អាជ្ញាធរជាតិអប្សរាបានធ្វើការគូសបញ្ជាក់ជាថ្មីទៀតថា ការបង់ថ្លៃសេវា និងការដាក់លិខិតស្នើសុំថតនៅតំបន់អង្គរ គឺសម្រាប់តែចំពោះការថតបែបអាជីវកម្មរកប្រាក់ចំណេញប៉ុណ្ណោះ ខណៈនៅតែមានការរិះគន់ចំពោះថ្លៃសេវាសម្រាប់ការថតនេះ។
ការចេញមកបញ្ជាក់ជាថ្មីទៀតរបស់អាជ្ញាធរជាតិអប្សរានេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរនេះបានប្រកាសឱ្យដឹងពីតម្លៃសម្រាប់ការថតជាសន្លឹក និងថតជាវីដេអូសម្រាប់ការធ្វើអាជីវកម្មនៅតំបន់អង្គរដែលមានតម្លៃចាប់ពី៣០ដុល្លារ រហូតដល់៥០០០ដុល្លារក្នុងមួយថ្ងៃដែលបានក្លាយទៅជាប្រធានបទពិភាក្សាយ៉ាងផុលផុសនៅលើបណ្តាញសង្គមដោយសាធារណជនជាច្រើនបានចាត់ទុកការយកថ្លៃខ្ពស់នេះថា ជាផ្នែកមួយដែលបង្អាក់ដំណើរកម្សាន្តរបស់ភ្ញៀវមកកាន់ទឹកដីអង្គរ។
តាមរយៈវីដេអូដែលបង្ហោះនៅលើហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានពន្យល់ពីប្រភេទសេវាដែលត្រូវបង់ថ្លៃ និងដាក់លិខិតស្នើសុំថា៖ «ការបង់ថ្លៃសេវា និងដាក់លិខិតស្នើសុំ គឺចំពោះតែការថតបែបអាជីវកម្មរកប្រាក់ចំណេញ ដូចជាការថតស៉្បតពាណិជ្ជកម្ម ផ្សព្វផ្សាយផលិតផល ភាពយន្តខ្នាតធំ-តូចនានា។ល។ ដោយឡែក ការថតវីដេអូ រូបភាពក្នុងន័យផ្សព្វផ្សាយទេសចរណ៍ អនុស្សាវរីយ៍ផ្សេងៗ គឺមិនតម្រូវឱ្យស្នើសុំ និងបង់ថ្លៃសេវានោះទេ បើទោះប្រើប្រាស់កាមេរ៉ាប្រភេទណាក៏ដោយ»។
អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី៦ ខែសីហា បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានធ្វើការពន្យល់ថា តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្មដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ គឺជាតម្លៃសេវាកម្មដែលបានអនុវត្តតាំងពីឆ្នាំ២០១២មកម្ល៉េះដោយមិនមានការដំឡើងតម្លៃណាមួយឡើយហើយក្នុងនោះតម្លៃមួយចំនួនថែមទាំងត្រូវបានកែសម្រួលបន្ថយទៀតផង។
សេចក្តីប្រកាសបញ្ជាក់ទៀតថា រាល់តម្លៃសេវាទាំងអស់ត្រូវបង់ផ្ទាល់ទៅធនាគារជាតិសាខាខេត្តសៀមរាប។ បន្ថែមពីនេះ«អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់សាធារណជនឱ្យបញ្ឈប់ចែករំលែកព័ត៌មានដែលផ្ទុយពីការពិត និងចូលរួមចែករំលែកព័ត៌មានពិតដែលមានប្រភពច្បាស់លាស់»។
កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសដោយភ្ជាប់ជាមួយតារាងតម្លៃថា ការថតភាពយន្តខ្នាតតូចធំនៅរមណីយដ្ឋានអង្គរសម្រាប់ធ្វើអាជីវកម្ម ត្រូវបង់ប្រាក់ចន្លោះពី៣០ដុល្លារទៅ ៤ ៥០០ដុល្លារក្នុងមួយថ្ងៃ និងត្រូវដាក់ពាក្យស្នើសុំរយៈពេល១០ថ្ងៃ។ ចំណែកការថតវីដេអូ និងរូបភាពសម្រាប់ផលិតចម្រៀងកាយវិការ វីដេអូឯកសារ ជាពិសេសសម្រាប់ស្ប៉តពាណិជ្ជកម្មខ្នាតតូច ធំ និងការថតវីដេអូ និងរូបភាពសន្លឹកដោយដ្រូន គឺត្រូវបង់ប្រាក់ចន្លោះពី៥០ដុល្លារទៅដល់៥ ០០០ដុល្លារក្នុង១ថ្ងៃ និងត្រូវដាក់ពាក្យស្នើសុំរយៈពេល៥ថ្ងៃ។
ការចេញសេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរានេះបានធ្វើឱ្យមានប្រតិកម្ម និងការពិភាក្សាយ៉ាងផុលផុសថា នេះជាផ្នែកមួយទៀតដែលរួមចំណែកបង្អាក់ដំណើរភ្ញៀវទេសចរបរទេសមកលេងអង្គរវត្ត។
លោក ឈិត ប៉ូលាក់ ដែលកាន់អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ចេញដោយក្រសួងទេសចរណ៍បានប្រាប់ ខេមបូចា នៅថ្ងៃទី១២ ខែសីហាថា ការយកតម្លៃខ្ពស់ពីការថតសន្លឹកនិងការថតវីដេអូពីអ្នកថតយកទៅធ្វើអាជីវកម្មបើគិតពីផលប្រយោជន៍សេដ្ឋកិច្ច គឺរដ្ឋបានចំណូលបន្តិចបន្តួច តែបាត់បង់ចំណូលច្រើន។
លោកលើកឡើងថា បើក្រុមហ៊ុន ឬស្ថាប័នអន្តរជាតិធំៗគេមកថតផ្សាយពាណិជ្ជកម្ម(ថតស្ប៉ត) ឬថតខ្សែភាពយន្តនៅតំបន់អង្គរគឺក្រុមការងាររបស់គេមកដេកចាយលុយនៅតំបន់អង្គរ ហើយអ្វីដែលគេថត គឺគេយកទៅផ្សាយនៅពេញពិភពលោកដែលជាផ្នែកមួយសម្រាប់ជួយទាក់ទាញទេសចរបរទេសឱ្យមកលេងអង្គរវត្តឱ្យបានកាន់តែច្រើនផងដែរ ខណៈការផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជានៅមានកម្រិត។
លោក ឈិត ប៉ូលាក់ ដែលធ្វើជាមគ្គុទេ្ទសទេសចរណ៍នៅតំបន់អង្គរ១៦ឆ្នាំមកហើយនោះលើកឡើងថា៖ «ការយកថ្លៃក្នុងតម្លៃខ្ពស់វាធ្វើឱ្យប៉ះពាល់ដោយសារ media ក្នុងស្រុកមិនអាចផ្សាយទៅបរទេសបានទូលំទូលាយទេ ហើយបរទេសក៏មិនទុកចិត្ត Media យើងដែរ បរទេសគេទុកចិត្ត គេមើលតែបណ្តាញព័ត៌មានអន្តរជាតិធំៗ»។
លោក ប៉ូលាក់ ចង់ឱ្យអាជ្ញាធរជាតិអប្សរាធ្វើយ៉ាងណាទាក់ទាញដល់ក្រុមហ៊ុន ឬស្ថាប័នអន្តរជាតិឱ្យចូលមកថតនៅតំបន់អង្គរដើម្បីជាការរួមចំណែកជួយផ្សព្វផ្សាយពីតំបន់អង្គរទៅកាន់ពិភពលោក ចាំដល់ពេលមានភ្ញៀវជាង៥លាននាក់ក្នុង១ឆ្នាំចូលមកលេងអង្គរដូចកាលពីមុនកូវីដចាំអាជ្ញាធរអប្សរាគិតពីតម្លៃនេះឡើងវិញ។
នៅក្នុងរដូវទេសចរធ្លាក់នេះ លោក ប៉ូលាក់ ឱ្យដឹងថា ប្រាក់ចំណូលរបស់លោកបានធ្លាក់ចុះអស់៧០ភាគរយដោយសារភ្ញៀវភាគច្រើនទិញកញ្ចប់ទេសចរដែលមានតម្លៃថោក តែចាប់ពីខែតុលាដល់ខែកុម្ភៈលោកនឹងទទួលបានភ្ងៀវទេសចរច្រើនធម្មតាវិញ។ ទោះយ៉ាងណាលោកថា ជាទូទៅបច្ចុប្បន្ននៅតំបន់អង្គរមានភ្ញៀវបរទេសមកលេងរាងច្រើនជាងកាលពីប៉ុន្មានខែមុន។
លោក ប៉ូលាក់ បន្ថែមថា ភ្ញៀវទេសចរបរទេសខ្លះមកពីអឺរ៉ុបដែលលោកបានផ្តល់សេវានាំផ្លូវពួកគាត់និយាយថា ពួកគាត់មិនចង់មកចុះនៅសៀមរាបទេដោយសារតែកញ្ចប់ទេសចរដែលចុះនៅព្រលានយន្តហោះខេត្តសៀមរាបមានម្លៃថ្លៃ តែពួកគេសុខចិត្តចុះចតនៅភ្នំពេញហើយជិះឡានតាក់ស៊ីទៅសៀមរាប។
ចំណែកលោក ព្រំ ឧត្តម ដែលជាអ្នកបើកបររថយន្តដឹកភ្ញៀវទេសចរពីព្រលានយន្តហោះអន្តរជាតិសៀមរាបទៅក្រុងសៀមរាបក៏បានលើកឡើងស្រដៀងនឹងលោក ឈិត ប៉ូលាក់ ផងដែរថា៖ «ជាធម្មតាកាលបើមានក្រុមហ៊ុនអន្តរជាតិគេមកថតនៅអង្គរច្រើន គឺគេនឹងយកទៅផ្សព្វផ្សាយច្រើន ហើយនៅពេលដែលគេផ្សព្វផ្សាយច្រើន វានឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យមកលេងច្រើន ហើយនៅពេលនោះខ្ញុំក៏សម្បូរភ្ញៀវដឹក ឯសណ្ឋាគារផ្ទះសំណាក់ក៏មានភ្ញៀវដេកច្រើនហើយអ្នកលក់ដូរផ្សេងៗក៏លក់ដាច់»។
ចំណែកនៅលើបណ្តាញសង្គមវិញ អ្នកលេងហ្វេសប៊ុកជាច្រើនបានចូលទៅខមិននៅលើហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា ក្នុងនោះក៏មានអាខោនហ្វេសប៊ុកឈ្មោះYa TiO, Leakhena Chet និងSem Sokunthea បានចាត់ទុកការយកថ្លៃខ្ពស់លើការថតរូប និងថតវីដេអូសម្រាប់ការធ្វើអាជីវកម្មរបស់អាជ្ញាធរអប្សរាថា ជាផ្នែកមួយដែលបានបង្អាក់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរហើយថា ការកំណត់យកថ្លៃថតរូប ឬថតភាពយន្តមិនអាចទទួលបានប្រាក់ចំណូលច្រើនដូចប្រាក់ចំណូលដែលភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្ពុជាក្នុងចំនួនច្រើននោះឡើយ។ អាខោនឈ្មោះKhea Kheng បានបន្ទរថា«ទោះបីជាយើងមិនសូវជាបានចំណូលពី សេវាកម្ម(ពីការថត)នៅក្នុងតំបន់រមណីយដ្ឋានអង្គរតែកម្ពុជាអាចទទួលចំណូលពីការស្នាក់នៅ ហូបចុក ធ្វើដំណើរ…»។
Leakhena Chet សរសេរថា៖ «ខ្ញុំលែងឆ្ងល់ហើយថាហេតុអ្វី បានជាពុំសូវមានភ្ញៀវទេសចរណ៍បរទេសចូលមកទស្សនានៅប្រាសាទដូចពេលកន្លងមក ឈប់បានឈប់ទៅ ចូរក្រឡេកទៅមើលប្រទេសជិតខាងផង គេស្វះស្វែងរិះរកគ្រប់វិធីណាស់ធ្វើយ៉ាងណាដើម្បីឱ្យប្រទេសគេកើនឡើងនូវភ្ញៀវទេសចរបរទេស…»។ ចំណែកហ្វេសប៊ុកឈ្មោះខេម៉ា សុជាតា បន្ទរថា៖ «ចេះមើលប្រទេសគេជិតខាងផងលោកម្ចាស់អើយមិនចម្លែកទេបើស្ងាត់ភ្ញៀវបរទេស គិតអី? មិនយល់»។
គង់៚ គង់៚ក៏បានបញ្ចេញមតិដែរថា៖ «រឿងដដែលៗ ខ្ញុំមានអារម្មណ៍ថាសុំាខ្លាំងណាស់។ …ខ្ញុំក៏បានជួយផ្សព្វផ្សាយ ពីប្រាសាទបុរាណខ្មែរ ឱ្យគេបានឃើញ។ …វីដេអូក្នុង TikTok ដែលខ្ញុំបានផលិតពីប្រាសាទបុរាណខ្មែរក៏មានអ្នកមើល ២, ៣ រយ, K views ដែរ»។
សម្រាប់ Sreypao Lys និងអ្នកផ្សេងទៀតបានសំណូមពរសូមឱ្យអាជ្ញាធរអប្សរាយកថ្លៃតិចតួចពីការថតសម្រាប់ធ្វើអាជីវកម្ម ដើម្បីឱ្យមានការថតយកទៅផ្សព្វផ្សាយដល់ជាតិសាសន៍ដទៃដើម្បីឱ្យគេបានស្គាល់ពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជាហើយគេមកលេង។
Sem Sokunthea បានលើកឡើងថា ពេលនេះភ្ញៀវទេសចរណ៍ធ្លាក់ចុះខ្លាំងណាស់ គួរតែលើកទឹកចិត្ត និងបន្ធូរបន្ថយដល់អ្នកផលិតមាតិកា និងអ្នកផ្សព្វផ្សាយទាំងឡាយ ជាជាងយកលុយពីពួកគាត់ ព្រោះមានតែពួកគាត់នេះហើយដែលអាចជួយផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។
ប៉ុន្តែមិនមែនអ្នកចូលទៅខមិនសុទ្ធតែជំទាស់ជាមួយការកំណត់យកថ្លៃសេវារបស់អាជ្ញាធរជាតិអប្សរានោះទេ។ លោក ស៊ន់ សុជាតិ ដែលជាមេធាវីរស់នៅខេត្តសៀមរាប បានចូលមកបញ្ចេញមតិដោយគាំទ្រទៅនឹងតម្លៃសេវាដែលអាជ្ញាធរជាតិអប្សរាបានកំណត់។
លោក សុជាតិ អះអាងថា នៅស្រុកគេក៏គេគិតថ្លៃដូចគ្នា ដូចជានៅប្រាសាទពីរ៉ាមីតប្រទេសអេហ្ស៊ីប បើថតជាវីដេអូឯកសារត្រូវបង់១០០០$ ក្នុងមួយថ្ងៃ បើថតផ្សព្វផ្សាយលក់ផលិតផលត្រូវបង់ ៣០០០$ ក្នុងមួយថ្ងៃ ហើយបើថតភាពយន្តវិញ ត្រូវបំពេញបែបបទស្មុគស្មាញ និងបង់ថ្លៃច្រើនជាងកម្ពុជាឆ្ងាយណាស់។ លោកបញ្ជាក់ថា បច្ចុប្បន្ននៅតំបន់អង្គរខ្សត់ភ្ញៀវមែន ប៉ុន្តែមិនមែនខ្សត់ដោយសារតែអត់មានផលិតករមកថតភាពយន្ត ឬថតពាណិជ្ជកម្មផ្សព្វផ្សាយលក់ផលិតផលរបស់ពួកគេនោះទេ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា មិនបានឆ្លើយតបទៅនឹងសំណើរសុំធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះពី ខេមបូចា នោះទេ ប៉ុន្តែលោកស្រីត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សំដីចុះផ្សាយថា តម្លៃសេវាសាធារណៈពាក់ព័ន្ធនឹងការថតវីដេអូ និងរូបភាពនៅរមណីយដ្ឋានអង្គរដែលសាធារណជនយល់ថា ជាតម្លៃមួយរាងថ្លៃគឺពិតជាថ្លៃពិតមែន ហើយតម្លៃនេះនឹងប៉ះពាល់ដល់រំហូរទេសចរចូលមកទស្សនានៅកម្ពុជា ព្រោះរាល់ការថតវីដេអូឬការថតរូបភាពជាផ្នែកមួយនៃការផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជា។
លោក អាង គឹមអៀង ដែលជាប្រតិបត្តិករទេសចរណ៍មួយរូប និងជាអតីតប្រធានសមាគមទីភ្នាក់ងារទេសចរណ៍មួយ បានប្រាប់ ខេមបូចា នៅថ្ងៃទី១៣ ខែសីហានេះ ថា តាមរយៈតារាងតម្លៃដែលអាជ្ញាធរជាតិអប្សរាបានផ្សព្វផ្សាយជាសាធារណៈ លោកពិនិត្យឃើញថា សម្រាប់ជនជាតិខ្មែរក៏ដូចជាជនជាតិបរទេសត្រូវបង់តម្លៃមួយដើម្បីថតរូប និងថតវីដេអូនៅតាមប្រាសាទផ្សេងៗ ក្នុងករណីថតសម្រាប់ធ្វើអាជីវកម្ម។ ឯតម្លៃនេះចែកជា៤ជម្រើស ដែលជម្រើសនីមួយៗ ផ្ដោតទៅលើចំនួនប្រាសាទ ពោលគឺចំណាត់ថ្នាក់ និងភាពល្បីល្បាញរបស់ប្រាង្គប្រាសាទ។
លោកបន្តថា តម្លៃសម្រាប់ជនជាតិខ្មែរគឺភាគច្រើន ១០ភាគរយនៃតម្លៃរបស់ជនបរទេស។ ក្នុងករណីការថតសម្រាប់ធ្វើអាជីវកម្មរបស់ជនជាតិខ្មែរ១០ភាគរយ គឺជាការផ្ដល់អាទិភាពដល់ជនជាតិខ្មែរយើង។ នេះបើយើងនិយាយអំពីលក្ខខណ្ឌប្រកួតប្រជែងក្នុងអាជីវកម្ម។ តែបើមិនស្ថិតក្នុងករណីនេះទេយើងគួរពិចារណា ដើម្បីរកភាពវិជ្ជមាន។
លោកមានប្រសាសន៍ថា៖ «ការយកកម្រៃអំពីការចូលទស្សនា តម្លៃសេវាថតរូប ថតវីដេអូ នៅរមណីយដ្ឋានសំខាន់ៗរបស់ពិភពលោកគេក៏ធ្វើដូចគ្នា។ សូមអនុញ្ញាតរំលេចថា ប្រាង្គប្រាសាទរបស់ខ្មែរជាពិសេសប្រាសាទអង្គរវត្តមិនត្រឹមតែបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោក មិនត្រឹមតែជាស្ថាបត្យកម្មដ៏អស្ចារ្យ ។ល។ និង ។ល។ តែប៉ុណ្ណោះទេ តែគឺជាដួងព្រលឹងរបស់ខ្មែរគ្រប់រូប និងរបស់ប្រជាជាតិខ្មែរទាំងមូល»។
លោកលើកឡើងថា នៅលើពិភពលោកយើងនេះ មិនមានប្រទេសណាមួយ បានរូបបេតិកភណ្ឌដែលជាតិគេបានច្នៃបង្កើតឡើងយកទៅដាក់ក្នុងទង់ជាតិរបស់គេទេ។ លោកបញ្ជាក់ថា៖ «គឺមានតែជនជាតិខ្មែរយើងនេះតែមួយគត់ ដែលបានយកស្នាដៃជាមរតកដ៏អស្ចារ្យរបស់បុព្វបុរសខ្លួនទៅធ្វើជាទង់ជាតិរបស់ខ្លួន ពោរពេញទៅដោយមោទនភាព និងការកោតស្ងប់ស្ញែងពីសកលលោកទាំងមូល»។
លោក គឹមអៀង បន្ថែមថា ហេតុនេះបើនរណាក៏អាចថតធ្វើអាជីវកម្មបានដោយសេរីបេតិកភណ្ឌជាដួងព្រលឹងមួយនេះនឹងមិនក្លាយទៅជាវត្ថុឯកទោលកំពូលតែមួយគត់លើលោកនោះទេ។
ចំពោះចំណុចគួរកែលម្អដើម្បីទាក់ទាញទេសចរណ៍ឱ្យមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនលោក គឹមអៀង លើកឡើងថា ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ត្រូវសម្រួលមធ្យោបាយតភ្ជាប់ឱ្យបានច្រើន ពង្រឹងអាកប្បកិរិយាបដិសណ្ឋារកិច្ចបឋម តម្លៃសេវាកម្ម ពិចារណាលើកលែងទិដ្ឋាការ រយៈពេល៣ឆ្នាំទៅមុខ និងពិចារណាតម្លៃសំបុត្រទស្សនា៣ឆ្នាំទៅមុខ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ក៏មិនបានឆ្លើយតបទៅនឹងសំណើរសុំធ្វើអត្ថាធិប្បាយពីខេមបូចាទាក់ទងទៅនឹងថាតើអាជ្ញាធរជាតិអប្សរានឹងពិចារណាបញ្ចុះថ្លៃសេវាដូចដែលសាធារណជនបានទាមទារឬក៏យ៉ាងណានោះទេ។ ចំណែកលោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌និងវិត្រសិល្បៈបានបដិសេធធ្វើអត្ថាធិប្បាយលើបញ្ហានេះ។
អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤បានចេញសេចក្ដីប្រកាសបញ្ជាក់ថា តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្មដែលខ្លួនបានជូនដំណឹងកាលពីថ្ងៃទី២ខែសីហា គឺមិនមានការដំឡើងតម្លៃណាមួយឡើយ។ វាជាតម្លៃសេវាដែលបានអនុវត្តតាំងពីឆ្នាំ២០១២មកម្ល៉េះ ហើយក្នុងនោះតម្លៃសេវាមួយចំនួនត្រូវបានបន្ធូរបន្ថយនាពេលបច្ចុប្បន្ន។
ការប្រកាសរបស់អាជ្ញាធរជាតិអប្សរាបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញនូវអនុសាសន៍លើការបន្ធូរបន្ថយលក្ខខណ្ឌថតរូបបែបលក្ខណៈឯកជន ដូចជាការថតរូបសម្រាប់អាពាហ៍ពិពាហ៍ និងថតសម្រាប់ផ្សព្វផ្សាយក្នុងបណ្ដាញសង្គមនានាដោយលោកថា មិនចាំបាច់ដាក់ពាក្យស្នើសុំពីអាជ្ញាធរជាតិអប្សរាទៀតឡើយ៕