សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ខណៈ​ផ្ទៃ​ដី​ដាំដុះ​ដើមកៅស៊ូត្រូវ​បានពង្រីក​ កសិករជនជាតិដើមភាគ​តិច​តស៊ូ​ការ​ពារ​ដីរបស់ពួកគេ

លោក សេវ​ សាយ័ន្ត អាយុ ៣៥ឆ្នាំ អង្គុយ​ខាង​ក្រៅ​ខ្ទម​ចាំចម្ការ​ក្នុង​ខេត្ត​រតនគិរី ដើម្បីការពារ​ដីរបស់សហគមន៍​ដូនតាចារ៉ាយ ៣ហិកតា។ (រូបថត៖ សៅ បូរ៉ា/HaRDstories)
លោក សេវ​ សាយ័ន្ត អាយុ ៣៥ឆ្នាំ អង្គុយ​ខាង​ក្រៅ​ខ្ទម​ចាំចម្ការ​ក្នុង​ខេត្ត​រតនគិរី ដើម្បីការពារ​ដីរបស់សហគមន៍​ដូនតាចារ៉ាយ ៣ហិកតា។ (រូបថត៖ សៅ បូរ៉ា/HaRDstories)

ញើស​ហូរ​ស្រោច​លើ​មុខរបស់​លោក សេវ លីម​​ ខណៈ​ពេល​លោក​​ត្រឡប់​មក​ពី​កាប់​​ដើម​ដំឡូងមី​នៅ​ចម្ការ​ទំហំ​៤​ហិកតា​របស់​គាត់​​នៅ​ពេល​ព្រឹក​ដែលមាន​សភាព​​​​ក្តៅ​នៅ​​​ក្នុង​ខែ​ឧសភា។ មិន​ខុស​ពី​សមាជិកដទៃទៀតនៃសហគមន៍ជនជាតិ​ដើមភាគតិចចារ៉ាយក្នុងខេត្តរតនគិរីក្នុង​ប្រទេសកម្ពុជានោះ​ទេ បុរសវ័យ៧០​ឆ្នាំរូបនេះ ពឹងផ្អែក​លើដីធ្លី​ទាំង​នេះ ដែល​មិនត្រឹមតែសម្រាប់ការ​រកប្រាក់ចំណូល និងអាហារប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គោលបំណងវប្បធម៌ និងជំនឿ​ ដែលបន្តប្រ​តិបត្តិ​ច្រើន​​ជំនាន់មក​ហើយ​។

ជា​​រៀងរាល់យប់ក្នុងរយៈពេលប្រាំឆ្នាំកន្លង​មកនេះ លោក​ សេវ លីម បានយក​​ពូក ខ្នើយ និងភួយ​មក​ដាក់ក្នុង​ខ្ទមឈើ ទល់មុខចម្ការ​របស់​លោក​ ដើម្បី​ឃ្លាំ​មើលកម្មក​រ​ក្រុមហ៊ុន ឬ​យោ​ធា ដែលអាចវិលត្រឡប់​មក​ដុតបំផ្លាញដំណាំរបស់គាត់។

សម្រាប់ជនជាតិដើម​ភាគតិច​ចារ៉ាយ ដីមាន​តម្លៃ​លើសពីសេដ្ឋកិច្ចគ្រួសារ​ឆ្ងាយ​ណា​​ស់​​។ ដោយសារ​អបិយ​​ជំនឿ​របស់ពួកគាត់​ គឺ​ផ្តោតលើព្រលឹង​វិញ្ញាណដែលរស់នៅក្នុងព្រៃ និងដីស្រែចម្ការ ដូច្នេះ​ការបាត់បង់ដីដូនតា គឺ​ជាមហន្តរាយទាំង​ខាងជំនឿ​ ក៏​ដូចជាសេដ្ឋកិច្ច។

ដោយ​អង្គុយ​នៅ​​ក្រោម​ខ្ទម​ចាំចម្ការ​ដ៏តូចមួយរបស់​គាត់​​​ លោក សេវ លីម ​បាននិ​យា​យថា៖ «ខ្ញុំពិតជាព្រួយ​បារម្ភអំពីអនាគតនៃសហគមន៍នេះ។ ខ្ញុំគេងមិនលក់ទេ​។​ យើងមិនដឹងថា នឹងមានអ្វីកើតឡើងទេ»។

លោក សេវ លីម​ បន្ត​ថា ដីស្រែ​ចម្ការ​របស់​គ្រួសារ​​លោក ​ដែល​ដាំដំណាំ​​ច្រើន​​​ជំ​នាន់មកហើយនោះ ​​ត្រូវ​បាន​បំផ្លាញ​ដោយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូមួយ​​ដែល​គ្រប់​​គ្រង​ដោយ​កូនស្រី​របស់​អតីត​ឧត្តមសេនីយ៍កំពូល​ម្នាក់​របស់​កម្ពុជា។ លោក​អះ​​អាង​​ថា កម្មករ​ក្រុមហ៊ុន​បាន​បំផ្លាញ​ដើម​ស្វាយចន្ទី​របស់​លោក ដែល​​លោក​​បា​ន​​​ដាំ​​អស់រយៈ​ពេល​​ជា​ច្រើន​ឆ្នាំមកហើយ​​។ ដំណាំ​ថ្មី ​ដែល​លោក​បាន​ដាំ​ត្រូវ​បាន​ដុត​​បំផ្លាញ​​​​ទាំងស្រុង។

បន្ទាប់​ពីប្រើ​ប្រាស់​​ជម្រើស​ផ្សេង​ៗ​ក្នុងការ​តស៊ូ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ លោក​ លីម និង​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​ផ្សេង​ទៀត​នៅ​ស្រុក​អណ្តូងមាស បាន​​នាំ​​គ្នា​​ទៅ​​បោះតង់​នៅ​លើ​ដីចម្ការ​​របស់​ពួកគាត់ ​ដើម្បី​​រារាំង​​កម្មករ​ក្រុមហ៊ុន​។​ វា​ជា​ជំហរ​ចុងក្រោយនិង​អស់​សង្ឃឹម​​ ក្នុង​ការ​​ប្រឆាំង​នឹង​អ្វីដែល​ពួកគាត់​មើលឃើញថា​ ជាការ​ប្លន់​​ដី​ដូនតា​របស់​ពួកគាត់​។

ឃ្លាំង​​ក្រុមហ៊ុន​ចម្ការកៅស៊ូ​​នៅ​លើ​ដី​សម្បទាន​ក្បែរចម្ការ​របស់លោក សេវ​ លីម ក្នុង​ខេត្ត​រតនគិរី។ (រូបថត៖ សៅ បូរ៉ា /HaRDstories)

ជម្លោះ​ដែល​កើត​ចេញ​ពី​​សម្បទានដី​

ឫសគល់នៃវិវាទដីធ្លី​នេះ បាន​កើត​មានតាំង​ពី​​ខែមីនា ឆ្នាំ២០០៦ នៅពេលដែល​រដ្ឋា​ភិបា​​​ល​​កម្ពុជាបានផ្តល់សម្បទានដីសេដ្ឋកិច្ចរយៈពេល៧០ឆ្នាំ លើផ្ទៃដី ៨.៦៥៤ ហិក​តាដល់ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ខូអិលធីឌី។ សេចក្តី​រាយការណ៍របស់​​បណ្តាញ​​ព័ត៌មាន​បាន​ចោទ​ថា ក្រុមហ៊ុននេះបន្ទាប់មកបានបង្ខំឱ្យ​ជនជាតិដើម​​ភាគតិច​ចារ៉ា​យ និងជនជាតិដើមភាគតិចផ្សេងទៀតចាក​ចេញពីដីរបស់ពួកគាត់​​។

ក្នុង​ឆ្នាំ២០១១ ដី​សម្បទាននេះ ​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន ៧ មករា ផារី ក្នុង​កិច្ច​សន្យា​​​ជួល​​រយៈពេល​ខ្លី​ជាងមុន​​ គឺ​៥០ឆ្នាំ។ គ្មាន​ការពន្យល់ច្បាស់លាស់ណាមួយជុំ​វិញ​ការផ្លាស់ប្តូរនេះ​ទេ។ ឯកសារសាធារណៈ​ចុះ​​ឈ្មោះ គីម សុផា​រី ជានាយក​ក្រុម​ហ៊ុន​​។ គីម សុផារី ជា​កូន​ស្រី​របស់​លោក គន់ គីម ឧត្តម​សេនីយ៍​ផ្កាយ​បួន​ចូល​​និវត្តន៍ និង​ជា​អតីត​នាយអគ្គ​​សេនាធិការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​។ រដ្ឋាភិ​បាល​អាមេរិក​ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុង​ឆ្នាំ២០​១៩​ បាន​ដាក់​ទណ្ឌកម្ម​អ្នកទាំងពីរ​ដោយសារ​ករណី​រំលោភសិទ្ធិមនុស្ស​​ផ្សេងៗ​​។

លាតសន្ធឹងលើ​ផ្ទៃដីធំល្វឹងល្វើយ​ កូន​កៅស៊ូដែលដាំដោយក្រុមហ៊ុន ៧មករា ផារី មាន​កម្ពស់​ពីរម៉ែត្រ ប៉ុន្តែមិនទាន់ល្មម​សម្រាប់ការប្រមូលផលនៅឡើយ​ទេ ត្រឹម​ខែ​​ឧសភាឆ្នាំនេះ​។ កម្មករក្រុមហ៊ុនបាន​សាងសង់​ឃ្លាំង​មួយ​ ដើម្បី​ធ្វើជាប៉ុស្តិ៍យា​ម​ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការការ​ពារ​ចម្ការ​ដ៏​ធំល្វឹង​ល្វើយ​​នេះ​។

ប៉ុន្មានឆ្នាំថ្មីៗនេះ កម្មករក្រុមហ៊ុនបានបង្កើតការរំខានថ្មីៗលើដីដែលប្រើប្រាស់ដោយគ្រួសារជនជាតិដើមភាគ​តិច​ចារ៉ាយ នេះបើ​យោងតាមសេចក្តី​រាយការណ៍របស់ VOD នៅឆ្នាំ​២០២២ ។ ពួក​គេ​បំផ្លាញ​ដំណាំ​តាម​ចម្ការ​តូចៗ ភ្ជួរ​ដី និង​ដាំ​ដំ​ណាំ​​កៅស៊ូ ដោយ​ប្រែ​ក្លាយ​ដីនោះ​ទៅ​ជា​ចម្ការ​កៅស៊ូ​ពាណិជ្ជកម្ម​ខ្នាត​ធំ។

«សូម្បីតែខ្ញុំ ក៏ខ្ញុំមិនទទួល​យកសំណងនេះដែរ»

ក្រុមហ៊ុននេះ បានផ្តល់សំណងដល់គ្រួសារជនជាតិដើម​ភាគតិច​ចារ៉ាយចន្លោះ​ពី៥០០ ០០០​ ទៅ១​លានរៀល (១២៥-២៥០ដុល្លារ) សម្រាប់ដីរបស់ពួកគាត់​ ដែលចំ​នួន​ទឹកប្រាក់​នេះ គឺ​ទាបជាងតម្លៃទីផ្សារឆ្ងាយ​ណាស់​។ ឈ្មួញ​កណ្តាល​អចលន​ទ្រព្យ​​ម្នាក់ហ៊ាន​​ផ្តល់តម្លៃ​២ម៉ឺន​ដុល្លារ ​​នៅលើ​​ហ្វេស​ប៊ុក​កាល​ពី​​ខែ​​មីនា ​សម្រាប់​​ដី​ជិត​​​ពីរ​ហិកតា​នៅ​ស្រុក​អណ្តូងមាស។

​អ្នកភូមិជាច្រើនបានប្រាប់ HaRDStories ថា ពួកគាត់​មានអារម្មណ៍ថា ត្រូវគេ​គា​ប​​​​សង្កត់​ឱ្យ​​លក់ក្នុងតម្លៃទាំងនេះ ក្រោមការគំរាមកំហែង និងការបំភិតបំភ័យពីសំ​ណាក់កម្មករក្រុមហ៊ុនប្រដាប់ដោយ​អាវុធ។ អ្នកស្រុកជាច្រើនបាននិយាយថា គេ​មិន​​បានផ្តល់ជម្រើសពិតប្រាកដដល់​ពួកគាត់​នោះ​ទេ។

លោក សេវ ឌៀន​ ជាកសិករ និងមាន​កូនពីរនាក់ក្នុង​បន្ទុក​នៅភូមិតាំងជិ​ បានទទួ​ល​​​យកសំណងរបស់ក្រុមហ៊ុនកាលពីខែមីនា ឆ្នាំ២០២៤។ លោក​ទទួលបាន​ប្រា​ក់​​​ចំនួន ១,៦​​លានរៀល (ប្រហែល ៤០០ដុល្លារ) សម្រាប់ផ្ទៃដីទំហំ​ ២ ហិកតាដែលលោក​ដាំស្វាយចន្ទី ដោយជឿថា លោក​អាចរក្សាទុកដី​ទំហំ​​ ០,៨​ហិកតាដែលនៅសល់សម្រាប់ដាំ​ដំណាំលក្ខណៈ​គ្រួសារ។

លោក ឌៀន​ បាន​និយាយ​ថា៖​ «​​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​របស់​ខ្ញុំ​ទាំង​អស់​ដោយ​គ្មាន​​ការ​យល់ព្រម​ពី​ខ្ញុំ​។ ​គេឈូសឆាយ​អស់​រលីង​។​ ​គេ​ប្រាប់​ខ្ញុំ​ថា ​ខ្ញុំ​មិន​អាច​ធ្វើ​ស្រែ​​​ចម្ការ​លើ​ដី​របស់​ខ្ញុំ​បាន​ទេ»។ នៅពេលមួយនោះ លោក​បានលើកឡើងថា លោក​​​បានឃើញកម្មករកំពុងរៀបចំកាំភ្លើងរបស់ពួកគេនៅក្នុងឡានភីកអាប់ពណ៌​ស​។

ដោយ​គ្មាន​ដី​ធ្លីនៅសល់​ ពេលនេះលោក ឌៀន​ ធ្វើ​ការ​ជា​កម្មករ​ជម្រះ​​ស្មៅប្រចាំ​ថ្ងៃ​ និង​បេះផ្លែ​ស្វាយចន្ទី​របស់​អ្នក​ដទៃ​​ទទួល​បាន​កម្រៃ​​មួយ​ថ្ងៃ​ប្រហែល ៧,៥ ដុល្លារ ដោយ​​ព្យាយាម​ផ្គត់​ផ្គង់​​កូន​ទាំង​ពីររបស់​លោក​។

ស្រី ចេន មកពី​ភូមិ​ត្បូងឃ្មុំ មក​ធ្វើការ​ជាមួយ​ប្តី​និង​កូន​ៗនៅ​ចម្ការ​កៅស៊ូ​ ៧​មករា​ ផារី ខេត្ត​រតនគិរី។ (រូបថត៖ សៅ បូរ៉ា /HaRDstories)

ដី​របស់​គ្រួសារ​ខ្លះ​ត្រូវ​បានគេ​​ឈូស​ឆាយ​ដោយ​គ្មាន​កិច្ចសន្យា ឬ​សំណង​អ្វី​ទាំង​អស់​​។ ប្រការនេះបានបង្ខំឱ្យ​ពួកគាត់​ចាកចេញពីទឹកដីដូនតាដោយគ្មានសំណង ធ្វើ​​ឱ្យអ្នក​ភូមិ​ជនជាតិ​ដើម​ចារ៉ាយ​កាន់តែប្រឈម​នឹង​ភាព​ងាយរងគ្រោះ ដែលពួកគាត់​​ភាគច្រើនមិនចេះអក្សរ និងហាក់ដូចជាមិនដឹងពីសិទ្ធិស្របច្បាប់របស់ពួកគាត់​​។

មេការ​ម្នាក់ ដែលមើលការខុសត្រូវផ្នែកសន្តិសុខ និងកម្មករពេលថ្ងៃនៅចម្ការកៅ​ស៊ូ​​នេះ បា​នប្រាប់ HaRDStories ថា លោក​យល់​ថា ស្ថានភាពនេះ​ គឺ​ «អយុត្តិធម៌» សម្រាប់អ្នកភូមិចារ៉ាយ។

ដោយ​ប្រាប់​ត្រឹម​តែ​នាម​ខ្លួនឈ្មោះ ផល្លី លោក​​បាន​និយាយ​ថា៖ «សូម្បី​តែ​​​ខ្ញុំ ក៏​ខ្ញុំ​មិនទទួល​​យក​​សំណង​នេះ​ដែរ​។ ប្អូន​ដឹង​ទេ ក្រុមហ៊ុន​ឲ្យ​តែ៥០ម៉ឺន​រៀល​ក្នុង​មួយ​ហិកតា (១២៥ ដុល្លារ) ហើយ​ខ្ញុំ​មិន​កាន់​ជើង​​ខាង​ក្រុមហ៊ុន​ទេ»។

មន្ត្រី​បដិសេធ​ការ​ចោទ​ប្រកាន់​អំ​ពី​ការ​គំរាមកំហែង

អ្នកភូមិដែលរងផលប៉ះពាល់ភាគច្រើនបាននិយាយថា អាជ្ញាធរថ្នាក់ក្រោមជាតិមិន​ឆ្លើយតបក្នុងការជួយទប់ស្កាត់​ការបាត់បង់ដីធ្លី ឬធានានូវការ​ផ្តល់​សំណងគ្រប់​គ្រាន់ទេ​ ជាការអះអាងដែល​អាជ្ញាធរមូលដ្ឋានបាន​បដិសេធ។

លោក ហៀម​ សំអន ជា​ជំ​ទប់ទី១​​ឃុំញ៉ាង ដែលឃ្លាំ​មើល​ជម្លោះ​ដីធ្លី​នោះបានបដិ​សេធ​ថា គ្មាន​ការគំរាមកំហែងពីក្រុមហ៊ុនទេ ដោយលោក​និយាយថា ក្រុម​ហ៊ុន​មាន​សិទ្ធិ​ស្រប​ច្បាប់​​ពីរដ្ឋាភិបាលគ្រប់គ្រង​លើដីនោះ។ លោក​បាន​អះអាង​​ថា ​ជម្លោះ​​ជាមួយអ្នក​​ភូមិ​តាំងជិ​​ត្រូវ​បាន​ «ដោះស្រាយ​ស្ទើរ​តែ​ទាំង​ស្រុង​» ប៉ុន្តែ​​លោក​មិន​បាន​​បក​ស្រាយជុំវិញ​​ការ​អះអាង​ដែល​ថា ការ​​ផ្តល់​សំណងនេះ មិន​​យុត្តិធម៌​។

លោក សំអន ​បាន​និយាយថា ប្រជាពលរដ្ឋមួយចំនួនកាន់ «ប័ណ្ណកម្មសិទ្ធ 01BB» ដែល​ជាផ្នែកនៃយុទ្ធនាការថ្នាក់ជាតិដែល​បានចាប់ផ្តើមកាល​ពី​ឆ្នាំ២០១២ ដើម្បីចុះ​​បញ្ជី​ដីលំនៅឋាន និងផ្តល់ប័ណ្ណកម្មសិទ្ធិដី​។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ច្បាស់​​ថា តើ​ក្រុមហ៊ុន​អះអាងសិទ្ធិ​កាន់កាប់​​​ត្រួតស៊ីគ្នា​លើ​ដី​របស់​ពួក​គាត់​ឬ​យ៉ាង​ណា​នោះ​ទេ​។

លោក សំអន បានពន្យល់ថា៖ «វាមិនច្បាស់​ថា ដីដែលប៉ះពាល់នោះជារបស់ក្រុមហ៊ុន ឬរបស់​បុគ្គលផ្សេងទៀតនោះ​ទេ។ វាពិបាកដោះស្រាយ» ដោយលោក​ជំរុញឱ្យពលរដ្ឋ​ម្នាក់ៗប្តឹងទៅអាជ្ញាធរដោយភ្ជាប់​ជាមួយ​ភ័ស្តុតាង។

​នៅខែតុលា ឆ្នាំ២០២២ រដ្ឋបាលថ្នាក់​ជាតិបានផ្តល់ដីជិត៦០០ហិកតា ដល់​ជនជាតិ​​ដើមភាគតិចចារ៉ាយ៦៥​គ្រួសារ​ក្នុងឃុំញ៉ាង ដោយផ្ទៃដី​ទំហំ​ ៤០១ហិកតាកាត់​​ចេញពីសម្បទានដី​របស់​ក្រុមហ៊ុន ៧ មករា ផារី។ ទោះបីជា​យ៉ាងណា​ អ្នក​ភូមិ​ជនជាតិដើម​ចារ៉ាយ​ដែល​បាននិយាយ​ជាមួយ​ HaRDStories មិន​បាន​ដឹង​ថា​ដី​នេះ​នៅ​ទីណាទេ ឬថា ​អ្នក​ណា​កំពុង​ទទួល​បាន​ផល​ប្រយោជន៍ពីដី​​នោះ​ទេ។

​បន្ទាប់ពីប្រជាពលរដ្ឋបានធ្វើការតវ៉ា និងដាក់ពាក្យបណ្តឹងកាលពីខែកុម្ភៈ ឆ្នាំ២០​២៤ អាជ្ញាធរបានកោះហៅពួកគាត់​ទៅ​កាន់សាលាស្រុក​។ អ្នក​ស្រុក​បាន​និយាយ​ថា ពួក​គាត់​​ត្រូវ​បាន​ផ្តល់​អត្រា​ប្រាក់​សំណង​ដូច​មុន ប៉ុន្តែ​គ្មាន​​ដំណោះស្រាយ​ផ្សេង​​ទៀត​ទេ។

ក្រុមហ៊ុន ៧ មករា ផារី មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​តាម​អ៊ីម៉ែល​ទេ។ លេខ​​ទូរសព្ទដែលបានចុះ​នៅលើ​ឯកសារ​របស់​ក្រសួង​ពាណិជ្ជកម្មមិនអាចទាក់​ទង​​បានទេ។

ការប្រុងប្រយ័ត្នទាំងយប់ទាំងថ្ងៃ

លោក សេវ សាយ័ន្ត​ អាយុ៣៥​ឆ្នាំនៅតែអាចទៅមើលដីចម្ការរបស់គាត់ទំហំ​ ៣ ហិ​​ក​តានៅក្នុងភូមិកែត ប៉ុន្តែលោក​បានកត់សម្គាល់ឃើញមាន​បង្គោលលាប​ថ្នាំ​ពណ៌​ក្រហមដាំ​ដោយកម្មករក្រុមហ៊ុន ដែល​​អះអាងថា ជាដី​របស់ក្រុមហ៊ុន​។ លោក​​​បាន​បដិសេធមិន​ទទួល​យក​​សំណង ​ដោយ​និយាយ​ថា ​លោក​​បានរក្សា​​ដី​ទុក​​​​​ឲ្យ​ក្មេងៗ​ជនជាតិ​ដើម​ចារ៉ាយ​សង់​ផ្ទះ។

ខណៈ​ពេល​បត់​ភួយ​ បន្ទាប់ពី​​សម្រាន្តបន្ថែម​​​មួយ​យប់​នៅ​ចម្ការ​របស់​លោក​កាល​ពី​​​ខែ​ឧសភា លោក សាយ័ន្ត ​​បាន​និយាយ​ថា៖​ «​ខ្ញុំ​មិន​អាច​ទទួល​យក​ប្រាក់​នេះ បាន​​ទេ ព្រោះ​នេះ​ គឺ​ជា​ដី​បែប​ប្រពៃណី ដែល​​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​របស់​យើង​»។

លោក សាយ័ន្ត បាន​ស្នាក់នៅទីនោះស្ទើរតែរាល់យប់។ លោកបាននិយាយថា៖ «​ខ្ញុំ​ត្រូវ​មក​ស្នាក់​នៅ​មើល​ការ​​ខុស​ត្រូវ​ចម្ការ​​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ដឹង​ថា ​ពេល​ណា​កម្មករ​ក្រុមហ៊ុន​នឹង​មក​ម្តង​ទៀតនោះទេ»។

លោក សេវ​ ឌៀន (ស្តាំ) និងលោក ក្លាន សៀន សមាជិកសហគមន៍ចារ៉ាយ នៅភូមិតាំងជិ​ ឈរលើដីចម្ការ ដែលធ្លាប់ដាំស្វាយចន្ទីពីមុន​។ លោក ឌៀន និយាយ​ថា លោក​​បាន​ទទួល​យក​សំណងសម្រាប់​​​ផ្នែកខ្លះ​​នៃ​ដី​របស់​លោក​ ប៉ុន្តែ​ក្រោយ​មក ដីនៅសល់​​​ត្រូវ​បានគេ​​ឈូស​ឆាយ​ដោយ​គ្មាន​ការ​យល់ព្រម​ពី​លោក​។ (រូបថត៖ សៅ បូរ៉ា /HaRDstories)

សកម្មភាព​ស្រដៀងគ្នានេះ កើត​មាន​ពេញទូទាំង​ភូមិដែលរងផលប៉ះពាល់ នៅពេល​ដែលក្រុមគ្រួសារអ្នក​ភូមិ​ប្តូរវេនគ្នាការពារដីដូនតារបស់ពួកគាត់​។

លោក សល់ លិ អាយុ ៤៥ឆ្នាំ មក​ចាំដី​នៅពេល​ថ្ងៃ។ លោក​ខ្ចប់អាហារថ្ងៃត្រង់ ហើយ​ចាំនៅចម្ការ​របស់លោក​ ដើម្បីមើលថា តើកម្មករនឹងមកឈូសឆាយដីទំហំ​ ពីរហិកតារបស់លោក​​ទៀតឬទេ​។ លោក​និយាយ​ថា លោក​​មិន​អាច​ទទួល​យក​ការ​​​បាត់​បង់​ដើម​ឈើ​ហូប​ផ្លែ​របស់​លោក​​ ដែល​ជា​ប្រភព​​ចំណូល​ទាំង​ស្រុង​​​របស់​គ្រួសារ​លោកបានទេ​ បើ​ទោះ​បី​ជា​លោក​​មាន «ប្លង់​ទន់» ដើម្បី​ការពារ​ដី​នេះ​ក៏​ដោយ​​​។

លោក សល់ លិ បាន​ឱ្យដឹងថា៖ «ពួកគេ​អះអាង​ថា ​ដី​នេះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ខ្ញុំ​បដិសេធ​ថា ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​ឈូស​ឆាយ​ដី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ តើ​វាទៅជាដី​របស់​​ក្រុមហ៊ុន​ដោយ​របៀប​ណា?»។

 លោក​បានបន្ថែម​ថា៖​ «​​រាល់​ពេល​ដែលគេ​​​កោះហៅ​ខ្ញុំ​ឲ្យ​ទៅ​ដោះស្រាយបញ្ហា​នេះ ​នៅ​ឃុំ ឬ​​ស្រុក ខ្ញុំ​តែង​តែ​ត្រូវ​បាន​គេជំរុញ​​ឲ្យទទួល​​យក​តម្លៃ​ក្រោម​ទីផ្សារ។ ខ្ញុំ​ឆ្លើយ​ថា អត់​​ទេ ខ្ញុំ​គ្រាន់​តែ​ចង់​បាន​ដីរបស់ខ្ញុំ​»។

នៅពេលដែលសម្បទានដី​ត្រួតលើដី​សហគមន៍

វិវាទទាក់ទង​នឹង​ការ​ផ្តល់​​សំណង​បង្ហាញ​ពី​បញ្ហា​កាន់តែ​ជ្រៅទៅៗ​​ជាមួយ​នឹង​ប្រ​ព័ន្ធ​​ផ្តល់​​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​របស់​កម្ពុជា។ ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រ​ទេស​កម្ពុជា​ក្នុង​រយៈពេលជាង ៣ទសវត្សរ៍កន្លង​មក​នេះ ត្រូវបានសម្គាល់តាម​​រយៈ​​​ការ​ពន្លឿនការ​​កំណត់​កម្មសិទ្ធិ​​ដី​ ការ​អភិវឌ្ឍ និងការ​ទិញ​លក់ដីដែល​មានតម្លៃកាន់​តែ​កើន​ឡើង បន្ទាប់ពីកម្មសិទ្ធិទាំងអស់ត្រូវបានកំណត់ឡើងវិញនៅ​ក្នុងរបបខ្មែរក្រ​ហមដ៏ឃោរឃៅ និងសង្គ្រាមស៊ីវិលជាបន្តបន្ទាប់នោះ។

បន្ទាប់ពីការបង្កើត​ច្បាប់ភូមិបាលថ្មីក្នុងឆ្នាំ២០០១​ រដ្ឋាភិបាលបានចាប់ផ្តើមបង្កើន​កិច្ចខិត​​ខំប្រឹងប្រែង ដើម្បីវាស់​វែង​ដីធ្លី និងកំណត់កម្មសិទ្ធិតាមរយៈការចេញ​​ប្លង់​ «ទន់» ដោយ​អាជ្ញាធរមូលដ្ឋាន ឬប្លង់​ «រឹង» ដែលចុះបញ្ជីនៅថ្នាក់​ជាតិ​។ ច្បាប់នេះ​ក៏បានបង្កើត​កម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិ​ដី​សមូ​ហភាព​ដល់​ជនជាតិដើមភាគតិចផងដែរ​ ដើម្បីផ្តល់សិទ្ធិ​កាន់​កាប់រួម​គ្នា​ដល់​ក្រុមជនជាតិដើមភាគតិចដែល​មាន​ការ​ទទួ​ល​​ស្គាល់​ជាជាងផ្តល់​ជា​កម្មសិទ្ធិបុគ្គល។

ទោះបីជាមើល​ទៅ​ហាក់ដូច​ជាមាន​ការ​ផ្លាស់ប្តូរ​នៅក្នុងតំបន់ក៏ដោយ ក៏នីតិវិធីនៃការផ្តល់ប័ណ្ណ​កម្ម​សិទ្ធិក្លាយជាការលំបាក ចំណាយច្រើន​ និងស្មុគស្មាញ។ ក្នុង​ចំ​ណោម​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជាង៤៥០ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​តែ ៤៣សហគមន៍​ប៉ុណ្ណោះ​ ដែល​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​សមូហភាព​រវាង​ឆ្នាំ ២០​១១ ដល់ ខែ​កក្កដា ឆ្នាំ២០២៤។

ការតស៊ូ ដើម្បីសិទ្ធិដីធ្លីមានភាពស្មុគស្មាញដោយសារសម្បទានដីសេដ្ឋកិច្ច (ELC) គម្រោង​របស់​រដ្ឋាភិបាលដែលផ្តល់កិច្ច​សន្យា​ជួលរយៈពេលវែង និងយក​ពន្ធតិចតួចចំពោះ​ក្រុមហ៊ុនធំៗ។ សម្បទានដីសេដ្ឋកិច្ចជាង២៥០​កន្លែង​ ដែលគ្រប​ដណ្ដប់លើផ្ទៃដីជាង១​លានហិកតាត្រូវបានផ្តល់ចាប់តាំងពីឆ្នាំ១៩៩៥។ ទោះ​បី​​ជារដ្ឋាភិបាលបានប្រកាសផ្អាកការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ថ្មីក្នុងឆ្នាំ២០១២​ក៏ដោយ​ ក៏សម្បទានដី​ថ្មីនៅតែត្រូវបានផ្តល់។

សម្បទានទាំងនេះអនុញ្ញាតឱ្យមានការរឹបអូស និងអភិវឌ្ឍដោយ​ស្របច្បាប់លើ​ដីដែលអ្នក​ស្រុក​ប្រើប្រាស់​ជា​រឿយៗ ជាពិសេសជនជាតិដើមភាគតិចកម្ពុជា ដែលប្រ​កប​របរ​ដាំ​ដំណាំ​វិលជុំ​ ដើម្បីរក្សាគុណភាពដី និងប្រើប្រាស់ដីសម្រាប់គោលបំណង​ប្រពៃណី និងជំនឿរបស់​ពួកគាត់​​។

រូបភាព​​លោក ក្លាន សៀន ឆ្លុះក្នុងកញ្ចក់ម៉ូតូ ពេល​​ល្បាត​តាម​ផ្លូវ​ដី​ក្បែរ​ដី​ចម្ការ​របស់​លោក​ក្នុង​ខេត្ត​រតនគិរី ដោយ​ប្តេជ្ញា​ចិត្ត​​ការពារ​កុំ​ឲ្យ​មាន​ការ​ទន្ទ្រាន​បន្ថែម​ទៀត​។ (រូបថត៖ សៅ បូរ៉ា /HaRDstories)

«តើយើងនឹងទៅកន្លែង​ណា?»

លោក រម៉ាំ​ ចក់ អាយុ ៦៣ឆ្នាំ ជា​អនុភូមិកែត បាននិយាយថា សហគមន៍របស់លោក​បានស្វែងរកជំនួយពីអង្គការក្រៅរដ្ឋាភិបាលអស់រយៈពេលជិតប្រាំឆ្នាំ ដើម្បី​​ចងក្រងឯកសារដីធ្លី​ប្រពៃណី​និង​ព្រៃ​អារក្ស​​របស់ពួកគាត់​។ ប៉ុន្តែ​បន្ទាប់​ពី​ជួប​​បញ្ហា​​ការិយាធិបតេយ្យ​ស្មុគស្មាញ​ពេក​ អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ បាន​​ឈប់​ដំ​ណើរការ។

លោក រម៉ាំ​ ចក់​ បាន​និយាយ​​ថា៖​ «វា​បាន​ធ្វើ​ឲ្យ​ដំណើរ​ការស្នើ​​សុំ​​ប័ណ្ណកម្មសិទ្ធិ​ដី​សហគមន៍​របស់​ខ្ញុំ ​ត្រូវ​ជាប់គាំង»។ ពួកគាត់​មិន​បាន​ទទួល​ឯកសារ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាលនោះ​​ទេ ដូច្នេះ​ហើយ​ពួកគាត់​​លែង​បន្ត​ការ​ស្នើ​សុំ​ប័ណ្ណ​កម្មសិទ្ធិ​ដី​សហគមន៍​ទៀត​ហើយ។

លោក រម៉ាំ ចក់​ បាននិយាយថា ពលរដ្ឋ​ភាគច្រើនទទួល​បាន​ប្លង់ទន់ពីរដ្ឋាភិបាល ប៉ុន្តែប្លង់ទន់​​ទាំងនេះមិនទាន់​គ្រប់គ្រាន់​ ដើម្បី​ការពាររបរ​ចិញ្ចឹមជីវិត និងមរតក​វប្បធម៌របស់អ្នកភូមិនោះទេ​។

លោក​បាន​និយាយ​ថា៖​ «ប្រជាពលរដ្ឋ​ប្រហែល ៥០គ្រួសារ​ក្នុង​ភូមិ​របស់​ខ្ញុំ​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ដី​ធ្លី ដោយ​សារ​ក្រុមហ៊ុន​អះអាង​សិទ្ធិ​កាន់​កាប់​លើផ្នែក​ខ្លះ​នៃ​​ដីសហគមន៍។ ដី​សហគមន៍របស់យើងកំពុង​តែ​មាន​បញ្ហា​»។

លោក អំ សំអាត នាយក​​ទទួលបន្ទុកកិច្ចការទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ បាន​ថ្លែង​ថា សហ​គមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​បន្ត​ស្វែង​រក​ប័ណ្ណ​កម្មសិទ្ធិ​​ដី​សហគមន៍​ប្រឈម​នឹងបញ្ហា​ការិយាធិបតេយ្យ និង​ជម្លោះ​ជាមួយ​នឹង​គោលនយោបាយ​ប្រើប្រាស់​​ដីធ្លី​ផ្សេង​ទៀត។

លោក​មាន​ប្រសាសន៍​​ថា៖​ «​​របរ​ចិញ្ចឹម​ជីវិត​របស់​ជនជាតិ​ដើម​ភាគតិច​អាស្រ័យ​លើ​ដី​​របស់​ពួកគាត់​ ដូចជា​ប្រើប្រាស់​ដី​វិលជុំ​សម្រាប់​ការ​ដាំ​ដុះ​ ហើយ​ពួកគេ​ក៏​មាន​ដី​អារក្ស​​ និង​ដី​កប់​សព​ផង​ដែរ។ ប៉ុន្តែ​ពួកគាត់​មាន​ការ​ព្រួយ​បារម្ភ​​នៅ​ពេល​ដែល​សម្បទាន​ដី​សេដ្ឋកិច្ច​ត្រូវ​បាន​ផ្តល់​ដោយ​គ្មាន​ការ​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​ថា ​តើ​វា​ត្រួត​ស៊ី​​គ្នា​លើ​ដី​របស់​ពួកគាត់​​ឬ​អត់»។

លោក សំអាត បានបន្តថា ការពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិដីសហគមន៍គឺចាំ​បាច់ណាស់ក្នុងការទប់ស្កាត់ជម្លោះ អភិរក្សបេតិកភណ្ឌវប្បធម៌ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សហគមន៍ជនជាតិដើមភាគតិចចារ៉ាយក្នុងខេត្តរតនគិរីអនុវត្តការធ្វើស្រែចម្ការ​វិលជុំដើម្បី​រក្សា​ដំណាំ និងរក្សាទំនាក់ទំនងជំនឿ​ជាមួយដី ជារបៀបរស់នៅដែលពួកគាត់​និយាយថា កំពុងត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើងដោយសម្បទានដីចម្ការ​កៅស៊ូ​។ (រូបថត៖ សៅ បូរ៉ា /HaRDstories)

សម្រាប់ជនជាតិដើមភាគតិចនៅស្រុក​អណ្តូងមាស ដី​មិន​ត្រឹម​តែ​សម្រាប់​ប្រកប​​របរ​ចិញ្ចឹមជីវិតប៉ុណ្ណោះទេ ប៉ុន្តែ​វា​ជាមរតក និងអត្តសញ្ញាណរបស់​ដូនតា។ លោក សាយ័ន្ត​ មកពី​ភូមិកែ​ត បាននិយាយថា គាត់នឹងបន្តការឃ្លាំ​មើល​ពេលយប់ ព្រោះ​អ្នក​ភូមិជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​គ្មានអនាគតទេ បើពួកគាត់​គ្មា​ន​ដី​។

លោក សាយ័ន្ត បាននិយាយ​ថា៖ «ដីសហគមន៍របស់យើងមានសារៈសំខាន់ណា​ស់​ស​ម្រាប់ក្មេង​ជំនាន់ក្រោយ។ នៅពេលពួកគេត្រូវការ ពួកគេអាចប្រើប្រាស់ផ្នែក​ខ្លះសម្រាប់សាងសង់ផ្ទះ និងធ្វើចម្ការ​។ យើងមិនធ្វើអ្វីផ្សេងនៅលើ​ដីចម្ការ​នេះ ក្រៅពី​ដាំដំឡូងមី និងស្វាយចន្ទីសម្រាប់ចិញ្ចឹមជីវិតរបស់យើងនោះទេ»។

លោកបានបន្ថែមថា៖ «​បើ​គេ​រាន​ដី​អស់​ហើយ តើ​យើង​មាន​ដីពីណា​​ធ្វើ​ស្រែ​ចម្ការ? តើ​អ្នក​ភូមិ​​កែត​ទៅ​រស់​នៅកន្លែងណា​?»៕​

អត្ថបទបកប្រែនេះត្រូវបានស្នើសុំចុះផ្សាយពីអ្នកសរសេរ ដែលបកប្រែសម្រួលពីសារព័ត៌មាន HARDSTORIES៖ As Rubber Trees Spread Indigenous Farmers Fight For Their Land

ព័ត៌មានថ្មី

អត្ថបទពេញនិយម