សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សំណង់ខុសច្បាប់ក្នុងតំបន់អង្គរកើតឡើងចំនួនជាង៤ពាន់ករណីមួយ​ឆ្នាំចុងក្រោយ ខណៈពលរដ្ឋស្នើសុំការអនុញ្ញាតមិនបាន

អ្នកភូមិសាងសង់ឡើងវិញ រួចហើយព្យាយាមបិទបាំងសំណង់ដែលគាត់សង់បន្ថែមទៅលើផ្ទះរបស់ខ្លួន ដែលត្រូវបានរុះរើចេញដោយមន្ត្រីអភិរក្សរបស់អាជ្ញាធរអប្សរា នៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ឃួន ណារីម)
អ្នកភូមិសាងសង់ឡើងវិញ រួចហើយព្យាយាមបិទបាំងសំណង់ដែលគាត់សង់បន្ថែមទៅលើផ្ទះរបស់ខ្លួន ដែលត្រូវបានរុះរើចេញដោយមន្ត្រីអភិរក្សរបស់អាជ្ញាធរអប្សរា នៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ឃួន ណារីម)

ចាប់តាំងពីខែសីហា ឆ្នាំ២០២៤ រហូតដល់ ចុងខែសីហា ឆ្នាំ២០២៥នេះ ការរាលដាលសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ កើត​ឡើងចំនួនជាង ៤ ០០០ករណី នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយអាជ្ញាធរខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។

សេចក្តីណែនាំចុះថ្ងៃទី២៩ ខែកញ្ញា រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ការរាលដាលសំណង់ និងការ្យខុសច្បាប់កើតឡើងចំនួន ៤ ២៦៤ករណី ក្នុងនោះរួមមាន សំណង់ផ្ទះថ្មី ជួសជុលផ្ទះ តសំយ៉ាប ចាក់បំពេញអាចម៍ដី ធ្វើរបង រោង ទ្រុងចិញ្ចឹមសត្វ និងជីកស្រះ ជាដើម។ ម្យ៉ាងទៀត អាជ្ញាធរក៏បានចុះពិនិត្យ និងណែនាំ ក៏ប៉ុន្តែហាក់មិនទទួលកិច្ចសហការពីពលរដ្ឋ ហើយថែមទាំងប្រមូលផ្តុំគ្នារារាំងការអនុវត្តរបស់អាជ្ញាធរ។

បន្ថែមពីនេះ បច្ចុប្បន្ន អាជ្ញាធរពាក់ព័ន្ធបាននិងកំពុងរៀបចំផែនការប្រើប្រាស់ដីតំបន់រមណីយដ្ឋាន​បេតិកភណ្ឌពិភពលោកអង្គរ ធ្វើយ៉ាងណាឱ្យពលរដ្ឋទទួលបានការគាំពារផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងរស់នៅប្រកបដោយសុខដុមរមនា សក្តិសមជា«អ្នកភូមិអង្គរ»

សេចក្តីណែនាំ បានលើកឡើងថា៖ «រដ្ឋបាលខេត្តសៀមរាប សូមណែនាំបងប្អូនពលរដ្ឋដែលរស់នៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកតំបន់អង្គរថា សូមបញ្ឈប់រាល់ការសាងសង់សំណង់ និងការ្យផ្សេងៗដោយពុំមានច្បាប់អនុញ្ញាត និងសូមបន្តឱ្យអនុវត្តឱ្យខានតែបាន[…]»

លិខិតបានបន្តថា៖ «ក្រៅពីនេះ សូមបងប្អូនពលរដ្ឋបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពប្រមូលផ្តុំ ដើម្បីតវ៉ាប្រឆាំងនិងការអនុវត្តការងាររបស់អាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណីបងប្អូនពលរដ្ឋនៅតែបន្តនូវសកម្មភាពខាងលើរដ្ឋបាលខេត្តសៀមរាបនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមនីតិវិធី និងច្បាប់ជាធរមាន»។

ជុំវិញរឿងនេះ ពលរដ្ឋរស់នៅឃុំខ្នាត ស្រុកពួក លោក សេង ហាច ប្រាប់ សារពត៌មានខេមបូចា ថា លោកជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាង៦រយគ្រួសារ ដែលធ្លាប់ចូលរួមប្រតិកម្ម និងដង្ហែញត្តិដាក់ទៅសាលាខេត្តសៀមរាប ដើម្បីស្នើសុំភាពងាយស្រួលក្នុងការសាងសង់ កាលពីដើមឆ្នាំ២០២៤។

លោក ហាច បន្តថា ករណីកំណើនការសាងសង់នេះ ដោយសារកន្លងមក អាជ្ញាធរអប្សរាបានហាមឃាត់ពលរដ្ឋយ៉ាងតឹងរ៉ឹង សូម្បីបីគ្រួសារខ្លះ ផ្ទះដួលរលំទៅហើយក្តី។

លោក ហាច និយាយថា៖ «បន្ទាប់ពីផ្ទុះការតវ៉ា ក្រុមអាជ្ញាធរស្ងប់ស្ងាត់ឈប់ចុះរុះរើមួយរយ: ទើបទទួលបានទិន្នន័យជាង៤ពាន់នេះ។ ប៉ុន្តែមុនតវ៉ា ពួកយើងទៅសុំច្បាប់ក៏គេអត់ឱ្យ ទោះបីតសំយ៉ាប ដំបូល អីក៏គេឈប់ឱ្យ ពីដំបូងគេថាឱ្យ ដល់ថ្ងៃធ្វើទៅសុំបែរមិនឱ្យ ចឹងរឿងពលរដ្ឋលួចធ្វើមិនដាក់ច្បាប់នេះ ក៏ដោយសារគាត់មិនទទួលស្គាល់»

លោក ហាច បន្ថែមថា៖ «ពួកយើងទទួលស្គាល់អាជ្ញាធរអប្សរា ឬអង្គការយូនីស្កូបង្កើតមកដើម្បីអភិរក្សបេតិកភណ្ឌពិភពលោក ប៉ុន្តែពួកខ្ញុំនៅឆ្ងាយពីប្រាសាទជាង១២គីឡូម៉ែត្រមិនឱ្យសង់វាដូចជាមិនត្រូវ ព្រោះពួកខ្ញុំមិនអាចប្រកបមុខរបរចិញ្ចឹមជីវិត កសិកម្ម សូមម្បីទ្រុងមាន់ទា ឈូសដីក៏មិនឱ្យ តើឱ្យរស់នៅរីកចម្រើនយ៉ាងម៉េច ខ្ញុំមិនយល់? អាហ្នឹងបានពួកយើងទ្រាំលែងបាន»

មិនខុសគ្នាប៉ុន្មាន ពលរដ្ឋរស់នៅឃុំខ្នាតម្នាក់ទៀត គឺលោក សំអុល ឱ្យដឹងដែរថា មូលហេតុលោក និងពលរដ្ឋផ្សេងទៀតបន្តសាងសង់សំណង់បែបនេះ ក៏ដោយសារតម្រូវការរស់នៅ ដើម្បីចិញ្ចឹមជីវិតមួយរស់តែប៉ុណ្ណោះ។

លោក សំអុល និយាយថា៖ «ពួកយើងដើម្បីជម្រកមួយរស់ទើបត្រូវរើបម្រះ! ពួកខ្ញុំនៅបារាយណ៍ខាងលិចឆ្ងាយណាស់ហើយ អយុត្តិធម៌ត្រង់ថា តំបន់អង្គរគួរតែតំបន់ប្រជុំដោយប្រាសាទ ជាក់ស្តែង នៅឆ្ងាយ១៣គីឡូម៉ែត្រគ្មានប្រាសាទ ប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធទេ ឬទេសចរណ៍ទេ»។

លោក សំអុល សំណូមពរថា៖ «រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធគួរបញ្ឈប់ការរឹតត្បិត និង រកដំណោះស្រាយឱ្យប្រជាពលរដ្ឋមានលំនៅឋានសមរម្យ។ ខ្ញុំសង្ឃឹមថានឹងមានបែងចែកតំបន់អភិរក្ស  ផ្សេង និងអភិវឌ្ឍន៍ ព្រោះពេលមានសេដ្ឋកិច្ចសមរម្យ ពលរដ្ឋក៏រីករាយនឹងឧបត្ថម្ភចូលរដ្ឋាភិបាល អត់ធ្វើឱ្យរដ្ឋមានបញ្ហាចឹងដែរ»។

រីឯពលរដ្ឋរស់នៅភូមិតាប្រាក់ ស្រុកប្រាសាទបាគង លោក សួង ស៊ាក ឱ្យដឹងដែរថា បច្ចុប្បន្ន លោកកំពុងរងបណ្តឹងពីអាជ្ញាធរអប្សរានៅឡើយទេ លើសំណុំរឿង «ប្រើប្រាស់អំពើហិង្សា»។ មូលហេតុរងបណ្តឹងនេះ ក៏ដោយសារលោកបានចូលរួមតវ៉ាជាមួយអ្នកភូមិជាច្រើនគ្រួសារទៀត ខណ:អាជ្ញាធរ ចុះបំផ្លាញខ្ទមតង់របស់លោកកាលពីចុងឆ្នាំ២០២៤នេះ។  

លោក សួង ស៊ាក ស្នើដែរថា៖ «ខ្ញុំឯណេះឡើងដល់តុលាការ ដល់ឧទ្ធរណ៍ដែរណាស់! ខ្ញុំអត់បានប្រឆាំងអីទេ គ្រាន់តែស្នើសុំកុំរើអី ព្រោះខ្ញុំធ្វើតែតង់ទេ»

អ្នកភូមិ​ចងដំបូលរោងគោរបស់ពួកគេ​ភ្ជាប់គ្នា​ នៅឃុំ​ខ្នាត់ ស្រុក​ពួក ខេត្ត​សៀមរាប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ (ខេមបូចា/ ឃួន ណារីម)

កាលពីថ្ងៃទី៨ ឧសភា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ ធ្លាប់ថ្លែងក្នុងកិច្ចប្រជុំមួយថា លោកនឹងធ្វើលិខិតអញ្ចើញអង្គការយូនីស្កូ ព្រមទាំងអង្គការពាក់ព័ន្ធមកចូលរួម និងផ្តល់ជំនួយបច្ចេកទេសឆាប់ៗ ដើម្បីបិទបញ្ចប់ជម្លោះរៀបចំតំបន់អង្គរ។

លោករដ្ឋមន្ត្រីបានបន្តថា លោកនឹងផ្តល់សិទ្ធិឱ្យពលរដ្ឋរៀបចំភូមិឃុំ ផ្ទះសម្បែង ភោជនីដ្ឋាន ពិសេសការប្រើប្រាស់ដីធ្លី ក្នុងតំបន់អភិរក្សនេះ។

លោក សាយ សំអាល់ មាន​ប្រសាសន៍​ថា៖ «ខ្ញុំធ្វើនេះ គឺដើម្បីរៀបចំស្រុកអង្គរឱ្យចប់រឿងហ្មង! ឱ្យចប់ទៅ! ខ្ញុំនឹងមិនយកយុទ្ធសាស្ត្រឈ្លោះជាមួយបងប្អូនទេ ព្រោះយើងមកធ្វើការ តែយកបងប្អូនជាគូជម្លោះអាហ្នឹងយើងទៅដឹកនាំគេម៉េចកើត? ខ្ញុំនឹងស្តាប់គ្រប់គ្នា! ខ្ញុំនឹងលើកយោបល់ជូន គួរដើរផ្លូវណាទាក់​ទិន​នឹងផ្លូវ ការប្រើប្រាស់ដី រៀបចំភូមិ ហើយក្រុមការងារមិនអាចធ្វើតែឯងបានទេ ដូច្នេះសូមបងប្អូនមេត្តាចូលរួមកំណត់មួយភូមិម្តង មួយឃុំម្តង»

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណ: ថ្លែងបញ្ជាក់ប្រាប់ សារព័ត៌មានខេមបូចា ថា បច្ចុប្បន្ន គោលនយោបាយដាក់ឱ្យប្រើប្រាស់ដីក្នុងតំបន់រមណីយដ្ឋានអង្គរ បានចេញសេចក្តីព្រាងរួចរាល់ហើយ កាលពីខែឧសភា។ លោក លី វណ្ណ: បញ្ជាក់​ទៀតថា គោល​នយោបាយនេះ ខាងអាជ្ញាធរអប្សរានឹងគិតគូតាមប្រភេទនីមួយៗ ព្រមទាំងបែងចែកតំបន់លក់ដូរផ្សេង ភោជនីយដ្ឋានផ្សេង និងសំណង់ផ្ទះផ្សេង ពោលគឺមិន​អនុញ្ញាតឱ្យសាងសង់សេរីនោះទេ ព្រោះរាល់កិច្ចការទាំងអស់នោះត្រូវតែសិក្សាបន្ថែម​។

លោក លី វណ្ណ: ថ្លែងថា៖ «បាទបានប្រជុំឆ្លង និងពិគ្រោះយោបល់អ្នកពាក់ពន្ធ័បាន២លើកហើយ និងកំពុងរៀបចំ»

ទោះជាយ៉ាងណា អ្នកសម្របសម្រួលនៃអង្គការ លីកាដូ ប្រចាំនៅខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ប៉ៃលិន និងបាត់ដំបង លោក អ៊ិន គង់ជិត ដែលតាមដានរឿងនេះ ថ្លែងថា ការពង្រីកការសាងសង់ គឺមកពីពលរដ្ឋចង់កែលម្អការរស់នៅ និងការរកស៊ី ក្នុងតំបន់ទេសចរណ៍អង្គរ។ មួយឆ្នាំមកនេះ ពលរដ្ឋមួយចំនួនតែងតែសុំច្បាប់ ក៏ប៉ុន្តែដោយ​សារ​នីតិវិធីអាជ្ញាធរស្មុគស្មាញ ពន្យារពេលយូរ ទើបពួកគាត់សម្រេចធ្វើដូច្នោះ។ ដូច្នេះ ដើម្បីជាដំណោះស្រាយអាជ្ញាធរពាក់ព័ន្ធគួរតែឧស្សាហ៍រៀបចំវេទិកាពិគ្រោះយោបល់ ជាមួយសហគមន៍ ហើយទទួលយកនូវសំណូមពររបស់ពួកគាត់ យកទៅគិតគូរពិចារណា។

លោក គង់ជិត មានប្រសាសន៍៖ «ពលរដ្ឋក្នុងក្រុងមួយចំនួនគាត់ពង្រីកឱ្យមានលក្ខណៈមាំទាំ! ម្យ៉ាងចាប់ពីខែឧសភារដូវវស្សាមក គាត់ត្រូវជួសជុលបិទបាំង កែលម្អសុវត្ថិភាពរស់នៅ ការពារគ្រោះធម្មជាតិ។ អាជ្ញាធរគួរបង្កើនផ្សព្វផ្សាយលក្ខខណ្ឌផ្សេងៗ អំពីការរស់នៅ ធ្វើសំណង់ ខ្ញុំក៏គាំទ្រផែនការប្រើប្រាស់ដីធ្លី ប្រសិនបើមានលក្ខណៈស្តង់ដារ មិនសូវចំណាយថវិកាច្រើន ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋនឹងចូលរួមសហការជាមួយ»

របាយការណ៍អាជ្ញាធរអប្សរា បង្ហាញថា តំបន់ការពារមណីយដ្ឋានអង្គរ កំណត់ដោយព្រះរាជក្រឹត្យចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ដែលមានទំហំផ្ទៃដីសរុប ៤០១ គីឡូម៉ែត្រក្រឡា ឬស្មើ៤០១០០ហិកតា  ដែលលាតសន្ធឹងលើភូមិ១១៤ ស្មើនឹង២៧ឃុំ សង្កាត់ ក្នុងក្រុងស្រុកទាំង៦ រួមមាន ក្រុងសៀមរាប ក្រុងរុនតាឯក ស្រុកប្រាសាទបាគង អង្គរធំ ពួក និងបន្ទាយស្រី៕

833 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម