លោក ភុន យុទ្ធ សកម្មជនមកពីខេត្តតាកែវ ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន បន្ទាប់ពីអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែតុលា ដោយសារលោករិះគន់រដ្ឋាភិបាលនៅលើបណ្តាញសង្គម ហ្វេសប៊ុក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តតកែវ។
តាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តតកែវ ចុះថ្ងៃទី៣០ ខែតុលា បានឱ្យដឹងថា សាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យ ហ៊ុន យុទ្ធ ហៅ ភុន យុទ្ធ ពីបទ៖ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី២០ ខែកញ្ញា, ថ្ងៃទី២៣ ខែតុលា, និងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ការចាប់ខ្លួនលោក ភុន យុទ្ធ ដោយអាជ្ញាធរខេត្តតាកែវនេះ គឺជាលើកទីបីហើយចាប់តាំងពីឆ្នាំ២០១៩ ដែលកាលនោះ លោកត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១៨ខែ ពីបទ «ញុះញង់ឱ្យមានការរើសអើង» ក្រោយពីបានបង្ហោះសាររិះគន់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅលើហ្វេសប៊ុក។
ក្រោយមកទៀត លោកត្រូវបានចាប់ខ្លួនម្តងទៀតកាលពីខែមីនា ឆ្នាំ២០២៤ និងត្រូវបានចោទប្រកាន់ពីបទញុះញង់ដូចគ្នា ក្រោយពីបានបង្ហោះវីដេអូរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលឡើងកាន់តំណែងបន្តពីឪពុកកាលពីឆ្នាំ២០២៣។ លោក យុទ្ធ បានជាប់ពន្ធនាគារជាងមួយឆ្នាំ មុនពេលដោះលែងកាលពីខែកញ្ញា ឆ្នាំនេះ។
តាមសមាគមអាដហុក លោក យុទ្ធ ដែលជាជនមានពិការភាពផងនោះ ត្រូវបានចាប់ខ្លួននៅផ្ទះក្នុងស្រុកទ្រាំង ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ក្រោយពីលោកបានបញ្ចេញមតិលើបញ្ហាសង្គមនៅលើបណ្តាញសង្គម។
លោក សៅ សារុន អ្នកនាំពាក្យស្នងការនគរបាលខេត្តតាកែវ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
ភរិយារបស់លោក យុទ្ធ គឺអ្នកស្រី មុំ វិត ដែលមានពិការភាពដូចគ្នា បានប្រាប់ថា អ្នកស្រីមិនដឹងថាហេតុអ្វីបានជាស្វាមីរបស់គាត់ត្រូវបានចាប់ខ្លួនទេ ហើយក៏មិនដឹងថាពេលនេះឃុំខ្លួននៅទីណាដែរ។
អ្នកស្រីបានបន្តថា សមត្ថកិច្ចបានមកដល់ផ្ទះរបស់ខ្លួនមិនបានពន្យល់មូលហេតុណាមួយឡើយ ដោយមកដល់ចាប់ខ្លួនលោក យុទ្ធ និងរឹបអូសទូរសព្ទទាំងអស់តែម្តង។ ទូរសព្ទទាំងនោះត្រូវបានប្រគល់ឱ្យអ្នកស្រីវិញកាលពីរសៀលថ្ងៃព្រហស្បតិ៍ ប៉ុន្តែអាជ្ញាធរមិនប្រាប់ថាប្ដីគាត់នៅឯណាដែរ ទោះបីជាអ្នកស្រីបានសួរដដែលៗក៏ដោយ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំអត់ដឹងថាគាត់ធ្វើខុសអីទេ។ គេមកចាប់គាត់ស្ងាត់ៗ អត់ប្រាប់ថាយកគាត់ទៅណាទេ។ ខ្ញុំចង់ឱ្យគេដោះលែងគាត់វិញ។ ខ្ញុំនៅផ្ទះមើលកូន ចិញ្ចឹមមាន់។ ឥឡូវមានរឿងអីចឹង ខ្ញុំអត់ដឹងធ្វើម៉េចទេ»។
លោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានប្រាប់ថា អង្គការនេះមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយអំពីករណីនេះទេ ប៉ុន្តែកំពុងធ្វើការស៊ើបអង្កេតករណីនេះ។ លោកបានបន្ថែមថា លោក យុទ្ធ តែងតែបញ្ចេញមតិរិះគន់បញ្ហាសង្គមនៅលើបណ្តាញហ្វេសប៊ុក ប៉ុន្តែមិនច្បាស់ថាតើការបង្ហោះសារមួយណាជាមូលហេតុឈានដល់ការចាប់ខ្លួននេះទេ។
លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ជាបក្សប្រឆាំង ដែលលោក យុទ្ធ គាំទ្រ បានថ្កោលទោសចំពោះការចាប់ខ្លួននេះ និងបានអំពាវនាវឱ្យដោះលែងលោក យុទ្ធ ជាបន្ទាន់។
លោកបានថ្លែងថា៖ «ពិតជាអយុត្តិធម៌ណាស់ដែលលោក ភុន យុទ្ធ ជាជនដែលមានពិការភាព ត្រូវបានចាប់ខ្លួនដោយសារតែគាត់បញ្ចេញមតិនៅលើបណ្តាញសង្គម»។ លោកបានបន្ថែមថា នៅក្នុងប្រទេសដែលគោរពគោលការណ៍ប្រជាធិបតេយ្យ វាជារឿងធម្មតានិងល្អប្រសើរសម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិដែលផ្ទុយពីរដ្ឋាភិបាល។
លោកបានបញ្ជាក់ថា៖ «សេរីភាពបញ្ចេញមតិជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ ការរិះគន់មិនគួរត្រូវបានហាមឃាត់ ឬដាក់ទោសនោះទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Outspoken Takeo Activist Arrested Again, Reasons and Whereabouts Unclear











