សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

តើទំនាក់ទំនងរវាងកម្ពុជា-អាមេរិក កំពុងតែប្រសើរឡើង ឬគ្រាន់តែជាផលប្រយោជន៍នយោបាយសម្រាប់លោក ត្រាំ?

នាយករដ្ឋមន្ត្រីកម្ពុជា​ លោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងព្រឹត្តិការណ៍ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ (STPM)
នាយករដ្ឋមន្ត្រីកម្ពុជា​ លោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងព្រឹត្តិការណ៍ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ (STPM)

ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកកាន់តែមានភាពស្និទ្ធស្នាលក្រោមរដ្ឋបាលលោក ត្រាំ ផ្ទុយពីសម័យលោក ចូ បៃដិន​ ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនតែងតែដាក់សម្ពាធលើរាជរដ្ឋាភិបាលក្រុងភ្នំពេញឱ្យលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគយល់ឃើញថា ភាពជិតស្និទ្ធនេះប្រហែលជាមិនមែនកើតចេញពីភាពជាដៃគូពិតប្រាកដនោះទេ ហើយគោលនយោបាយការបរទេសបែបផលប្រយោជន៍និយមរបស់លោក ត្រាំ នេះ ប្រហែលជាមិនអាចស្ថិតស្ថេរយូរអង្វែងឡើយ។

ថ្មីៗនេះ មន្ត្រីអាមេរិកបានបង្ហាញពីបំណងចង់ភ្ជាប់កម្ពុជាក្នុងនាមជាប្រទេសដៃគូមានសក្តានុពលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឡើងវិញ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា អាមេរិកមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ដែលក្នុងនោះរួមមានការបង្ក្រាបប្រតិបត្តិការបោកប្រាស់តាមអនឡាញដែលមានគោលដៅលើជនជាតិអាមេរិក បញ្ចប់ការកាត់ទោសដែលមានហេតុផលនយោបាយ និងការអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដំណើរការដោយសេរី។

ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីមានភាពរង្គោះរង្គើមួយរយៈ។ កាលពីខែមេសា រដ្ឋបាលលោក ត្រាំ បានដាក់ពន្ធគយចំនួន ៤៩% លើទំនិញនាំចូលពីកម្ពុជា ដែលជាអត្រាពន្ធខ្ពស់បំផុតលំដាប់ទីពីរ ដោយចោទប្រកាន់កម្ពុជាថាជាមជ្ឈមណ្ឌលផ្ទេរទំនិញដ៏សំខាន់មួយសម្រាប់ផ្ទេរផលិតផលចិន ដើម្បីគេចវេះពីពន្ធរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ជាពិសេសសម្រាប់សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងម៉ាស៊ីនអគ្គិសនី។

យ៉ាងណាក៏ដោយ ភាពតានតឹងបានធូរស្រាលគួរឱ្យកត់សម្គាល់ក្នុងខែបន្ទាប់។ នៅក្នុងខែសីហា ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាត់បន្ថយពន្ធចំនួន ១៩% លើទំនិញនាំចូលពីកម្ពុជា បន្ទាប់មកក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមួយនៅខែតុលា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី។ ក្នុងនាមជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ កម្ពុជាបានប្តេជ្ញាអនុវត្តពន្ធសូន្យលើទំនិញនាំចូលពីសហរដ្ឋអាមេរិក។

ប្រធានាធិបតីសហរដ្ឋអាមេរិកក៏បានធ្វើអន្តរាគមន៍ដើម្បីបញ្ចប់ការប៉ះទង្គិចរយៈពេល ៥ថ្ងៃរវាងកម្ពុជា និងថៃកាលពីខែកក្កដា ដែលនាំទៅដល់កិច្ចព្រមព្រៀងសន្តិភាពមួយ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់បានកោតសរសើរចំពោះតួនាទីរបស់លោក ត្រាំ ក្នុងការដោះស្រាយជម្លោះព្រំដែនដ៏សាហាវនេះ ដែលឈានដល់ការស្នើឈ្មោះលោក ត្រាំ សម្រាប់រង្វាន់ណូបែលសន្តិភាពទៀតផង។

នៅថ្ងៃទី៦ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានដកបម្រាមយូរអង្វែងលើការនាំចូលអាវុធមកកម្ពុជា ដោយលើកឡើងពី «ការខិតខំប្រឹងប្រែងស្វែងរកសន្តិភាព និងសន្តិសុខ» កិច្ចសហប្រតិបត្តិការឡើងវិញលើវិស័យការពារជាតិ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងពីរបានព្រមព្រៀងគ្នាដើម្បីបន្តសមយុទ្ធយោធារួមគ្នា « Angkor Sentinel» ឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកនៅឆ្នាំ២០១៧។

កិច្ចខិតខំប្រឹងប្រែងថ្មីនេះគឺផ្ទុយស្រឡះពីរដ្ឋបាលលោក បៃដិន។ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អក់កករ ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅពេលនោះតែងតែលើកឡើងម្តងហើយម្តងទៀតពីការព្រួយបារម្ភជុំវិញការរំលោភសិទ្ធិមនុស្ស ការបង្ក្រាបលើប្រព័ន្ធផ្សព្វ​ផ្សាយ និងទំនាក់ទំនងយោធារបស់កម្ពុជាជាមួយចិន។ ប៉ុន្មានថ្ងៃបន្ទាប់ពីការបោះឆ្នោតខែ​កក្កដា នៅពេលដែលលោក ហ៊ុន សែន ប្រគល់អំណាចឱ្យកូនប្រុសរបស់គាត់ លោក ហ៊ុន ម៉ាណែត រដ្ឋបាលលោក បៃដិន បាននិយាយថា ការបោះឆ្នោតនេះមិនមានសេរីភាព និងយុត្តិធម៌នោះទេ ហើយបានប្រកាសពីការរឹតបន្តឹងទិដ្ឋាការ និងការផ្តល់មូលនិធិថ្មីៗបន្ថែមទៀត។

ក្នុងអាណត្តិរបស់លោក បៃដិន ឧកញ៉ា លី យ៉ុងផាត់ ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរចំពោះការចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងបណ្តាញឆបោកតាមអនឡាញ។ ទីក្រុងវ៉ាស៊ីនតោនក៏បានសម្តែងការព្រួយបារម្ភពីការពង្រីកមូលដ្ឋានទ័ពជើងទឹករាមពីសំណាក់ចិន ដោយខ្លាចថានឹងមានទីតាំងយោធាចិននៅទីនោះ។

អ្នកវិភាគនយោបាយឯករាជ្យ កញ្ញា លី ស្រីស្រស់ បានលើកឡើងថា ទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់កម្ពជាត្រូវបានគេមើលឃើញថា មាន «តម្លៃ» សម្រាប់សហរដ្ឋអាមេរិក និងចិនជាយូរមកហើយ។ កញ្ញាបានបន្តថា អន្តរាគមន៍របស់លោក ត្រាំ នៅក្នុងជម្លោះព្រំដែនថ្មីៗនេះបង្ហាញពីការយកចិត្តទុកដាក់ជាថ្មីមកលើកម្ពុជា ប៉ុន្តែភាគច្រើនគឺដោយសារតែប្រធានាធិបតីរូបនេះផ្តោតការយកចិត្តទុកដាក់តិចតួចលើបញ្ហាលទ្ធិប្រជាធិបតេយ្យជាងរដ្ឋបាលអាមេរិកមុនៗ​។

ស្រីស្រស់ បានបន្តថា៖ «នៅពេលដែលសហរដ្ឋអាមេរិកមិនផ្តោតលើតម្លៃប្រជាធិបតេយ្យ កម្ពុជា និងរដ្ឋបាលថ្មីហាក់ដូចជាចុះសម្រុងគ្នាយ៉ាងងាយស្រួល។ ទំនាក់ទំនងបែបនេះបានអនុញ្ញាត​ឱ្យភាគីទាំងពីរអាចបង្កើតមិត្តភាពកាន់តែស្និទ្ធស្នាល»

ទោះជាយ៉ាងណាក៏ដោយ កញ្ញាបានសង្កត់ធ្ងន់ថា ការចូលរួមរបស់សហរដ្ឋអាមេរិកនៅតែផ្អែកលើផលប្រយោជន៍អាមេរិកជាចម្បង មិនមែនដោយសារកម្ពុជាជាដៃគូយុទ្ធសាស្ត្រសំខាន់នោះទេ។

ស្រីស្រស់ បានលើកឡើងថា ខណៈពេលដែលទំនាក់ទំនងហាក់ដូចជាល្អូកល្អិន រឿងនេះទំនងជាមិនធ្វើឱ្យចុះខ្សោយទំនាក់ទំនងយូរអង្វែងរបស់កម្ពុជាជាមួយចិននោះទេ។ កញ្ញាបានកត់សម្គាល់ថា ស្ថានភាពក្នុងតំបន់ក៏កំពុងផ្លាស់ប្តូរផងដែរ ដោយលើកឡើងពីប្រទេសថៃ ដែលជាប្រទេសមានទំនាក់ទំនងជិតស្និទ្ធនឹងសហរដ្ឋអាមេរិក ប៉ុន្តែព្រះមហាក្សត្ររបស់ប្រទេសនេះទើបតែបានយាងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន។

អ្នកអត្ថាធិប្បាយនយោបាយ លោក រ៉ូ វណ្ណៈ បានប្រាប់ សារព័ត៌មានខេមបូចា ថា គោលនយោបាយការបរទេសរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិកគឺ «មានឡើង មានចុះ» ដោយសំដៅលើគោលនយោបាយរបស់លោក បៃដិន និងលោក ត្រាំ។ ប៉ុន្តែ គោលនយោបាយទាំងនោះ គឺស្ថិតនៅក្នុងបរិបទនៃការកាត់បន្ថយឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដូច្នេះសហរដ្ឋអាមេរិកអាចចាត់ទុកកម្ពុជាជាប្រទេសដែលមានសារៈសំខាន់ខាងភូមិសាស្ត្រនយោបាយ ប៉ុន្តែ «មិនមែនជាដៃគូយុទ្ធសាស្ត្រ ឬសម្ព័ន្ធមិត្តពិតប្រាកដនោះទេ»

លោក វណ្ណៈ បានពន្យល់ថា៖ «លោក ត្រាំ កំពុងប្រើគោលនយោបាយការបរទេសបែបប្រយោជន៍និយមចំពោះកម្ពុជា ប៉ុន្តែវាមិនអាចស្ថិតស្ថេរក្នុងរយៈពេលវែងបានទេ ព្រោះលោកគិតតែពីផលប្រយោជន៍របស់សហរដ្ឋអាមេរិក [ការទប់ស្កាត់ឥទ្ធិពលចិន]។ ដូច្នេះ នៅពេលដែលកម្ពុជាផ្តល់ផលចំណេញដល់សហរដ្ឋអាមេរិក លោក ត្រាំ នឹងសហការ»

ទោះយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា ភាពខុសគ្នានៃគោលនយោបាយការបរទេស គឺរដ្ឋបាលលោក បៃដិន ផ្ដោតសំខាន់លើការពង្រីក និងពង្រឹងឥទ្ធិពល និងអំណាចរបស់សហរដ្ឋអាមេរិក តាមរយៈការអនុវត្ត «គោលនយោបាយអនុត្តរភាពសេរី» ដែលមានន័យថា ព្យាយាមលើកកម្ពស់ស្ថាប័នសេរី ដែលសំដៅលើពាណិជ្ជកម្មសេរីពហុភាគី ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

ម៉្យាងវិញទៀត លោកបានបន្ថែមថា លោក ត្រាំ «មិនបានឱ្យតម្លៃ» ទៅលើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ប៉ុន្តែបែរជាផ្តោតសំខាន់ទៅលើផលប្រយោជន៍សេដ្ឋកិច្ចនៅក្នុងតំបន់ ព្រមទាំងផលចំណេញ និងកិត្តិយសដែលកម្ពុជានាំមកឱ្យសហរដ្ឋអាមេរិក ជាពិសេសសម្រាប់លោក ត្រាំ ផ្ទាល់។ ហេតុដូច្នេះហើយ ទើបរដ្ឋាភិបាលកម្ពុជា «ព្យាយាមផ្គាប់ចិត្ត» លោក ត្រាំ ដល់ថ្នាក់ស្នើឱ្យគាត់ទទួលរង្វាន់ណូបែលសន្តិភាពទៀតផង។

លោកបានបន្តថា៖ «ប្រសិនបើយើងក្រឡេកមើលឱ្យស៊ីជម្រៅទៅ គឺលោក ត្រាំ ហ្នឹងហើយជាអ្នកដែលបង្កបញ្ហាសណ្តាប់ធ្នាប់ពិភពលោក ប៉ុន្តែនៅទីបញ្ចប់បែរជាត្រូវបានគេសរសើរចំពោះការព្យាយាមស្វែងរកសន្តិភាពពិភពលោកទៅវិញ»

ស្របតាមគោលនយោបាយបច្ចុប្បន្នរបស់លោក ត្រាំ លោក វណ្ណៈ បានមើលឃើញថា សហរដ្ឋអាមេរិកនឹងសហការជាមួយកម្ពុជាដើម្បីផលប្រយោជន៍ទៅវិញទៅមក ខណៈដែលសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យអាចនឹងក្លាយជាអាទិភាពនៅក្នុងអាណត្តិប្រធានាធិបតីក្រោយ​។

ប៉ុន្តែដើម្បីធានាបាននូវកិច្ចសហប្រតិបត្តិការល្អជាមួយសហរដ្ឋអាមេរិក បានណែនាំថា កម្ពុជាគួរតែប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យឱ្យបានពេញលេញ លើកកម្ពស់នីតិរដ្ឋ សុចរិតភាពនយោបាយ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងអំពើឆបោកតាមអនឡាញ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយលើកឡើងពីមាត្រា ៥៣ នៃរដ្ឋធម្មនុញ្ញ ដែលចែងថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយ «អព្យាក្រឹតភាពជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Are Cambodia–U.S. Relations Improving—Or Simply Politically Convenient for Trump?

221 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម