្លូវ​ច្បាប់​លើ​​អ្វី​ដែលធនាគារ​ចាត់ទុក​ថា​បាន​ផ្សាយ​ព័ត៌មានមិនពិត​​លើ​ប្រព័ន្ធអនឡាញ​។​

​ធនាគារ​ជាតិ​នៃកម្ពុជា​​បាន​ចេញ​មក​រំងាប់​ភាព​រំជើបរំជួល​របស់​សាធារណជន និង​បញ្ឈប់​ប្រ​ជា​ពល​រដ្ឋ​កុំ​ឲ្យ​ប្រណាំង​គ្នា​ដក​ប្រាក់​​។ ទេសាភិបាល​ធនាគារ​ជាតិ អ្នកស្រី ជា​ សិរី បាន​ជំរុញ​ឲ្យ​សាធារណជន​រក្សា​ភាព​ស្ងប់ស្ងាត់ ខណៈ​ខ្លួន​កំពុង​ធ្វើ​ការ​ជាមួយ​ធនាគារ​ដោះស្រាយ​បញ្ហា​ប្រាក់​បញ្ញើ និង​បន្ត​អះអាង​ថា​ប្រព័ន្ធធនាគារ​នៅ​កម្ពុជា«​នៅ​តែមាន​ភាព​រឹងមាំ​»។​​

អ្នក​វិភាគ​ហិរញ្ញវត្ថុ​ក្នុង​ស្រុក​​លើក​ឡើង​ថា ​ករណី​ធនាគារ APD ​បាន​បង្ហាញ​ពី​ប្រសិទ្ធភាពនៃការ​គាំពារអតិថិជន​។​​

លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងការវិនិយោគនៅ F.I Vision Capital បាននិយាយថា៖ «វាអាចជាបញ្ហាបច្ចេកទេសដែលធនាគារមិនបានជូនដំណឹងដល់អតិថិជនជាមុន។ ជាធម្មតា ការថែទាំគឺដឹងពេលវេលាជាមុន។ វាមិនមានចៃដន្យទេ»

លោក​បន្ថែម​ថា ​ការមិន​ជូន​ដំណឹង​ជាមុន ដូច​ជា​ករណីនេះ អាច​បង្កជាក្ដី​កង្វល់​ដល់​អតិថិជន និង​ប៉ះពាល់​ដល់​ជីវភាពប្រចាំ​ថ្ងៃ ខណៈ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​នៅបច្ចុប្បន្ន​នេះ​​ទូទាត់ប្រាក់​តាមប្រព័ន្ធឌីជីថលនិង​មាន​សាច់​ប្រាក់តិចតួច​នៅ​ក្នុង​ដៃ​។​

ធនាគារ​ APD ទើប​ចាប់​ផ្ដើម​ជូន​ដំណឹងដល់​​អតិថិជន​អំពី​ការ​ថែទាំប្រព័ន្ធ​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី​១១ ខែមីនា​។

​តាម​គោលការណ៍​របស់​ធនាគារ​ជាតិ​​​ស្ដី​ពី​ការ​គ្រប់​គ្រង​ហានីភ័យ​​ ​តម្រូ​វ​ឲ្យ​ធនាគារ​ទាំងអស់​គ្រប់គ្រង​ប្រព័ន្ធ​របស់​ខ្លួន និង​​កំណត់​កំហូច​របស់​ប្រព័ន្ធ​ឲ្យ​បាន​រហ័ស និង​ឆ្លើយ​តប​ឲ្យ​បាន​លឿន​បំផុត​​ដើម្បី​កាត់​បន្ថយ​ការ​រំខាន​ដល់​សេវា​កម្ម​។​

ធនាគារ​ APD មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​​តាម​សំណើ​សុំអត្ថាធិប្បាយ​របស់អ្នកសារព័ត៌មាន​តាម​អ៊ីម៉ែល​នោះទេ​។ ធនាគារ​ជាតិ​នៃកម្ពុជា​ក៏​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​តាម​សំណើ​សុំ​អត្ថាធិប្បាយ​នេះដែរ។​

លោក ង៉ែត ជូ មិន​អាច​វាយ​តម្លៃពីមូល​ហេតុ​ដែល​នាំ​ឲ្យ​មានភាព​រអាក់រអួល​របស់​ធនាគារ​ APD នោះទេ ប៉ុន្តែ​លោក​បានជំរុញ​ឲ្យ​ធនាគារ APD និងធនាគារ​ជាតិ​​មាន​តម្លាភាព​ចំពោះ​សាធារណជន​។​ លោក​បន្ថែម​ថា បើ​គ្មាន​ព័ត៌មាន​ច្បាស់​លាស់ពី​អាជ្ញាធរ ពាក្យ​ចចាមអារ៉ាម​នៅ​តែបង្ក​ជា​ក្ដី​កង្វល់​ដល់សាធារណជន​។​

ក្រៅពីក្ដីបារម្ភ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ ដែល​រដ្ឋាភិបាល​ប្ដេជ្ញាថា​នឹង​លុបបំបាត់ត្រឹម​ខែមេសា វិស័យ​ធនាគារ​ក៏​កំពុង​តែ​ប្រឈម​នឹង​ការ​កើន​ឡើង​នៃ​កម្ចីខូច ​ដែល​បាន​ធ្វើ​ឲ្យ​ធនាគារ​ជាតិ​កាលពី​ខែមុន បាន​បង្កើត​ប្រព័ន្ធ​មួយ​សម្រាប់​គ្រប់គ្រង​ទ្រព្យ​របស់​ស្ថាប័ន​ទាំង​នោះ​​។​

​ទាក់ទង​នឹង​ភាព​រំជើបរំជួល​របស់​សាធារណជន​នេះ គ្រឹះស្ថាន​ហិរញវត្ថុ​​មួយ​ចំនួន​បាន​ចេញ​មុខ​មក​ធានាអះអាង​ចំពោះ​អតិថិជន​ខ្លួន​។​​ ធនាគារ​ Philip និង LOLC បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា​គ្រឹះស្ថាន​របស់​ខ្លួន​នៅ​តែ​មានស្ថិរភាព​ហិរញ្ញវត្ថុង និងប្រតិបត្តិការ​រឹងមាំ​។​

ដូចគ្នា​ដែរ សមាគម​ធនាគារ​កម្ពុជា និង​សមាគមគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុកម្ពុជា បាន​ធានាអះ​អាង​​ថា ​វិស័​យ​ធនាគារ​នៅ​កម្ពុជា​«នៅ​តែមានភាព​រឹងមាំ» និង​បន្ថែមថា​គ្រឹះស្ថានទាំងនោះ​មាន​សាច់ប្រាក់​គ្រប់គ្រាន់​ និង​បាន​អនុវត្ត​តាម​ការណែ​នាំ​របស់​ធនាគារ​ជាតិ​បាន​យ៉ាង​ខ្ជាប់ខ្ជួន​៕​

ព័ត៌មានថ្មី

អត្ថបទពេញនិយម