UPDATES:
ម៉ោង ០៧:៥៦ នាទី: ជម្លោះព្រំដែន៤ថ្ងៃ៖ ចំនួនជនភៀសសឹកម្ពុជាបានកើនឡើងដល់ ២៥ ០០០គ្រួសារ ស្មើ៨០ ០០០នាក់ នៃខេត្តឧត្តរមានជ័យ ព្រះវិហារ និងពោធិ៍សាត់ ។
គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែកក្កដានេះ ទាហានថៃនៅតែបន្តបាញ់ប្រហារមកលើកម្ពុជា ទោះបីជាមានការអំពាវនាវពីប្រធានាធិបតីអាមេរិក Donald Trump ឲ្យមានបទឈប់បាញ់។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
ម៉ោង ១៣:១០ នាទី៖ គិតត្រឹមម៉ោង ១២រសៀល ថ្ងៃទី ២៦ ខែកក្កដា សាលារៀនសរុបចំនួន ៥៣៦កន្លែងនៅទូទាំងខេត្តចំនួន ៥ រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ និងកោះកុង ត្រូវបានបិទទ្វារដោយសារជម្លោះព្រំដែនរវាងកម្ពុជានិងថៃកាន់តែតានតឹង ដែលប៉ះពាល់ដល់សិស្សានុសិស្ស និងគ្រូបង្រៀនប្រមាណ ១៣ ម៉ឺននាក់។ នេះបើយោងតាមក្រសួងអប់រំ។
ការឈ្លានពានថ្មីបំផុតរបស់ថៃបានបណ្តាលឱ្យទាហានកម្ពុជា ៥នាក់ស្លាប់ និង ២១នាក់របួស ខណៈនៅខេត្តឧត្តរមានជ័យប្រជាពលរដ្ឋដែលជាជនស៊ីវិល ៨ នាក់បានស្លាប់ និង ៥០ នាក់របួស។
បើយោងអ្នកនាំពាក្យរូបនេះ គិតត្រឹមម៉ោង១១ព្រឹក ទាហានថៃនៅបន្តផ្លោងគ្រាប់មកលើខេត្តពោធិ៍សាត់ដដែល និងបានគំរាមវាយបន្ថែមទៅខេត្តបន្ទាយមានជ័យបន្តទៀត។
ខណៈនៅខេត្តកោះកុង គិតមកដល់ត្រឹមម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែកក្កដានេះ កងកម្លាំងកម្ពុជានៅបន្តឈរជើងតាមបណ្ដាទីតាំងដដែលដោយមិនមានភាពប្រែប្រួលឬក៏ការផ្ទុះអាវុធឡើយ។ ប៉ុន្តែមានការសភាពការណ៍តានតឹងដោយសារសកម្មភាព ទាហានថៃដាក់សម្ពាធតាមរយៈការត្រៀមធ្វើចល័តនាវាចរចន្លោះ កោះកូត និងកោះឆាង ចំនួនបួនគ្រឿងបន្ថែមទៀត ដោយសរុបទាំងអស់ចំនួនប្រាំបីគ្រឿង។
ការវាយប្រហាររបស់យោធាថៃនេះបានបង្កការលំបាកជាច្រើន ដោយប្រជាជនរាប់ម៉ឺននាក់ត្រូវជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពក្នុងខេត្តមួយចំនួននៅកម្ពុជា។ នៅឧត្តរមានជ័យ ពលរដ្ឋ៦,៥៧៧គ្រួសារ បានផ្លាស់ទីចេញពីផ្ទះ ខណៈប្រជាជនមួយចំនួនក្នុងខេត្តផ្សេងទៀតដូចជាខេត្តព្រះវិហារ (៣,១១២ គ្រួសារ) ខេត្តបន្ទាយមានជ័យ (៥២៤ គ្រួសារ) និងខេត្តពោធិ៍សាត់ (៩៤ គ្រួសារ) ក៏ត្រូវបង្ខំចិត្តភៀសខ្លួនដែរ។ សរុបមក ប្រជាជន ៣៥,៨២៩ នាក់ត្រូវបានផ្លាស់ទីលំនៅពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីគេចចេញពីគ្រោះថ្នាក់។
ទន្ទឹមគ្នានេះ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ជាង ៨ពាន់នាក់ បានវិលត្រឡប់មកវិញតាមច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង បន្ទាប់ពីមានការប៉ះទង្គិចព្រំដែនកម្ពុជា-ថៃ។ គិតចាប់ពីម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ២៦ ខែកក្កដា ដល់ម៉ោង ១០ ព្រឹកនេះ គេឃើញមនុស្សជាច្រើនរង់ចាំនៅក្នុងទឹកដីថៃ ដើម្បីបន្តដំណើរត្រឡប់ទៅផ្ទះវិញ។ យោងតាមអង្គការសង់ត្រាល់ ការវិលត្រឡប់មកកម្ពុជាវិញរបស់ពលករមានការលំបាក ទាំងការភ័យខ្លាច និងកង្វះថវិកា ជាពិសេសសម្រាប់ស្ត្រី និងកុមារ។
លោកស្រី សុជាតា បានលើកឡើងថា៖ «ការវាយប្រហារដោយកម្រោលគ្មានភាពអៀនខ្មាស់របស់ភាគីថៃមកលើកម្ពុជាគឺជាការរំលោភបំពានទៅលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដោយមិនគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ពិសេសមាត្រា២ ដែលហាមមិនឱ្យប្រទេសណាមួយគំរាមកំហែងឬប្រើប្រាស់កម្លាំងប្រដាប់អាវុធរំលោភបំពានទៅលើដែនអធិបតេយ្យភាព ឯករាជ្យភាព នយោបាយរបស់រដ្ឋណាមួយឡើយ។ អ្វីដែលយើងកត់សម្គាល់ថែមទៀតនោះគឺការធ្វើឱ្យប៉ះពាល់ដល់ប្រជាជនស្លូតត្រង់ដែលជាជនស៊ីវិលគ្មានកំហុសជាស្រ្តី ជាកុមារ ចាស់ជរា ស្ថិតក្នុងស្ថានភាពគ្រោះដែលគួរឱ្យព្រួយបារម្ភ»។
លោកស្រីបានបន្តថា៖ «កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពឈ្លានពានខុសច្បាប់របស់ថៃ»។

នៅក្នុងសន្និសីទសារព័ត៌មាន លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននិយាយថា តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិត្រូវបានអញ្ជើញឱ្យថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់។
លោក សុន្ទរី បាននិយាយថា តំណាងកម្ពុជាបានរៀបរាប់លម្អិតអំពីអ្វីដែលលោកហៅថាជាការវាយលុកយោធាទ្រង់ទ្រាយធំរបស់ថៃលើទឹកដីកម្ពុជាតាំងពីថ្ងៃទី ២៤ ខែកក្កដា ដោយបានវាយប្រហារទីតាំងជាច្រើនតាមបណ្តោយព្រំដែនដូចជា ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទព្រះវិហារ ដោយប្រើប្រាស់យន្តហោះចម្បាំង គ្រាប់បែកចង្កោម និងអាវុធធនធ្ងន់ ដែលបណ្តាលឱ្យជនស៊ីវិលរងគ្រោះ និងខូចខាតដល់ទីតាំងប្រវត្តិសាស្ត្ររបស់កម្ពុជា។
លោកបានលើកឡើងម្តងទៀតពីការអំពាវនាវរបស់កម្ពុជាឱ្យមាន «បទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌ» និងការដោះស្រាយដោយសន្តិវិធី។
នៅក្នុងសេចក្តីថ្លែងការណ៍របស់តំណាងអចិន្ត្រៃយ៍របស់ប្រទេសថៃប្រចាំអង្គការសហប្រជាជាតិ ថៃបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងបានបដិសេធការប្រើប្រាស់កម្លាំង។ ថៃបានស្នើឱ្យសហគមន៍អន្តរជាតិជំរុញឱ្យកម្ពុជាបញ្ឈប់អរិភាពភ្លាមៗ និងត្រឡប់ទៅរកការសន្ទនាដោយស្មោះត្រង់ ហើយសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់ភាគីថៃក្នុងការចូលរួមតាមរយៈយន្តការទ្វេភាគីដែលបានបង្កើតឡើង។
តែកន្លងទៅ ក្រសួងការបរទេសថៃបានបដិសេធការខិតខំសម្របសម្រួលអន្តរជាតិ ដោយជ្រើសរើសដំណោះស្រាយទ្វេភាគីសម្រាប់ជម្លោះដែលកំពុងបន្ត។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត ភក្ត្រា បាននិយាយថា កិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ចប់ទៅដោយមានការអំពាវនាវសំខាន់ៗចំនួន ៣ រួមមាន ការអត់ធ្មត់ជាអតិប្បរមា ការបញ្ចប់អំពើហិង្សាប្រដាប់អាវុធ និងការដោះស្រាយជម្លោះដោយសន្តិវិធី។

បើតាម លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានជំរុញឱ្យកម្ពុជា និងថៃបន្ធូរភាពតានតឹង។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានស្នើបទឈប់បាញ់ ដែលកម្ពុជាបានទទួលយក។ ថៃ ដែលចង់បានការចរចាទ្វេភាគីដោយផ្ទាល់ដោយគ្មានអន្តរការីភាគីទីបី ដំបូងបានយល់ព្រមជាគោលការណ៍ ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរជំហរវិញ។
នៅព្រឹកនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កបានបញ្ចប់កិច្ចប្រជុំបន្ទាន់ដែលស្នើដោយ ហ៊ុន ម៉ាណែត ស្តីពី «ការឈ្លានពានរបស់ថៃ» ប៉ុន្តែគ្មានសេចក្តីថ្លែងការណ៍ណាមួយត្រូវបានចេញផ្សាយទេ។
យោងតាមសេចក្តីរាយការណ៍ព័ត៌មាន ក្រុមប្រឹក្សាបានអំពាវនាវឱ្យមានការបន្ធូរភាពតានតឹង និងការដោះស្រាយដោយសន្តិវិធី។ ឯកអគ្គរដ្ឋទូតថៃប្រចាំអង្គការសហប្រជាជាតិក៏បានចូលរួមកិច្ចប្រជុំនេះដែរ។
អ្នកការទូតម្នាក់ដែលដឹងខ្លឹមសារនៃការពិភាក្សានៅក្នុងកិច្ចប្រជុំបិទទ្វារបាននិយាយថា សមាជិកក្រុមប្រឹក្សាទាំង ១៥ បានស្នើឱ្យបន្ថយភាពតានតឹង និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។ ឯកអគ្គរដ្ឋទូតថៃបានចូលរួមកិច្ចប្រជុំនេះ ប៉ុន្តែចាកចេញដោយមិនបាននិយាយជាមួយអ្នកសារព័ត៌មានឡើយ។
អ្នកការទូតម្នាក់ទៀតដែលបាននិយាយជាមួយកាសែត The Hill របស់សហរដ្ឋអាមេរិក ដោយមិនបញ្ចេញឈ្មោះដោយសារភាពឯកជននៃការពិភាក្សា បាននិយាយថា ក្រុមប្រឹក្សាក៏បានជំរុញឱ្យអាស៊ាន ដើរតួនាទីសកម្មជាងមុនក្នុងការដោះស្រាយជម្លោះនេះ។
ស្របពេលជាមួយគ្នានេះ លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ សហប្រជាជាតិ បានបដិសេធការចោទប្រកាន់ថាកងកម្លាំងកម្ពុជាជាអ្នកបង្កហេតុមុន ដោយលើកជាសំណួរថា តើប្រទេសតូចមួយដែលគ្មានកងទ័ពអាកាសអាចវាយប្រហារប្រទេសធំជាងដែលមានកងទ័ពច្រើនជាងដល់ទៅ ៣ ដងបានយ៉ាងដូចម្តេច។ លោកបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានលើកទឹកចិត្តឱ្យភាគីទាំងពីរអនុវត្ត «ការអត់ធ្មត់ជាអតិប្បរមា» និងដោះស្រាយជម្លោះតាមរយៈបណ្តាញការទូត។
នៅពេលសួរថាតើជំហានបន្ទាប់នឹងមានអនាគតអ្វីបន្ទាប់ពីកិច្ចប្រជុំនេះ លោក កែវ ឈា បានឆ្លើយថា៖ «ចាំមើលថាតើការអំពាវនាវនេះនឹងត្រូវបានស្តាប់ដោយសមាជិកទាំងអស់នៅទីនោះយ៉ាងដូចម្តេច»។
មុនកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខបានរាយការណ៍ថា លិខិតរបស់កម្ពុជាជាលិខិតដំបូងដែលអង្គការសហប្រជាជាតិទទួលបាន ដោយស្នើសុំជាផ្លូវការឱ្យមានកិច្ចប្រជុំបន្ទាន់។ ថៃ ដែលត្រូវបានគេដឹងថាចូលចិត្តការចរចាទ្វេភាគីជាជាងការជ្រៀតជ្រែកដោយភាគីអន្តរជាតិ មិនបានដាក់សំណើណាមួយស្រដៀងនឹងភាគីកម្ពុជាទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ As U.N. Meeting Ends with Call for Peace, Thai Troops Open Fire in Cambodia’s Pursat Province










